គិតមកដល់ពេលនេះ ក្រុមហ៊ុនអ្នកស្រី ជឹង សុគន្ធាវី ទទួលបានដីឧទ្យានជាតិ គីរីរម្យ ជាង ៤០០ ហិកតារហើយ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានកាត់ដីឧទ្យានជាតិគិរីរម្យជាង២រយហិកតារបន្ថែមទៀតឱ្យក្រុមហ៊ុននេះ កាលពីខែសីហា កន្លងទៅ។
សកម្មជនបរិស្ថានជំរុញឱ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត លុបចោលអនុក្រឹត្យនេះវិញ ពីព្រោះការកាត់ដីឧទ្យានជាតិបន្តបន្ទាប់ គឺ ជាគំរូអាក្រក់ សម្រាប់មេដឹកនាំជំនាន់ក្រោយ។
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានកាត់ដីឧទ្យានជាតិព្រះសុរាម្រិត ឬហៅថា ឧទ្យានជាតិគីរីរម្យជាង២រយហិកតារបន្ថែមទៀត ឱ្យទៅក្រុមហ៊ុនឯកជនមួយដែលមានមុខជំនួញស្និតនឹងគ្រួសារត្រកូលហ៊ុន ដើម្បីវិនិយោគអភិវឌ្ឍទេសចរណ៍។
ក្នុងអនុក្រឹត្យចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន បានសម្រេច ធ្វើអនុបយោគផ្ទៃដី ទំហំ ២២១,៩៤ ហិកតារ ស្ថិតក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ«គិរីរម្យ» ភូមិសាស្ដ្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជន។
អនុក្រឹត្យបញ្ជាក់ថា ការកាត់ដីជាង ២០០ហិកតារនេះ ដើម្បីជួលអចិន្ត្រយ៍រយៈពេល ៥០ ឆ្នាំ ឱ្យក្រុមហ៊ុន វ័ន ម័រ (One More Ltd.) សម្រាប់វិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ។
ទាក់ទិនរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីប្រធានអង្គភាពអ្នកនាំពាក្យ រដ្ឋាភិបាលលោក ប៉ែន បូណា និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានទេ នៅថ្ងៃទី៣ ធ្នូ ដោយទូរស័ព្ទចូល គ្មានអ្នកទទួល។
រីឯអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ៣ ធ្នូថា ការកាត់ដីឧទ្យានជាតិនេះ ជាការសម្រេចរបស់ប្រមុខរដ្ឋាភិបាល។
លោកការពារថា ការកាត់ដីឧទ្យានជាតិជាង ២០០ហិកតារ បន្ថែមទៀតនេះ មិនបានប៉ះពាល់ធនធានធម្មជាតិឡើយ។
លោក វ៉ី សំណាង៖ «គេមិនទៅបំផ្លាញព្រៃឈើ សត្វព្រៃណា អាហ្នឹងសម្រាប់ការយល់ឃើញ របស់ខ្ញុំ ជាអ្នកជំនាញខាងព្រៃឈើ ខ្ញុំរៀនខាងមេព្រៃ។ ពូម៉េចដឹង ការសម្រេចរបស់ថ្នាក់ជាតិ។ ការសម្រេចរបស់ថ្នាក់ជាតិនៅពេលយល់ថា វិស័យ មួយណាវាបម្រើឱ្យវិស័យសេដ្ឋកិច្ចវាល្អសម្រាប់ប្រជាពលរដ្ឋ សម្រាប់ ប្រទេសជាតិ យើងធ្វើទៅលើវិស័យនោះ ។ បើក្មួយឯងគិតថា ទុកអភិរក្សៗ ចុះប្រជាពលរដ្ឋ ប្រទេសជាតិមួយគិតតែអភិរក្ស អត់គិតសេដ្ឋ កិច្ចទេអ៊ីចឹង»។
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់បានកាត់ដីពីឧទ្យានជាតិព្រះសុរាម្រិត ឬហៅថា ឧទ្យានជាតិគិរីរម្យចំនួន ២២១,៩៤ ហិកតារ ឱ្យក្រុមហ៊ុន វ័ន ម័រ លីមីតធីត (One More Ltd.) របស់អ្នកស្រី ជឹង សុគន្ធាវី ម្ដងរួចមកហើយ កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅ ខណៈកាលខែសីហា ឆ្នាំ២០២៣ លោក ហ៊ុន សែន ក៏បានកាត់ដី ឧទ្យានជាតិគិរីរម្យ ជាង២០០ហិកតារ( ២២១,៩៤ ហិកតារ) បន្ថែមទៀត ដើម្បីប្រគល់ឱ្យក្រុមហ៊ុននេះ។
អ្នកស្រី ជឹង សុគន្ធាវី ដែលជាកូនស្រីបង្កើតរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ និងជាដៃគូជំនួញជាមួយគ្រួសារត្រកូលហ៊ុន នេះ គឺជាអគ្គនាយកាក្រុមហ៊ុន វ័ន ម័រ លីមីតធីត ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនេះ មានក្រុមហ៊ុន អិនវីស៊ី ខុបភើរេសិន (NVC Cooperation) ផលិតទឹកវីតាល់ ក្រុមហ៊ុនផលិតមីជាតិ ភោជនីយដ្ឋាន និងសហគ្រាសឱសថកម្ពុជាដែលកូនស្រីបង្កើតលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា ធ្លាប់ជានាយិកាក្រុមហ៊ុនអិនវីស៊ីនោះ។
ជុំវិញរឿងនេះ យុវជនចលនាមាតាធម្មជាតិលោក ថុន រដ្ឋា ថ្លែងថា លោកព្រួយបារម្ភចំពោះវាសនាឧទ្យានជាតិនេះ អាចហិនហោច អស់ព្រៃឈើ បាត់ជម្រកសត្វ និងជីវចម្រុះផ្សេងៗទៀតនៅថ្ងៃអនាគត ខណៈបុគ្គលដែលទទួលបានដីឧទ្យានជាតិនេះ ជាអ្នកដែលមានប្រវត្តិមិនល្អ ហើយ ជាពិសេសជាប់សែស្រឡាយគ្រួសារនាយករដ្ឋមន្ត្រីថែមទៀត។
លោក ថុន រដ្ឋា៖ «បើសិនជាឧទ្យានជាតិកាត់និងពុះច្រៀកដូចនំខេកអីជាដើមហ្នឹង អាហ្នឹង វា ធ្វើឱ្យបាត់តម្លៃនៃឧទ្យានជាតិ គឺថាមានតែឈ្មោះជាឧទ្យានជាតិ ប៉ុន្តែវាអត់ មានលក្ខណៈគ្រប់គ្រាន់នៅក្នុងពាក្យនៃជាឧទ្យានជាតិ។ សម័យនេះ គឺជាសម័យ ដែលគេដឹង ពីបញ្ហាទាំងអស់ហើយ បើសិនជារដ្ឋាភិបាលឈាមថ្មីនៅ តែបន្តអនុវត្ត រូបមន្តចាស់បន្តទៀត ខ្ញុំថា ទោះបីជាខំឃោសនា ខំចែកសារ៉ុង ប៊ីចេង ខំចែកលុយ យ៉ាងណាក៏ពលរដ្ឋមិនបោះឆ្នោតឱ្យដែរ»។
លោក ថុន រដ្ឋា បន្តថា លោកនៅតែនិយាយនិងតស៊ូមតិពីបញ្ហាបរិស្ថានបន្តទៀត ទោះបីជាបច្ចុប្បន្នរូបលោកនិងសមាជិកមាតាធម្មជាតិផ្សេងទៀត កំពុងជាប់បណ្ដឹងនៅតុលាការ ហើយប្រឈមការចាប់ខ្លួនដាក់ពន្ធនាគារជាថ្មីក៏ដោយ។
ស្រដៀងគ្នាដែរ សកម្មជនសង្គម លោក ម៉ា ចិត្រា យល់ថា ការកាត់ដីឧទ្យានជាតិ បន្តបន្ទាប់នេះ គឺជាការគប់គិតគ្នារវាងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនិងក្រុមហ៊ុនឯកជន ដែលសិ្នទ្ធនឹងគ្រួសារត្រកូលហ៊ុន ឬ ជាប់សាច់ឈាមនឹងគ្រួសារលោក ហ៊ុន សែន។
លោកចាត់ទុកការកាត់ដីឧទ្យានជាតិក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាថា ជាគំរូអាក្រក់សម្រាប់មេដឹកនាំជំនាន់ក្រោយ។
លោករំពឹងថា លោក ហ៊ុន ម៉ាណែត នឹងមិនយកគំរូនេះ ពីព្រោះធនធានធម្មជាតិគឺជាទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដោយនាយករដ្ឋមន្ត្រីគ្មានសិទ្ធិកាត់ និងចាត់ចែង ដោយគ្មានសួរមតិពីប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេសបែបនេះឡើយ។
លោក ម៉ា ចិត្រា៖ «យើងមើលឃើញថា វាជាឧទ្យានជាតិទៅហើយ យើងគួរតែទុកវាជាតំបន់ សម្រាប់សាធារណជន មិនមែនសម្រាប់ឱ្យក្រុមហ៊ុនឯកជនណាមួយទៅកាន់កាប់ បែបនេះទេ ព្រោះអីចំនួនរាប់រយហិកតារនេះ វាច្រើនណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរ។ សង្ឃឹមថា បើសិនរដ្ឋាភិបាលអាណត្តិក្រោយនេះ អាចធ្វើបានគួរតែ ពិចារណាដកមិនឱ្យមានការធ្វើបែបនេះបន្តទៀត ក៏ដូចជាលុបចោលអនុក្រឹត្យបែប ហ្នឹង ព្រោះអីកាន់តែឆ្លុះបញ្ចាំងឱ្យឃើញថា រដ្ឋាភិបាលយើងលក្ខណៈថា វាបក្ខពួក និយម អាចថាគ្រួសារនិយមដូចដែលគេធ្លាប់លើកឡើងពីមុនមកអ៊ីចឹង»។
លោក ម៉ា ចិត្រា ថា ការកាត់ដីឧទ្យានជាតិប្រគល់ឱ្យក្រុមហ៊ុនស្និទ្ធនឹងគ្រួសារ នាយករដ្ឋមន្ត្រីនេះ មិនបានចំណេញអ្វីប្រយោជន៍ដល់ជាតិច្រើនឡើយ ប៉ុន្តែ លោកថា អាចផ្ដល់ផលចំណេញដល់គ្រួសារ និងបក្ខពួកអ្នកមានអំណាចទៅវិញ។
កាលពីឆ្នាំ១៩៩៣ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គបានកំណត់តំបន់គិរីរម្យដែលមានផ្ទៃដីជាង៣ម៉ឺន៥ពាន់ ហិកតារ (៣៥.០០០ហិកតារ) ជាតំបន់ឧទ្យានជាតិ ដើម្បីថែរក្សាធនធានធម្មជាតិ និងបម្រើឲ្យវិស័យទេសចរណ៍ ដោយមិនឲ្យខូចខាតដល់បរិស្ថានឡើយ។ ភ្នំគិរីរម្យស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នេះ ត្រូវបានសម្ពោធដាក់ទៅជាឧទ្យានជាតិព្រះសុរាម្រិត កុសមៈ កាលពីខែមិថុនា ឆ្នាំ១៩៩៥ ដើម្បីរក្សាទុកជាតំបន់អភិរក្ស។
ប៉ុន្តែកាលពីឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ឆ្វៀល ទីតាំងឧទ្យានជាតិមួយផ្នែកធំ ជួលឲ្យក្រុមហ៊ុនឯកជនយ៉ាងហោចណាស់ចំនួន២ វិនិយោគរយៈពេលយូរឆ្នាំ ដែលពុះច្រៀកជាកង់ៗ។ ក្នុងនោះមានក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ គង់ និងក្រុមហ៊ុន អេស៊ាធូអេស៊ា (Asia To Asia) របស់ជប៉ុន។
ឧទ្យានជាតិគិរីរម្យ គឺជាតំបន់ខ្ពង់រាបប្រជុំភ្នំតូចធំជាច្រើនគ្របដណ្ដប់ដោយដើមស្រល់ និងព្រៃធម្មជាតិជាច្រើនប្រភេទ ដុះរាលតាមជើងភ្នំស្រស់ស្អាត និងមានសត្វព្រៃជាច្រើនប្រភេទរស់នៅ។ តំបន់នោះ មានជ្រោះ និងអូរធម្មជាតិទឹកធ្លាក់ តាមចន្លោះភ្នំនីមួយៗផ្តល់អំណោយផលគាប់ប្រសើរលើវិស័យទេសចរណ៍ធម្មជាតិ។
សង្គមស៊ីវិលព្រួយបារម្ភថា បើរដ្ឋាភិបាលមិនលុបចោលការកាត់ដីឱ្យក្រុមហ៊ុនឯកជនក្នុងទំហំរាប់រយហិកតារនេះ នឹងបង្កផលប៉ះពាល់ដល់សង្គម និងសម្បត្តិធម្មជាតិ សត្វព្រៃ ជម្រកសត្វព្រៃ ការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ ព្រោះព្រៃឈើនៅតំបន់នោះអាចនឹងប្រឈមការឈូសបំផ្លាញកម្ទេចចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។