មន្ត្រីសាលាខេត្តសៀមរាប បានឱ្យដឹងថា យ៉ាងហោចណាស់លំនៅឋានជាង ២០០ខ្នង នៅភូមិគោកតាច័ន្ទ សង្កាត់គោកចក នៃក្រុងសៀមរាប កំពុងលិចលង់ក្នុងទឹកជំនន់ ហើយប្រជាពលរដ្ឋជាង ២០០គ្រួសារក៏កំពុងជម្លៀសខ្លួនចេញពីលំនៅឋាន។
អាជ្ញាធរនិងសមត្ថកិច្ចខេត្តនេះ កំពុងប្រើប្រាស់អូប័រ និងទូកមួយចំនួន ដើម្បីធ្វើប្រតិបត្តិការសង្គ្រោះ ជាបន្ទាន់ ជួយដល់អ្នកភូមិ ចាប់តាំងតែពីយប់ថ្ងៃទី៥ រហូតមកដល់ព្រឹកថ្ងៃទី៦ ខែតុលា។
អភិបាលខេត្តសៀមរាប គឺលោក ឃឹម ប៊ុនសុង។ លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី៦ ខែតុលា ថា ទឹកជំនន់បានហូរចូលមកក្នុងភូមិគោកតាច័ន្ទ នៅចន្លោះពីប្រាសាទអង្គរវត្ត និងអាកាសយានដ្ឋានយ៉ាងឆាប់រហ័ស បន្ទាប់ពីទំនប់ទឹកមួយកន្លែង ឈ្មោះតាកាវ បានបាក់។ ទឹកជំនន់នេះ កំពុងគំរាមកំហែងលំនៅឋានប្រជាពលរដ្ឋមួយចំនួនទៀត ក្នុងទីក្រុង នៅម្ដុំភូមិវប្បធម៌ ក៏ប៉ុន្តែ មិនបានប៉ះពាល់ដល់អាកាសយានដ្ឋានអន្តរជាតិទេ។
លោក ឃឹម ប៊ុនសុង៖ «មួយចំហៀងខាងលើនេះលិចទាំងអស់ហើយ ប្រជាជននៅខាងលើប្រហែលជា ២០០គ្រួសារជាងនេះ លិចទាំងអស់ហើយ ១ភូមិនេះ។ បុកទៅខាងក្នុងក្រុងហ្នឹង ឥឡូវវាទៅមិនទាន់ដល់ទេ ប៉ុន្តែថ្ងៃបន្តិចទៀតនេះ វានឹងអាចចូលទៅដល់ខាងក្នុងក្រុងហើយ។ យើងកំពុងតែមានវិធានការទប់ស្កាត់ទំនប់បាក់នេះ។ ឥឡូវខាងអប្សរា កំពុងដឹកគ្រាក់ដឹកអីដើម្បីទៅវាយបាំងកៅស៊ូនៅកន្លែងនោះ ដើម្បីទប់ទំនប់ហ្នឹងឡើងវិញ។ ចាប់ពីយប់ម៉ោង ៧ ចាប់ផ្ដើមភ្លាមយើងប្រកាសអាសន្នភ្លាម ឱ្យបងប្អូនប្រជាពលរដ្ឋត្រៀមលក្ខណៈជញ្ជូនស្បៀងអាហារ អីវ៉ាន់ក្នុងផ្ទះគាត់ឡើងថ្នល់ជាតិ»។
អាជ្ញាធរបានអះអាងថា បើទោះបីជាទឹកជំនន់បានលិចភូមិគោកតាច័ន្ទ យ៉ាងឆាប់រហ័ស ក៏ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងសត្វណាមួយឡើយ។
ក្រុមប្រជាពលរដ្ឋជាច្រើនបានជម្លៀសខ្លួននិងសត្វចិញ្ចឹមចេញពីតាមផ្ទះ ដោយសារខ្លាចក្រែងមានគ្រោះថ្នាក់ដោយទឹកហូរកួច និងឆក់ចរន្តអគ្គិសនី។ ពួកគេខ្លះបានប្រក់តង់កៅស៊ូស្នាក់នៅជាបណ្ដោះអាសន្នតាមចិញ្ចើមថ្នល់។
ស្ត្រីអ្នកភូមិគោកតាច័ន្ទ ម្នាក់ឈ្មោះ ម៉ៅ ណូរី បានមានប្រសាសន៍ថា ទឹកបានហូរលឿនចូលមកដល់ផ្ទះរបស់គាត់យ៉ាងឆាប់រហ័ស តាំងតែពីវេលាម៉ោង ៩យប់ថ្ងៃទី៥ ខែតុលា៖ «តែ៥នាទី គឺឡើងវឹបៗតែម្ដង ត្រឹមចង្កេះ ហើយឡានឡើងកប់កង់ហើយ យកអីវ៉ាន់អីអត់ទាន់។ យកបានតែរបស់របរ សំខាន់ៗ ឯទូ គ្រែអី គឺទុកចោលអណ្ដែតនៅពេញផ្ទះ។ ខ្លាចឆេះផ្ទះហើយ ខ្លាចឆក់ខ្សែភ្លើងផង ចោលផ្ទះទាំងយប់ នៅលើថ្នល់។ ឥឡូវត្រឹមកខ្ញុំ ទឹកនៅតែហូរខ្លាំង»។
កាលពីឆ្នាំ២០១០ កន្លងទៅ ទឹកធ្លាប់ជនលិចភូមិគោកតាច័ន្ទ នោះម្ដងមកហើយ ក៏ប៉ុន្តែកាលនោះកម្រិតទឹកមិនខ្លាំងក្លាដូចពេលនេះទេ។
ចាប់តាំងតែពីសប្ដាហ៍មុន ទឹកបានជន់លិចស្រុកចំនួន ៦ ដូចជាស្រុកអង្គរធំ ស្រុកវ៉ារិន ស្រុកអង្គរជុំ ស្រុកពួក ស្រុកក្រឡាញ់ ស្រុកស្រីស្នំ ព្រមទាំងក្រុងសៀមរាបផង ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំគ្រួសារស្រូវ និងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋមួយចំនួន។
អាជ្ញាធរខេត្តសៀមរាប បានប៉ាន់ប្រមាណថា គេអាចនឹងចំណាយប្រាក់ច្រើនជាង ១លានដុល្លារអាមេរិក ដើម្បីជួសជុលនិងកែលម្អផ្លូវស្ពាន និងថ្នល់ឡើងវិញ នៅក្រោយពេលទឹកជំនន់នៅឆ្នាំនេះ។
ខេត្តភាគពាយ័ព្យ
ចំណែកនៅឯខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា ក៏កំពុងរងការជន់លិចដោយសារទឹកជំនន់ដែរ។

គ្រោះធម្មជាតិដែលបង្កឡើងដោយទឹកភ្លៀងកំពុងជន់លិចនៅតាមស្រុកក្រុងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង។ ក្រុមអាជ្ញាធរមូលដ្ឋាននិងកងកម្លាំងសមត្ថកិច្ចនៅតាមខេត្តទាំងបីនេះ កំពុងត្រៀមកម្លាំងការពារ និងចាត់វិធានការជួយសង្គ្រោះប្រជាពលរដ្ឋជាបន្ទាន់ ស្របពេលដែលជំនន់ទឹកភ្លៀងកំពុងមានសន្ទុះកើនឡើងខ្លាំង។
អភិបាលខេត្តបន្ទាយមានជ័យ លោក ទ្រី ណារិន បញ្ជាក់កាលពីថ្ងៃទី៦ ខែតុលា ថា ជំនន់ទឹកភ្លៀងបានជន់លិចស្រុកក្រុងចំនួន ៩ នៅក្នុងខេត្តបន្ទាយមានជ័យ។ បញ្ហាចំពោះមុខអាជ្ញាធរបានបញ្ជូនកងទាហានចំនួន ៥០០នាក់ ទៅប្រចាំការនៅតំបន់មានអាងទឹកធំមួយចំនួននៅខេត្តបន្ទាយមានជ័យ រង់ចាំជួយសង្គ្រោះកុំឲ្យអាងទឹកនោះ បាក់ធ្លាយទឹកជន់លិចធ្ងន់ធ្ងរថែមទៀតទៅលើប្រជាពលរដ្ឋ។
ទន្ទឹមគ្នានេះនៅតាមស្រុកមួយចំនួនក្រុមអាជ្ញាធរបានជម្លៀសអ្នកភូមិទៅកាន់ទីទួលសុវត្ថិភាពជាបណ្ដើរៗហើយ៖ «យប់មិញនេះខ្ញុំចុះទៅមួយយប់ប៉ុន្មានកន្លែងដែលឡើងទីទួលសុវត្ថិភាពហ្នឹងមានរបស់របរតិចតួចដែលឲ្យគាត់ចំពោះមុខ ដើម្បីយើងសុំទៅគ្រោះមហន្តរាយ និងកាកបាទក្រហមជួយអំណោយស្បៀងអាហារផ្សេងទៀត ប៉ុន្តែចំពោះមុខយើងមានមីជួយគាត់បណ្ដោះអាសន្នសិន»។
លោកបន្តថា គ្រោះទឹកជំនន់ដំណាក់កាលទី២នេះ នៅពុំទាន់មានរបាយការណ៍ស្លាប់អាយុជីវិតរបស់ប្រជាពលរដ្ឋទេ ហើយការខូចខាតផលដំណាំ លំនៅឋានរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់នោះ ក៏ពុំទាន់អាចសរុបបានដែរ ប៉ុន្តែផលប៉ះពាល់ជាទូទៅមានស្ថានភាពធ្ងន់ធ្ងរ។
លោក ទ្រី ណារិន បញ្ជាក់ថា គ្រោះធម្មជាតិនេះអាចមានស្ថានភាពធ្ងន់ធ្ងរថែមទៀត បើសិនមេឃនៅតែបន្តធ្លាក់ភ្លៀង។ ក្រៅពីខេត្តបន្ទាយមានជ័យ ជំនន់ទឹកភ្លៀងដូចគ្នានេះបានកើតមានឡើងនៅខេត្តប៉ៃលិន ដែលជាតំបន់សំបូរព្រៃភ្នំ។
អភិបាលខេត្តប៉ៃលិន លោក អ៊ី ឈាន ថ្លែងថា ជំនន់ទឹកភ្លៀងកើតមានឡើងពីរថ្ងៃជាប់គ្នានៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ។ ក្រុមអាជ្ញាធរខេត្តនិងអាជ្ញាធរមូលដ្ឋានកំពុងចាត់វិធានការជួយសង្គ្រោះប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា មិនមានប្រជាពលរដ្ឋណារងគ្រោះស្លាប់នោះទេរហូតមកដល់ពេលនេះ ចំណែកឯផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ មានស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែក្រុមអាជ្ញាធរពុំទាន់អាចបូកសរុបការខូចខាតនោះបានទេ ដោយសារទឹកកំពុងជន់លិចនៅឡើយ៖ «លិចខូចខាតអស់ច្រើនណាស់មកដល់ថ្ងៃនេះ ទាំងដំណាំ ទាំងទ្រព្យសម្បត្តិខ្លះ។ ៥០% ដែលលិច ប៉ុន្តែយើងមិនទាន់វាយតម្លៃបានទេ ពីព្រោះទឹកនេះវាខុសពីកន្លែងផ្សេងៗ ទឹកនេះហូរចាក់ខ្លាំងមកពីលើភ្នំ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋអត់អីទេ យើងជួយសង្គ្រោះបានអត់ចោទទេ»។
នៅឯខេត្តបាត់ដំបងវិញ ជំនន់ទឹកភ្លៀងដូចគ្នាក៏កំពុងជន់លិចក្រុងបាត់ដំបង និងនៅតាមស្រុកមួយចំនួនផ្សេងទៀត។ ក្រុងបាត់ដំបង កំពុងលិចលង់ដោយសារកម្ពស់ទឹកនៅក្នុងដងស្ទឹងសង្កែឡើងខ្ពស់ ហើយទឹកបានហូរតាមប្រព័ន្ធលូបណ្ដាលឲ្យជន់លិចផ្លូវថ្នល់ លិចផ្សារ និងលំនៅឋានប្រជាពលរដ្ឋ អគារសាលារៀនជាច្រើនកន្លែង។ ក្រៅពីក្រុងបាត់ដំបង នៅមានស្រុកមួយចំនួនទៀត ដូចជាស្រុកកំរៀង ស្រុកបវេល ស្រុករុក្ខគិរី និងស្រុកគាស់ក្រឡ កំពុងរងការជន់លិចដោយសារជំនន់ទឹកភ្លៀងដូចគ្នា។
មន្ត្រីនាំពាក្យសាលាខេត្តបាត់ដំបង លោក វ៉ឹង មុនី ថ្លែងថា អាជ្ញាធរខេត្តនៅថ្ងៃអាទិត្យ ទី៦ ខែតុលា បានកោះប្រជុំជាបន្ទាន់មួយ ហើយបានដាក់ផែនការត្រៀមការពារនិងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ៖ «ទី១ យើងណែនាំអោយកម្លាំងសមត្ថកិច្ចហ្នឹងយកចិត្តទុកដាក់តាមដានកម្រិតនៃទឹកជំនន់ ហើយមានវិធានការជាបន្ទាន់ បើសិនណាជាប្រឈមនឹងការគ្រោះថ្នាក់។ យើងបានណែនាំរួចហើយតាមរយៈគណៈបញ្ជាការឯកភាពជាមួយខាងសមត្ថកិច្ចគ្រប់ថ្នាក់ ឥឡូវយើងកំពុងស្វែងយល់អំពីការកើនឡើងហ្នឹង ដោយសារទឹក ឥឡូវនេះបើសិនណាអត់មានភ្លៀង យើងសង្ឃឹមថា ទឹកហ្នឹងវាអាចស្រក»។
ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្ដមសេនីយ៍ ស ថេត គូសបញ្ជាក់ថា លោកបានកោះប្រជុំកងកម្លាំងប៉ូលិសនៅគ្រប់ស្រុកក្រុងទាំងអស់ក្នុងខេត្តបាត់ដំបង ដើម្បីត្រៀមជើងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅគ្រាដែលទឹកជំនន់នេះមានកម្ពស់កើនឡើង។
លោកបន្តថា រហូតមកដល់ពេលនេះពុំមានប្រជាពលរដ្ឋណារងគ្រោះស្លាប់ដោយសារទឹកជំនន់នេះនៅឡើយ។ ទន្ទឹមគ្នានេះ ស្នងការនគរបាលខេត្តបាត់ដំបង បានទិញទូកជួយសង្គ្រោះជាច្រើនគ្រឿងមកពីប្រទេសថៃ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ៖ «បើលិចនៅស្រុកណា យើងរុញទៅដើម្បីជួយសង្គ្រោះក្មេងៗ ដាក់របស់របរបាន ហើយខ្ញុំទិញប្រហែលល្ងាចមកដល់។ ក្រៅពីហ្នឹងខ្ញុំបានប្រមូលកម្លាំងទាំងអស់នៅអធិការ នៅស្នងការ ដើម្បីចុះជួយ។ ឧទាហរណ៍មានលិចនៅភូមិណា ស្រុកណា ចំណុចណាមួយ។ យើងសំខាន់បំផុតយកអាយុជីវិតប្រជាពលរដ្ឋសិន បន្ទាប់យកសម្ភារៈ និងរកទីទួលសុវត្ថិភាពឲ្យគាត់មកស្នាក់នៅបណ្ដោះអាសន្ន»។
នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះគេសង្កេតឃើញថា មានភ្លៀងធ្លាក់ទាំងនៅពេលថ្ងៃនិងពេលយប់ជាប់គ្នា ហើយទឹកភ្លៀងនេះបានបង្កឲ្យមានទឹកជំនន់កើតឡើងជន់លិចនៅក្នុងខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង។ កាលពីថ្ងៃទី៥ ខែតុលា ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសថា ដោយសារមានឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់លើព្រះរាជាណាចក្រកម្ពុជា និងសម្ពាធសកម្មមួយ កំពុងឋិតនៅភាគខាងកើតខេត្តកោះកុង។
សម្ពាធនេះបង្កឲ្យមានភ្លៀងធ្លាក់ច្រើនថែមទៀត រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៣។ មេឃភ្លៀងអាចបន្តធ្លាក់នៅខេត្តមួយចំនួន ដូចជាខេត្តកោះកុង កំពត កែប ព្រះសីហនុ កំពង់ស្ពឺ តាកែវ កណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងខេត្តឧត្តរមានជ័យ។ បណ្ដាខេត្តទាំងនេះ នឹងបន្តប្រឈមនឹងជំនន់ទឹកភ្លៀង។
ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសចំពោះបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើតការយកចិត្តទុកដាក់ខ្ពស់ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។