សកម្មជន​បរិស្ថាន​ថា ការ​ដោះដូរ​ដី​រដ្ឋ ៤ទីតាំង នៅ​ខេត្តកណ្ដាល នឹង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ

0:00 / 0:00

សកម្មជន​បរិស្ថាន​បារម្ភ​ថា ការណ៍​ដែល​រដ្ឋាភិបាល​សុំ​លក់​ដី​រដ្ឋ​ចំនួន ៤កន្លែង នៅ​ខេត្ត​កណ្ដាល ដើម្បី​សង់​ផ្លូវ​ថ្នល់ និង​ស្ពាន នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ។ ក្ដី​បារម្ភ​នេះ គឺ​កើត​ឡើង​បន្ទាប់​ពី​អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​លិខិត​ស្នើសុំ​លក់​ដី​រដ្ឋ​ចំនួន ៤កន្លែង ដែល​មាន​ទំហំ​ជាង ៣.៧៥៦ហិកតារ ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ពន្ធ​នៅ​ក្នុង​ខេត្តកណ្ដាល។

សកម្មជន​បរិស្ថាន​លើក​ឡើង​ថា ការ​លក់​ដី​រដ្ឋ​នៅ​តំបន់​អាង​ធម្មជាតិ ដែល​ពលរដ្ឋ​អាច​អាស្រ័យ​ផល និង​រស់នៅ​ក្បែរ​តំបន់​នោះ នឹង​បង្ក​ឱ្យ​មាន​ជម្លោះ​ដីធ្លី ជាពិសេស បាត់បង់​ធនធាន​ធម្មជាតិ។

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ផ្ដល់ដី​អាងទឹក​ធម្មជាតិ​ឱ្យ​ទៅ​ក្រុមហ៊ុន​ចិន​ឈ្មោះ ខេធី ឆាយណា អេស៊ា ហ្រ្គីនស៊ីធី អ៊ិនវេសម៉ិន (KT CHINA ASIA GREEN CITY INVESTMENT) ដើម្បី​អភិវឌ្ឍ​លើ​ផ្ទៃដី​ចំនួនជាង ៣៧លាន​ម៉ែត្រ​ការ៉េ (៣៧.៥៦៩.០៧២) ឬ​ស្មើ​នឹង​ជាង ៣ពាន់​ហិកតារ (៣.៧៥៦) ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៤៥លាន​ដុល្លារ (៤៥.០៥០.០០០)។ បញ្ហា​នេះ​ប៉ះ​លើ​អាងទឹក​ធម្មជាតិ​ចំនួន៤ គឺ អាង​ទឹក​ក្របី​កូន អាងទឹក​ម្លេច អាង​ទឹក​បឹងធំ និង​អាងទឹក​ស្រះ​ប្រាំបី ស្ថិត​ក្នុង​ស្រុកកោះធំ និង​ស្រុកលើកដែក ខេត្តកណ្ដាល។ នេះ​បើ​តាម​លិខិត​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី១៨ ខែសីហា ដែល​វិទ្យុ​អាស៊ី​សេរី​ទើប​ទទួល​បាន ។ ក្នុង​លិខិត​នោះ​ឱ្យ​ដឹង​ថា ផ្ទៃដី​ប្រមាណ​ជាង ៣ពាន់​ហិកតារ (៣.៧៥៦) នឹង​យក​ទៅ​សង់​ផ្លូវ​បេតុង​ចំនួន ២ខ្សែ ប្រវែង ២០គីឡូ​ម៉ែត្រ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ២៣ និង​ផ្លូវ​ដី​ចំនួន ២ខ្សែ​ប្រវែង ៣០គីឡូម៉ែត្រ និង​សាងសង់​ស្ពាន​ប្រវែង ៥០០ម៉ែត្រ ឆ្លង​កាត់​ពី​សង្កាត់​សំពៅពូន ទៅ​សង្កាត់​ព្រែក​ជ្រៃ។ លើស​ពី​នេះ ប្រសិនបើ​មាន​ការ​ប៉ះពាល់​លើ​ដី​ពលរដ្ឋ ដែល​អាស្រ័យ​ផល​នៅ​ទី​នោះ ភាគី​ក្រុមហ៊ុន​ត្រូវ​ទូទាត់​សំណង​ក្នុង ១ម៉ែត្រ​ការ៉េ តម្លៃ​ចន្លោះ​ពី ០,១៥ដុល្លារ ទៅ ០,២០ដុល្លារ ឬ​ស្មើនឹង ៦០០រៀល ទៅ ៨០០រៀល។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៨ កញ្ញា​ថា លោក​សាទរ ចំពោះ​ការ​អភិវឌ្ឍន៍ ប៉ុន្តែ ការអភិវឌ្ឍ ដែល​ប៉ះពាល់​ប្រយោជន៍​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដល់​សម្បត្តិ​ធម្មជាតិ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឡើង​វិញ។ លោក​បន្ត​ថា ការអភិវឌ្ឍ​របស់​រដ្ឋាភិបាល​កន្លង​មក​គឺ មិន​បាន​គិតគូរ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ធ្លាក់​ខ្លួន​ក្រ។

លោក លី ចាន់ដារ៉ាវុត៖ « ខ្ញុំ​លើក​ទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​សិក្សា​ឡើង​វិញ​ទី​មួយ។ នោះ គឺ​បញ្ចៀស​ឱ្យ​បាន​បញ្ចៀស​តាម ដែល​អាច​ធ្វើ​ទៅ​បាន​ពី​ការ​ប៉ះពាល់​ទៅ​ដី​ប្រជាពលរដ្ឋ ទីពីរ​បើ​អ្នក​នៅ​តែ​មាន​ការ​ប៉ះពាល់​ដី​ទៅ​លើ​គាត់​ហ្នឹង គួរតែ​ផ្ដល់​សំណង​ទៅ​តាម​ទីផ្សារ​ដីធ្លី​នៅ​ក្នុង​ស្រុក​ទៅ។ តាម​អ្វី ដែល​រដ្ឋ​កំណត់​មក ត្រឹម ០ . ២០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ( ក្រឡា ) ដែល​ខ្ញុំ​យល់​ឃើញ​ថា វា​តិចតួច​ពេក វា​មិន​សមស្រប​សម្រាប់​ជីវភាព​របស់​ពួក​គាត់​ទេ »

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ និង​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៨ កញ្ញា។

ជុំវិញ​បញ្ហា​នេះ អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ហាក់​មាន​អំណាច​លើសលប់​ក្នុង​ការ​គ្រប់គ្រង​ដីធ្លី និង​ធនធាន​ធម្មជាតិ ខណៈ​ដែល​ច្បាប់​មិន​បាន​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​នោះ​ទេ។ លោក​បន្ត​ថា ការ​ដោះដូរ​ដី​រដ្ឋ ការ​ធ្វើ​អនុបយោគ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍​ទាល់​តែ​ដី​ទាំង​អស់​នោះ​អស់​ប្រយោជន៍​សម្រាប់​សាធារណជន ប៉ុន្តែ បើ​ដី​ទាំង​នោះ នៅតែ​អាច​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ ដូច្នេះ រដ្ឋាភិបាល​គួរតែ​គិតគូរ​ឡើង​វិញ។

លោក វណ្ណ សុផាត៖ « យើង​សុទ្ធតែ​បាន​ដឹង​ហើយ​ថា បឹង​ចំនួន៤ គឺ​សុទ្ធតែ​បឹង​ធម្មជាតិ ដែល​ពលរដ្ឋ​គាត់​អាស្រ័យ​ផល។ អ៊ីចឹង ប្រសិនបើ​រដ្ឋ​ហ្នឹង​គាត់​ផ្ដល់​ដី​ហ្នឹង​ទៅ​ឱ្យ​ក្រុមហ៊ុន​លក់​យក​លុយ ដើម្បី​ធ្វើ​ការអភិវឌ្ឍ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​អី​ក៏​ដោយ ក៏​ត្រូវ​តែ​អនុវត្ត​តាម​នីតិវិធី​ហ្នឹង ដែល​តែ​ប្រសិនបើ​មិន​អនុវត្ត​ទៅ​តាម​នីតិវិធី​ដូច​ខ្ញុំ​បាន​រៀបរាប់​អម្បាញ់មិញ​នេះ អា​ហ្នឹង គឺ​ជា​ការ​ផ្ទេរ ឬ​ក៏​ជា​ការ​លក់​ដោយ​ខុស​ច្បាប់​តែ​ម្ដង »

ការ​លុប​អាង​ស្តុក​ទឹក​ធម្មជាតិ​ចំនួន ៤នេះ នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខាត​ប្រយោជន៍ ពោល​គឺ ពលរដ្ឋ​មិន​អាច​អាស្រ័យ​ផល ដោយ​ការ​នេសាទ ដក​ព្រលឹត រក​ខ្យង រក​ខ្ចៅ និង​ប្រើប្រាស់​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ដាំដុះ​បាន​ឡើយ ជាពិសេស អាច​ប្រឈម​នឹង​ការ​លិចលង់​ផ្ទះ​សម្បែង និង​ផលដំណាំ នៅ​ពេល​រដូវ​ទឹក​ឡើង។

មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​ចុះ​សិក្សា ហើយ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ឱ្យ​បាន​ច្បាស់លាស់​មុន​ដាក់​ចេញ​គម្រោង​អភិវឌ្ឍន៍​ណា​មួយ ព្រោះ​បើ​មិន​ដូច្នេះ​ទេ ពលរដ្ឋ​អាច​នឹង​រង​គ្រោះ​ពី​គម្រោង​អភិវឌ្ឍន៍​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។