"ការ​កាត់​ដី​បឹង​តាមោក​ឱ្យ​ឯកជន​ជា​ការ​បំផ្លាញ​ជីវភាព​និង​ការ​រស់នៅ​របស់​ពលរដ្ឋ​ជុំវិញ​តំបន់​នោះ"

ដោយ សន ចាន់រដ្ឋា
2022.10.20
Share on WhatsApp
Share on WhatsApp
"ការ​កាត់​ដី​បឹង​តាមោក​ឱ្យ​ឯកជន​ជា​ការ​បំផ្លាញ​ជីវភាព​និង​ការ​រស់នៅ​របស់​ពលរដ្ឋ​ជុំវិញ​តំបន់​នោះ" បឹងតាមោក ​នា​រាជធានីភ្នំពេញ ដែល​ត្រូវបាន​រដ្ឋាភិបាល​អនុញ្ញាតឱ្យលុបជាបន្តបន្ទាប់។
Photo courtesy

សកម្មជន​បរិស្ថាន និង​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​បឹង​តាមោក​ចោទ​ថា រដ្ឋាភិបាល​កំពុង​បំផ្លាញ​ជីវភាព​និង​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្រីក្រ តាមរយៈ​ការ​កាត់​ដី​បឹង​ជា​បន្តបន្ទាប់​ឱ្យទៅ​អ្នកជំនួញ​ធំៗ​និង អ្នក​មាន​អំណាច​។ មន្ត្រី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរ​បញ្ឈប់​ការ​អភិវឌ្ឍ​បែប​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​ត្រូវ​សិក្សា​ពី​ផល​ប៉ះពាល់ និង​ផ្ដល់​សំណង​សមស្រប​ដល់​អ្នក​រងគ្រោះ ចៀសវាង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខិតបង្ខំ។

សកម្មជន​បរិស្ថាន និង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជុំវិញ​បឹង​តា​មោក ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ពី​អំពី​វាសនា​បឹង​មួយ​នេះ និង​ជីវភាព​រស់នៅ បន្ទាប់ពី​រដ្ឋាភិបាល​នៅតែ​បន្ត​កាត់​ផ្ទៃដី​បឹង​ឱ្យទៅ​ក្រុមហ៊ុន​ឯកជន និង​អ្នក​មាន​អំណាច ដោយ​មិន​ខ្វល់​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​ដែល​ពួកគាត់​ទទួល​រង​នោះ​ឡើយ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារាវុធ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៩ តុលា ថា ការ​កាត់​ដី​បឹង​តាមោក​ជា​បន្តបន្ទាប់​បាន​ធ្វើ​ឱ្យ​ផ្ទៃ​បឹង​កាន់តែ​រួម​តូច​ទៅ និង​នៅ​សេសសល់​តិចតួច​បំផុត​។​លោក​បន្ត​ថា ការ​វិនាស​ហិនហោច​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​ដែល​កំពុង​មាន​តិចតួច​នោះ​នោះ​ទេ តែ​វា​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ជុំវិញ​នោះ។សកម្មជន​បរិស្ថាន​វ័យក្មេង​រូប​នេះ ឱ្យ​ដឹង​ថា អ្នក​រស់នៅ​ជុំវិញ​បឹង​តាមោក​ភាគច្រើន​ប្រកប​របរ​ដោយ​ពឹង​ផ្អែក​លើ​ធនធាន​ក្នុង​បឹង​នេះ សម្រាប់​លក់ដូរ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ និង​ការសិក្សា​របស់​កូនៗ​។​ប៉ុន្តែ​ការ​ផ្ដល់​ដី​សម្បទាន​ដល់​អ្នក​មាន​អំណាច អ្នកជំនួញ​ធំៗ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​មុខរបរ និង​បង្ខំ​ឱ្យ​ពួកគាត់​ផ្លាស់ប្ដូរ​ទីលំនៅ តាមរយៈ​ការ​បណ្ដេញចេញ​ជាមួយ​សំណង​មិន​សមស្រប​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​គិតគូរ​និង​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ជាជាង​ការប្រើ​ពាក្យ​ថា​អភិវឌ្ឍ ប៉ុន្តែ​បម្រើ​ផលប្រយោជន៍​ឱ្យ​តែ​អ្នក​មាន​អំណាច និង​បក្សពួក៖

«វា​គឺជា​រឿង​អយុត្តិធម៌ ដោយសារតែ​អ្នកក្រ​គាត់​អត់​មាន​សិទ្ធិ​រស់នៅ​លើ​ផ្ទៃ​បឹង​ហ្នឹង​ទេ ដោយ​គេ​សំអាង​ថា ជា​ដី​សាធារណៈ​របស់​រដ្ឋ។ ប៉ុន្តែ​នៅ​ពេល​បណ្ដេញ​អ្នកក្រ​ចេញ​បែរ​ជា​យក​ដី​ហ្នឹង​ទៅ​ឱ្យ​អ្នក​មាន​។ វា​បង្កើត​បាន​ជា​វិសមភាព​សង្គម និង​ការអនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​។ មាន​ន័យថា​អ្នក​មាន​លុយ គាត់​អាច​រស់នៅ​ពី​លើ​ច្បាប់ គេ​អាច​សម្រួល​ឱ្យ​គាត់​នៅ​កន្លែង​ណា​ដែល​ប្រជាជន​សាមញ្ញ​មិន​អាច​រស់នៅ​បាន ហើយ​គាត់​មាន​ឱកាស​ច្រើន​នៅក្នុង​ការ​ធ្វើ​ឱ្យ​ខ្លួនឯង​កាន់​តែ​មាន»

ពលរដ្ឋ​រស់នៅ​ជុំវិញ​បឹង​តាមោក លោកស្រី ផន សុខុម ឱ្យដឹង​ថា​លោកស្រី​រស់នៅ​ទីនេះ​តាំងពី​ឆ្នាំ​១៩៩០​មក ដោយ​ប្រកប​របរ​ដក​ព្រលិត បេះ​ឈូក នេសាទ និង​ចិញ្ចឹម​ត្រី​នៅក្នុង​បឹង​។ ប៉ុន្តែ​ចាប់តាំងពី​មានការ​កាត់​ដី​ដោយ​រដ្ឋាភិបាល​ឱ្យ​ក្រុម​អ្នកមាន​លុយ មានអំណាច លោកស្រី​ឱ្យ​ដឹង​ថា​ជីវភាព​គ្រួសារ​លោកស្រី​បាន​ធ្លាក់ចុះ​ស្ទើរតែ​ដល់​ចំណុច​សូន្យ​។ លោកស្រី​ថា ការ​ចាក់​ដី​លុប​បឹង ធ្វើ​បានឱ្យ​ប៉ះពាល់​ដល់​ជីវចម្រុះ និង​កន្លែង​ចិញ្ចឹម​ត្រី បណ្ដាល​ឱ្យ​ងាប់​ត្រី​អស់​រាប់​រយ​ក្បាល​។ លោកស្រី​បន្ត​ថា ទោះបី​មានការ​អង្វរករ និង​តវ៉ា​យ៉ាងណាក្ដី​ក៏​មិនអាច​បញ្ឈប់​សកម្មភាព​ទាំងនោះ​បាន​ឡើយ ខណៈ​អាជ្ញាធរ​មូលដ្ឋាន​គ្មាន​ដំណោះស្រាយ និង​បាន​ប្រើ​កម្លាំង​មក​តទល់​ជាមួយ​ប្រជាពលរដ្ឋ​វិញ៖

«ឥឡូវ​ពួក​ខ្ញុំ​លើកដៃ​សំពះ (​អង្វរ​) យ៉ាងម៉េច​ក៏​គាត់ (​អាជ្ញាធរ​) មិន​ស្ដាប់​ដែរ គាត់​រុញ​ពី​មួយ​ទៅ​មួយ​។ ជីវភាព​ដុនដាប​មែនទែន​ឥឡូវ​នេះ​។ រាល់ថ្ងៃ​ខ្ញុំ​ភ័យ​​​ព្រួយ​ជាងគេ​គឺ​លំនៅឋាន​របស់ខ្ញុំ»

តំណាង​ប្រជាពលរដ្ឋ​សហគមន៍​បឹង​តាមោក សំរោង​ត្បូង លោកស្រី ប្រាក់ សុភា លើកឡើង​ថា មក​ទល់​ពេល​នេះ​ការ​ខូចខាត​ផល​ប្រយោជន៍​ពលរដ្ឋ​ដែល​បណ្ដាល​មក​ពី​ចាក់​ដី​លុប​បឹង​នៅ​មិនទាន់​មាន​សំណង​នោះ​ទេ​។ ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ផ្លាស់ប្ដូរ​ទីលំនៅ និង​ការ​បណ្ដេញ​ចេញ ខណៈ​រដ្ឋាភិបាល និង​អាជ្ញាធរ​មិន​ទាន់​ផ្ដល់​ដំណោះស្រាយ​សមស្រប ហើយ​ថែមទាំង​ប្ដឹង​ពួកគាត់​ឡើង​តុលាការ​ទៅវិញ​។ លោកស្រី​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​កន្លង​នេះ ពលរដ្ឋ​ជុំវិញ​បឹង​តាមោក​មិន​បាន​ប្រកប​របរ​រកស៊ី​អ្វី​នោះ​ទេ ដោយ​ត្រូវ​ចំណាយ​​​ពេល​ទៅ​ទប់ស្កាត់​ការ​ចាក់​លុប​បឹង និង​ទាមទារ​រក​ដំណោះស្រាយ ដែល​ធ្វើ​ឱ្យ​ជីវភាព​កាន់តែ​ធ្លាក់ចុះ​បន្ថែម​ទៀត៖

«​ពីរ​បី​ថ្ងៃនេះ​គឺ​នៅ​លុប​បន្ត ប្រជា​សហគមន៍​នាំគ្នា​ទៅ​ទប់ទល់​នៅ​កណ្ដាល​បឹង ដូច​អ៊ុយក្រែន​និង​រុស្សី​អ៊ីចឹង»

បឹង​តា​មោក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ត្រូវ​បាន​សកម្មជន និង​អ្នកឃ្លាំមើល​បរិស្ថាន សង្កេត​ឃើញ​ថា មាន​ទំហំ​រួម​តូច​ទៅៗ ក្រោម​រូបភាព​នៃ​ការ​ចាក់​ខ្សាច់​លុប​រាប់​ម៉ឺន​ឡាន ក្រោម​ពាក្យ​ថា ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​។ រដ្ឋាភិបាល​បាន​បន្ត​ពុះ​ច្រៀក​ផ្ទៃ​បឹង​ជា​ចំណែកៗ ឱ្យ​ក្រុម​អ្នកជំនួញ មន្ត្រី​ធំៗ​គ្រាក់ៗ បុគ្គល​ស្និទ្ធស្នាល​រដ្ឋាភិបាល តារាចម្រៀង រួម​ទាំង​សមាជិកគ្រួសារ​ត្រកូល​ហ៊ុន។

ជាក់ស្ដែង តាម​អនុក្រឹត្យ​មួយ​របស់​រដ្ឋាភិបាល​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​សប្ដាហ៍​មុន​ឱ្យដឹង​ថា ក្រោម​ការចុះ​ហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែឧសភា បានសម្រេច​កាត់​ដី​បឹង​តា​មោក​ទំហំ​៦៧ ហិកតារ ក្នុង​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែក​ព្នៅ ទៅ​ឱ្យ​លោក នុត តុន ដែល​ត្រូវ​បាន​ស្គាល់​ថា ជា​នាយក​ក្រុមហ៊ុន​អ័រគីដេ វីឡា (Orkide Villa)​។ ក្រុមហ៊ុន​អចលនទ្រព្យ លក់​បុរី ផ្ទះល្វែង អ័រគីដេ វីឡា (Orkide Villa) ត្រូវ​បាន​គេ​ដឹង​ថា ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កូនស្រី​បង្កើត លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ខណៈ​កូនស្រី​ម្នាក់​ទៀត គឺ​អ្នកស្រី ហ៊ុន ម៉ាលី មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​នេះ​ដែរ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​ចៅសង្កាត់​ពន្សាំង ខណ្ឌ​ព្រែក​ព្នៅ លោក ឈួន ឆាំ ដើម្បី​សុំ​ការ​បកស្រាយ​បាន​នោះ​ទេ នៅ​ថ្ងៃ​ទី​១៩ តុលា។

បច្ចុប្បន្ន ប្រជាពលរដ្ឋ​ចំនួន​២៥០​គ្រួសារ រស់​នៅ​លើ​ផ្ទៃដី​បឹង​តា​មោក​ទំហំ​៥​ហិកតារ​មាន​ចំនួន​១០៩​ខ្នង​ផ្ទះ ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ ខណៈ​ពួកគាត់​កំពុង​ដង្ហោយ​ហៅ​រក​ដំណោះស្រាយ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ លើកឡើង​ថា រដ្ឋាភិបាល​គួរ​សិក្សា​ទៅលើ​ផល​ប៉ះពាល់​នៅពេល​មាន​គម្រោង​អភិវឌ្ឍ ឬ​ផ្ដល់​ដី​សម្បទាន​ឱ្យ​ក្រុមហ៊ុន​ឯកជន​ណាមួយ​។ លោក​បន្ត​ថា ការ​ធ្វើ​បែបនេះ​គឺ​ដើម្បី​បញ្ចៀស​បញ្ហា​ដែល​អាច​កើតមាន​ឡើងលើ​ប្រជាពលរដ្ឋ និង​ធនធានធម្មជាតិ​នៅ​តំបន់​នោះ​។ លោក​បន្តទៀត​ថា ប៉ុន្តែ​ជាក់ស្ដែង រដ្ឋាភិបាល​មិន​បាន​គិតគូរ​ដល់​បញ្ហា​ទាំងអស់​នោះ​ឡើយ ផ្ទុយទៅវិញ​មានតែ​ប្រើ​កម្លាំង និង​ប្រព័ន្ធ​តុលាការ​បង្ក្រាប​ទៅលើ​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​ការ​តវ៉ា​ម្ដងៗ​។ លោក​បន្ថែម​ថា បញ្ហា​ទាំងនេះ​គឺ​បណ្ដាល​មក​ពី​អំពើពុករលួយ ដែល​បាន​ចាក់ស្រេះ​ទៅ​ក្នុង​សង្គម​កម្ពុជា៖

«អំពើពុករលួយ​ហ្នឹង វា​នៅ​ចាក់ស្រេះ​។ វា​តែងតែ​ធ្វើ​ឱ្យ​ពួក​មន្ត្រី​ខិលខូច​នៅតែ​មាន​មានឱកាស​យក​រឿង​ទាំងអស់​ហ្នឹង​កេង​ទៅ​ជា​ផលប្រយោជន៍»

កាលពី​ខែមេសា ឆ្នាំ​២០២២ លោក​ហ៊ុន សែន បានសម្រេច​កាត់​ផ្ទៃដី​បឹង​តា​មោក ឱ្យទៅ​លោក ព្រាប សុវត្ថិ ចំនួន​៣​ហិកតា និង​នៅ​ខែ​ឧសភា កាត់​ទំហំ​៣​ហិកតារ​ឱ្យទៅ​បុគ្គល​ឈ្មោះ តាន់ វណ្ណា និង​៨​ហិកតារ​ផ្សេងទៀត​ឱ្យទៅ​ឈ្មោះ តាំង ច័ន្ទ​ពុទ្ធាវី។

គិត​ត្រឹម​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១ ទំហំ​ដី​បឹង​តា​មោក​ជាង​២​ពាន់​ហិកតារ ក្នុង​ទំហំ​សរុប​ជាង​៣​ពាន់​ហិកតា (.២៣៩) ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ឆ្វៀល និង​ដោះដូរ ទៅ​ឱ្យ​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន​អ្នក​មាន​លុយ​មានអំណាច និង​ក្រុម​គ្រួសារ​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ខណៈ​ផ្ទៃដី​បឹង​ដែល​នៅ​សេសសល់​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​នៅ​សល់​ជាង​១​ពាន់​ហិកតារ​ទៀត​ប៉ុណ្ណោះ​។ គ្រប់​ពេល​កាត់​ឆ្វៀល​ដី​ម្ដងៗ រដ្ឋាភិបាល​តែ​លើក​ឡើង​ថា ជា​ការ​ធ្វើ​ដើម្បី​អភិវឌ្ឍន៍ ដោយ​កសាង​អគារ បុរី វីឡា ខុន​ដូ​ទំនើបៗ ខណៈ​ប្រជាពលរដ្ឋ​មិន​បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​ទាំងនោះ និង​ប្រឈម​​​​​​​​​​​​​​​​​​​​​បណ្ដេញ​ចេញ​ទាំង​បង្ខំ​គ្រប់ពេល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។