ប្រជាសហគមន៍អះអាងថា ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត មានផ្ទៃដីជាង ៣ម៉ឺនហិកតារ ដែលជាព្រៃនៅសេសសល់ចុងក្រោយគេ ក្នុងខេត្តឧត្តរមានជ័យ បានក្លាយជាតំបន់អភិរក្សគំរូមួយនៅកម្ពុជា ខណៈដើមឈើធំៗ សត្វព្រៃ រុក្ខជាតិកម្រ និងជីវចម្រុះ មាននៅសល់ច្រើន បើធៀបនឹងតំបន់អភិក្សដទៃទៀត។ ប្រជាសហគមន៍ថា អាជ្ញាធរខេត្តកំពុងផ្តោតការយកចិត្តទុកដាក់រួមគ្នា ទប់ស្កាត់បទល្មើសព្រៃឈើគ្រប់ជ្រុងជ្រុងឱ្យមានប្រសិទ្ធភាព។
ប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ព្រះតេជព្រះគុណ ថូ ធូរស់ មានថេរដីកាថា អាជ្ញាធរពាក់ព័ន្ធខេត្តនេះកំពុងអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សាព្រៃអភិរក្សនេះ ឱ្យគង់វង្ស ព្រោះបទល្មើសព្រៃឈើនៅតំបន់នោះ ស្ទើរតែគ្មានទាល់តែសោះ នៅរយៈពេលជាង ២ខែ ចុងក្រោយនេះ។ ព្រះអង្គបន្ថែមថា កន្លងទៅព្រៃសហគមន៍នេះ ប្រឈមនឹងសកម្មភាពលួចកាប់ដើមឈើធំៗធ្វើអាជីវកម្ម ក៏ប៉ុន្តែនៅគ្រាដែលអាជ្ញាធរបានបញ្ជូនកម្លាំងចុះល្បាត និងយាមកាមតឹងរ៉ឹង ធ្វើឱ្យបទល្មើសថយចុះច្រើន។ លើសពីនេះ ប្រជាសហគមន៍ និងអាជ្ញាធរ បានជីកប្រឡាយហ៊ុមព័ទ្ធជុំវិញព្រៃសម្រេចបាន ៨០ ភាគរយ ដើម្បីបិទខ្ទប់មិនឱ្យដឹកឈើចេញពីតំបន់នោះ៖ «អាត្មាជាអ្នកដឹកនាំប្រតិបត្តិ ក្នុងការចុះល្បាត ក្នុងការទប់ស្កាត់បទល្មើស បន្ទាប់ពីលោកគ្រូ ប៊ុន សាលួតមកហ្នឹងទាំងប្រធាន អនុគណៈកម្មការគ្រប់តំបន់ភូមិទាំងអស់ហ្នឹង។ ជាទូទៅ អាត្មាតែងតែដឹកនាំគាត់ ចុះល្បាត បូករួមទាំងកម្លាំងមន្ត្រីឧទ្យានុរក្ស ដែលឋិតនៅជុំវិញព្រៃហ្នឹងផង។ យើងឃើញថា កិច្ចការងារបន្ទាប់ពី លោក គ្រូ ប៊ុនសាលួតមក ឃើញថា បានប្រសើរ បានសហការគ្នាចុះល្បាតជាមួយមន្ត្រីឧទ្យានុរក្ស ប្រធានមន្ទីរបរិស្ថានខេត្ត »។
ព្រះតេជគុណ ថូ ធូរស់ មានថេរដីកាបន្ថែមថា បច្ចុប្បន្នមានមន្ត្រីបរិស្ថានជាង ២០នាក់ បានពង្រាយកម្លាំងឈរជើងព័ទ្ធជុំវិញព្រៃសហគមន៍ជិត១រយនាក់ យោធាជាង ១០នាក់ សមត្ថកិច្ច និងអាជ្ញាធរភូមិឃុំ រួមទាំងពលរដ្ឋ បានសហការគ្នាផ្តល់ព័ត៌មាន និងទប់ស្កាត់បទល្មើសព្រៃឈើគ្រប់រូបភាព។ ព្រះអង្គបន្ថែមថា ថ្វីត្បិតតែសកម្មភាពកាប់ឈើធំៗថយច្រើនក្តី ក៏ប៉ុន្តែសកម្មភាពលួចបរបាញ់ និងដាក់អន្ទាក់ចាប់សត្វព្រៃ នៅតែកើតមានច្រើន ហើយសហគមន៍កំពុងស្វែងរកយន្តការដោះស្រាយ។
ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត មានផ្ទៃដីជាង ៣ម៉ឺនហិកតារ ស្ថិតនៅក្នុងស្រុកអន្លង់វែង ចុងកាល់ និងស្រុកសំរោង ក្នុងខេត្តឧត្ដរមានជ័យ។ ព្រៃសហគមន៍នេះ មានបឹងធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលមានទំហំ ៦ពាន់ហិកតារ សំបូរត្រី ជីវចម្រុះ និងមានសត្វព្រៃកម្រជាច្រើនប្រភេទរស់នៅ ដូចជាសត្វខ្ទីង ទន្សោង ស្វា ប្រើស ខ្លារខិន ត្រដក់ធំ ពង្រួល ខ្លាឃ្មុំតូច ឆ្កែព្រៃ ទោច និងសត្វក្ងោកជាដើម។
អាស៊ីសេរី មិនអាចទាក់ទងអភិបាលរងខេត្តឧត្តរមានជ័យទទួលបន្ទុកទប់ស្កាត់បទល្មើសព្រៃឈើ គឺលោក វ៉ាត ប៉ារ៉ានីន និង ប្រធានមន្ទីរបរិស្ថានខេត្តនេះ លោក ភួង លីណា ដើម្បីសុំការបំភ្លឺរឿងនេះបន្ថែមបានទេ នៅថ្ងៃទី១០ ខែឧសភា។
ប្រធានមន្ទីរបរិស្ថានខេត្តនេះលោក ភួង លីណា ធ្លាប់លើកឡើងថា មន្ត្រីជំនាញបានផ្សព្វផ្សាយពីសារៈប្រយោជន៍ព្រៃឈើ ស្តារព្រៃឈើឡើងវិញ និងជីកប្រឡាយទឹកហ៊ុមព័ទ្ធជុំវិញព្រៃសហគមន៍នេះ ដើម្បីទប់ស្កាត់បទល្មើសនានា។ លោកបញ្ជាក់ថា អភិបាលខេត្តបានបញ្ជារយ៉ាងម៉ឹងម៉ាត់ ការពារព្រៃឈើ តំបន់នេះ ឱ្យគង់វង្ស៖ «យើងផ្សព្វផ្សាយទាំងកិច្ចការងារអភិរក្ស និងកិច្ចការងារអភិវឌ្ឍន៍។ ការងារអភិវឌ្ឍន៍យើងចង់និយាយថា អភិវឌ្ឍន៍ប្រកបដោយនិរន្តភាពជាតំបន់ទេសចរផ្សេងៗ។ ការងារទី៣ គឺការស្តារព្រៃឈើឡើងវិញ ក្រៅពីការងារអភិរក្ស ទោះបីជាតំបន់ហ្នឹង ជាតំបន់នៅបន្ទាប់ពីព្រៃឈើច្រើនក៏ដោយ តែវាក៏ជាតំបន់មានព្រៃ រិចរឹល តាមផែនការរបស់មន្ទីរ យើងនឹងដាំមួយឆ្នាំ ៣ហិកតារ »។
ពលរដ្ឋស្ម័គ្រចិត្តចូលរួមអភិរក្សព្រៃសហគមន៍សង្ឃរុក្ខវ័ន្តលោក សា ថ្លៃ អះអាងថា អភិបាលខេត្តតែងតែទាក់ទងមកលោកដោយផ្ទាល់ សួរនាំពីស្ថានភាពព្រៃឈើ ដើម្បីរកដំណោះស្រាយ ធ្វើយ៉ាងណាអភិរក្សព្រៃនេះឱ្យគង់។ លោកសង្កេតឃើញថា ព្រៃសហគមន៍នេះ នៅសល់ដើមឈើមានតម្លៃធំៗជាច្រើនប្រភេទរួមមាន ដើមធ្នង់ ឈើទាល ផ្ចឹក ត្រាច ផ្លុង ត្បែង និង គគីរជាដើម៖ «អភិបាលខេត្តគាត់យកចិត្តទុកដាក់ ខ្ពស់មែនទែន គ្រាន់តែទាហាននៅចូលមួយឆ្នាំជាងហើយ ពេលបទល្មើស គាត់ដាក់ទាហានមក ហើយគាត់តាមដានមើលរហូត។ ដល់ពេលមានបញ្ហាកើតឡើង ខ្ញុំតេលេក្រាមដល់គាត់ ហើយគាត់ពិនិត្យមើល ប្រាប់គាត់យើងមកវិញ ត្រូវធ្វើចេះចុះ »។
ជុំវិញរឿងនេះ សកម្មជនការពារព្រៃឈើ ដែលចុះអង្កេតបទល្មើសព្រៃឈើលោក ហេង ស្រស់ ថ្លែងថា លោកនៅមិនទាន់ជឿចំពោះការអះអាងរបស់សហគមន៍ទាំងស្រុងទេ ព្រោះកន្លងទៅពួកលោក បានចុះអង្កេតជាក់ស្តែងរកឃើញថា មានសមត្ថកិច្ច និងមន្ត្រីបរិស្ថានខ្លះ បានទទួលសំណូលពីបទល្មើសព្រៃឈើជាថ្នូរមិនអនុវត្តច្បាប់។ លោកយល់ថា បើអាជ្ញាធរមានសុឆន្ទៈការពារព្រៃសហគមន៍ ឱ្យគង់វង្ស ត្រូវអនុវត្តច្បាប់ចំពោះមន្ត្រីខិលខូចដែលប្រព្រឹត្តអំពើពុករលួយ និងអ្នកប្រព្រឹត្តល្មើសតាមច្បាប់ជាធរមាន៖ «យើងមើលឃើញថា មិនទាន់មានវត្តមានមន្ត្រីបរិស្ថាន ការកាប់បំផ្លាញព្រៃឈើមិនទាន់មានគគ្រឹកគគ្រេងប៉ុន្មានទេ តែដល់ពេលមានវត្តមានមន្ត្រីទាំងអស់ហ្នឹងឈរប្រចាំការតំបន់នីមួយៗ តែងមានបទល្មើសព្រៃឈើនៅតំបន់នោះ ជាក់ស្តែងដូចនៅតំបន់ព្រៃសង្ឃរុក្ខវ័ន្តជាដើម »។
របាយការណ៍របស់ប្រជាសហគមន៍ព្រៃសង្ឃរុក្ខវ័ន្តបង្ហាញថា អំឡុងខែមករា និងខែកុម្ភៈ កន្លងទៅ ប្រជាសហគមន៍ឃាត់ចាប់បទល្មើសបាន ១០ ករណី រឹបអូសឈើធ្នង់ ១០ដើម ដែលមុខកាត់ ៤តឹក រហូតដល់ ៥តឹកកន្លះ ប្រវែងជាង ២ម៉ែត្រ ទៅ ៣ម៉ែត្រ និងរឹបអូសរណាយន្ត ២គ្រឿង រីឯជនល្មើសរត់គេចខ្លួនបាត់។ លើសពីនេះ នៅរយៈពេលជាង ២ ខែចុងក្រោយនេះ នៅមិនទាន់ឃើញ មានការលូចកាប់ឈើធំៗ នៅឡើយទេ។ ប្រជាសហគមន៍ សង្ឃឹមថា អាជ្ញាធរខេត្តឧត្តរមានជ័យ នឹងខិតខំបន្ថែមទៀតក្នុងការអភិរក្សព្រៃសហគមន៍បន្សល់ចុងក្រោយនេះ ឱ្យគង់វង្សតដល់កូនចៅជំនាន់ក្រោយ ហើយសត្វព្រៃកម្រជាច្រើនប្រភេទនឹងមានជម្រកយូរអង្វែងទាក់ទាញភ្ញៀវទេសចរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។