ក្រុមសកម្មជនព្រៃឈើ ដែលសកម្មក្នុងការចុះល្បាតការពារព្រៃឡង់ ខកចិត្តនិងសាលាដំបូងខេត្តក្រចេះ បដិសេធប្រគល់សម្ភារៈប្រើប្រាស់ក្នុងការប្រមាញ់បទល្មើសព្រៃឈើ ម៉ូតូ និងថវិកា មកឲ្យពួកគេ តាមការសន្យា ដោយយកហេតុថាទុកស៊ើបអង្កេតបន្តទៀត។ ពួកគេប្រកាន់ជំហរថា នឹងធ្វើសកម្មភាពការពារព្រៃឈើទៀត បើទោះបីជាមិនមានសម្ភារៈទាំងអស់នោះក៏ដោយ។
សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ ប្រាប់អាស៊ីសេរី នៅថ្ងៃទី៣១ ខែមីនាថា ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តក្រចេះ ប្រើជំនួយការរបស់ខ្លួន ប្រគល់ឲ្យសកម្មជន ៤នាក់ នូវអត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបររថយន្ត និងលិខិតឆ្លងដែនប៉ុណ្ណោះ ចំណែករបស់របរមួយចំនួនធំទៀត ខាងតុលាការនៅតែមិនទាន់ប្រគល់ឲ្យពួកគាត់វិញទេ ដោយលើកហេតុផលថាទុកស៊ើបអង្កេតបន្តទៀត។
លោកឲ្យដឹងថា សម្ភារៈទាំងនោះ មានម៉ូត ២គ្រឿងរបស់ប្រជាសហគមន៍ ទូរស័ព្ទដៃស្មាតហ្វូន៤គ្រឿង កាមេរ៉ាថតរូប ៤គ្រឿង កាមេរ៉ាសំងាត់ ៣គ្រឿង ឧបករណ៍វាស់ជីភីអេស (GPS) ២គ្រឿង អៃកូម (វិទ្យុ) ទាក់ទងក្នុងព្រៃ ៣គ្រឿង និងថវិកា ៧០០ដុល្លារ ដែលសម្រាប់ចាយវាយពេលចុះល្បាតព្រៃឡង់ គឺត្រូវបានតុលាការដកហូតទុក៖ «ចំពោះតុលាការសម្រេចមិនឲ្យសម្ភារៈដល់សកម្មជនទាំង ៤រូប ខ្ញុំគិតថា វារឿងអយុត្តិធម៌បំផុត ពីព្រោះពួកគាត់មិនមែនជាជនល្មើស ពួកគាត់ជាសកម្មជនការពារព្រៃឈើ ដើម្បីទៅចាប់ជនល្មើស ដែលបំផ្លាញសម្បត្តិជាតិឯណោះវិញទេ។ ពួកយើងដែលជាអ្នកការពារព្រៃឈើដាច់ខាត គឺត្រូវតែចាញ់ក្ដីគេអ៊ីចឹងហើយ។ គេសម្រេច គឺស្ថិតលើបបូរមាត់របស់គេ។ គេឲ្យៗ គេមិនឲ្យជារឿងរបស់គេ តែសម្រាប់យើងៗ នៅតែតស៊ូការពារបន្តទៀត ហើយទោះបីជាដាក់កំហិតយ៉ាងណាមកលើពួកយើងនៅតែបន្តធ្វើការការពារព្រៃឈើហ្នឹងបន្តទៀតដែរ»។
អាស៊ីសេរីមិនអាចសុំការបកស្រាយរឿងនេះ ពីព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ លោក ហាក់ ហ៊ាន់ បានទេ ដោយសារលោកមិនទទួលទូរស័ព្ទ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ ការបន្តរក្សាទុកសម្ភារៈរបស់ក្រុមអ្នកការពារព្រៃឈើ ពីសំណាក់ស្ថាប័នតំណាងអយ្យការនៃសាលាដំបូងខេត្តក្រចេះ ហាក់បីដូចជាអ្នកទាំងនោះ គឺជនល្មើសព្រៃឈើទៅវិញ។
លោកបន្តថា តុលាការគួរពិចារណា និងប្រគល់សងរបស់ទាំងអស់នោះ ឲ្យប្រជាសហគមន៍ព្រៃឡង់វិញ ដើម្បីឲ្យពួកគេបន្តសកម្មភាពការពារព្រៃឈើ កុំឲ្យបាត់បង់តទៅទៀត។ មន្ត្រីផ្នែកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ លើកឡើងថា បើផ្អែកតាមផ្លូវតាមច្បាប់ ក្រុមសកម្មជនការពារព្រៃឈើ អាចស្នើសុំរបស់ទាំងវិញ ដោយដាក់បណ្ដឹងទៅអគ្គព្រះរាជអាជ្ញានៅសាលាឧទ្ធរណ៍ ដើម្បីពិនិត្យមើលរឿងនេះឡើងវិញ៖ «បើតាមខ្ញុំដឹងលោក អ៊ូច ឡេង មុននឹងចេញ គាត់ខ្ចីថវិកាគេ ដើម្បីធ្វើសកម្មភាព ហើយអ្វីដែលគាត់យកទៅ ថវិកាហ្នឹងមិនមែនទុច្ចរិតទេ គឺជាថវិកាសុចរិត ដើម្បីយកទៅបំពេញបេសកកម្មបម្រើប្រទេសជាតិដែរ ដូចជា ការពារព្រៃឈើហ្នឹង ជាសម្បត្តិរួមរបស់ប្រទេសជាតិ បែរជាមានការឃាត់ទុក។ រឿងទាំងអស់នេះ គឺដូចជាមិនសមទំនងទាល់តែសោះ ក្នុងការឃាត់ទុកនេះ។ គួរតែមានការប្រគល់ជូនគាត់ដើម្បីឲ្យគាត់បានមធ្យោបាយធ្វើដំណើរ ហើយបានថវិកាហ្នឹងបន្តកិច្ចការងាររបស់ពួកគាត់ ដើម្បីជួយការពារព្រៃឈើរបស់យើង ដែលកំពុងសេសសល់ចុងក្រោយហ្នឹង»។
កាលពីថ្ងៃទី១៦ ខែមីនា ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តក្រចេះ លោក សោ វុទ្ធី សម្រេចដោះលែង លោក អ៊ូច ឡេង និងសហគមន៍ព្រៃឡង់ ៣នាក់ទៀត ក៏ប៉ុន្តែតម្រូវឱ្យពួកគេធ្វើកិច្ចសន្យា ទទួលស្គាល់កំហុស និងបញ្ឈប់សកម្មភាពការពារព្រៃឈើ។ ការដោះលែងនោះ ធ្វើឡើង ៣ថ្ងៃក្រោយ ពេលដែលអ្នកទាំង ៤នាក់ ត្រូវបានសន្តិសុខក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) ដែលជាក្រុមហ៊ុនមានរោងចក្រអារឈើខ្នាតធំនៅក្បែរព្រៃឡង់ ចាប់ឃាត់ខ្លួន កាលថ្ងៃទី១៣ ខែមីនា។
ក្រុមសកម្មជនការពារព្រៃឡង់បញ្ជាក់ជំហរថា ពួកគេនឹងមិនទាមទាររបស់ទាំងនេះពីតុលាការទៀតហើយ ហើយការបាត់បង់សម្ភារៈនេះ ក៏មិនមែនជាឧបសគ្គ ដែលរាំងស្ទះដល់សកម្មភាពចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើ នោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។