ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត កំពុងហក់ឡើងដល់កម្រិតប្រកាសអាសន្នហើយ។ អាជ្ញាធរពាក់ព័ន្ធ ប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងនេះ ត្រូវប្រុងប្រយ័ត្នខ្ពស់។
អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ប្រាប់អាស៊ីសេរីថា ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត ហាក់នៅទ្រឹង និងអាចគ្រប់គ្រងបាន នៅថ្ងៃទី២៥ ខែតុលា ដោយសារមិនមានភ្លៀងធ្លាក់។ ប៉ុន្តែលោកបារម្ភថា ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងនៅប៉ុន្មានថ្ងៃជាប់គ្នាខាងមុននេះ នឹងធ្វើឲ្យកម្រិតទឹកស្ទឹងហក់ឡើងកាន់តែខ្ពស់បណ្តាលឲ្យជន់លេចផ្ទះសម្បែង និងផលដំណាំជាពិសេសស្រូវរបស់ប្រជាពលរដ្ឋជាច្រើនហិកតា។ លោកបន្តថា មកទល់ពេលនេះ អាជ្ញាធរ មិនទាន់បូកសរុបអំពីផលប៉ះពាល់ជាផ្លូវការនៅឡើយទេ ប៉ុន្តែកន្លែងខ្លះទឹកបានជន់លេចស្រូវរបស់ប្រជាពលរដ្ឋជាង ១រយ ៥០ (១៥០) ហិកតា។
អភិបាលខេត្តកំពង់ស្ពឺរូបនេះ អំពាវនាវឲ្យពលរដ្ឋរស់នៅតាមសងខាងស្ទឹងព្រែកត្នោត ដូចជា ក្រុងច្បារមន និងស្រុកសំរោងទង ព្រមទាំងតំបន់ផ្នែកខាងក្រោម ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ជាប្រចាំ៖ «យើងបានត្រៀមនិងប្រាប់គ្រប់អាជ្ញាធរដែនដីពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ឲ្យគាត់ត្រៀមបង្ការឧបករណ៍ ជួយសង្គ្រោះប្រជាពលរដ្ឋ។ មន្ទីរកសិកម្ម គឺឲ្យគាត់ត្រៀមពូជស្រូវ និងពូជដំណាំចឹងទៅ។ខាងធនធានទឹក ឲ្យគាត់ខិតខំតាមដានពីការប្រែប្រួលទឹកឡើងចុះហ្នឹង។ យប់មិញនេះ ភ្លៀងដែរ តែប្រុយៗ វាមិនបង្ករជាហានិភ័យដល់យើងទេ។ តែយើងខ្លាចដូចកាលពីថ្ងៃទី១៦ និងថ្ងៃ២០ ដល់២១ គឺភ្លៀងច្រើនដូច្នេះយើងពិបាកទប់ទល់។ ទោះបីជាយ៉ាងអ៊ីចឹងក៏ដោយ តាមរយៈវិទ្យុអាស៊ីសេរីនេះ សូមអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយសណ្តស្ទឹងព្រែកត្នោត ជាពិសេសផ្នែកខាងក្រោម ត្រូវខិតខំតាមដានព័ត៌មានទឹក ហើយនឹងជួយមើលលោកយាយ លោកតាចាស់ៗ និងក្មេងៗដែលគាត់ចូលចិត្តលែងទឹក ឬជួនកាលគាត់មិនលែងទឹក តែដើរៗ ធ្លាក់ជាយថាហេតុ»។
ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ក៏បានប្រកាសអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុក(Facebook)ឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នដែរ ជាពិសេសពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដែលស្ថិតនៅផ្នែកខាងក្រោមទំនប់ស្ទឹងព្រែកត្នោត។ ការអំពាវនាវនេះ ក្នុងពេលលោក បានដឹកនាំកម្លាំងចុះអន្តរាគមន៍ជួយទប់ទំនប់សណ្ដស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដែលស្ថានភាពទឹកកំពុងបន្តហក់ឡើងខ្លាំង។
ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងព្រែកត្នោត តែងត្អូញត្អែរថា ពួកគាត់រងគ្រោះដោយទឹកជំនន់ស្ទើររៀងរាល់ឆ្នាំ ដែលបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង និងដំណាំកសិកម្មជាដើម ប៉ុន្តែអាជ្ញាធរ ពុំមានវិធានការដោះស្រាយឲ្យមានប្រសិទ្ធភាពនោះទេ។ ពួកគាត់អះអាងថា ទឹកជំនន់កាន់តែមានស្ថានភាពអាក្រក់ខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែរដ្ឋាភិបាលសម្រុកវិនិយោគឲ្យក្រុមហ៊ុនឯកជន លុបបឹងធម្មជាតិជាច្រើនកន្លែង រួមមាន បឹងជើងឯកជាដើម ដែលបឹងទាំងនេះ ធ្លាប់ជាកន្លែងស្តុកទឹក និងរំដោះទឹកដ៏សំខាន់នាពេលកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។