ប្រជាសហគមន៍ព្រៃឡង់ខេត្តក្រចេះស្នើឱ្យអាជ្ញាធរបង្រ្កាបអាជីវកម្មឡធ្យូង ដើម្បីទប់ស្កាតបទល្មើសអារឈើ
2023.01.29

ប្រជាសហគមន៍បណ្ដាញព្រៃឡង់ខេត្តក្រចេះស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្រ្កាបអាជីវកម្មឡធ្យូងខុសច្បាប់ដើម្បីទប់ស្កាតបទល្មើសអារឈើ ដែលកំពុងកាប់ទន្រ្ទាន់នៅតំបន់ព្រៃឡង់យ៉ាងអនាធិបតេយ្យ។ អ្នកឃ្លាំមើលបញ្ហាព្រៃឈើថា បើសិនជាអាជ្ញាធរមិនចាត់វិធានការឱ្យតឹងរ៉ឹងលើអាជីវកម្មខុសច្បាប់ទាំងនោះទេ នឹងធ្វើឱ្យធនធានធម្មជាតិហិនហោច។
បណ្ដាញសហគមន៍ព្រៃឡង់ អះអាងថាជាង៣ឆ្នាំមកនេះ អត្រាអ្នកប្រកបរបរធ្វើឡធ្យូងកំពុងកើនឡើងនៅតំបន់ព្រៃឡង់ដែលស្ថិតនៅក្នុងស្រុកសំបូរខេត្តក្រចេះ ដែលអាចពាក់ព័ន្ធដល់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់។
បណ្ដាញសហគមន៍ព្រៃឡង់ នៅស្រុកសំបូរខេត្តក្រចេះ លោក ស្វាយ សុង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែមករាថា បទល្មើសអារឈើនៅតំបន់ព្រៃឡង់ នៅតែបន្តកើតមានតាមរូបភាពជាច្រើន ដូចជាការចូលអារឈើរបស់ជនល្មើសទាំងយប់ ទាំងថ្ងៃដើម្បីលក់ទៅឱ្យឈ្មួញ ឈើធំៗនៅមូលដ្ឋាន និងការធ្វើអាជីវកម្មឡធ្យូងយ៉ាងផុសផុល ដោយគ្មានការបង្រ្កាបពីសំណាកអាជ្ញាធរ និងមន្រ្តីបរិស្ថាន៖
«មានក្រសួងបរិស្ថានរដ្ឋបាលព្រៃឈើ និងរាជរដ្ឋាភិបាលជួយទប់ស្កាតបទល្មើសដែលកាប់បំផ្លាញព្រៃឈើបើអស់លោកមិនជួយទេ មិនអនុវត្តច្បាប់ទេឃើញថា តំបន់ព្រៃឡង់យើងនឹងអស់ហើយ គ្មានសល់ទេ។ ដូច្នេះគ្នាច្បាប់ឯណាឱ្យគាត់ទិញឈើធ្វើធ្យូងនោះទេ។ បើសិនជាមិនទប់ស្កាត់ មិនមានច្បាប់បង្ហាញពី គេហៅថាការទន្រ្ទានការធ្វើបទល្មើសព្រៃឈើដោយអនាធិបតេយ្យទេឃើញថា ធនធានធម្មជាតិយើងចេះតែបាត់ទៅៗហើយមិនយូរទេ»។
អ្នកឃ្លាំមើលបញ្ហាព្រៃឡង់ថា បទល្មើសអារឈើ និងការបើកអាជីវកម្មឡធ្យូងនៅតំបន់ដែនជម្រកសត្វព្រៃឡង់ កើតឡើងយ៉ាងផុសផុលនេះ ដោយសារតែអាជ្ញាធរពាក់ព័ន្ធឃុបឃិតគា្នទទួលលុយពីឈ្មួញជួញដូរឈើ និង អ្នកធ្វើអាជីកម្មឡធ្យូងខ្នាតធំ និងជាលក្ខណៈគ្រួសារ។ ពួកគាត់សង្កេតឃើញថា អ្នកដែលបើកអាជីវកម្មឡធ្យូងខ្នាតធំៗភាគច្រើនជាអ្នកមានខ្នងបង្អែកជាមួយនឹងអាជ្ញាធរមូលដ្ឋាន។
ស្រដៀងគ្នានេះ បណ្ដាញសហគមន៍ព្រៃឡង់ម្នាក់ទៀត លោក ឯក សុវណ្ណា ឱ្យដឹងថា តំបន់ដែលមានអាជីវកម្មឡធ្យូងច្រើនស្ថិតនៅឃុំចំនួន៣ក្នុងស្រុកសំបូរ រួមមានឃុំ កំពង់ចាម បឹងចារ និងឃុំវឌ្ឍនៈ ដែលឃុំទាំងបីនេះ ប្រជាពលរដ្ឋភាគច្រើនស៊ីឈ្នួលអារឈើឱ្យឈ្មូញ និងធ្វើឡធ្យូងលក្ខណៈគ្រួសារដើម្បីរកចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ។ ទោះយ៉ាងណា លោកបារម្ភថា បើសិនជាអាជ្ញាធរមិនទប់ស្កាតឱ្យបានត្រឹមត្រូវទេ បញ្ហានេះនឹងប៉ះពាល់ដល់ធនធានធម្មជាតិកាន់តែខ្លាំង៖
«ការធ្វើមកនេះវាចេះតែរីកដុះដាលទៅមុខអីចឹងទៅ ណាមួយអាជ្ញាធរគ្រាន់តែមានការណែនាំចឹងទៅ គាត់អត់មានវិធានការណាមួយដែលជាកិច្ចសន្យាឬក៏បណ្ដេញចេញ ឬក៏ដកហូតអ៊ីចឹងទៅ អ៊ីចឹងទៅពួកគាត់អត់ខ្លាច។ វាជាកំហុសទាំងសងខាងទាំងការយល់ដឹង និងកំហុសអាជ្ញាធរដែរ ដដោយសារតែពេលខ្លះទៅគាត់ឃើញទាក់ទង់ការធ្វើមានការអាណិតអាសូរអ៊ីចឹងទៅ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា និងអភិបាលស្រុកសំបូរ ខេត្តក្រចេះ លោក គង់ មេត្តា បាននោះទេនៅថ្ងៃទី២៨ ខែមករា ដោយហៅទូរសព្ទចូលតែគ្មានអ្នកទទួល។
វិញរឿងនេះ មេឃុំកំពង់ចាម ខេត្តក្រចេះ លោក ឈិន ណន បានឱ្យដឹងថា បច្ចុប្បន្ននេះ លោកទទួលស្គាល់ថាការប្រកបអាជីវកម្មឡធ្យូងរបស់ពលរដ្ឋកំពុងតែផុសផុល ហើយលោកក៏បារម្ភថា បើបញ្ហានេះនៅតែបន្តកើតមានអាចនឹងប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ពលរដ្ឋ។ ប៉ុន្តែ លោកថា ករណីនេះលោកជូនដំណឹងឱ្យគណៈកម្មការពាក់ព័ន្ធ និងអភិបាលស្រុក ខេត្តដើម្បីចាត់វិធានជាបណ្ដើៗហើយ៖
«ខេត្តក៏រៀបចំគណៈកម្មការបង្រ្កាប ស្រុកក៏រៀបចំគណៈកម្មការបង្រ្កាបដែរ ប៉ុន្តែមិនដឹងថាសកម្មភាពដល់ណាទេ គ្រាន់ថាមានហើយ ខ្ញុំក៏ផ្សព្វផ្សាយប្រាប់បងប្អូនដែរ អាអុសអាអីហ្នឹងចូលកាប់ព្រៃកាប់ឡអ៊ីវាខុសច្បាប់ ខូចផ្លូវអស់ផង។ ខ្ញុំផ្សព្វផ្សាយរហូតទេតាមភូមិហ្នឹង ខ្ញុំមិនដែលភ្លេចទេ»។
អ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក អូត ឡាទីន សង្កេតឃើញថា បញ្ហាអាជីវកម្មឡធ្យូងធ្វើឱ្យប៉ះពាល់ដល់ព្រៃអភិរក្សកាន់តែខ្លាំង ដោយសារតែអាជ្ញាធរអសមត្ថភាពគ្រប់គ្រង់ធនធានធម្មជាតិ។ លោកថានេះជាបទល្មើសមួយចុងក្រោយក្នុងការកាប់ទន្រ្ទាន់ព្រៃឈើ ព្រោះអាជីវកម្មនេះមិនរើសប្រភេទឈើនោះទេ៖
«បើសិនជាគ្មាការប្រព្រឹត្តអំពើពុករលួយណាមួយទេ បទល្មើសនៅតំបន់ព្រៃឡង់ ឬតំបន់ព្រៃការពារផ្សេងៗទៀតវាលែងកើតមានទៀតហើយ ហេតុអីបានលែងគាត់មានពីព្រោះនៅជុំវិញតំបន់ជុំវិញការពារ ជាពិសេសនៅជុំវិញតំបន់ព្រៃឡង់វាសុទ្ធតែជាទីស្នាកការរបស់បរិស្ថាន អ៊ីចឹងឃើញចេញពីតំបន់ណាក៏គេចមិនផុតពីមន្រ្តីអនុវត្តច្បាប់នោះទេ បើសិនគាត់យកតួនាទីយកការទទួលខុសត្រូវរបស់គាត់ទៅប្រើប្រាស់ការពារធនធានធម្មជាតិក្នុងតំបន់នោះទេ»។
សកម្មជនព្រៃឈើកត់សម្គាល់ឃើញថា ខេត្តក្រចេះមាន បទល្មើសអារឈើធ្ងន់ធ្ងរជាងគេក្នុងតំបន់ព្រៃឡង់ ដោយគ្មានការ ចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ពីសំណាកអាជ្ញាធរពាក់ព័ន្ធនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។