ពលរដ្ឋរស់នៅទីក្រុងភ្នំពេញ និងក្រុមយុវជនស្រឡាញ់បរិស្ថាន ព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាព ដោយសារកាកសំណល់ផ្លាស្ទីក និងការទុកដាក់សំរាមគ្មានរបៀប។ យុវជន និងពលរដ្ឋ អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងបរិស្ថានគួរយកចិត្តទុកដាក់ឲ្យដិតដល់ អំពីបរិស្ថានកខ្វក់ ដូចជាការ ចោលថង់ផ្លាស្ទីកពាសវាលពាសកាលជាដើម។
បញ្ហាការទុកដាក់សំរាមពុំបានសមរម្យ កាកសំណល់ផ្លាស្ទិក និងការប្ដូរទម្លាប់វេចខ្ចប់មកប្រើថង់ផ្លាស្ទិក ធ្វើឲ្យកាកសំណល់ប្រភេទនេះ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនៅរាជធានីភ្នំពេញ ។ កាកសំណល់ផ្លាស្ទិកបង្កផលវិបាកអាក្រក់ដល់សុខភាពមនុស្សជាតិ សត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងទៀតនៅក្នុងទឹក និងធ្វើឲ្យមានការកើនឡើងនូវកម្ដៅភពផែនដីកាន់តែខ្លាំងឡើងយ៉ាងឆាប់រហ័ស។
ពលរដ្ឋរស់នៅក្រុងភ្នំពេញ និងជាសមាជិកសហព័ន្ធសមាគមនិស្សិតបញ្ញវន្តខ្មែរកញ្ញា សូ មេត្តា ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៦ ខែមិថុនាថា តាមការមើលឃើញរបស់កញ្ញា ពលរដ្ឋខ្មែរ ពិសេសអ្នករស់នៅទីក្រុងមួយចំនួនមិនសូវចាប់អារម្មណ៍លើការចោលសំរាមឲ្យមានរបៀបរបបទេ ដោយភាគច្រើនពួកគេ សម្អាតតែផ្ទះខ្លួនឯងមិនសូវខ្វាយខ្វល់ពីបរិស្ថានជុំវិញឡើយ។ កញ្ញាបន្តថា ឥរិយាបថបែបនេះ វាមិនបានផ្ដល់ផលប៉ះពាល់ដល់អ្នកណាឆ្ងាយទេ គឺវានឹងបង្កជាខ្យល់អាកាសកខ្វក់ដល់ខ្លួនឯង និងអ្នកនៅជិតប៉ុណ្ណោះ។ កញ្ញាអំពាវនាវ ឲ្យអាជ្ញាធរផ្ដល់នូវចំណេះដឹងផ្នែកបរិស្ថានដល់ពលរដ្ឋឲ្យបានច្រើន ហើយពលរដ្ឋខ្លួនឯងគួរតែថែរក្សាអនាម័យរួម ដើម្បីឲ្យកម្ពុជាក្លាយជាសង្គមមួយថ្លៃថ្នូរ និងមានសុខភាពល្អ៖ « ភ្នំពេញតាមម្ដុំដីណាដែលទំនេរហ្នឹង គឺមានសំរាមដែលគេចោលហើយ។ ប៉ះពាល់សុខភាពហ្នឹងគឺធ្ងន់ធ្ងរទៅដល់ពលរដ្ឋ ប៉ះពាល់ដោយប្រយោល និងផ្ទាល់ អ្នកដែលជិះកាត់ដងផ្លូវនោះ ហើយប៉ះពាល់ប្រយោលហ្នឹង អ្នកដែលជិះកាត់តាមផ្លូវហ្នឹង ហើយប៉ះពាល់ផ្ទាល់អ្នកដែលរស់នៅក្នុងតំបន់ហ្នឹង។ នៅពេលដែលទឹកលិចជំនន់ម្ដងៗ គឺវាអណ្ដែត អណ្ដែតនិងវាហូរទៅតាមទឹកហ្នឹងហើយ ទឹកហ្នឹងហូរទៅណាវាហូរទៅហ្នឹងហើយ » ។
សកម្មជនបរិស្ថាន និងជាប្រធានអង្គការការពារបរិស្ថាន និងសិទ្ធិពលរដ្ឋកម្ពុជា ហៅកាត់ថា (CPEHO) លោក ហែន ភារៈ ប្រាប់អាស៊ីសេរីថា អាជ្ញាធរមូលដ្ឋានគួរតែខិតខំក្នុងការណែនាំឲ្យពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ពិសេសពលរដ្ឋត្រូវដាស់តឿនខ្លួនឯង កុំចោលកាកសំណល់ផ្ដេសផ្ដាស។ លោកបន្តថា របស់សំណល់ផ្ទះបាយ បន្លែផ្លែឈើ អាចនឹងងាយរលាយ តែចំពោះសំណល់ផ្លាស្ទិកមានអាយុកាលយូរ ហើយប៉ះពាល់សុខភាព មនុស្ស សត្វ រុក្ខជាតិ និងទៅបំពុលសត្វនៅក្នុងទឹកថែមទៀត៖ « គេថាធ្វើម៉េចឲ្យតែរួចពីក្នុងផ្ទះគាត់ គាត់អត់មានគិតដល់សាធារណៈទេណាបាទ។ អាហ្នឹងកត្តាពលរដ្ឋក៏ខ្លាំងដែរ អាការយល់ដឹងរបស់ពលរដ្ឋ ហើយនឹងផ្នត់គំនិតយើងផ្ទាល់ខ្លួន អីចឹងធ្វើម៉េច ឲ្យតែផ្ទះអញស្អាត អាណាម៉េចៗ ទៅអីចឹង។ ក្រសួងមានលទ្ធភាពត្រឹម ដូចថាតាមមន្ទីរសាធារណៈធំៗ អីចឹង។ គាត់អាចធ្វើសហការជាមួយសាលាក្រុង ឬក៏តាមខេត្តក្រុងអីហ្នឹងគាត់អាចធ្វើធុងសំរាមបរិស្ថានបាន » ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការអត្ថាធិប្បាយពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានទេ នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ដោយទូរស័ព្ទហៅចូលពុំមានអ្នកទទួល។
ជុំវិញរឿងនេះ ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃបណ្ដាញយុវជនកម្ពុជាលោក ហេង គឹមហុង បញ្ចេញមតិថា មូលហេតុដែលបណ្ដាលឲ្យការប្រើថង់ផ្លាស្ទិកចេះតែកើនឡើងទី១ ដោយសារងាយស្រួលក្នុងការប្រើប្រាស់ ទី២ មានតម្លៃថោកងាយស្រួលក្នុងការរកទិញ។ លោកបន្តថា ដើម្បីកាត់បន្ថយការប្រើថង់ផ្លាស្ទិក គួរតែដំឡើងពន្ធលើថង់ប្លាស្ទិក និងដាក់កម្រិតនៃការផលិត ដែលអាចធ្វើឲ្យថង់មានតម្លៃថ្លៃ ពេលនោះពលរដ្ឋអាចនឹងងាកមកទម្លាប់ដើម គឺប្រើកន្ត្រក ចាន កែវ ដែលអាចលាងជម្រះរួចប្រើបានវិញ។ លោកបញ្ជាក់ថា ការផ្លាស់ប្ដូរទង្វើបែបនេះ នឹងធ្វើឲ្យចំណេញទាំងថវិកា អាចការពារសុខភាព ជៀសផុតពីការកកស្ទះលូ ទឹកលិចក្រុង មិនខូចជីវចម្រុះក្នុងបឹង ទន្លេ សមុទ្រ និងមិនបង្កឲ្យកើនឡើងនៃឧស្ម័នកាបូនិចលើភពផែនដី៖ « ពេលដែលយើងនេសាទម្ដងៗ នៅមួយទសវត្សរ៍ចុងក្រោយនេះឃើញថា បរិមាណផ្លាស្ទិកហ្នឹងបានជំនួស ហូរចូលទៅក្នុងដែននេសាទហ្នឹងច្រើន។ ចំពោះផលប៉ះពាល់ដែលបណ្ដាលមកពីផ្លាស្ទិកហ្នឹងយើងឃើញថា ជាផលប៉ះពាល់រយៈពេលវែង ព្រោះអីផ្លាស្ទិកមិនងាយ មិនងាយនឹងរលួយ។ ខុសអំពីស្លឹកឈើ ឬក៏កាកសំណល់ផ្ទះបាយអាចរលួយក្លាយជាជីរធម្មជាតិហ្នឹងណា។ ប៉ុន្តែផ្លាស្ទិកគឺមិនអាចរលួយក្លាយជាជីរធម្មជាតិបានទេបាទ។ ក៏ប៉ុន្តែផ្ទុយទៅវិញបង្កឲ្យមានដីហុយ មានផលប៉ះពាល់ផ្សេងទៀត កាន់តែច្រើនឡើងៗ » ។
ក្រុមប្រឹក្សា និងនាយកប្រតិបត្តិនៃធនាគារពិភពលោក (World Bank Group ឬក៏WB) បានសម្រេចបញ្ចេញកញ្ចប់លុយសរុបម្ភៃលានដុល្លារ (២០.០០០.០០០) ជួយដល់ប្រទេសជាសមាជិករបស់សហគមន៍ប្រជាជាតិអាស៊ាន ក្នុងផែនការ ស៊ីមេប (SEA-MaP) ដើម្បីលុបបំបាត់ការបង្កឲ្យមានជាតិពុល និងបំពុលដល់បរិស្ថាន ដោយសារសំរាម កាកសំណល់ផ្លាស្ទិក ដែលហូរចូលទៅក្នុងទន្លេ បឹងបួរ សមុទ្រ នៅក្នុងភូមិភាគអាស៊ី។
ធនាគារពិភពលោកបានប្រកាសនៅថ្ងៃទី២២ ខែមិថុនាថា ក្នុងគម្រោងថវិកានេះ ធនាគារពិភពលោកនឹងសហការជាមួយភាគីពាក់ព័ន្ធ នៅក្នុងតំបន់អាស៊ីភាគអគ្នេយ៍ មានប្រទេសកម្ពុជាផង ក្នុងការទប់ស្កាត់ការប្រើថង់ផ្លាស្ទិកលើសពីតម្រូវការ។ ក្នុងគោលនយោបាយដែលបានដាក់ចេញ ធនាគារពិភពលោកប្ដេជ្ញាពង្រឹង និងកម្រិតបទប្បញ្ញត្តិ ក្នុងការត្រួតត្រាការផលិត និងការប្រើប្រាស់របស់ផ្លាស្ទិក ឲ្យមានតិចបំផុតនៅក្នុងតំបន់អាស៊ីនេះ។
យោងតាមធនាគារពិភពលោក ការបំពុលបរិស្ថានដោយផលិតផលផ្លាស្ទិកនេះ ធ្វើឲ្យខាតបង់ទឹកប្រាក់ជាច្រើន។ ចំពោះឆ្នាំ២០១៥ រាល់ការងារសេដ្ឋកិច្ចដែលទាក់ទងជាមួយផ្ទៃសមុទ្ររបស់ប្រទេសនានា ដែលជាសមាជិករបស់អាស៊ាន ជាពិសេសកម្ពុជា ទទួលការខាតបង់គិតជាថវិកាប្រមាណ ២១លានលានដុល្លារ (២១.០០០.០០០.០០០.០០០) ។ បន្ថែមពីនេះទៀត កាកសំណល់ផ្លាស្ទិកទាំងមូល បូកបញ្ចូលទាំងការបង្កើត និងការចរាចររបស់វា ធ្វើឲ្យឧស្ម័នកាបូនិចបំប្លែងខ្លួនរាប់លានលានតោននៅក្នុងលំហនៃស្រទាប់បរិយាកាស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។