ក្រុមហ៊ុន​ចិន សេវ ហ្គិច បន្ត​ដឹក​ឈើ​ពី​តំបន់​ផ្សេង​ចូល​ការដ្ឋាន​នៅ​ខេត្តស្ទឹងត្រែង

ដោយ ឡេង ម៉ាលី
2022.10.14
Share on WhatsApp
Share on WhatsApp
ក្រុមហ៊ុន​ចិន សេវ ហ្គិច បន្ត​ដឹក​ឈើ​ពី​តំបន់​ផ្សេង​ចូល​ការដ្ឋាន​នៅ​ខេត្តស្ទឹងត្រែង ឡាន​កែច្នៃ​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ សេវ ហ្គេច (Sev Gek) ដឹក​ឈើ​ឆ្លង​សាឡាង​កាត់​ទន្លេ​ស្រែពក ស្រុក​សេសាន ខេត្តស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី២ ខែតុលា ឆ្នាំ២០២២។ រូប​សហគមន៍​ផ្តល់
រូបភាពពីពលរដ្ឋសហគមន៍

ឈើ​មូល​ធំៗ បន្សល់​ចុង​ក្រោយ ឋិត​ក្នុង​ឃុំ​ចំនួន៣ នៃ​សេសាន ខេត្តស្ទឹងត្រែង ​ជាប់​ព្រំដែន​ខេត្តរតនគិរី​ នៅតែ​ប្រឈម​ការ​កាប់​ផ្ដួល​ធ្វើអាជីវកម្ម​ ពី​សំណាក់ ក្រុមហ៊ុន​ចិន សេវ ហ្គិច (Sev Gek)។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ​បន្ត​ចោទ​ក្រុមហ៊ុន​ចិន​មួយ​នេះ​ថា បំពាន​កិច្ច​សន្យា​វិនិយោគ​ ដោយ​បន្លំ​ដឹក​ឈើ​ពី​ខាងក្រៅ​ចូល​ការដ្ឋាន​របស់​ខ្លួន​ជា​ច្រើន​ខែ​មក​ហើយ។

ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​ចំនួន ៣ ក្នុង​ស្រុក​សេសាន គឺ​ឃុំ​ស្រែគរ ឃុំតាឡាត និង​ឃុំ​ក្បាលរមាស បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ ស៊ើប​អង្កេត​ពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ខ្នាត​ធំ ដែល​ប្រព្រឹត្ត​ឡើង​ដោយ ក្រុមហ៊ុន​ចិន សេវ ហ្គេច (Sev Gek)

ការ​លើក​ឡើង​នេះ កើត​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន​ចិន​មួយ​នេះ ​នៅតែ​ប្រមូល​ឈើ​មាន​តម្លៃ​ភាគ​ច្រើន​ជា​ឈើ​ឈ្លីច ​ដឹក​ចេញ​ពី​ព្រៃ​អភិរក្ស​ក្នុង​ស្រុក​សេសាន ​ឆ្លង​កាត់​ទន្លេ​ស្រែពក និង​ទន្លេ​សេសាន។

អ្នក​ភូមិ​ថា ក្រុមហ៊ុន​នេះ​បាន​ប្រើ​សាឡាង និង​រថយន្ត​កែច្នៃ​ ជា​មធ្យោបាយ​ប្រមូល​ឈើ ​ចេញ​ពី​តំបន់​អភិរក្ស ក្នុង​ឃុំតាឡាត និង​តំបន់​ក្រឡា​ពស់ ​ជាប់​ព្រំ​ប្រទល់​ខេត្ត​រតនគិរី។

ពលរដ្ឋ​រស់​នៅ​ឃុំស្រែគរ លោក ហ្វុត ឃឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៤ តុលា​ថា ផ្ទៃដី​វិនិយោគ ​ដែល​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​នេះ​ អភិវឌ្ឍន៍​ពុំ​មាន​ឈើ​ធំៗ ទៀត​ទេ ហើយ​ឈើ​ដែល​ក្រុមហ៊ុន​កំពុង​អារ​ច្រៀក​ធ្វើអាជីវកម្ម​ គឺ​នាំ​ចូល​ពី​ប្រភព​ខាង​ក្រៅ ។ លោក​បន្ថែម​ថា អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​នេះ​ កើត​ឡើង​ជា​បន្ត​បន្ទាប់​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ដោយ​ក្រុមហ៊ុន​ហាក់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​នាំ​ឈើ​ចូល​ការដ្ឋាន​របស់​ខ្លួន៖ «ច្រើន​ជាង​គេ​តាម​មើល ដឹក​ចេញ​ពី​ភូមិ​ខ្សាច់​ថ្មី ឃុំ​តាឡាត​ហ្នឹង​ គេ​ដឹក​ឆ្លង​សាឡាង​មក គេ​ដឹក​ចូល​ក្រុមហ៊ុន​ចិន ចូល​រៃ​អារ​ឈើ និង​ដឹកជញ្ជូន​ចេញ​តាម​ឡាន​ក៏​មាន តាម​ទូក​ក៏​មាន»

លោក​បារម្ភ​ថា អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​នេះ ​ នឹង​ធ្វើ​ឱ្យ​ដើម​ឈើ​ធំៗ បន្សល់​ចុង​ក្រោយ ​ក្នុង​ឃុំ​ចំនួន៣ ក្នុង​ស្រុក​សេសាន ហិន​ហោច​អស់។ រីឯ​ឈើ​ខ្លះ​ទៀត​ ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ឆ្លង​កាត់​ទន្លេ​ស្រែ​ពក និង​ទន្លេ​សេសាន ​ចូល​ការដ្ឋាន​ក្រុមហ៊ុន​ ដោយ​ប្រើ​កម្លាំង​កម្មករ​រាប់​សិប​នាក់។

ចំណែក តំណាង​សហគមន៍​ឃុំ​ក្បាលរមាស លោកស្រី ស្រាំង​ឡាញ់ ឱ្យ​ដឹង​ថា ប្រជា​សហគមន៍​នឹង​ដាក់​ញត្តិ​ជា​ថ្មី​ទៀត ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បំភ្លឺ​រឿង​នេះ​ ព្រោះ​ប៉ះពាល់​ដល់​ព្រៃ​អាស្រ័យ​ផល​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ និង​ព្រៃ​អភិរក្ស​ផ្សេង​ទៀត ក្នុង​ឃុំតាឡាត។ លោកស្រី​បន្ថែម​ថា ​កន្លង​ទៅ កម្មករ​ក្រុមហ៊ុន​ បាន​លួច​ចូល​កាប់​ឈើ​ធំៗ ក្នុង​តំបន់​អភិរក្ស​របស់​សហគមន៍​ក្បាលរមាស ​ ដោយ​គ្មាន​ការ​ទប់ស្កាត់​នៅ​ឡើយ​ទេ៖ «នៅ​ពេល​ក្តៅៗ​ សហគមន៍​មិន​ចង់​ឃើញ​មុខ​អាជ្ញាធរ​ស្រុក​ និង​ខេត្ត​ចុះ​មក​មើល​ទីតាំង​សហគមន៍​ដែល​ប៉ះពាល់​ហ្នឹង វា​មិន​ទាន់​មាន។

Sev_Gek_logging_Truck_Sre_Pok_river_100222_1.jpg
ឡាន​កែច្នៃ​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ សេវ ហ្គេច (Sev Gek) ដឹក​ឈើ​ឆ្លង​សាឡាង​កាត់​ទន្លេ​ស្រែពក ស្រុក​សេសាន ខេត្តស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី២ ខែតុលា ឆ្នាំ២០២២។ រូប​សហគមន៍​ផ្តល់

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ ពី​តំណាង​ក្រុមហ៊ុន​ចិន ស៊ីវហ្គេច បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី១៤ តុលា។

ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្រុមហ៊ុន​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​កិច្ច​សន្យា​វិនិយោគ ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​នឹង​ចុះ​ពិនិត្យ ​ដោយ​ជួប​ជាមួយ​ប្រជា​សហគមន៍​នៅ​តំបន់​នោះ ដើម្បី​អនុវត្ត​ច្បាប់។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​អាច​អនុវត្ត​បាន គឺ​ស្រប​តាម​កិច្ចសន្យា​វិនិយោគ ជាមួយ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ដែល​បាន​កំណត់​ក្នុង​ផែន​ការ​មេ៖ «ប៉ុន្តែ​បើ​សិន​ជា​ក្រុមហ៊ុន ធ្វើ​លើស​ហួសពី​ព្រំប្រទល់​កំណត់​ ហើយ​បាន​ទទួល​ព័ត៌មាន​ពី​សហគមន៍​នោះ រដ្ឋបាល​ខេត្ត​នឹង​ចាត់​វិធានការ​តាម​នីតិវិធី ដោយ​មាន​កម្លាំង​ជំនាញ​ចុះ​មូលដ្ឋាន។

កាលពី​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ២០១៩ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ អនុបយោគ​ដី​ទំហំ​ ៧.៣៩៧ហិកតារ សម្រាប់​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ដាំ​ដើម​អាកាស្យា ម៉ៃសាក់ និង​ប្រភេទ​ឈើ​ផ្សេងៗ ទៀត។

ប៉ុន្តែ​ប្រជា​សហគមន៍​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​ចិន សេវ ហ្គេច បាន​អនុវត្ត​គម្រោង​ផ្ទុយ​ពី​កិច្ចសន្យា​វិនិយោគ គឺ​ដាំ​ដំណាំ​កៅស៊ូ និង​ដើម​ចេក​តិចតួច​ប៉ុណ្ណោះ គឺ​ឃើញ​តែ​ឈូស​ឆាយ​ព្រៃ និង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​អស់​ជា​បន្ត​បន្ទាប់។ លើស​ពី​នេះ ក្រុមហ៊ុន​បាន​បើក​ដេប៉ូ​អារ​ឈើ​ខ្នាត​ធំ កាល​ពី​ចុង​ឆ្នាំ ២០២១ ក្នុង​បរិវេណ​ក្រុមហ៊ុន ឋិត​ក្នុង​ឃុំ​ក្បាលរមាស ស្រុក​សេសាន។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​ស្ទឹងត្រែង លោក​ ប៊ី វ៉ាន់នី ស្នើ​ដល់​អាជ្ញាធរ​ជាតិ ឱ្យ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​ទាំង​នេះ ស្រប​ពេល​ដែល​ អាជ្ញាធរ​ខេត្តស្ទឹងត្រែង​មិន​អើពើ​អនុវត្ត​ច្បាប់​ដដែលៗ។ លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ ហាក់​ស្ងាត់​ស្ងៀម មិន​ឃើញ​មាន​ចំណាត់​ការ​ទាល់​តែ​សោះ ​ចំពោះ​សកម្មភាព​ដឹក​ឈើ​ខុសច្បាប់​ទាំង​នេះ៖ «អាជ្ញាធរ​មិន​មាន​ចំណាត់​ការ​ណា​មួយ ធ្វើការ​ឱ្យ​បាន​ជាក់​លាក់​ទេ ឈើ​នៅ​តែ​ប្រមូល​ចេញ​ ហើយ​ឈើ​ខ្លះ​ប្រមូល​ក្រៅ​ពី​ក្រុមហ៊ុន យក​ទៅ​ដាក់​ក្នុង​រោង​ចក្រ​ក្រុមហ៊ុន​ជាដើម»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ បំភ្លឺ​ពី​ភាព​មិន​ប្រក្រតី​ របស់​ក្រុមហ៊ុន​ចិន សេវ ហ្គេច ដែល​បន្ត​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​រារាំង។ លោក​ថា ពលរដ្ឋ​ភាគ​ច្រើន​មិន​ហ៊ាន​រិះគន់​ និង​ផ្តល់​ព័ត៌មាន ពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​តំបន់​នោះ​ទេ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ និង​ខ្លាច​ក្រែង​អាជ្ញាធរ​ធ្វើបាប៕

Sev_Gek_logging_Truck_Sre_Pok_river_100222_2.jpg
ឡាន​កែច្នៃ​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ សេវ ហ្គេច (Sev Gek) ដឹក​ឈើ​ឆ្លង​សាឡាង​កាត់​ទន្លេ​ស្រែពក ស្រុក​សេសាន ខេត្តស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី២ ខែតុលា ឆ្នាំ២០២២។ រូប​សហគមន៍​ផ្តល់

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។