សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាន ប្រតិកម្មចំពោះការលើកឡើង របស់តំណាងក្រុមហ៊ុន ស៊ីង បាយអូថេក (THINK BIOTECH CAMBODIA) ដែលថា របាយការណ៍របស់ពួកគេ គឺជាការលាបពណ៌ប្រឆាំងក្រុមហ៊ុនរបស់លោក។ សកម្មជនការពារបរិស្ថាននៅតែអះអាងថា ក្រុមហ៊ុន ស៊ីង បាយអូថេក បានប្រព្រឹត្តកំហុសជាច្រើនដូចជា កាប់ឈើក្នុងព្រៃអភិរក្ស ដើម្បីធ្វើអាជីវកម្មខុសច្បាប់ និងការមិនបានកាត់ឆ្វៀលផលប៉ះពាល់ដីជូនប្រជាពលរដ្ឋ ជាពិសេស ក្រុមហ៊ុនស៊ីងបាយអូថេក ជួលពលរដ្ឋឱ្យកាប់ដើមច្បោះជ័ររបស់អ្នកស្រុក លក់ឱ្យខ្លួនជាដើម។
សកម្មជនព្រៃឡង់ និងសកម្មជនបរិស្ថាន បានហៅការលើកឡើង របស់ លោក តាន់ សុខហ៊ាង តំណាងក្រុមហ៊ុន ស៊ីង បាយអូថេក ប្រចាំប្រទេសកម្ពុជាថា គ្រាន់តែជាលេសឆ្លើយដោះសាយករួចខ្លួន គេចពីការទទួលខុសត្រូវ ប៉ុណ្ណោះ។ ពួកគេអះអាងថា ក្រុមហ៊ុននេះ និងក្រុមហ៊ុនអង្គរប្លាយវូដ (Angkor Playwood) គឺជាមេខ្លោងបំផ្លាញទំហំព្រៃឈើធំធេង និងបំផ្លាញជីវភាពរស់នៅរបស់ប្រជាជន រាប់ពាន់គ្រួសារដែលរស់នៅជុំវិញតំបន់ព្រៃឡង់។ ពួកគេសង្ស័យថា ក្រុមហ៊ុននេះបានជះលុយជាច្រើន ឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីកាប់ចោះយកឈើធំៗ ក្នុងព្រៃឡង់ និងព្រៃសហគមន៍ យកទៅលក់នៅក្រៅប្រទេស។
ការលើកឡើងនេះ បន្ទាប់ពីលោក តាន់ សុខហ៊ាង តំណាងក្រុមហ៊ុន ស៊ីង បាយអូថេក ប្រចាំប្រទេសកម្ពុជាប្រាប់អាស៊ីសេរីកាលពីថ្ងៃទី៩ ធ្នូថា ក្រុមហ៊ុនរបស់លោកមិនបានកាប់បំផ្លាញព្រៃឈើឆ្លងទៅព្រំប្រទល់នៅក្នុងតំបន់ព្រៃឡង់ទេ គឺកាប់នៅក្នុងបរិវេណរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ លោកនិយាយថា រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចនៅលើផ្ទៃដីជាង ៣ម៉ឺនហិកតារ (៣៤.០០៧ហិកតារ) សម្រាប់ធ្វើអាជីវកម្មផលិតក្តារបន្ទះលក់នៅក្នុងស្រុក មិនបានទៅកាប់ឈើប្រណិតៗ ដឹកជញ្ជូនចេញទៅលក់នៅក្រៅប្រទេសទេ។ ខណៈអះអាងថា សកម្មជនការពារបរិស្ថានទាំងអស់នោះលាបពណ៌ក្រុមហ៊ុនស៊ីងបាយអូថេករបស់លោក លោក តាន់ សុខហ៊ាង ចោទថា អ្នកការពារបរិស្ថានទាំងនោះ គឺជាក្រុមបក្សប្រឆាំង ជាភាសាដែលគេតែងឮមន្ត្រីបក្សកាន់អំណាចនិយាយចេញមក៖ « ជាទូទៅអ្នកទាំងអស់នោះភាគច្រើនជាសកម្មជនបក្សប្រឆាំងជាពិសេសគាគច្រើនតែទទួលយកនូវអ្វីដែលជាជំនួយ និងអំណោយពីបរទេសហើយគាត់មកប្រឆាំងជាមួយគោលការណ៍អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលអ៊ីចឹងអ្នកទាំងនោះជា អ្នកមកពីចម្ងាយទេ។ ហើយចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះដូចជាមិនមានការចោទប្រកាន់នោះទេ។ អានេះគ្រាន់តែជាការលាបពណ៌ ឬគ្រាន់តែជាការសំដែងមកឲ្យឃើញថាជាការប្រឆាំង » ។
សមាជិកសហគមន៍ព្រៃឡង់ លោក យឹម សុភ័ក្ត្រ ដែលចុះតាមដានរឿងនេះ ឱ្យដឹងនៅថ្ងៃទី៩ ខែធ្នូថា សហគមន៍ព្រៃឡង់ មានភស្តុតាងជាច្រើនបង្ហាញថា ក្រុមហ៊ុន ស៊ីង បាយអូថេក និងក្រុមហ៊ុនអង្គប្លាយវូដ មិនគោរពកិច្ចសន្យាវិនិយោគ ជាពិសេសកាប់បំផ្លាញ ដើមច្បោះជ័ររាប់ម៉ឺនដើមរបស់អ្នកស្រុកធ្វើអាជីវកម្ម ហើយកន្លងទៅសហគមន៍ បានប្រទះឃើញឈើមូលធំៗ រាប់ពាន់ម៉ែត្គូប ឋិតក្នុងបរិវេណក្រុមហ៊ុន ស៊ីង បាយអូថេក។
លោកឱ្យដឹងទៀតថា ដើមឈើធំៗ ទាំងនោះ កម្មករក្រុមហ៊ុនបានលួចកាប់ក្នុងព្រៃអភិរក្ស ព្រៃសហគមន៍ ខណៈដែលដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលផ្ដល់ឱ្យក្រុមហ៊ុន គ្មាននៅសល់ឈើធំៗ ទៀតទេ។ លោកថា កន្លងទៅក្រុមហ៊ុនមានរថយន្តប៉ាកុងជាច្រើនគ្រឿង ចូលទៅដឹកឈើក្នុងព្រៃអាស្រ័យផលរបស់ពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែងចំណុចអូរគ្រាក់ និងបានកាប់ផ្ដួលរណ្ដៅជ័រទឹក អស់ជាច្រើនដើមទៀត ហើយកាលពីពេលថ្មីៗ នេះ ក្រុមហ៊ុនបានឈូសផ្លូវ ៣ខ្សែ តម្រង់មកព្រៃឡង់ ដើម្បីបង្កលក្ខណៈងាយស្រួលធ្វើអាជីវកម្មឈើ។ លោកអះអាងថា បើទោះជាក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) បានផ្ទេរសិទ្ធិបើករោងចក្រអារឈើទៅឱ្យក្រុមហ៊ុន អង្គរ ប្លាយវូដ (Angkor Plywood) កាលពីចុងឆ្នាំ២០១៨ក្ដី ក៏ក្រុមហ៊ុនទាំងពីរនេះ នៅតែមានមហិច្ឆតាធ្វើអាជីវកម្មឈើខ្នាតធំ ក្នុងព្រៃអភិរក្សដោយរំលោភច្បាប់៖ «យើងនៅមានភស្តុតាងជាច្រើន ដែលអាចបង្ហាញថា ក្រុមហ៊ុន ស៊ីង បាយអូថេក មិនបានគោរពតាមកិច្ចសន្យា និងកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន រវាងរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែងការស្នើសុំរបស់ក្រុមហ៊ុនទៅក្រសួងកសិកម្មរុក្ខប្រមាញ់ គឺប្រមូលអនុផលព្រៃឈើ ក៏ប៉ុន្តែយើងឃើញមានដើមច្បោះជ័រ ជាពិសេស នៅមានភស្តុតាងជាច្រើន គល់ច្បោះជាច្រើនដែលបញ្ជាក់ថា ជាការកាប់បំផ្លាញដោយក្រុមហ៊ុន ស៊ីង បាយអូថេក » ។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ អះអាងថា ប្រសិនបើរដ្ឋាភិបាលនៅតែបណ្ដោយឱ្យក្រុមហ៊ុនទាំងនេះ មានវត្តមានជាប់ព្រៃឡង់បន្តទៀត មានន័យថា រដ្ឋាភិបាលមានចេតនាបើកដៃឱ្យក្រុមហ៊ុនទាំងពីរនេះ បំផ្លាញព្រៃឈើ និងជីវភាពរស់នៅរបស់ប្រជាជន។ លោកអះអាងទៀតថា ក្រុមហ៊ុនទាំងនេះ ពុំមែនស្ដារព្រៃឈើដូចមានចែងក្នុងកិច្ចសន្យាវិនិយោគនោះទេ ផ្ទុយទៅវិញ គឺធ្វើសកម្មភាពកាប់បំផ្លាញ ឈើមូលធំៗ ក្នុងព្រៃឡង់ និងព្រៃសហគមន៍ ធ្វើអាជីវកម្ម យកទៅលក់នៅក្រៅប្រទេស៖ «ក្រុមហ៊ុន ស៊ីង បាយអូថេក យើងដឹងស្រាប់ហើយថា ចោលបើលួចរបស់គេ មិនដែលសារភាពខ្លួនឯងថា ជាចោលទេ ត្រូវតែព្យាយាមបិទបាំងព័ត៌មានពីខ្លួនឯង ព្យាយាមនិយាយល្អពីខ្លួនឯង ដើម្បីកុំឱ្យគេថា ខ្លួនឯងហ្នឹងជាចោល។ ប្រសិនបើយើងមើល ពីសកម្មភាពរបស់គាត់ហ្នឹង វាលើសពីចោលទៅទៀត។ ប្រើឱ្យសន្តិសុខហាមឃាត់ មិនឱ្យមាននរណាចូលក្នុងតំបន់ក្រុមហ៊ុនហ្នឹង » ។
សកម្មជនបរិស្ថានរូបនេះ អះអាងថា ពួកគេនឹងបង្ហាញរបាយការណ៍នៅពេលឆាប់ៗនេះ ឆ្លុះបញ្ចាំងថា ក្រុមហ៊ុនទាំងនេះ បានបំផ្លាញទំហំព្រៃឈើដ៏ធំសម្បើមក្នុងព្រៃអភិរក្ស និងព្រៃសហគមន៍បំពានច្បាប់ ធ្វើឱ្យប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនជាច្រើនគ្រួសារ។ លោកថា ពួកគេមានភស្ដុតាង និងឯកសារច្បាស់លាស់ ដើម្បីធ្វើការលាតត្រដាង ពីទង្វើទុច្ចរិត របស់ក្រុមហ៊ុនទាំងនេះ ឱ្យសាធរណៈជន និងពលរដ្ឋវាយតម្លៃ៖ «យើងនឹងបញ្ចេញរបាយការណ៍បញ្ជាក់ថា ក្រុមហ៊ុនមួយហ្នឹងជាប់ពាក់ព័ន្ធកាប់បទល្មើសព្រៃឈើ ធ្វើឱ្យមានការបាត់បង់ជីវភាពពលរដ្ឋ។ យើងនឹងបង្ហាញរបាយការណ៍ថា ក្រុមហ៊ុនមួយហ្នឹងល្មើសច្បាប់ ហើយចូលទៅលួចកាប់ឈើ ក្នុងតំបន់ព្រៃឡង់ ហើយយើងមានឯកសារ និងភស្តុតាងគ្រប់គ្រាន់។ យើងជាសកម្មជនព្រៃឈើមួយរូប យើងធ្វើការតាមដាន និងស៊ើបអង្កេតលើក្រុមហ៊ុនមួយហ្នឹង យើងគិតថា ជាក្រុមហ៊ុនបំផ្លាញព្រៃឈើ និងបំផ្លាញធនធានធម្មជាតិរបស់ប្រទេសកម្ពុជា » ។
កាលពីដើមខែតុលាកន្លងទៅ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានផ្ញើលិខិតទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ដើម្បីសហការគ្នាស៊ើបអង្កេតលើក្រុមហ៊ុនស៊ីងបាយអូថេក និងក្រុមហ៊ុនអង្គរប្លាយវូដ ដែលជាប់សង្ស័យរឿងកាប់ឈើនៅតំបន់ព្រៃឡង់។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ រាស្ត្រ មានប្រសាសន៍ថា ក្រសួងបរិស្ថានមានផែនការ និងយុទ្ធសាស្ដ្រច្បាស់លាស់លើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។ ទោះជាយ៉ាងណា នៅខណៈលោកអះអាងថា ក្រុមការងារបច្ចេកទេសរបស់លោកកំពុងធ្វើការសិក្សាស្រាវជ្រាវលើបញ្ហានេះ លោក នេត ភក្ត្រា ច្រានចោលការរកឃើញរបស់សកម្មជនបរិស្ថាន ដោយអះអាងថា នោះជាបទល្មើសចាស់ៗ ដែលកើតមានពីមុនៗ៖ «សម្រាប់ព្រៃឡង់របស់យើង ខ្ញុំមិនទាន់មានរបាយការណ៍ បានពេញលេញ នៅឡើយ ទេ ក៏ប៉ុន្តែយើងបានបញ្ជាក់ពីប្រធានមន្ទីរបរិស្ថាន នៅជុំវិញតំបន់ព្រៃឡង់ គឺគេថា បទល្មើសពុំមានការកើនឡើងដូចអ្វីដែល សកម្មជនបរិស្ថានមួយចំនួន បានលើកឡើងនោះទេ ហើយរបាយការណ៍មួយចំនួន ដែលគាត់បានលើកឡើងនេះ ជារបាយការណ៍ចាស់ ហើយពេលខ្លះ ក៏បានប្រើមធ្យោបាយ ឬមួយក៏អត់ដែលរាប់គល់ឈើធ្វើជាបទល្មើស ដែលខុសពីអ្វីដែលក្រសួងបានធ្វើ មន្ត្រីឧទ្យានុរក្សរបស់យើងបានធ្វើ។ សូមអរគុណបាទ » ។
ទោះជាយ៉ាងណា នៅពេលសួរថា តើក្រុមការងារបច្ចេកទេសរបស់ក្រសួងគ្រោងបិទបញ្ចប់ដំណើរការស៊ើបអង្កេតលើក្រុមហ៊ុនទាំងពីរ នៅពេលណា? ហើយគ្រោងនឹងផ្សាយរបាយការណ៍ជាសាធារណៈដែរ ឬទេ? អ្នកនាំពាក្យរូបនេះ នៅមិនទាន់អាចឆ្លើយសំណួរនេះបាននោះទេ។
រីឯសមាជិកសហគមន៍ព្រៃឡង់ លោក យឹម សុភ័ក្ត្រ ឱ្យដឹងបន្ថែមថា ប្រសិនបើក្រុមហ៊ុនស៊ីងបាយអូថេក បញ្ជាក់ភាពស្អាតស្អំរបស់ក្រុមហ៊ុនខ្លួន សូមលោកនាយកក្រុមហ៊ុន ឈប់រឹតបន្តឹងច្រកចេញចូល និងត្រូវបើកច្រកចេញចូល ដោយសេរី។ លោកបញ្ជាក់ថា បើក្រុមហ៊ុនអះអាងថា ខ្លួនរកស៊ីសុចរិតពិតប្រាកដ សូមបើកចិត្តទូលាយឱ្យ ក្រុមនិស្សិត អ្នកកាសែត មន្ត្រីសហគមន៍ស៊ីវិល រួមទាំងសហគមន៍ មានសិទ្ធិចេញចូលតំបន់នោះដោយសេរី និងគ្មានការរារាំង ខណៈកន្លងទៅក្រុមហ៊ុននេះ បានពង្រាយសន្តិសុខយាមល្បាតយ៉ាងប្រុងប្រយ័ត្ន មិនឱ្យមនុស្សប្លែកមុខចេញចូលតំបន់នោះ៖ «ខ្ញុំគិតថា បើសិនជាក្រសួងបរិស្ថាន និងក្រសួងកសិកម្មមិនយកចិត្តទុកដាក់ ចំពោះព័ត៌មានរបស់សហគមន៍ ហើយជឿលើរបាយការណ៍របស់មន្ត្រីខ្លួន ថ្នាក់ក្រោមរបស់ខ្លួន ខ្ញុំគិតថា ព្រៃឡង់មិនយូរមិនឆាប់អាច ទទួលរងការកាប់បំផ្លាញកាន់តែខ្លាំងក្លា ឡើងទៅប្រៀបដូចថា សត្វស្រមោច កំពុងពាំចំណី ទោះបីអង្ករមួយការុងក៏អស់ដែរ » ។
ក្រុមហ៊ុន ស៊ីង បាយអូថេក បើកដេប៉ូ ប្រមូលទិញឈើខ្នាតយក្ស និងអារច្រៀកឈើជាបន្ទះក្ដារ នៅចំណុចដំបូកស ក្បែរព្រៃឡង់ ឆ្ងាយពីលំនៅឋានពលរដ្ឋក្នុងឃុំបឹងចារប្រហែលជាង ១០គីឡូម៉ែត្រ។ អាជីវកម្មឈើនេះ ពលរដ្ឋមួយចំនួន និងកម្មករក្រុមហ៊ុនបានលួចកាប់ឈើក្នុងតំបន់ព្រៃឡង់ និងដើមច្បោះជ័រ ដឹកជញ្ជូនចូលការដ្ឋានរបស់ក្រុមហ៊ុន។ កាលពីពេលថ្មីៗ នេះ (ថ្ងៃទី៤ ធ្នូ) ពលរដ្ឋនៅជាប់ព្រៃឡង់ខេត្តស្ទឹងត្រែង ប្រមាណ ៤គ្រួសារ បានលក់ដើមច្បោះជ័រទឹករបស់ខ្លួនឱ្យក្រុមហ៊ុនប្រមាណ ១ពាន់ដើម បន្ទាប់ពីរងការគំរាមកាប់បំផ្លាញពីសំណាក់កម្មកររបស់ក្រុមហ៊ុន។
សកម្មជនការពារព្រៃឡង់ ខេត្តក្រចេះ បារម្ភថា បើក្រសួងបរិស្ថាន ក្រសួងកសិកម្ម គណៈកម្មការជាតិ និងអាជ្ញាធរពាក់ព័ន្ធ នៅតែបិទភ្នែកមិនចាត់វិធានការដកអាជ្ញាប័ណ្ណក្រុមហ៊ុននេះទេ ដើមឈើផលិតជ័រទឹកបន្សល់ចុងក្រោយរបស់ពលរដ្ឋនឹងរលាយនៅពេលឆាប់ៗ នេះ បង្កបាត់បង់ប្រាក់ចំណូល និងជីវភាពរបស់ពលរដ្ឋ។ ពួកគេអង្កេតឃើញថា ពលរដ្ឋភាគច្រើន បានខ្ចីបុលប្រាក់ពីធនាគារ ដែលរំពឹងថា ដងជ័រទឹកលក់អាចបង្វិលប្រាក់សងម្ចាស់បំណុលវិញ តែផ្ទុយទៅវិញ បើដើមឈើផលិតជ័រទឹកត្រូវបាត់បង់ ពួកគេគ្មានប្រភពចំណូលសង់ត្រឡប់ជូនម្ចាស់បំណុលវិញទេ។
កាលពីថ្ងៃទី១៩ កក្កដា ២០១៩ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិលោក សៅ សុខា បានប្រកាសដាក់ជីវិតរបស់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ។ លោកថា យុទ្ធនាការលើកនេះ លោកបញ្ជាឱ្យមន្ត្រីកងរាជអាវុធហត្ថទូទាំងប្រទេសចាប់ជនល្មើសទាំងអស់មិនថា ជននោះមានតំណែងធំប៉ុនណានោះទេ ប្រសិនបើហ៊ានលួចកាប់ឈើនឹងត្រូវចាប់ផ្ដន្ទាទោសតាមច្បាប់ ដោយមិនលើកលែងនោះឡើយ៖ «ខ្ញុំបានទទួលព័ត៌មានមកថា ប្រទេសជិតខាងយើងគេសល់ព្រៃ ៦០% នៃផ្ទៃដី ផ្ទុយទៅវិញគេបានចំណូលពីការនាំឈើចេញបានដល់រាប់ពាន់លានដុល្លារ រីឯប្រទេសរបស់យើងព្រៃបាត់បង់លុយចូលថវិកាជាតិអត់មាននេះ គឺជាការខ្មាសអៀនមួយធំណាស់ដែលយើងកូនខ្មែរទាំងអស់គ្នា»។
ទោះជាបែបនេះក្តី របាយការណ៍របស់សកម្មជនបរិស្ថាន និងសហគមន៍ព្រៃឈើស្តីពីបទល្មើសព្រៃដោយភ្ជាប់ជាមួយនូវរូបភាព និងវីដេអូផងនៅតែកើតមានស្ទើរជារៀងរាល់ថ្ងៃ។
សហគមន៍ព្រៃឡង់រកឃើញថា ក្រុមជនជាតិដើមភាគតិចជាង ២៥ម៉ឺននាក់ (២៥០.០០០នាក់) ដែលរស់នៅក្នុងភូមិចំនួន ៣៤០ភូមិ ជាប់តំបន់ព្រៃឡង់ទាំង ៤ខេត្ត នឹងប្រឈមផលប៉ះពាល់ជីវភាពដោយផ្ទាល់ និងប្រយោល ជាពិសេស មុខរបរចិញ្ចឹមជីវិតរបស់ពួកគេ ដែលអាស្រ័យផល និងរកអនុផលព្រៃឈើ ប្រសិនបើព្រៃឡង់វិនាសហិនហោចនៅថ្ងៃខាងមុខ។
កន្លងទៅ សហគមន៍ព្រៃឡង់បានស្វែងរកវិធីសាស្ត្រគ្រប់បែបយ៉ាង ដើម្បីរក្សាព្រៃឡើងឱ្យគង់វង្ស មានជាអាទិ៍ ការចេញសេចក្ដីថ្លែងការណ៍ ការដាក់ញត្តិទៅក្រសួងពាក់ព័ន្ធ ការធ្វើបាតុកម្មស្នើឱ្យបញ្ឈប់អាជ្ញាធរប័ណ្ណក្រុមហ៊ុន និងការផ្ដល់ដំណឹងឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ឱ្យប្រញាប់ជួយទប់ទល់បទល្មើសព្រៃឈើ ក្នុងព្រៃឡង់ ក៏ប៉ុន្តែមកទល់ពេលនេះនៅតែគ្មានលទ្ធផលជាវិជ្ជមាននៅឡើយទេ ផ្ទុយទៅវិញពួកគាត់អស់សង្ឃឹមដោយឃើញក្រុមហ៊ុន ស៊ីង បាយអូថេក និងក្រុមហ៊ុន អង្គរ ប្លាយវូដ នៅតែបន្តធ្វើអាជីវកម្មឈើខុសច្បាប់ទ្រង់ទ្រាយធំឥតស្រាកស្រាន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។