ទឹកជំនន់​ទន្លេ​មេគង្គ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​បាន​ស្រក​ចុះ​បន្តិច ខណៈ​ខេត្ត​មួយ​ចំនួន​ទៀត នៅតែ​បន្ត​លិច

ដោយ សេក បណ្ឌិត
2024.09.27
ទឹកជំនន់​ទន្លេ​មេគង្គ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​បាន​ស្រក​ចុះ​បន្តិច ខណៈ​ខេត្ត​មួយ​ចំនួន​ទៀត នៅតែ​បន្ត​លិច ទឹក​ចាប់​ផ្ដើម​លិច​ស្រូវ​នៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅ​ថ្ងៃទី២៧ ខែ​កញ្ញា ឆ្នាំ២០២៤។
រូបពីពលរដ្ឋ

ទឹកជំនន់​នៅ​តាម​ខេត្ត​មួយ​ចំនួន ក្បែរ​ទន្លេ​មេគង្គ ចាប់ផ្ដើម​ស្រក​ចុះ​ជា​បណ្ដើរៗ​ហើយ ប៉ុន្តែ​នៅ​តាម​តំបន់​ទំនាប​មួយ​ចំនួន​នៅតែ​បន្ត​រង​ការ​ជន់​លិច​ខ្លាំង ស្រប​ពេល​ដែល​ពលរដ្ឋ​កំពុង​ខ្វះខាត​ស្បៀងអាហារ និង​ថ្នាំ​សង្កូវ​សម្រាប់​ទ្រទ្រង់​ការ​រស់នៅ។

ស្ថានភាព​ទឹកជំនន់​ទន្លេ​មេគង្គ​នៅ​ចុង​ខែ​កញ្ញា នេះ ចាប់ផ្ដើម​ស្រក​ចុះ​ក្នុង​ល្បឿន​យឺតៗ ដែល​ធ្វើ​ឱ្យ​តំបន់​ទំនាប ជាប់​ទន្លេ​ក្នុង​ខេត្ត​មួយ​ចំនួន នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​ជន់​លិច ប៉ះពាល់​ដល់​ការ​រស់នៅ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ។

ចៅអធិការ​វត្ត សិរីរតនារាម ស្ថិតនៅ​ឃុំ​កោះតាស៊ុយ ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ ព្រះតេជ​ព្រះគុណ ភឿង សុភ័ក្ត មាន​ថេរៈ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃទី២៧ ខែ​កញ្ញា ថា ទឹកជំនន់​ទន្លេ​មេគង្គ បាន​ស្រក​ចុះ​បន្តិច បន្ទាប់ពី​ឡើង​អស់​រយៈពេល ៤ថ្ងៃ ប៉ុន្តែ​នៅ​ក្នុង​បរិវេណ​វត្ត នៅតែ​ជន់​លិច រហូត​ដល់​ព្រះវិហារ។ ព្រះអង្គ​មាន​ថេរៈ​ដីកា​បន្ត​ថា ទឹកជំនន់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង ៣ភូមិ ដែល​ស្ថិត​នៅ​លើ​កោះ​កណ្ដាល​ទន្លេ​នេះ និង​បាន​បង្ក​ការ​លំបាក​ដល់​ពុទ្ធបរិស័ទ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យកាន់បិណ្ឌ។

ព្រះតេជព្រះគុណ ភឿង សុភ័ក្ត៖ «ត្បិត​តែ​ថា ទឹក​លិច ប៉ុន្តែ​ញាតិញោម​ពុទ្ធបរិស័ទ​គាត់​នៅតែ​ខិតខំ​ប្រឹង ផ្គត់ផ្គង់​ចង្ហាន់​ព្រះសង្ឃ តាមរយៈ​ការ​ធ្វើដំណើរ​តាម​ទូក តាម​កាណូត បើក​កាលេថង (គោយន្ត​កន្ត្រៃ) គាត់​ព្យាយាម​បើក​មក ហើយ​ក៏​ទូក​កាណូត អុំ​ដោយ​ដៃ​ខ្លះ កាណូត​ខ្លះ សម្រាប់​យក​ចង្ហាន់​មក​ផ្គត់ផ្គង់​ព្រះសង្ឃ»

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឱ្យ​ដឹង​ថា ទឹក​ទន្លេ​មេគង្គ នៅ​ខេត្ត​ក្រចេះ មាន​កម្ពស់ ២១,២១ម៉ែត្រ ខណៈ​កម្រិត​ប្រកាស​អាសន្ន មាន​កម្ពស់ ២២ម៉ែត្រ។ ចំណែក​កម្ពស់​ទឹក​ទន្លេ​មេគង្គ នៅ​ខេត្ត​កំពង់ចាម និង​ត្បូងឃ្មុំ មាន​កម្ពស់ ១៤,២៦ម៉ែត្រ ខណៈ​កម្រិត​ប្រកាស​អាសន្ន មាន​កម្ពស់ ១៥,២០ម៉ែត្រ។

ពលរដ្ឋ​នៅ​ឃុំ​ទន្លេបិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កញ្ញា ភួន ស្រីល័ក្ខ ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា ទឹកជំនន់​ទន្លេ​មេគង្គ បាន​ឡើង​អស់​រយៈពេល ៤ថ្ងៃ​មក​ហើយ ដោយ​បាន​ពន្លិច​ផ្លូវថ្នល់ និង​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជាច្រើន​ខ្នង ខណៈ​ផ្ទះ​ខ្លះ លិច​ដល់​ដំបូល​ផ្ទះ​ក៏​មាន។ កញ្ញា​បន្ត​ថា ដោយសារ​ទឹកជំនន់​បាន​ហក់​ឡើង​យ៉ាង​ឆាប់រហ័ស និង​មាន​កម្ពស់​ខ្ពស់ បាន​ធ្វើ​ឱ្យ​អ្នកភូមិ​ជាច្រើន ជួប​ការ​លំបាក ដោយសារ​ពួកគាត់​មិន​បាន​ត្រៀម​ស្បៀងអាហារ ថ្នាំសង្កូវ និង​សម្ភារៈ​ប្រើប្រាស់​ទុក​មុន ខណៈ​អាជ្ញាធរ មិន​បាន​ផ្ដល់​ជំនួយ​នៅឡើយ ក្នុង​នោះ​កញ្ញា​អះអាង​ថា អាជ្ញាធរ​មួយ​ចំនួន មាន​ភាព​លម្អៀង និង​កត់​ឈ្មោះ​ចែក​អំណោយ​ឱ្យ​តែ​បក្ខពួក​របស់​ខ្លួន​ប៉ុណ្ណោះ។

កញ្ញា ភួន ស្រីល័ក្ខ៖ «បាន (អំណោយ) តែ​អ្នក​ដែល​បាន អ្នក​ដែល​អត់ គឺ​នៅតែ​អត់។ ផ្ទះ​ខ្ញុំ​នៅ​ពេល​លិច​ទឹក មាន​ប្រហុក ផ្អក នៅ​នឹង​ក្រឡ យើង​ទិញ​របស់​ក្រៀមៗ សាគួរ។ ដូច​ខ្ញុំ​ធ្លាប់​លក់​អីវ៉ាន់​កំប៉ិកកំប៉ុក ហើយ​នៅ​ពេល​លិចទឹក​អ៊ីចឹង​ទៅ គឺ​អត់​បាន​លក់​ទេ អ៊ីចឹង​គឺ​អត់មាន​លុយ​ចូល​ទេ»

ដោយឡែក នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ទឹក​ទន្លេ​មេគង្គ​មាន​ការ​កើន​ឡើង បណ្ដាល​ឱ្យ​លិច​ចំណុច​ខ្លះ​នៃ​ច្រាំងទន្លេ​តំបន់​ទីក្រុង​កោះ​នរា។ រីឯ​នៅ​ខេត្ត​សៀមរាប វិញ ស្រុក​ចំនួន៣ បាន​ទទួល​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង អស់​រយៈពេល ៤ថ្ងៃ​មក​ហើយ រួមមាន ស្រុក​ជីក្រែង ស្រុក​ស្វាយលើ និង​ស្រុក​ប្រាសាទបាគង។ ទោះ​យ៉ាងណា រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​អះអាង​ថា ជំនន់​ទឹកភ្លៀង​នេះ មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាសាទ​បុរាណ​ណាមួយ​នៅ​ក្នុង​ខេត្ត​ឡើយ។

ទាក់ទិន​រឿង​នេះ នាយក​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ ណែនាំ​ឱ្យ​ពលរដ្ឋ​បន្ត​ការ​ប្រុងប្រយ័ត្ន ព្រោះ​ចាប់ពី​ថ្ងៃទី១ ខែ​ថ្ងៃទី១០ ខែ​តុលា ខាងមុខនេះ ប៉ែក​ខាងលើ​ទន្លេ​សេសាន នឹង​បើក​ទំនប់​វារីអគ្គិសនី​ទម្លាក់​ទឹក ទំហំ​ជាង​៦រយម៉ែត្រ​គីប ក្នុង​មួយ​វិនាទី ដែល​អាច​បណ្ដាល​ឱ្យ​មាន​ជំនន់​ជាថ្មី​ម្ដងទៀត​ហូរ​ចាក់​មក​ទន្លេ​មេគង្គ។ លោក​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​បង្កើន​ការ​ជូនដំណឹង និង​ត្រូវ​ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​ឱ្យ​បាន​ទាន់ពេល។

លោក លាង ប៊ុនលាភ៖ «ធម្មជាតិ​វា​កើត​មាន​ផល ភ្លៀង ព្យុះ ផ្គរ ហើយ​ទំនប់​នឹង ក៏​គេ​បើក​ថែមទៀត ដូច្នេះ​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ឱ្យ​មែនទែន ពីព្រោះ​វា​បណ្ដាល​ឱ្យ ការ​ជន់​លិច​មាន​ភាព​ឆាប់រហ័ស ដែល​យើង​មិន​អាច​ចាត់ចែង មិន​អាច​យក​របស់​ធ្ងន់ៗ សត្វពាហណៈ ឬក៏​អ្នក​ដែល​ងាយ​រងគ្រោះ ដូចជា​មនុស្ស​ចាស់ជរា ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​តូចៗ ឱ្យ​ទាន់​ពេលវេលា​នោះ​បានទេ។ ដូច្នេះ​យើង​ត្រូវតែ​ត្រៀម​មុន ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​ព័ត៌មាន និង​ផែនការ»

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ប្រកាស​ថា គ្រោះ​ទឹកជំនន់ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​សរុប​ជាង ៥ម៉ឺន ២ពាន់នាក់ (៥២.៣២៦) ស្មើ​នឹង​ជាង ១ម៉ឺន ៤ពាន់គ្រួសារ (១៤.១៥៨) ជម្លៀស​ប្រជាពលរដ្ឋ ១៣១គ្រួសារ ប៉ះពាល់​ផ្ទះ​ជាង ៦ពាន់ខ្នង (៦.០១៧) និង​ប៉ះពាល់​សន្ទូង ពង្រោះ​ជាង ៨ពាន់ហិកតារ (៨.២៥៩)

ចំណែក អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ កញ្ញា អ៊ឹម រចនា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក នៅ​ថ្ងៃទី២៧ ខែ​កញ្ញា ថា គ្រោះ​ទឹកជំនន់​បាន​បំផ្លាញ​ផលដំណាំ​នៅ​ក្នុង​ខេត្ត​ចំនួន៧ រួមមាន ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និង​ខេត្ត​សៀមរាប។ ក្នុង​នោះ ផល​ប៉ះពាល់​លើ​ដំណាំ​ស្រូវ មាន​ចំនួន​ជាង ១ម៉ឺន ២ពាន់ហិកតារ (១២.០០៨) ដំណាំ​ស្បៀង​រួមផ្សំ​ជាង ៤ពាន់​ហិកតារ​ (៤៤៩) និង ដំណាំ​ទ្រទ្រង់​សេដ្ឋកិច្ច​ចំនួន​ជាង ៨រយហិកតារ (៨២២)

គិតត្រឹមថ្ងៃទី២៥ ខែ​កញ្ញា គ្រោះ​ទឹកជំនន់ បាន​សម្លាប់​មនុស្ស​ចំនួន ៦នាក់ នៅ​ខេត្ត​ក្រចេះ ដោយសារ​លង់ទឹក។

ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ឱ្យ​បង្កើន​ការ​ផ្ដល់​ជំនួយ​ស្បៀងអាហារ និង​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ប្រកប​ដោយ​សមធម៌ ចៀសវាង​ការ ចែក​អំណោយ​ដោយ​ប្រកាន់​បក្ខពួក ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​រងគ្រោះ​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។