សហគមន៍​ព្រៃឈើ​និង​សង្គម​ស៊ីវិល​រក​វិធី​ការពារ​អនុផល​ព្រៃឈើ​និង​រក្សា​ចំណូល​សហគមន៍

0:00 / 0:00

ប្រទេស​កម្ពុជា សម្បូរ​ទៅ​ដោយ​ធនធាន​ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ដ៏​សំបូរ​បែប​នៅ​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត​ក្នុង​ទ្វីប​អាស៊ី។ កត្តា​ទាំង​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​កម្ពុជា មួយ​ចំនួន​ធំ​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​អនុផល​ព្រៃ​ឈើ​យក​ទៅ​កែច្នៃ និង​ជួញដូរ ដើម្បី​ចិញ្ចឹម​គ្រួសារ​ក្នុង​សហគមន៍។ ​ប៉ុន្តែ​បច្ចុប្បន្ន អនុផល​ព្រៃឈើ​នោះ កំពុង​រង​នូវ​ការ​គំរាមកំហែង​ពី​ការ​ទន្ទ្រាន​កាន់កាប់​ដី និង​កាប់​ឈើ​លក់។ បញ្ហា​នេះ​សហគមន៍ អង្គការ​មួយ​ចំនួន និង​ម្ចាស់​ជំនួយ ប្រជុំ​គ្នា​ដើម្បី​រក​វិធី​ជួយ​ការពារ​អនុផល​ព្រៃឈើ​ផង និង​រក្សា​ចំណូល​ក្នុង​សហគមន៍​ផង។

​សហគមន៍​ការពារ​ព្រៃឈើ មក​ពី​ខេត្ត​ចំនួន ៦ អង្គការ​ក្រៅ​រដ្ឋាភិបាល ម្ចាស់​ជំនួយ​ចូលរួម​ប្រឹក្សា​យោបល់​គ្នា ស្ដីពី​ការ​ពង្រឹង​ភាពជា​ដៃគូ​នៃ​សហគ្រាស​សហគមន៍​អនុផល​ព្រៃឈើ និង​ការ​កសាង​សមត្ថភាព​ឆ្ពោះ​ទៅ​រក​និរន្ត​ភាព​សេដ្ឋកិច្ច​បៃតង នៅ​ក្នុង​ប្រទេស​កម្ពុជា។

កិច្ច​ពិភាក្សា​នេះ​ធ្វើ​ឡើង​ក្នុង​វេទិកា​ថ្នាក់​ជាតិ​លើក​ទី​១ នៅ​ទីក្រុង​ភ្នំពេញ ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៥។

តំណាង​អង្គការ​កម្មវិធី​ផ្លាស់ប្ដូរ​អនុផល​ព្រៃឈើ (NTFP) លោក អ៊ុង សាន់នី ឲ្យ​ដឹង​ថា វេទិកា​ថ្នាក់​ជាតិ​លើក​ទី​១​នេះ​ប្រារព្ធ​ឡើង​ដើម្បី​ពង្រឹង​សហគមន៍​នៅ​មូលដ្ឋាន ឲ្យ​ជួយ​ការពារ​ព្រៃឈើ​ដែល​សហគមន៍​នោះ ពឹង​ផ្អែក​ទាំង​ស្រុង​លើ​អនុផល​ព្រៃឈើ ដើម្បី​ចិញ្ចឹម​ជីវិត ហើយ​និង​ជំរុញ​ឲ្យ​សហគ្រាស​ទាំង​ឡាយ​ជួយ​ទទួល​ទិញ​ផលិតផល​កែច្នៃ​ពី​អនុផល​ទាំង​ឡាយ​ដែល​សហគមន៍​ផលិត​បាន ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ជាតិ​មាន​លំនឹង៖ «យើង​កំពុង​តែ​រក​ចំណុច​រួម​មួយ​នៅ​ថ្ងៃ​នេះ យើង​ចង់​រក​ចំណុច​រួម​មួយ​ថា តើ​បញ្ហា​ប្រឈម​នៅ​លើ​ផលិតផល​ផ្សេងៗ​គ្នា​នោះ​យើង​អាច​រក​រួម​បាន​ឬ​អត់»

​ចូល​រួម​ផ្ដល់​យោបល់​ក្នុង​វេទិកា​នោះ តំណាង​សហគមន៍ ផ្ដៅ និង ឫស្សី មក​ពី​ខេត្ត​កំពត លោក ឃុន ទូច ថ្លែង​ថា ដោយ​មាន​តម្រូវការ​ពី ១​ឆ្នាំ​ទៅ​១​ឆ្នាំ ការ​ប្រើប្រាស់​កញ្ឆេរ ចង្អេរ ដែល​អ្នក​នៅ​ទី​នោះ​ហៅ​ថា លួរ សហគមន៍​នៅ​សង្កាត់​អណ្ដូង​ខ្មែរ បាន​ជួយ​ដាំ​ឫស្សី និង​ផ្ដៅ ដើម្បី​កែច្នៃ​ជា​លួរ លក់៖ «នៅ​ភូមិ​ខ្ញុំ​ផលិត​តែ​ពី​តំបន់​ខ្ញុំ​មាន​តែ​លួរ​នេះ​មួយ​ទេ ខាង​ណា​ក៏​មិន​សូវ​កម្រ​ធ្វើ​ណាស់។ នេះ​គឺ​លួរ​សម្រាប់​ធ្វើ​ចេញ​ហើយ លក់​សម្រាប់​ឈ្មួញ​កណ្ដាល​មួយ​តែ ៤.០០០​រៀល ឬ​ទៅ ៤.៥០០​ទេ មាន​តាម​ប្រភេទ​លួរ។ លួរ​លេខ​១​ថ្លៃ​បន្តិច​ទៅ លួរ​កូន​កាត់​ថ្លៃ​បន្តិច​ទៀត​ទៅ បើ​គេ​ហៅ ហ្សេរ៉ូយក្យ នោះ​ថ្លៃ​តិច​ទៀត​ទៅ តាម​ប្រភេទ​លេខ​៣​នេះ​ ៤​ពាន់ ចុះ​មក​ក្រោម​មាន​ដល់ ៣​ពាន់»

​សហគ្រិន កែច្នៃ​ឫស្សី​ជា​គ្រឿង​សង្ហារិម លោក សយ ទូច ថ្លែង​ថា ឫស្សី​មាន​ប្រយោជន៍​ច្រើន​សម្រាប់​បម្រើ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ឫស្សី​ត្រូវ​បាន​មនុស្ស​ជីក​យក​ទំពាំង​លក់​ក្នុង​តម្លៃ​ថោក ដែល​នាំ​ឲ្យ​ឫស្សី​បាត់បង់។ បញ្ហា​នេះ​ជំនួស​វិញ​ដោយ​សហគមន៍ ខំ​ដាំ​ដុះ​ឫស្សី​បន្ថែម ដើម្បី​បង្គ្រប់​សេចក្ដី​ត្រូវ​ការ​ទីផ្សារ​សង្ហារិម និង​សម្ភារៈ​ប្រើប្រាស់។ លោក​សុំ​ឲ្យ​រដ្ឋាភិបាល អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​នានា នាំ​គ្នា​ការពារ​ឫស្សី ផ្តៅ និង​ការពារ​ព្រៃ​ធម្មជាតិ​កុំ​កាប់​បំផ្លាញ៖ «ទំពាំង​ មួយ​ហ្នឹង​លក់​បាន​តែ ៣០០​រៀល ឬ​ក៏ ៥០០​រៀល​អស់​ហើយ ប៉ុន្តែ​នៅ​ពេល​ដែល​ទំពាំង​ហ្នឹង​ក្លាយ​ទៅ​ជា​ឫស្សី វា​ធំ​ទៅ​វា​អាច​មាន​តម្លៃ​រហូត​ទៅ​ដល់ ៨​ពាន់ ឬ​ក៏​ជាង ១​ម៉ឺន​រៀល ប្រើ​រយៈពេល​តែ ២​ឆ្នាំ ឬ ៣​ឆ្នាំ តម្លៃ​វា​ហ្នឹង​ដល់​នោះ​ហើយ»

​ក្នុង​វេទិកា​ថ្នាក់​ជាតិ​លើក​ទី​១ ស្ដីពី​សហគ្រាស សហគមន៍ អនុផល​ព្រៃឈើ​នោះ មិន​និយាយ​តែ​ពី​កិច្ច​ការពារ​ព្រៃ​ដើម្បី​ទាញ​យក​អនុផល​នោះ​ទេ ពួកគេ​បាន​ជជែក​ពី​ការ​ថែទាំ​ព្រៃ ដាំ​ដុះ​ថ្មី ពង្រីក​ពី​សហគមន៍​ទៅ​ជា​សហគ្រាស​ខ្នាត​តូច​ទៀត ហើយ​ក៏​ស្វែងរក​ទីផ្សារ​សម្រាប់​បញ្ចេញ​ផលិតផល​ដែល​ផលិត​បាន ដូចជា​ទឹក​ឃ្មុំ ជ័រទឹក គ្រឿង​សង្ហារិម កែច្នៃ​ពី​ឫស្សី ផ្ដៅ ជាដើម និង​ពង្រឹង​ការ​កសាង​សមត្ថភាព ឆ្ពោះ​ទៅ​រក​និរន្តរភាព​សេដ្ឋកិច្ច​បៃតង​នៅ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។