ផល​ប៉ះពាល់​​ដល់​ប្រទេស​ខ្សែ​ទឹក​ខាង​ក្រោម​ទន្លេ​មេគង្គ​នៅ​រដូវប្រាំង​ដោយសារ​ចិន​បើក​ទឹក​មុន​កាល​កំណត់

ដោយ មាន ឫទ្ធិ
2023.01.26
Share on WhatsApp
Share on WhatsApp
ផល​ប៉ះពាល់​​ដល់​ប្រទេស​ខ្សែ​ទឹក​ខាង​ក្រោម​ទន្លេ​មេគង្គ​នៅ​រដូវប្រាំង​ដោយសារ​ចិន​បើក​ទឹក​មុន​កាល​កំណត់ ទូកនេសាទ​របស់​ប្រជានេសាទ​ចូលចត​​ក្បែរ​ច្រាំង​ទន្លេមេគង្គ​នៅ​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។
AP

ខុសប្លែក​ពី​បណ្តា​ឆ្នាំ​មុនៗ រដូវប្រាំង​ឆ្នាំ២០២៣នេះ ប្រទេស​ចិន​ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​ទន្លេមេគង្គ បាន​ចាប់ផ្តើម​បើក​ទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​របស់​ខ្លួន​នៅ​មុន​កាលកំណត់​ប្រមាណ​ជា៥ខែ​ដើម្បី​ផលិត​អគ្គិសនី។ ក្រុម​អ្នក​ជំនាញ​តំបន់​មេគង្គ​ព្រួយបារម្ភ​ថា ទង្វើ​របស់​ចិន​អាច​នឹង​បង្ក​ឱ្យ​មាន​នូវ​ភាព​មិន​ប្រក្រតី​នៃ​រំហូរ​ទឹកទន្លេ​ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ការ​ប្រកប​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​នៅ​តាម​ប្រទេស​​ខ្សែ​ទឹក​ខាង​ក្រោម។

ក្រុម​អ្នក​ជំនាញ​នៃ​កម្មវិធី​តាមដាន​វារីអគ្គិសនី​លើ​ដង​ទន្លេមេគង្គ (Mekong Dam Monitor) នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ ស្ទីមសុន សេនធឺរ (Stimson Center) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក​រក​ឃើញ​ថា ជា​លើក​ទីមួយ​ហើយ​​ក្នុងរយៈពេល​៤ឆ្នាំ​ជាប់​គ្នា គឺ​ក្នុង​ឆ្នាំ២០២២​កន្លង​ទៅ ដែល​ទន្លេ​មេគង្គ​បាន​ឆ្លង​កាត់​រដូវវស្សា​ក្នុង​សភាព​ដូច​ប្រក្រតី។ ក៏ប៉ុន្តែ សម្រាប់​រដូវប្រាំង​ក្នុងឆ្នាំ២០២៣នេះ ប្រទេស​ចិន​ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​លើ​ទន្លេ​មេគង្គ កំពុង​បើក​ទ្វារ​ទឹក​នៅ​តាម​វារីអគ្គិសនី​ធំៗ​របស់​ខ្លួន​ដើម្បី​ផលិត​អគ្គិសនី ចាប់តាំងពី​ខែ​តុលា ឆ្នាំ​២០២២​មក។ តាម​ទម្លាប់ ប្រទេស​ចិន​តែង​បើក​ទ្វារ​ទឹក​ដើម្បី​ផលិត​អគ្គិសនី​នៅ​រដូវប្រាំង នៅ​រៀងរាល់​ខែមីនា។

នាយក​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ស្ទីមស៊ិន សេនធឺរ លោក ប្រាយអ៊ិន អាយល័រ (Brian Eyler) មាន​ប្រសាសន៍​ក្នុង​កិច្ចពិភាក្សា​មួយ​តាម​ប្រព័ន្ធ​អនឡាញ​ស្ដីពី​ការ​តាមដាន​ទឹក​ទន្លេ​មេគង្គ​នៅ​រដូវប្រាំង​ឆ្នាំ២០២៣​នេះ ថា រដូវវស្សា​ឆ្នាំ២០២២​កន្លង​ទៅ មាន​រំហូរ​ទឹក​ពី​ទន្លេមេគង្គ​ចូល​ផ្ទៃ​អាង​ទន្លេសាប​តិចតួច​បំផុត​ក្នុង​កំណត់ត្រា។ ក៏ប៉ុន្តែ ទន្លេសាប​នៅតែ​អាច​ពង្រីក​ផ្ទៃ​បឹង​បាន​ដូច​ប្រក្រតី​ដោយសារ​ភ្លៀង​ធ្លាក់​ច្រើន។ លោក​ថា វារីអគ្គិសនី​ធំ​ជាងគេ​បង្អស់​ចំនួន​ពីរ​របស់​ចិន (Xiaowan និង Nuozhadu) ដែល​ទទួលខុសត្រូវ​បរិមាណ ៥០% នៃ​ការ​បញ្ចេញ​ទឹក​ស្តុក​ទុក​ទៅ​ចាក់​បំពេញ​ក្នុង​ទន្លេ​មេគង្គ បាន​ចាប់ផ្តើម​បញ្ចេញ​ទឹក​សម្រាប់​រដូវ​ក្តៅ​ឆ្នាំ២០២៣នេះ លឿន​ជាង​ឆ្នាំមុនៗ ពោល​គឺ​ចាប់តាំងពី​ខែតុលា​ឆ្នាំ​កន្លង​ទៅ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​អគ្គិសនី​ក្នុងស្រុក​របស់​ខ្លួន។ ជាទូទៅ នៅ​រៀងរាល់​ឆ្នាំ វារីអគ្គិសនី​ទាំងពីរ​នេះ បើក​ទ្វារ​ទឹក​នៅ​ខែ​មីនា ដើម្បី​ផលិត​អគ្គិសនី​នៅ​រដូវ​ក្តៅ។

BrianEyler_RFA.jpeg
(ឆ្វេង) លោក ប្រាយអ៊ិន អាយលឺ (Brian Eyler) អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​ថាមពល ទឹក និង​ស្បៀង​ប្រចាំ​តំបន់​ទន្លេ​មេគង្គ នៃ​មជ្ឈមណ្ឌល​ស្ទីមសុន សែនធ័រ (Stimson Center) ក្នុង​បន្ទប់​ផ្សាយ​របស់​អាស៊ីសេរី។ RFA

លោក ប្រាយអ៊ិន អាយល័រ៖ «នេះ​គឺ​ជា​អ្វីដែល​យើង​ត្រូវ​យកចិត្ត​ទុកដាក់ ពីព្រោះ​វា​នឹង​មាន​ឥទ្ធិពល​មក​លើ​រដូវប្រាំង​ក្នុងឆ្នាំនេះ ថា​តើ​ការ​បើក​ទឹក​ពី​វារីអគ្គិសនី​បែបនេះ​នឹង​ប៉ះពាល់​យ៉ាង​ណា​ខ្លះ​ដល់​រំហូរ​ទឹក​ទន្លេ​ក្នុង​តំបន់​ខ្សែ​ទឹក​ខាងក្រោម។ ត្រលប់​មក​និយាយ​ពី​រដូវវស្សា​កាលពី​ឆ្នាំទៅម៉ិញ​វិញ យើង​បាន​កត់សម្គាល់​ឃើញ​មាន​ទម្រង់​ប្រក្រតី​ចេញ​មក​ពី​ខ្សែ​ទឹក​ខាង​លើ​ទន្លេ​មេគង្គ ដែល​វារីអគ្គិសនី​បើកទឹក​នៅ​រដូវប្រាំង ហើយ​ធ្វើ​ឱ្យ​កម្រិត​ទឹក​កើនឡើង។ ក្រោយ​មក ក៏​មាន​ការ​បិទ​ទឹក​ទៅវិញ​នៅ​រដូវវស្សា ដែល​នាំ​ឱ្យ​កាត់បន្ថយ​កម្រិត​ទឹក​ទន្លេ។ យើង​ជឿជាក់​ថា ការណ៍​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​មែនទែន​ទៅ​ដល់​ដំណើរការ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ដល់​ការ​នេសាទ​ត្រី ប៉ះពាល់​ដល់​តំបន់​ដី​លិច​ទឹក និង​ដល់​សហគមន៍​នៅ​តំបន់​មេគង្គ»

កម្មវិធី​តាមដាន​វារីអគ្គិសនី​លើ​ដង​ទន្លេមេគង្គ រកឃើញ​ថា ការ​រាំងស្ងួត​នៅ​តំបន់​ខ្សែ​ទឹកខាង​លើ​បាន​បណ្តាល​ឱ្យ​កម្រិត​នៃ​ការ​ស្តុក​ទឹក​ទុក​នៅ​តាម​វារីអគ្គិសនី​ធំៗ​ពីរ​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០២២ ទាប​ជាង​កាល​ពី​ឆ្នាំ២០២១​កន្លង​ទៅ។ បរិមាណ​ផ្ទុក​ទឹក​ច្រើន​បំផុត​ក្នុង​វារីអគ្គិសនី​ធំៗ​ទាំងពីរ​របស់​ចិន​ក្នុង​ឆ្នាំ២០២១ មាន ៨៤% ខណៈ​ឆ្នាំ២០២២ បរិមាណ​នេះ​បាន​ធ្លាក់ចុះ​មក​នៅ ៧៤%។ លោក ប្រាយអ៊ិន អាយល័រ ថា វារីអគ្គិសនី​ធំៗ​ចំនួន​ពីរ​របស់​ចិន​ពុំបាន​ផ្ទុក​ទឹក​ច្រើន​កាលពី​ឆ្នាំ​កន្លង​ទៅ​ទេ ទំនងជា​ដោយសារតែ​ចិន​មិន​ត្រូវ​ការ​អគ្គិសនី​ច្រើន​ដោយសារ​ភាព​យឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន និង​គោល​នយោបាយ​ឆ្លើយតប​នឹង​ជំងឺកូវីដ១៩ របស់​ចិន។

ក្រៅពី​បញ្ហា​ប្រឈម​ដោយសារ​រំហូរ​ទឹក​មិន​ប្រក្រតី អ្នក​សិក្សា​ស្រាវជ្រាវ​ឱ្យ​គម្រោង​អច្ឆរិយភាព​នៃ​អាង​ទន្លេ​មេគង្គ (Wonders of the Mekong) របស់​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក USAID អ្នកនាង អេលីហ្សាប៊ែត អេវឺរ៉េស (Elizabeth Everest) កត់សម្គាល់​ថា ទន្លេមេគង្គ​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ជាច្រើន ដែល​ក្នុង​នោះ​ផល​ប៉ះពាល់​ដោយសារ​កត្តា​មនុស្ស​ក៏​ចូលរួម​ចំណែក​ដែរ។

Elizabeth_Everest.JPG
អ្នក​សិក្សា​ស្រាវជ្រាវ​ឱ្យ​គម្រោង​អច្ឆរិយភាព​នៃ​អាង​ទន្លេ​មេគង្គ (Wonders of the Mekong) របស់​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក USAID អ្នកនាង អេលីហ្សាប៊ែត អេវឺរ៉េស (Elizabeth Everest)។ Photo Courtesy of Thefisheriesblog

អ្នកនាង អេលីហ្សាប៊ែត អេវឺរ៉េស៖ «ទន្លេមេគង្គ​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ជាច្រើន។ ខ្ញុំ​គិត​ថា យើង​បាន​រំលេច​បញ្ហា​ប្រឈម​មួយចំនួន​រួច​ហើយ ដែល​សុទ្ធតែ​ទាក់ទង​នឹង​រំហូរ​ទឹក​ទន្លេ និង​ការប្រែប្រួល​នៅក្នុង​ប្រព័ន្ធ​នេះ។ ក៏ប៉ុន្តែ យើង​នៅ​តែ​ឃើញ​មាន​ការ​បង្ក​កំណើត​ប្រភេទ​ពូជសត្វ​ផ្សេងៗ​ក្នុង​ទន្លេ​នេះ...។ យើង​នៅតែ​ឃើញ​មាន​ផ្សោត​ទឹកសាប។ បើ​មិន​មាន​នៅសល់​ច្រើន​ក៏ដោយ ក៏​សត្វ​ផ្សោត​ទាំងនោះ​បាន​ស្វែងរក​ជម្រក​នៅ​តំបន់​មេគង្គ...។ រឿង​សំខាន់​មួយ​ដែល​យើង​គិត​ថា​អាច​ប៉ះពាល់​ដល់​ផ្សោត​ទឹក​សាប​នោះ គឺ​ឧបករណ៍​នេសាទ​ដែលគេ​បោះបង់​ចោល។ អត្រា​ស្លាប់​របស់​សត្វ​ផ្សោត​ទឹកសាប​ទាំងនោះ ដែល​យើង​ឃើញ អាច​នឹង​មិនមែន​បណ្តាល​មក​ពី​ការប្រែប្រួល​នៃ​រំហូរ​ទឹក​ទន្លេ ឬ​គុណភាព​ទឹកទន្លេ​ទេ។ ប៉ុន្តែ ភាគច្រើន​គឺ​ដោយសារ​ផល​ប៉ះពាល់​បណ្តាល​មក​ពី​កត្តា​មនុស្ស​មក​លើ​ប្រព័ន្ធ​នេះ»

ទន្លេមេគង្គ ឬ​ហៅថា​ទន្លេ​ឡានឆាង (Lancang) នៅ​ប្រទេស​ចិន គឺជា​បេះដូង​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក ដែល​មាន​ប្រជាជន​សរុប​ជាង ៧០​លាន​នាក់​ពឹង​ផ្អែកលើ​ទន្លេ​នេះ និង​ដៃទន្លេ​នេះ សម្រាប់​ស្បៀង​អាហារ ទឹក ការ​ដឹកជញ្ជូន និង​ទិដ្ឋភាព​ដទៃទៀត​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។ ទន្លេ​នេះ​គឺជា​ជម្រក​ត្រីទឹក​សាប​រហូតដល់​ទៅ​ជាង ៨៥០ ប្រភេទ។ បើ​តាម​គណៈកម្មការ​ទន្លេមេគង្គ (MRC) ជលផល​ពី​អាង​ទន្លេ​មេគង្គ​ក្រោម ផ្តល់​ប្រាក់​ចំណូល​ប្រមាណ ១៧ពាន់​លាន​ដុល្លារ​រៀងរាល់​ឆ្នាំ​ដល់​ប្រទេស​ចំនួន​៤ ដូចជា កម្ពុជា ឡាវ ថៃ និង​វៀតណាម។ នៅ​កម្ពុជា ទន្លេមេគង្គ​ក៏​ជា​ប្រភព​ធនធាន​សំខាន់​មួយ​ដល់​បឹងទន្លេសាប ដែល​ទ្រទ្រង់​ជីវិត​មនុស្ស​ប្រមាណ​ជាង ១លាន​៧សែន​នាក់។

អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល អ៊ីស វ៉េស្ត៍ សេនធឺ (East West Center) នៅ​សហរដ្ឋអាមេរិក អ្នកនាង ម៉ីង លី យ៉ុង (Ming Li Yong) មើល​ឃើញ​ថា អ្នក​ប្រកប​របរ​នេសាទ​នៅ​កម្ពុជា ជាពិសេស​នៅ​តាម​តំបន់​បឹងទន្លេសាប កំពុង​ប្រឈម​នឹង​បញ្ហា​លំបាក​កាន់តែ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំងអស់។ អ្នក​សិក្សា​ស្រាវជ្រាវ​រូប​នេះ​ថា កត្តា​មួយ​ដែល​ជំរុញ​ឱ្យ​ពួកគេ​ប្រឈម​នឹង​ភាព​លំបាក​នេះ គឺ​ដោយសារ​តែ​ការអភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី និង​ការប្រែប្រួល​អាកាសធាតុ។

yong_ming-li.jpg
អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល អ៊ីស វ៉េស្ត៍ សេនធឺ (East West Center) នៅ​សហរដ្ឋអាមេរិក អ្នកនាង ម៉ីង លី យ៉ុង (Ming Li Yong)។ Photo Courtesy of eastwestcenter.org

អ្នកនាង មីង លី យ៉ង់៖ «គ្មាន​អ្វីដែល​ជា​មន្ទិល​ឡើយ​ដែល​ការ​ប្រកប​ជីវិត​នៅ​លើ​បឹងទន្លេសាប​កំពុង​ប្រឈម​នឹង​បញ្ហា​កាន់តែ​លំបាក​ខ្លាំង​ទៅៗ​ជាពិសេស​សម្រាប់​ពលរដ្ឋ​ដែល​ប្រកបរបរ​នេសាទ​ដើម្បី​ចិញ្ចឹម​ជីវិត។ នេះ​គឺ​ដោយសារតែ​ប្រវត្តិ​ដ៏​យូរលង់​នៃ​បញ្ហា​នានា​កើតឡើង​ក្រោយ​ជម្លោះ​ប្រដាប់​អាវុធ ដូចជា​អភិបាលកិច្ច​ទន់ខ្សោយ ការ​នេសាទ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ ហើយ​ថ្មីៗ​នេះ​ទៀត​គឺ​ប្រាកដ​ណាស់ ការ​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី និង​ការប្រែប្រួល​អាកាសធាតុ។ ជា​ទូទៅ ប្រជា​នេសាទ​ត្រូវ​តស៊ូ​ចិញ្ចឹមជីវិត​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ខ្លួន ជាពិសេស​ដោយសារតែ​ការ​ធ្លាក់​ចុះ​នៃ​ទិន្នផល​ត្រី​ដែល​ចាប់​បាន»

របាយការណ៍​ប្រចាំឆ្នាំ​ស្ដីពី​អសន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក ទើបនឹង​ចេញផ្សាយ​ដោយ​អង្គការ​ស្បៀងអាហារ​ពិភពលោក (FAO) របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី២៤ ខែមករា រក​ឃើញ​ថា នៅ​កម្ពុជា ប្រជាជន​ប្រមាណ​ពាក់កណ្តាល​កំពុង​ប្រឈម​នឹង​កង្វះ​ស្បៀង ឬ​អសន្តិសុខ​ស្បៀង​ក្នុង​កម្រិត «មធ្យម» ឬ «ធ្ងន់ធ្ងរ»។ ការណ៍​នេះ ប៉ះពាល់​ខ្លាំង​ដល់​ប្រជាជន​ក្រីក្រ​ស្រាប់ ស្រប​ពេល​ដែល​តម្លៃ​អង្ករ និង​ប្រេង​សាំង​កំពុង​ឡើង​ថ្លៃ។

ក្រុម​មេដឹកនាំ​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ គ្រោង​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​ថ្មីៗ​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​នានា​ដែល​តំបន់​មេគង្គ​កំពុង​ជួប​ប្រទះ។ ពួកគេ​នឹង​បើក​កិច្ចប្រជុំ​កំពូល​របស់​គណៈកម្មការ​ទន្លេមេគង្គ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ដើម​ខែ​មេសា ខាងមុខ​នេះ នៅ​ប្រទេស​ឡាវ ដើម្បី​កំណត់​ជោគវាសនា​របស់​អាង​ទន្លេ​មេគង្គ។

ក្រុម​អ្នក​ជំនាញ​មួយ​ចំនួន​ធ្លាប់​ព្រមាន​ថា ប្រសិនបើ​ទន្លេមេគង្គ​មិន​ត្រូវ​បាន​គ្រប់គ្រង​ឱ្យ​បាន​ល្អ​នោះ​ទេ នោះ​ប្រទេស​ពាក់ព័ន្ធ​អាច​ប្រឈម​នឹង​ជម្លោះ​ដណ្តើម​ទឹក​រ៉ាំរ៉ៃ​ជា​លក្ខណៈ​អន្តរប្រទេស​នៅ​ក្នុង​តំបន់​ទាំងមូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។