អ្នកជំនាញកសិកម្ម និងរដ្ឋាភិបាលប្រកាសថា នៅអំឡុងចុងឆ្នាំ២០១៩នេះ កម្ពុជានឹងអាចជួបប្រទះនឹងគ្រោះរាំងស្ងួតដោយសារកត្តាបាតុភូតធម្មជាតិ និងទំនប់វារីអគ្គិសនីនៅចិន ដែលបណ្ដាលឱ្យកម្ពុជាជួបបញ្ហាប្រឈមនឹងការខ្វះខាត់ទឹកប្រើប្រាស់គួរឱ្យព្រួយបារម្ភ។
អ្នកជំនាញថា ការខ្វះទឹកប្រើប្រាស់នេះ ដោយសាររដ្ឋាភិបាលពុំបានត្រៀមលក្ខណៈជាមុនឱ្យបានម៉ត់ចត់ ដូចជាផែនការ រក្សាទឹកទុក និងការកសាងប្រភពទឹក ប្រព័ន្ធប្រឡាយចែកចាយទឹកស្រោចស្រពឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព។
របបក្រុងភ្នំពេញបានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ឱ្យចូលរួមចាត់វិធានការ ដើម្បីថែរក្សាទឹកទុក សម្រាប់ប្រើប្រាស់ដាំដុះ ស្រូវធ្ងន់ចុងវស្សា ស្រូវប្រាំង ឆ្នាំ២០១៩-២០២០ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មីខាងមុខនេះ។
សារាចរណែនាំរបស់ដែលមានចុះហត្ថលេខាដោយមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន នៅថ្ងៃទី២១ វិច្ឆិកា បានឱ្យដឹងថា មូលហេតុដែលនាំឱ្យចាត់វិធានការរក្សាទឹកទុកនេះ គឺដោយសារតែកម្ពុជាក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់បានទទួលរងនៅបាតុភូត អែលនីណូ (El Nino) បានបង្កឱ្យមានកត្តាអវិជ្ជមានជាច្រើន ដូចជា៖ អាកាសធាតុមានសភាពក្ដៅ រហូតទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង បណ្តាលឱ្យទឹកស្រកជាបន្តបន្ទាប់ ដល់កម្រិតទាបបំផុតដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។ ប៉ុន្តែ អ្នកជំនាញតំបន់ទន្លេមេគង្គ និងជានាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ STIMSON Center ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ប្រាយអ៊ិន អាយល័រ (Brian Eyler) ពន្យល់ប្រាប់អាស៊ីសេរីថា បញ្ហាគ្រោះរាំងស្ងួត ដែលកំពុងអូសបន្លាយ ហើយកំពុងបង្កមហន្តរាយ និងវិបត្តិដល់តំបន់ទន្លេមេគង្គទាំងមូលនេះ ព្រមទាំងបណ្ដាលឱ្យធ្លាក់ចុះការប្រមូលទិន្នផលត្រីមិនធ្លាប់មានក្នុងមួយសតវត្សមកនេះ មិនមែនបណ្ដាលមកតែពីបាតុភូត អែលនីណូ ឬក៏ការប្រែប្រួលអាកាសធាតុប៉ុណ្ណោះនោះទេ។ ក៏ប៉ុន្តែ លោកថា អាចមានកត្តារួមផ្សំដទៃទៀត ដែលក្នុងនោះ ការសាងសង់ទំនប់វារីអគ្គិសនីខ្នាតយក្សដ៏សម្បើមនៅប្រទេសចិន និងតាមប្រទេសខ្សែទឹកខាងលើនៃដងទន្លេមេគង្គ ជាពិសេសប្រទេសឡាវជាដើម៖ «វិបត្តិនេះ ភាគច្រើនបណ្ដាលមកពីបាតុភូត អែលនីណូ ដែលបានបណ្ដាលឱ្យផ្ទៃរងទឹកភ្លៀងមានកម្រិតទាបខុសពីប្រក្រតី។ ឆ្នាំនេះគឺមានកម្រិតទាបមែនទែន។ ក៏ប៉ុន្តែ ក៏មានកត្តា បណ្ដាលមកពីខ្សែទឹកខាងលើ ដូចជា ការសាងសង់ទំនប់វារីអគ្គិសនីជាច្រើន ដែលកំពុងតែធ្វើឱ្យប៉ះពាល់ដល់លំហូរទឹក ផ្គត់ផ្គង់ដៃទន្លេនានា នៅតាមខ្សែទឹកខាងក្រោមនោះ»។
អ្នកជំនាញកសិកម្មរិះគន់ថា ការប្រែប្រួលអាកាសធាតុនៅកម្ពុជាបណ្ដាលមកពីរបបក្រុងភ្នំពេញបានបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺការកាប់បំផ្លាញព្រៃឈើដោយគ្មានការទប់ស្កាត់មិនមែនបណ្ដាលមកពីទទួលរងឥទ្ធិពលពីខ្យល់ព្យុះណាមួយនោះទេ។
ទីប្រឹក្សាទេសកសិកម្មឯករាជ្យ និងជាអតីតមន្ត្រីបច្ចេកទេសនៃអង្គការសេដាក (CEDAC) លោក វង្ស សាវឿន សង្កេតឃើញថា រដ្ឋាភិបាលតែងតែមានគម្រោងកសាងអាងស្តុកទឹក ប្រព័ន្ធប្រឡាយជាបន្តបន្ទាប់ដោយទទួលបានជំនួយពីសហគមន៍អន្តជាតិ ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ ធ្វើឱ្យការផ្គត់ផ្គង់ទឹក នៅតែចោទជាបញ្ហាខ្វះខាតប្រើប្រាស់ ជាពិសេសនៅរដូវប្រាំង ឬនៅពេលជួបគ្រោះរាំងស្ងួតក្នុងរដូវវស្សាម្ដងៗ៖ «ជាក់ស្ដែងពេលខ្ញុំធ្វើដំណើរតាមផ្លូវកាត់ភូមិសាស្ត្រខាងខេត្តព្រៃវែង ត្បូងឃ្មុំ ឃើញប្រឡាយមួយចំនួន គឺមានតែប្រឡាយអត់ទេ ជាពិសេសអត់មានប្រភពទឹកដើម្បីបូមប្រមូលទម្លាក់ទៅប្រឡាយរង ឬប្រឡាយរណបចែកជូនប្រជាពលរដ្ឋនោះគឺអត់មានទេ»។
លោកឱ្យដឹងទៀតថា ប្រជាប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹក តែងតែអំពាវនាវទៅអាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាល តាមរយៈអង្គការសង្គមស៊ីវិលម្តងហើយម្ដងទៀតឱ្យអន្តរាគមន៍ជួយពួកគាត់ លើបញ្ហាខ្វះខាតទឹកប្រើប្រាស់ស្ទើរជារៀងរាល់ឆ្នាំមកនេះ ក៏ប៉ុន្តែការឆ្លើយតបនៅមានកម្រិតនៅឡើយ។
លោកថា ការខ្វះខាតទឹកធ្វើមានផលប៉ះពាល់ខ្លាំងដល់ជីវិត ក្នុងនោះប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ បញ្ហាសុខភាព និងអាជីវកម្មផ្សេងៗ៖ «អ៊ីចឹងបញ្ហាទឹកគឺជាកង្វល់ ជាប្រធានបទដ៏សំខាន់ បើសិនជាយើងមានទឹកគឺយើងអាចដោះស្រាយបាន ព្រោះទឹកគឺជាប្រភពនៃជីវិត គ្មានទឹកគ្មានជីវិត បើរៀបចំប្រព័ន្ធទឹកជូនកសិករយើងបានសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ សហគមន៍នោះគឺជារឿងសំខាន់មែនទែន»។
តំបន់ដែលតែងតែខ្វះខាតទឹកស្ទើរតែជាប្រចាំរៀងរាល់នោះ គឺនៅខេត្តកំពង់ស្ពឺ កោះកុង តាកែវ ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងខេត្តមណ្ឌលគិរីជាដើម។
ចំណែក លោក បណ្ឌិត យ៉ង់ សាំង កុមារ អ្នកជំនាញខាងកសិកម្ម និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានសង្កេតឃើញដូចគ្នានេះដែរ។ លោកថា ប្រព័ន្ធធារាសាស្ត្រសព្វថ្ងៃ មានតែបរិមាណ ប៉ុន្តែគុណភាពនៅតែចោទជាបញ្ហានៅឡើយ៖ «បញ្ហាដូចជាធ្ងន់ជាងមុន ! ទីមួយប្រព័ន្ធធារាសាស្ត្រ ដែលមានស្រាប់វាអត់ដំណើរការបានពេញលេញទេ បញ្ហានេះមិនមែនខ្ញុំលើកទេ គឺមានរបាយការណ៍ពីស្ថាប័នជាតិ និងអន្តរជាតិ ធនាគារពិភពលោកក៏ធ្លាប់បានលើកឡើងដែរថាប្រព័ន្ធធារាសាស្ត្រស្រុកខ្មែរដើរអត់បានដល់១០ % ផង ឥឡូវវានៅតែអ៊ីចឹងដដែលអត់មានទៅមុខទេ យើងឃើញមានតែប្រឡាយតែអត់ទឹកទេ ទីពីរហេតុអីបានជាខ្ញុំថាធ្ងន់ជាងមុន ព្រោះប្រព័ន្ធទឹកធម្មជាតិ មាន បឹង ស្ទឹង អូរជាលក្ខណៈធម្មជាតិ គឺវាឆាប់រីងជាងមុន ហើយបញ្ហានេះ វាទាក់ទងបញ្ហាព្រៃឈើដូចជានៅតំបន់ខ្ពង់រាបកាន់តែអស់ទៅ»។
លោកបន្តថា ទោះបីមានការកាប់ឆ្ការព្រៃដាំដុះមែន ក៏ប៉ុន្តែត្រូវតែមានការដាំដើមឈើឡើងវិញនៅតាមតំបន់ជម្រាល ខ្ពង់រាប ពីព្រោះវាជាប្រភពទឹក ឬជាដង្ហើមទឹកដ៏សំខាន់។ លោកថា បើមិនដូច្នេះទេ វានឹងធ្វើឱ្យបឹង ស្ទឹង អូរ នឹងឆាប់រីងស្ងួត ពេលនោះផលប៉ះពាល់ នឹងកើតលើយើងទាំងអស់គ្នា។
ទាក់ទងបញ្ហានេះ មន្ត្រីនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា មានប្រសាសន៍ថា ទោះបីមានបញ្ហាប្រឈមខ្លាំងយ៉ាងនេះក្តី ក៏រដ្ឋាភិបាលខិតខំរិះរកមធ្យោបាយជាច្រើន ដើម្បីដោះស្រាយភ្លាមៗជូនពលរដ្ឋតាមលទ្ធភាពជាក់ស្ដែង និងមានរបៀបផ្សេងៗគ្នាទៅតាមស្ថានភាពភូមិសាស្ត្រ ដែលមានប្រភពទឹក ឬគ្មានប្រភពទឹក។ លោកបន្តថា នៅរដូវប្រាំងកន្លងទៅ នៅស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី របស់ខេត្តបាត់ដំបងដែលបានជួបបញ្ហាខ្វះខាតទឹក ប៉ះពាល់ដល់ពលរដ្ឋជិត ៣ម៉ឺនគ្រួសារ ប៉ុន្តែ អាជ្ញាធរបានបង្វែរមុខទឹក ចម្ងាយផ្លូវប្រមាណមួយរយគីឡូម៉ែត្រ ពីទំនប់ពហុបំណងស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ដើម្បីបង្ហូរទៅសង្គ្រោះការខ្វះខាតទឹកនៅស្រុកទាំងពីរនេះ៖ «នេះគឺជាការដោះស្រាយនៅតាមតំបន់នីមួយៗ កន្លែងខ្លះដែលយើងអាចទាញយកប្រភពទឹកក្រោមដីបាន ដូចជានៅក្នុងស្រុកមេសាង ខេត្តព្រៃវែង និងនៅខេត្តព្រះវិហារ ជាដើមគឺយើងជីកអណ្ដូងទាញយកទឹកពីក្រោមដីយកមកប្រើប្រាស់»។
លោក ចាន់ យុត្ថា ឱ្យដឹងទៀតថា កម្ពុជាមានផ្ទៃដីផលិតស្រូវទាំងប្រាំង និងវស្សាសរុបជាង ៣លាន ២សែនហិកតារ ប៉ុន្តែសក្ដានុពលប្រព័ន្ធស្រោចស្រព ទើបគ្រប់ដណ្ដប់បានប្រមាណ ១លាន ៨សែន ឬអាចស្មើជាង ៦០%ប៉ុណ្ណោះ។
ដោយសារភាពខ្វះខាតនេះ រដ្ឋាភិបាលបានបន្តពង្រីកគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ អាងស្តុកទឹកធំៗ ជាបន្តបន្តបន្ទាប់ទៀត ជាពិសេសពង្រីកការសាងសង់ តាមបណ្ដាស្ទឹងទាំង ១១ ជុំវិញបឹងទន្លេសាប ដើម្បីស្តុកទឹកទុកប្រើប្រាស់ក្នុងរដូវប្រាំង។
ស្របពេលគ្នានេះ រដ្ឋាភិបាលកំពុងកសាងអាងស្តុកទឹកធំមួយ ក្នុងស្រុករុក្ខវិថី ខេត្តបាត់ដំបង ដែលមានសមត្ថកិច្ចស្តុកទឹកបានទៅដល់ ១៦៣លានម៉ែត្រគូប។
ចំណែកនៅខេត្តព្រះវិហារ រដ្ឋាភិបាល ក៏កំពុងសាងសង់អាងស្តុកទឹកធំមួយទៀតដែរ ដែលមានឈ្មោះថា អាងស្តុកទឹករក្សា ស្ថិតក្នុងស្រុករវៀង។ ក្រសួងក៏មានគម្រោងសាងសង់អាងស្តុកទឹកដងកាំបិត នៅក្នុងខេត្តកំពង់ធំ ដែលអាចផ្ទុកទឹកចេញពីប្រភពជួរភ្នំក្រវាញ ភ្នំដងរែក និងខ្ពង់រាបឆ្លូងជាដើម ដើម្បីទាញសក្ដានុពលទឹកមកប្រើប្រាស់ឱ្យអស់លទ្ធភាព។
លោកថា គិតមកត្រឹមឆ្នាំ២០១៩នេះ កម្ពុជាមានប្រព័ន្ធស្រោចស្រពជាង ២ពាន់ ទាំងតូច ទាំងធំ និងមធ្យម ក្នុងនោះប្រព័ន្ធស្រោចស្រពខ្នាតធំមានជាង ៣០កន្លែង។
ទោះយ៉ាងក្តី មន្ត្រីជាន់ខ្ពស់ នៃក្រសួងធនធានទឹករូបនេះ បញ្ជាក់ថា ចំនួននេះនៅមិនទាន់គ្រប់គ្រាន់ក្នុងការប្រាស់ចាំបាច់នោះនៅឡើយ។
លោកថា ផែនការនយោបាយទឹករបស់រដ្ឋាភិបាល ដែលត្រូវធ្វើបន្ត ដើម្បីដោះស្រាយបញ្ហាចំពោះមុខ រដ្ឋាភិបាលបានដាក់ចេញនូវមុខព្រួញ ៣សំខាន់ ក្នុងនោះ ទីមួយលើកគម្រោងដោះស្រាយបញ្ហាប្រឈមតាមតំបន់ខ្វះទឹកប្រើប្រាស់ និងទឹកស្រោចស្រព ទីពីរ ពង្រីកសក្ដានុពល នៃប្រព័ន្ធតភ្ជាប់ពីតំបន់ ដែលមានប្រភពទឹកធំៗ ឆ្ពោះទៅតំបន់ដែលគ្មានប្រភពទឹក និងចុងក្រោយ គឺដាក់ទិសដៅស្ដារប្រព័ន្ធប្រឡាយ និងទំនប់ធំៗ ដែលទទួលរងការខូចខាតដោយសារគ្រោះធម្មជាតិ ដូចជាគ្រោះទឹកទឹកជំនន់ឱ្យដំណើរការជាប្រក្រតីឡើងវិញ។
មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកជំនាញកសិកម្ម បានរិះគន់លើចំណុចខ្លះនៃមធ្យោបាយសង្គ្រោះបញ្ហាការខ្វះខាតទឹកប្រើប្រាស់នេះ។
លោក បណ្ឌិត យ៉ង់ សាំងកុមារ មានប្រសាសន៍ថា លោកគាំទ្រនូវការពង្រីកប្រព័ន្ធធារាសាស្ត្របន្ថែមទៀត ដូចការកសាងប្រព័ន្ធប្រឡាយមេ ប្រឡាយរង ដើម្បីនាំទឹកឱ្យធ្លាក់ទៅដល់តំបន់ដែលខ្វះប្រភាពទឹកប្រើប្រាស់ ដូចជាកន្លែងឆ្ងាយពីទន្លេ បឹង ឬស្ទឹងជាដើម។
ទន្ទឹមគ្នានេះគឺត្រូវធ្វើចលនារក្សាប្រភពទឹក ដោយទប់ស្កាត់កុំឱ្យមានករណីលុបបឹង ឬកន្លែងស្តុកទឹកធំៗ សំខាន់ៗ ហើយត្រូវផ្សារភ្ជាប់ការដាំដើមឈើឱ្យបានគ្រប់ទីកន្លែង ព្រោះទឹក និងដើមឈើមានទំនាក់ទំនងគ្នា ជាគម្របបៃតង ព្រោះថាបើខ្វះទឹក ហើយអត់មានម្លប់ឈើទៀតនោះ វារិតតែធ្វើឱ្យកើតមានបញ្ហាធ្ងន់ធ្ងរថែទៀត៕