អ្នកវិទ្យាសាស្ត្រខាងព្រៃឈើលើកឡើងថា ករណីកើនឡើងការបាត់បង់ព្រៃឈើ នៅកម្ពុជាមិនធ្លាប់មានពីមុនមក កើតមានឡើងស្របពេលដែលមានការរួមតូចទៅៗ នៃលំហសង្គមស៊ីវិល និងមានការកើនឡើងនៃអំពើគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញមកលើក្រុមអ្នកស្ម័គ្រចិត្តរបស់បណ្តាញសហគមន៍ព្រៃឡង់។ អ្នកវិទ្យាសាស្ត្ររូបនេះ ព្រមានថា កេរ្តិ៍ដំណែលព្រៃឈើនៅកម្ពុជា អាចនឹងបាត់បង់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ប្រសិនបើគ្មានការបង្ក្រាប និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ព្រមទាំងការចូលរួម ល្បាតព្រៃពីពលរដ្ឋសហគមន៍នោះទេ។
នេះជាបទសម្ភាសន៍រវាងលោក មាន ឫទ្ធិ ជាមួយអ្នកវិទ្យាសាស្ត្រខាងព្រៃឈើ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ ខូផេនហេហ្គែន (University of Copenhagen) នៃប្រទេសដាណឺម៉ាក (Denmark) បណ្ឌិត អាយដា ថីឡាដ៍ (Ida Theilade) ជុំវិញបញ្ហានេះដូចតទៅ៖

មាន ឫទ្ធិ៖ សូមអ្នកស្រីសាស្ត្រាចារ្យ ជួយជម្រាបអំពីគោលបំណងពិតប្រាកដនៃការ សរសេរលិខិតចំហជាលើកទីពីរនេះ ទៅកាន់ភាគីពាក់ព័ន្ធ អំពីបញ្ហាកាប់បំផ្លាញព្រៃឈើ ដ៏សម្បើមនៅកម្ពុជានេះ?
អាយដា ថីឡាដ៍៖ គោលបំណងចម្បងរបស់ខ្ញុំ គឺដើម្បីធ្វើឱ្យភាគីពាក់ព័ន្ធ ទាំងអស់ ជ្រាបអំពីទិន្នន័យ ថា តើព្រៃឈើនៅកម្ពុជា វាបាត់បង់ទៅយ៉ាងឆាប់រហ័ស ដល់កម្រិតណានោះ។ ខ្ញុំគិតថា មិនមែនមានតែក្រសួងបរិស្ថាន និងដៃគូរបស់ក្រសួងនេះ គឺ អង្គការ USAID និងក្រុមហ៊ុន Tetra Tech ដែលជាក្រុមហ៊ុនវិស្វកម្មរបស់អាមេរិកាំង ប៉ុណ្ណោះទេ ដែលត្រូវដឹងអំពីរឿងរ៉ាវទាំងនេះ។ ក៏ប៉ុន្តែ ពលរដ្ឋខ្មែរទូទៅ ក៏មានសិទ្ធិដឹងឮ អំពីស្ថានភាពព្រៃឈើនៅក្នុងប្រទេសរបស់ពួកគេដែរ។
សម្រាប់រដ្ឋាភិបាលណាក៏ដោយ ដើម្បីធ្វើការសម្រេចចិត្តផ្អែកតាមចំណេះដឹង និងភស្តុតាង ខ្ញុំគិតថា នេះគឺជាប្រភេទទិន្នន័យដែលចាំបាច់ត្រូវមានក្នុងដៃ។ មួយវិញទៀត ខ្ញុំក៏មិនទាន់ឃើញមានមនុស្សដទៃនៅប្រទេសកម្ពុជា បានផ្សព្វផ្សាយអំពីទិន្នន័យកាប់បំផ្លាញ ព្រៃឈើទាំងនេះដែរ។ ប្រាកដណាស់ ខ្ញុំមានមិត្តភ័ក្ដិ និងសហការីជាជនជាតិខ្មែរជាច្រើន។ ពួកគេតែងតែសួរនាំខ្ញុំអំពីបញ្ហានេះ។ ដូច្នេះហើយ ក្នុងនាមជាអ្នកស្រាវជ្រាវ ខ្ញុំគិតថា វាគឺជាការងាររបស់ខ្ញុំ ដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាដែលចាប់អារម្មណ៍ពីរឿងនេះ អាចទទួលបានព័ត៌មាន ទិន្នន័យ និងការស្រាវជ្រាវចុងក្រោយពាក់ព័ន្ធនឹងបញ្ហាកាប់បំផ្លាញព្រៃឈើនេះ។ នេះគឺជាអ្វីដែលខ្ញុំកំពុងធ្វើ ហើយខ្ញុំសង្ឃឹមថា ទិន្នន័យទាំងនេះ នឹងត្រូវបានគេយកទៅប្រើប្រាស់ យ៉ាងទូលំទូលាយ ដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ។


សូមចុចត្រង់នេះដើម្បីចូលមើលទិន្នន័យអំពីការបាត់បង់ព្រៃឈើនៅកម្ពុជា របស់អង្គការឃ្លាំមើលព្រៃឈើសាកល Global Forest Watch។
មាន ឫទ្ធិ៖ តើអ្នកស្រីមានដែលធ្លាប់បានទទួលការឆ្លើយតបផ្លូវការណាមួយ ពីសំណាក់ភាគីពាក់ព័ន្ធទាំងនោះដែរឬទេ ហើយថា ពួកគេមានការព្រួយបារម្ភប៉ុណ្ណាដែរ?
អាយដា ថីឡាដ៍៖ ខ្ញុំធ្លាប់មានកិច្ចសន្ទនាជាមួយអង្គការ USAID និងក្រុមហ៊ុន Tetra Tech បន្ទាប់ពីខ្ញុំបានសរសេរលិខិតចំហទីមួយ។ ក៏ប៉ុន្តែ សម្រាប់លិខិតចំហទីពីរនេះ ខ្ញុំនៅមិនទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយទេ។ ខ្ញុំគ្រាន់តែអាច និយាយបានថា ខ្ញុំបាននិយាយជាមួយអង្គការ USAID ហើយខ្ញុំក៏បាននិយាយជាមួយក្រសួងការបរទេសអាមេរិកាំងដែរ។ ជារួម ពួកគេមានការព្រួយបារម្ភខ្លាំងណាស់ មិនត្រឹមតែពីរឿងកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ។ ក៏ប៉ុន្តែ ក៏រួមទាំងការយាយី ការគំរាមកំហែង និងការដាក់ទោសទណ្ឌបែបព្រហ្មទណ្ឌ មកលើជនជាតិដើមភាគតិច ជាដើម។ ខ្ញុំគិតថា ទាំងអស់នេះហើយ គឺជាអ្វីដែលម្ចាស់ជំនួយ មានការព្រួយបារម្ភមែនទែន ហើយថា ពួកគេមិនអាចធ្វើមិនដឹងមិនឮ ចំពោះទង្វើយាយីទាំងនេះបាននោះទេ។ ខ្ញុំមិនបន្ទោសអង្គការ USAID ចំពោះការបាត់បង់ព្រៃឈើទាំងនេះទេ។ ក៏ប៉ុន្តែ វាគឺជាការទទួលខុសត្រូវរបស់ រដ្ឋាភិបាលកម្ពុជាតែម្ដង។ យ៉ាងណា ខ្ញុំគិតថា អង្គការនេះ គួរតែហ៊ាននិយាយអំពីទង្វើរំលោភបំពានសិទ្ធិរបស់សង្គមស៊ីវិល និងពលរដ្ឋតាមមូលដ្ឋានជាដើម។
មាន ឫទ្ធិ៖ ផ្អែកតាមការស្រាវជ្រាវ និងទិន្នន័យពីផ្កាយរណបរបស់អឺរ៉ុប និងអាមេរិក អ្នកស្រីបានគូសបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០០មក កម្ពុជាបានបាត់បង់គម្របព្រៃឈើដល់ទៅ ២៦% ស្មើនឹង ២លាន៣សែនហិកតារ។ រីឯ ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់វិញ មានការកើនឡើងខ្លាំងក្នុងឆ្នាំ២០១៩ រហូតដល់ទៅ ៧ពាន់៥រយហិកតារឯណោះ គឺកើនរហូតដល់ទៅ ៧៣% បើប្រៀបធៀបនឹងឆ្នាំ២០១៨កន្លងទៅ។ និយាយឱ្យស្រួលស្ដាប់ទៅ ក្នុងមួយម៉ោង ទំហំនៃការបាត់បង់ព្រៃឈើក្នុងតំបន់ព្រៃឡង់ គឺធំជាងតារាងបាល់ទាត់មួយទៅទៀត។ តើការរកឃើញនេះ បញ្ជាក់ឱ្យឃើញពីស្ថានភាពធ្ងន់ធ្ងរនៃវិនាសកម្មព្រៃឈើនៅកម្ពុជា ដល់កម្រិតណាទៅ?
អាយដា ថីឡាដ៍៖ ខ្ញុំអាចនិយាយបានថា កំណើននៃការកាប់បំផ្លាញ ព្រៃឈើលើសពី ១ភាគរយឡើងទៅ គឺពិតជាធ្ងន់ធ្ងរណាស់។ កង្វល់ចម្បងរបស់ខ្ញុំ ចំពោះប្រទេសកម្ពុជា សម្រាប់រឿងរ៉ាវកាប់បំផ្លាញព្រៃឈើបែបនេះ គឺថា តាមរយៈវិទ្យាសាស្ត្រ យើងដឹងថា នៅពេលណាដែលគេកាប់បំផ្លាញព្រៃឈើក្នុងទ្រង់ទ្រាយ ធំធេងបែបនេះ កម្ដៅក៏ចេះតែកើនឡើង។ ជាទូទៅ កម្ដៅសម្រាប់តំបន់ខាងក្រៅព្រៃក្តៅជាងក្នុងព្រៃ ដល់ទៅ ៥អង្សា។ ជាងនេះទៀត នៅពេលដែលគេកាប់បំផ្លាញព្រៃឈើអស់ វានឹងប៉ះពាល់ដល់អាកាសធាតុក្នុងតំបន់មូលដ្ឋាន។
យើងបានដឹងតាមរយៈការស្រាវជ្រាវមួយ នៅឯព្រៃអាម៉ាហ្សូន ថា នៅពេលដែលគេកាប់បំផ្លាញព្រៃឈើ ហេតុការណ៍នេះបណ្ដាលឱ្យមានភ្លៀងធ្លាក់តិច ហើយរដូវក្ដៅក៏ចេះតែ អូសបន្លាយយូរ។ នេះគឺដោយសារព្រៃឈើ ជាអ្នកចូលរួមចំណែកបង្កើតឱ្យមានភ្លៀង។ ដោយសារតែគ្មានការធ្វើរស្មីសំយោគពីព្រៃឈើនេះហើយ បានជាការកកើតជា ពពកត្រូវការពេលវេលាយូរ ហើយរដូវភ្លៀងធ្លាក់ ក៏ត្រូវពន្យារពេល។ ខ្ញុំគិតថា ពលរដ្ឋគ្រប់រូបនៅកម្ពុជា គួរតែព្រួយបារម្ភខ្លាំងអំពី ការប្រែប្រួលអាកាសធាតុបែបនេះ។ កម្ពុជាអាចនឹងត្រូវប្រែក្លាយទៅជា ខ្ទះឆាដ៏ក្ដៅមួយ។ ខ្ញុំមើលឃើញហើយអាចនិយាយបានថា ព្រៃឡង់ គឺជាម៉ាស៊ីនត្រជាក់ ធំជាងគេបំផុតនៅកម្ពុជា។ ព្រៃនោះហើយ ដែលធ្វើឱ្យពពកកកើតឡើង។ នេះគឺជាអ្វី ដែលធ្វើឱ្យ អាកាសធាតុនៅតំបន់ទំនាបកណ្ដាល មានភាពត្រជាក់។ ដូច្នេះ ខ្ញុំបារម្ភអំពីលំនាំអាកាសធាតុ និងការប្រែប្រួលអាកាសធាតុ ព្រោះថា វាជាបញ្ហាដែលនឹងប៉ះពាល់ដល់មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា។
មាន ឫទ្ធិ៖ អ្នកស្រី ប៉ាន់ស្មានបានទេ ថា ជាមួយអត្រាកាប់បំផ្លាញព្រៃឈើក្នុង ល្បឿនលឿនដូចសព្វថ្ងៃនេះ តើកម្ពុជាអាចនឹងបាត់បង់ព្រៃឈើអស់នាពេលណាទៅ? ហើយអ្នកស្រី មានសារអ្វីខ្លះជូនដល់រដ្ឋាភិបាលកម្ពុជា?
អាយដា ថីឡាដ៍៖ ខ្ញុំអាចនិយាយបានថា ប្រសិនបើការកាប់បំផ្លាញ ព្រៃឈើនៅតែបន្តក្នុងល្បឿនយ៉ាងលឿនដូចសព្វថ្ងៃនេះ ហើយវាហាក់បីដូចជាកើតឡើង ជាប្រព័ន្ធយ៉ាងដូច្នេះ ខ្ញុំជឿជាក់ថា រាល់ឈើហ៊ុបពាណិជ្ជកម្មធំៗទាំងអស់ នឹងត្រូវបាត់បង់ ក្នុងរយៈពេលតែប៉ុន្មានឆ្នាំដ៏ខ្លីខាងមុខនេះ។ នេះ ក៏រាប់បញ្ចូលទាំងដើមច្បោះជ័រទាំងអស់ ដែលទ្រទ្រង់ដល់ជីវភាពរបស់ពលរដ្ឋនៅតាមមូលដ្ឋាន។ ខ្ញុំគិតថា វាគឺជាស្ថានភាព គួរឱ្យសោកស្ដាយមែនទែន សម្រាប់ពលរដ្ឋមូលដ្ឋាន និងសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះថាព្រៃឈើទាំងនេះ អាចក្លាយជាគោលដៅអេកូទេសចរណ៍ដ៏ចម្បង។
សាររបស់ខ្ញុំជូនទៅរដ្ឋាភិបាល គឺថា អ្វីដែលយើងបានដឹងពីការស្រាវជ្រាវ ភាគច្រើន នៃការការពារព្រៃឈើនៅតំបន់ត្រូពិកបានដោយចិរភាព គឺត្រូវតែមានការចូលរួមពី ពលរដ្ឋមូលដ្ឋាន។ ដូចអ្វីដែលខ្ញុំបានសរសេរក្នុងលិខិតចំហទីពីររបស់ខ្ញុំអញ្ចឹង ការចាប់ផ្ដើមដ៏ល្អ គឺត្រូវអនុញ្ញាតឱ្យបណ្ដាញសហគមន៍ព្រៃឡង់ អាចចុះល្បាតព្រៃ ដូចដើមវិញបាន។ ពួកគេ គឺជាអ្នកដែលធ្វើឱ្យព្រៃឈើ នៅសេសសល់មកទល់សព្វថ្ងៃនេះ។ នេះគឺជាអ្វីដែលការស្រាវជ្រាវ ប្រាប់ឱ្យយើងដឹង។ ខ្ញុំអាចនិយាយបានថា កម្ពុជាស្ថិតចំកន្លែងដ៏ល្អជាក់លាក់មួយ ចូលរួមចំណែកដល់ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ប្រកបដោយគុណភាពខ្ពស់ តាមរយៈការប្រើបច្ចេកវិជ្ជា Remote Sensing និងរូបភាពពី ផ្កាយរណប បំពេញបន្ថែមដោយទិន្នន័យទទួលបានពីពលរដ្ឋចុះល្បាតព្រៃ។
ខ្ញុំគិតថា ព្រៃឈើនៅកម្ពុជាពិតជាមិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរណ៍ប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងអាចទាក់ទាញមូលនិធិសម្រាប់ការស្រាវជ្រាវ ដោយទាញយកប្រយោជន៍ ពីអ្វីដែលខ្ញុំហៅថា អ្នកវិទ្យាសាស្ត្រពលរដ្ឋ (Citizen Scientists) ដែលជាពលរដ្ឋមូលដ្ឋាន ហើយដែលអ្នកទាំងនោះ ស្គាល់ពីព្រៃឈើរបស់ពួកគេយ៉ាងជាក់ច្បាស់។ ជាមួយនឹងបច្ចេកវិជ្ជា Remote Sensing អ្នកនឹងមានឧបករណ៍ដ៏មានឥទ្ធិពល ក្នុងការតាមដាន និងការពារ ព្រៃឈើ។ ខ្ញុំចង់ឃើញកម្ពុជាធ្វើជាប្រទេសឈានមុខគេគំរូមួយ សម្រាប់ការស្រាវជ្រាវ បែបនេះនៅក្នុងតំបន់ត្រូពិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។