«របប​ភ្នំពេញ​អសមត្ថភាព​ក្នុង​ការ​​ទប់ស្កាត់​​ការ​​នាំ​ចូល​កាក​សំណល់»

ដោយ ហេង រស្មី
2019.07.17
កាកសំណល់​ពី​បរទេស ៦២២ មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​កាកសំណល់​ពី​បរទេស​ចំនួន ៨៣​កុងតឺន័រ ទម្ងន់​ប្រមាណ ១.៦០០​តោន ចូល​មក​កំពង់ផែ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី១៦ កក្កដា ២០១៩។
រូប​ពី​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន

អ្នកឃ្លាំមើល​បរិស្ថាន​បាន​ស្ដីបន្ទោស​ដល់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ថា អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ទើប​បណ្ដោយ​ឱ្យ​មានការ​នាំចូល​កាកសំណល់​ពី​បរទេស​ចំនួន ៨៣​កុងតឺន័រ ទម្ងន់​ប្រមាណ ១.៦០០​តោន ចូល​មក​ដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ ដោយ​ពុំ​មាន​ការទប់ស្កាត់​ជាមុន​។ ការ​នាំ​ចូល​ការ​សំណល់​ទ្រង់ទ្រាយ​ធំ ជា​លើក​ទី​២ នេះ អាជ្ញាធរ​ខ្មែរ​គ្រោង​នឹង​ដឹក​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ដើម​វិញ ក្នុង​ពេល​ខាងមុខនេះ​ក្រោយពី​ត្រួតពិនិត្យ​រួច។ ប៉ុន្តែ​អាជ្ញា​កម្ពុជា​នៅ​មិនទាន់​អាច​បញ្ជាក់​បាន​ថា តើ​កាកសំណល់​សំរាម​ទាំងនេះ​នាំចូល​មកពី​ប្រទេស​ណា ក្រុមហ៊ុន​បរទេស​ណា​ដឹក​ចូល​មក និង​សមត្ថកិច្ច​ណាមួយ​ដែល​អនុញ្ញាត​ឱ្យ​នាំ​ចូល​មក​កម្ពុជា។

នាយក​ប្រតិបត្តិ​អង្គការ​កែច្នៃ និង អនាម័យ​សហគមន៍​ហៅ​កាត់​ថា អង្គការ​ស្ការ៉ូ លោក ហេង យ៉ុនគូរ៉ា ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៦ កក្កដា​ថា របប​ក្រុងភ្នំពេញ​មានការ​ធ្វេស​ប្រហែស​មិន​បាន​គិតគូរ​ដល់​សុខភាព​ប្រជាពលរដ្ឋ ទើប​បណ្ដែតបណ្ដោយ​ឱ្យ​មានការ​នាំចូល​កាកសំណល់​សំរាម​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ចូល​មក​ប្រទេស​កម្ពុជា។

លោក​បញ្ជាក់​ថា កាក​សំណល់​ដែល​នាំចូល​ក្នុង​កំពង់​ផែ​ក្រុងព្រះសីហនុ​នេះ មាន​ផល​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​សុខភាព​មនុស្ស និង​ជីវសាស្ត្រ​ចម្រុះ​នៅ​ក្នុង​ទឹកសមុទ្រ ​ប្រសិន​បើក​យក​មក​ចាក់ចោល​ក្នុង​ប្រទេស​កម្ពុជា​មែន​នោះ៖ «ជួនកាល​ខាង​អាជ្ញាធរ​ព្រំដែន​ហ្នឹង​គាត់​អត់​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ពិនិត្យ ឬក៏​មាន​សមត្ថភាព​ពិនិត្យ​ទប់ស្កាត់​កាក​សំណង់​ប្លាស្ទិក​ហ្នឹង។ ប្រសិនបើ​យើង​រក​ឃើញ​ខុស​បច្ចេកទេស​អី​ខាង​អង្គការ​យើង​សំណូមពរ​ថា គួរតែ​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ គឺ​បង់ថ្លៃ បង់ខាត ពិន័យ​យ៉ាងម៉េច​ប្រទេស​ដើម​វិញ​ត្រូវ​ទទួលខុសត្រូវ»

របប​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៦ កក្កដា បាន​រក​ឃើញ​កាកសំណល់​សំរាម​ដែល​បាន​វេច​ខ្ចប់​ដាក់​នៅ​ក្នុង​កុងតឺន័រ​ចំនួន​៨៣ មាន​ទម្ងន់​សរុប​ចំនួន ១.៦០០​តោន បាន​ដឹក​ចេញពី​ក្រៅ​ប្រទេស​មកកាន់​កំពង់ផែ​ឆ្នេរសមុទ្រ​នៃ​ក្រុងព្រះសីហនុ។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភត្រា បញ្ជាក់​ថា ក្រោយពី​បើក​កុងតឺន័រ​សមត្ថកិច្ច​បាន​រក​ឃើញ​ថា ជា​ប្រភេទ​សំរាម​ប្លាស្ទិក​តែ​លោក​មិនបាន​បញ្ជាក់​ថា ក្រុមហ៊ុន​ណា​ដែល​ជា​អ្នក​ទទួលខុសត្រូវ ហើយ​បាន​នាំចូល​មកពី​ប្រទេស​ណា​នោះ​ទេ ដោយ​លោក​អះអាង​ថា គឺ​ដោយសារតែ​ក្រុមហ៊ុន​នាំចូល​កាកសំណល់​ទាំងនោះ​បាន​កែប្រែ​ឯកសារ​ដើម​ដោយ​មិនបាន​បញ្ជាក់​ថា ជា​ប្រភេទ​ទំនិញ​អ្វីមួយ​ច្បាស់លាស់ ដោយ​គ្រាន់តែ​បាន​បញ្ជាក់​ថា ជា​ប្រភេទ​ទំនិញ​កែច្នៃ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍ថា អាជ្ញា​ធរមាន​គម្រោង​នឹង​បញ្ជូន​ចេញ​កាកសំណល់​ទាំងនោះ​ទៅ​ប្រទេស​ដើម​វិញ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ដោយ​មិន​ទុក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។

លោក នេត្រ ភត្រា បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ជាដាច់ខាត​ក្នុង​ការ​នាំចូល​សំណល់​ប្លាស្ទិក​មក​កែច្នៃ​កម្ពុជា​ក៏ដូចជា​សំណល់​ផ្សេងៗ​ទៀត ហើយ​កម្ពុជា​មិនមែន​ជា​ធុងសំរាម​សម្រាប់​ការ​បោះចោល​បច្ចេកវិជ្ជា​ហួស​សម័យ​នោះ​ទេ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ជំទាស់​ជានិច្ច​នូវ​ការ​នាំចូល​កាកសំណល់​ប្លាស្ទិក និង​ប្រេងម៉ាស៊ីន​មក​កែច្នៃ​គ្រប់​ប្រភេទ​នៅ​កម្ពុជា៖ «សមត្ថកិច្ច​បាន​នឹង​កំពុង​កំណត់​ថា តើ​ទំនិញ​ហាមឃាត់​ទាំងនេះ​មកពី​ប្រភព​ណា ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ ហើយ​នឹង​ធ្វើការ​ផាក​ពិន័យ​ដល់​ក្រុមហ៊ុន​ដែល​បាន​នាំចូល​នោះ​តាមច្បាប់​ដែល​មាន​ជា​ធរមាន។ក្រសួង​បរិស្ថាន និង​សមត្ថកិច្ច​បាន​នឹង​កំពុងតែ​ធ្វើ​ការ​ស៊ើបអង្កេត​នឹង​ស៊ីជម្រៅ​បន្ថែម​ទៀត​ដើម្បី​ស្វែងរក​ប្រភព​និង​ឫសគល់​ដែល​នាំ​ឱ​មានការ​នាំចូល​សំរាម​មកកាន់​កម្ពុជា​នេះ»

កាលពី​ឆ្នាំ​១៩៩៨ របប​ក្រុងភ្នំពេញ​បាន​រក​ឃើញ​កាកសំណល់​ផ្ទុក​សារធាតុពុល​ប្រមាណ​ជិត ៣​ពាន់​តោន បាន​ដឹក​តាម​នាវា​របស់​ក្រុមហ៊ុន​ចិនតៃវ៉ាន់​មួយ​មក​ចាក់​ចោល​នៅ​ក្រុងព្រះសីហនុ​អស់​រយៈពេល​ជាច្រើន​ខែ ទើប​របប​ក្រុងភ្នំពេញ​សម្រេច​ដឹកជញ្ជូន​ចេញ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ក្រោយពី​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សង្គម​ស៊ីវិល និង ប្រជាពលរដ្ឋ​ដែល​ភ័យខ្លាច​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​ដែល​បាន​ភាយ​ចេញពី​កាកសំណល់​ជាតិពុល​ទាំងនោះ។

អ្នកនាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​១៦ កក្កដា ថា កាកសំណល់​ប្លាស្ទិក​ជិត ២​ពាន់​តោន​ដែល​បាន​ដឹក​ចូល​មក​កាន់​កម្ពុជា​លើក​នេះ​ក្រុម​ជំនាញ​នឹងធ្វើ​សន្និសីទកាសែត​នៅ​ថ្ងៃ​ទី​១៧ កក្កដា នេះ​ថា​តើ​ជា​ប្រភេទ​កាកសំណល់​អ្វីខ្លះ មុននឹង​សម្រេច​បញ្ជូន​ចេញ​ពី​ប្រទេស​កម្ពុជា៖ «ទាក់ទង​នឹង​ចំណាត់ការ​យើង​រង់ចាំ​ទាំងអស់​គ្នា​តែ​ជា​ទស្សនៈ​របស់ខ្ញុំ​គឺ​មិន​ត្រូវ​ទុក​នៅ​កម្ពុជា​ទេ បើ​សិន​យើង​រក​ឃើញ​ស្រាវជ្រាវ​ចេញពី​ប្រទេស​ណា​គឺ​យើង​ត្រូវ​ដឹក​ទៅ​ប្រទេស​ហ្នឹង​វិញ»

របប​ក្រុងភ្នំពេញ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បាន​ចេញ​អនុក្រឹត្យ​ថ្មី​មួយ​ស្ដីពី​ការគ្រប់គ្រង​កាកសំណល់​។ អនុក្រឹត្យ​នេះ​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម សហគ្រាស និង​ប្រជាពលរដ្ឋ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១​ម៉ឺន​រៀល ទៅ ២០​ម៉ឺន​រៀល (​គឺ​ប្រមាណ ២,៥ ទៅ ៥០​ដុល្លារ​អាមេរិក​) ប្រសិនបើ​មាន​ការ​បោះចោល ឬ​ដុត​សំរាម នៅ​តាម​ទី​សាធារណៈ និង​មិន​អនុវត្តន៍​តាម​គោលការណ៍​ណែនាំ​ពី​ការបែងចែក និង​ទុកដាក់​សំណល់​ឱ្យ​បាន​ត្រឹមត្រូវ។

តែ​ទោះជា​យ៉ាងណា​ការ​នាំ​ចូល​កាកសំណល់​ជិត ២០០០​តោន​មកកាន់​ប្រទេស​កម្ពុជា​ពី​ក្រៅ​ប្រទេស​លើក​នេះ ក្រុម​សកម្មជន​បរិស្ថាន​ដាក់​មន្ទិលសង្ស័យ​ទៅលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​យក​សំណូក​ទើប​អនុញ្ញាត​ឱ្យ​នាំចូល​សំរាម​មកដល់​ប្រទេស​កម្ពុជា​បាន។

សកម្មជន​បរិស្ថាន​ចាត់ទុកថា ចំណាត់​ការ និង​តម្លាភាព​របស់​អាជ្ញាធរ​ខ្មែរ​នៅ​មាន​កម្រិត​ក្នុង​ការ​គ្រប់​គ្រប់ការ​នាំចូល​នៅ​កាកសំណល់​គ្រប់​ប្រភេទ​ពី​បរទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។