ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់បង្ហាញក្ដីបារម្ភខ្លាចមានជនឆ្លៀតឱកាស ឬចោរលួចគាស់ផ្ទះពួកគេ ពេលដែលកំពុងជម្លៀសខ្លួនពីទឹកជំនន់។ ពួកគេស្នើសុំឲ្យអាជ្ញាធរ ចុះជួយល្បាត និងការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលកំពុងរងគ្រោះ។ អាជ្ញាធរអះអាងថា កំពុងពិនិត្យ និងដោះស្រាយករណីនេះហើយ។
ពលរដ្ឋរងគ្រោះទឹកជំនន់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លោកស្រី ហេង ហួរ ឲ្យអាស៊ីសេរីដឹងថា លោកស្រីមានការបារម្ភជាខ្លាំង ចំពោះរបស់របរដែលនៅក្នុងផ្ទះ ខ្លាចមានជនខិលខូចឆ្លៀតឱកាសលួចគាស់ផ្ទះ នៅពេលដែលលោកស្រីកំពុងជម្លៀសខ្លួនចេញពីផ្ទះដែលត្រូវទឹកលិច។ លោកស្រីបន្តថា លោកស្រីខកចិត្តយ៉ាងខ្លាំង ដែលរហូតមកដល់ពេលនេះ ពុំមានមន្ត្រីមូលដ្ឋាន ឬអាជ្ញាធរណាម្នាក់មកចុះសួរសុខទុក្ខ ឬផ្តល់ការការពារសុវត្ថិភាព និងជួយចុះល្បាតផ្ទះប្រជាពលរដ្ឋនៅភូមិនេះនៅឡើយទេ។ លោកស្រីបន្ថែមទៀតថា លោកស្រីរងការខូចខាតរបស់របរជាច្រើន បន្ទាប់ពីទឹកជន់លិចផ្ទះលោកស្រី ហើយលោកស្រីត្រូវបញ្ជូនកម្មករឲ្យទៅយាមផ្ទះរាល់ថ្ងៃ ដើម្បីការពារជនឆ្លៀតឱកាសទាំងនោះ ដោយសារអាជ្ញាធរមិនអើពើ៖ « អត់ទេបងអើយ អត់ទេខ្ញុំសុំនិយាយឲ្យត្រង់ហ្មង អត់មានសោះបង មកមើលម៉ាបន្តិចក៏ខ្ញុំអស់ចិត្តដែរ ខាងសង្កាត់ ខាងខណ្ឌអត់មានរវល់ហ្មង។ ខ្ញុំសំណូមពរ សំណូមពរខាងអភិបាលខណ្ឌ ហើយនឹងខាងចៅសង្កាត់ សុំមេត្តាឲ្យកងកម្លាំងគាត់ជួយចុះល្បាតមើលនៅកន្លែងផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិហ្នឹងផង ព្រោះអីភាគច្រើនមានជនឆ្លៀតឱកាសវាលួចគាស់អ៊ីចឹង មួយយប់ហ្នឹង គាស់ដាក់ក្បូន ដាក់អីហ្នឹងយកខ្ទេច អ៊ីចឹងរឿងនេះអីងាយនឹងជួបបញ្ហាហ្នឹង។ គាត់មិនបានជួយចែកអំណោយអីក៏អត់ចុះ ឲ្យតែបានជួយផ្តល់តែកម្លាំងចិត្ត ឲ្យជួយយាមជួយអីប៉ុនហ្នឹងក៏ខ្ញុំអស់ចិត្តដែរ ខ្ញុំអត់ចង់បានអីលើសហ្នឹងទៀតទេ » ។
ស្រដៀងគ្នានេះ ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លោកស្រី កែវ ស៊ីថា រៀបរាប់ថា លោកស្រីមានការបារម្ភខ្លាចមានការបាត់បង់ទ្រព្យសម្បត្តិខ្លះដែរ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺអាយុជីវិតនៅពេលដែលកំពុងជួបគ្រោះទឹកជំនន់។ លោកស្រីបន្តថា ទឹកជំនន់នៅតែបន្តជន់លិច មិនទាន់ថមថយនោះទេ ដោយសារទឹកភ្លៀង និងការបើកទំនប់ទឹកពីតំបន់ជាប់ព្រំដែនថៃ៖ « ខ្ញុំសំណូមពរថា ឲ្យរដ្ឋាភិបាលចុះជួយមើលផ្ទះប្រជាពលរដ្ឋដែលលិចទឹក លិចអីហ្នឹង គ្នាកំពុងលង់លិច ហើយកំពុងអត់ ជីវភាពអន់ថយភាគច្រើន។ អ្នកខ្លះ គ្នាកូនអាញ៉ុកអាញៃ ៤ - ៥នាក់ សូម្បីតែអង្ករមួយគ្រាប់គ្មានដែរ ក៏រដ្ឋាភិបាលមើលមិនឃើញដែរ » ។
សំណើរបស់ពលរដ្ឋដែលសុំឱ្យអាជ្ញាធរជួយការពារទ្រព្យសម្បត្តិរបស់ពួកគាត់នេះ គឺដោយសារតែនៅកន្លែងខ្លះមានករណីចោរលួចគាស់ផ្ទះពលរដ្ឋដែលកំពុងជម្លៀសចេញពីលំនៅឋាន។ គណនីហ្វេសប៊ុកមួយឈ្មោះ វណ្ណណេង Vanneng បានបង្ហោះវីដេអូអំពី ករណីចោរលួចគាស់ផ្ទះពលរដ្ឋស្ទើរគ្រប់ផ្ទះ នៅបុរីពិភពថ្មី៣ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងប្រកាសឲ្យម្ចាស់ផ្ទះ ចុះមកពិនិត្យ និងដាក់ពាក្យបណ្ដឹងករណីមានចោរគាស់ផ្ទះ។
អាស៊ីសេរីព្យាយាមទាក់ទងទៅ អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង ដើម្បីសួរនាំពីករណីនេះ ប៉ុន្តែលោកបញ្ជាក់ថា កំពុងជាប់រវល់ចែកអំណោយ រួចក៏បិទទូរស័ព្ទ។
រីឯអ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា មានប្រសាសន៍ថា លោកពុំទាន់ទទួលបានព័ត៌មាននេះជាផ្លូវការនៅឡើយទេ ប៉ុន្តែលោកអះអាងថា អាជ្ញាធរកំពុងសហការគ្នាតាមរកជនខិលខូច និងឆ្លៀតឱកាសទាំងនេះ។ លោកបញ្ជាក់ទៀតថា អាជ្ញាធរកំពុងពង្រឹងកម្លាំងដាក់ការពារប្រជាពលរដ្ឋបន្ថែម ដោយមានក្រុមចុះល្បាតពេលយប់ ដើម្បីការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋផងដែរ៖ « យើងកំពុងតែសហការគ្នាតាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ហើយអ្នកដែលរុករក សង្គ្រោះ ជម្លៀស គឺធ្វើតាមមុខងាររៀងៗ ខ្លួន ហើយក្រុមរក្សាសណ្ដាប់ធ្នាប់ និងរក្សាសន្តិសុខ គឺមានក្រុមល្បាត ក្រុមការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ យើងមានទាំងអស់ ហើយក្រុមដែលអ្នកដែលនៅតាមទួលសុវត្ថិភាព ឬសម្រាប់ជួយដល់ជនរងគ្រោះដែលគាត់បានចេញផុតពីទឹកហ្នឹងហើយ គាត់ត្រូវការស្បៀង ត្រូវការទឹកស្អាត ឬក៏អ្វីដែលចាំបាច់ គឺមានក្រុមដែលធ្វើការងារហ្នឹងរៀងៗ ខ្លួន។ រហូតមកដល់ពេលនេះ គឺសកម្មភាពឆ្លើយតបទៅនឹងការងារទប់ទឹកជំនន់នេះ គឺមានការសស្រាក់សស្រាំ ហើយនឹងរលូន » ។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថ្លែងថា ករណីមានចោរលួចគាស់ផ្ទះប្រជាពលរដ្ឋបែបនេះ គឺជាកម្សោយរបស់អាជ្ញាធរដែលគ្រប់គ្រងមិនបានល្អ ក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកបន្តថា អាជ្ញាធរគួររៀបចំសន្តិសុខឲ្យបានល្អ ដើម្បីធានារក្សាសម្ភារៈរបស់ពលរដ្ឋដែលកំពុងរងគ្រោះទាំងនោះកុំឲ្យមានការបាត់បង់៖ « គាត់ជួបទុក្ខមួយសារហើយ ប្រសិនបើអាជ្ញាធរមិនរក្សាសន្តិសុខ មិនរក្សាសម្ភារៈរបស់ប្រជាពលរដ្ឋ ចឹងមានន័យថា គាត់ជួបទុក្ខទ្វេដង។ នៅកន្លែងខ្លះទៀត ដែលអាជ្ញាធរមិនទាន់ចុះទៅដល់ហ្នឹង សូមអាជ្ញាធរធ្វើការចុះឲ្យទៅដល់ប្រជាពលរដ្ឋដែលរងគ្រោះ ហើយជាពិសេសនោះគឺសូមឲ្យអាជ្ញាធរហ្នឹង កុំរើសអើងផ្នែកនយោបាយ ព្រោះនៅពេលនេះ គឺប្រជាពលរដ្ឋទាំងអស់គ្នាហ្នឹង គឺគាត់កំពុងតែជួបទុក្ខ ហើយប្រសិនបើអាជ្ញាធរនៅតែមានការរើសអើងនយោបាយទៀត តើឲ្យប្រជាពលរដ្ឋហ្នឹង សង្ឃឹមទៅលើនរណា ?»។
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា រាជធានី-ខេត្តដែលរងផលប៉ះដោយសារទឹកជំនន់ មានចំនួន ១៩។ ចំណែក តួលេខពលរដ្ឋដែលស្លាប់ដោយទឹកជំនន់វិញ បានកើនឡើងដល់ ២៤នាក់ហើយ គិតត្រឹមថ្ងៃទី១៧ តុលា ស្របពេលពលរដ្ឋជិត ៣ម៉ឺននាក់ត្រូវជម្លៀសចេញពីលំនៅឋាន ដំណាំកសិកម្មពលរដ្ឋរាប់សែនហិកតាររងការខូចខាត ហើយហេដ្ឋារចនាសម្ព័ន្ធតូចធំជាច្រើនកន្លែងក៏ត្រូវខូចខាតដូចគ្នា។ អាជ្ញាធរបញ្ជាក់ថា ស្ថានភាពគ្រោះមហន្តរាយនេះមិនទាន់ចប់នៅឡើយទេ ដោយសារកម្ពុជានៅជួបព្យុះជាបន្តបន្ទាប់ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។