សកម្មជន​បរិស្ថាន​ថា បញ្ហា​សំរាម​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​គ្រាន់តែ​ជា​រឿង​ប្រជាភិថុតិ

ដោយ ហេង រស្មី
2019.07.18
កាកសំណល់ ព្រះសីហនុ ៦២២ កាកសំណល់​ពី​បរទេស​ចំនួន ៨៣​កុងតឺន័រ ទម្ងន់​ប្រមាណ ១.៦០០​តោន ចូល​មក​កំពង់ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី១៦ កក្កដា ២០១៩។
រូប​ពី​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន

សកម្មជន​បរិស្ថាន​និយាយ​ថា បញ្ហា​កាកសំណល់​បរទេស ដែល​គេ​យក​មក​ចាក់ចោល​នៅ​ក្រុងព្រះសីហនុ គឺ​គ្រាន់តែ​ជា​រឿង​ធ្វើ​ប្រជាភិថុតិ​របស់​របប​ក្រុងភ្នំពេញ​ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ ក្រោយពី​ការ​បាក់​ដួល​រលំ​អគារ​ចិន​សម្លាប់​មនុស្ស​ជាច្រើន​នាក់។ មន្ត្រី​របប​ក្រុងភ្នំពេញ​បាន​ច្រានចោល​ការ​លើកឡើង​នេះ ដោយ​ចាត់ទុកថា គ្រាន់តែ​ជា​ការ​លើកឡើង​គ្មាន​មូលដ្ឋាន​ពិតប្រាកដ និង​ជា​ការ​ទម្លាក់​ការទទួលខុសត្រូវ​មក​លើ​រដ្ឋាភិបាល។

ស្ថាបនិក​នៃ​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ហៅ​អាឡិច ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៧ កក្កដា​ថា ការ​អះអាង​របស់​របប​ក្រុងភ្នំពេញ​ថា គ្រោង​នឹង​បញ្ជូន​សំរាម​ទៅ​ប្រទេស​អាមេរិក និង​ប្រទេស​កាណាដា​វិញ មិនអាច​ទៅ​រួច​ទេ ដោយសារតែ​ប្រទេស​ទាំងពីរ​មាន​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​មិន​អាច​ទទួលយក​សំរាម​ដែល​បាន​នាំ​ចេញពី​ប្រទេស​របស់​ខ្លួន​វិល​ចូល​វិញ​ទេ៖ «សូម​ឱ​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចៀសវាង​ប្រើ​ពាក្យ​សំដី​ណាមួយ​ដែល​ប្រជាភិថុតិ ដែល​បោកប្រាស់​ប្រជាពលរដ្ឋ​យើង កុំ​កុហក​គេ។ រដ្ឋាភិបាល​អាមេរិក​មិន​ល្ងង់​រហូតដល់​អនុញ្ញាត​ឱ​នាំចូល​សំរាម​នាំចេញ​មកវិញ​ទេ។ អាហ្នឹង​គឺ​ពិបាក​មែនទែន»

របប​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៦ កក្កដា បាន​រក​ឃើញ​កាកសំណល់​សំរាម​ប្លាស្ទិក​ដែល​បាន​វេច​ខ្ចប់​យ៉ាង​មាន​របៀបរៀបរយ ដាក់​នៅ​ក្នុង​កុងតឺន័រ​ចំនួន​៨៣ មាន​ទម្ងន់​សរុប​ចំនួន ១.៦០០​តោន បាន​ដឹក​ចេញពី​ក្រៅ​ប្រទេស​មកកាន់​កំពង់ផែ​ឆ្នេរសមុទ្រ​នៃ​ក្រុងព្រះសីហនុ។

មន្ត្រី​របប​នេះ​អះអាង​ថា សំរាម​នេះ​បាន​មកដល់​ប្រទេស​កម្ពុជា​តាំងពី​ខែ​តុលា ឆ្នាំ​២០១៨ ប៉ុន្តែ​អាជ្ញាធរ​ទើបតែ​ប្រកាស​ឱ្យ​ដឹង​នៅ​ពេល​មានការ​ដោះដូរ​មុខតំណែង​អភិបាលខេត្ត​ថ្មី ក្រោយពី​អគារ​របស់​ក្រុមហ៊ុន​ចិន​មួយ​កម្ពស់ ៧​ជាន់​បាន​បាក់​ដួល​រលំ​រាប​ដល់​ដី ដែល​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​រង​របួស​ចំនួន ៥៦​នាក់។

សកម្មជន​បរិស្ថាន​ថា ការ​រក​ឃើញ​សំរាម​ថ្មីៗ​នេះ​អាច​ជា​ការ​កាច់​កុង​គ្នា នៅ​ក្នុង​មន្ត្រី​រដ្ឋាភិបាល​នៃ​របប​ក្រុងភ្នំពេញ​ថា តើ​នឹង​មាន​សមត្ថភាព​ប៉ុណ្ណា​ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បានទេ កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភត្រា មិន​បាន​ពន្យល់​ទាក់ទិន​នឹង​បញ្ហា​នេះ​ទេ។ លោក​គ្រាន់តែ​ប្រាប់​អាសីសេរី​ថា កាកសំណល់​ប្លាស្ទិក​ទាំងនោះ​នាំចូល​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ​មកពី​ប្រទេស​អាមេរិក និង ប្រទេស​កាណាដា ហើយ​អាជ្ញាធរ​គ្រោង​នឹង​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ៖ «រាជរដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ជាដាច់ខាត ចំពោះ​ការ​នាំ​ចូល​សំណល់​ប្លាស្ទិក​មក​កែច្នៃ​នៅ​កម្ពុជា​ក៏ដូចជា​សំរាម​ផ្សេងៗ​ទៀត ហើយ​កម្ពុជា​បាន​បញ្ជាក់​ហើយ​ថា កម្ពុជា​មិនមែន​ជា​ធុងសំរាម​សម្រាប់​ការ​បោះចោល​បច្ចេកវិជ្ជា​ហួស​សម័យ​នោះ​ទេ ហើយ​រដ្ឋាភិបាល​ជំទាស់​ជានិច្ច​នឹង​ការ​នាំចូល​កាកសំណល់​ប្លាស្ទិក និង​ប្រេងម៉ាស៊ីន​មក​កែច្នៃ​នៅ​កម្ពុជា»

កាលពី​ឆ្នាំ​១៩៩៨ របប​ក្រុងភ្នំពេញ​បាន​រក​ឃើញ​កាកសំណល់​ផ្ទុក​សារធាតុពុល​ប្រមាណ​ជិត ៣​ពាន់​តោន បាន​ដឹក​តាម​នាវា​របស់​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​មួយ មក​ចាក់​ចោល​នៅ​ក្រុងព្រះសីហនុ​អស់​រយៈពេល​ជាច្រើន​ខែ ទើប​របប​ក្រុងភ្នំពេញ​សម្រេច​ដឹកជញ្ជូន​ចេញ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ក្រោយពី​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ដែល​ភ័យខ្លាច​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​ដែល​បាន​ភាយ​ចេញពី​កាកសំណល់​ជាតិពុល​ទាំងនោះ។

ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន​ដូចជា​ប្រទេស​ម៉ាឡេស៊ី ហ្វីលីពីន និង ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស​ទាំងនោះ​អាច​បញ្ជូន​កាកសំណល់​ទាំងឡាយ​ណា​ទៅកាន់​ប្រទេស​ដើម​វិញ នៅ​ពេល​ដែល​រក​ឃើញ​ថា បាន​ដឹក​ចូល​មក​កាន់​ប្រទេស​របស់​គេ ដោយ​ខុសច្បាប់។ តែ​អាច​រក្សាទុក​កាកសំណល់​ទាំងឡាយ​ណា​នៅ​ក្នុង​លក្ខខណ្ឌ​មួយ​ដែល​ប្រទេស​ទាំងនោះ​មាន​កិច្ចព្រមព្រៀង​មួយ​ដែល​ថា កាកសំណល់​ទាំងនោះ​អាច​រក្សាទុក​បាន​ដ៏​រាប​ណា​កាកសំណល់​ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​យក​ទៅ​កែច្នៃ​បាន​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​កម្ពុជា​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​នាំ​កាកសំណល់​ជាមួយ​ប្រទេស​ណាមួយ​នៅឡើយ​ទេ។

សកម្មជន​បរិស្ថាន​លោក អាឡិច បញ្ជាក់​ថា របប​ក្រុងភ្នំពេញ​ត្រូវតែ​ហ៊ាន​ស៊ើបអង្កេត​ច្បាស់លាស់​ដើម្បី​ស្វែងរក​ឱ្យ​ឃើញ​ថា តើ​ក្រុមហ៊ុន​ណា​ដែល​នៅ​ពី​ក្រោយខ្នង​នៃ​ការ​នាំចូល​សំរាម​ចំនួន​៨៣​កុងតឺន័រ​មក​ក្នុង​ខេត្ត​ព្រះសីហនុ។

លោក​បញ្ជាក់​ថា មាន​ប្រទេស​មួយ​ចំនួន​ទៀត​ដូចជា​ទីក្រុង​ហុងកុង ប្រទេស​ចិន ក៏បាន​នាំ​សំរាម​ចូល​មក​ប្រទេស​កម្ពុជា​ដែរ តែ​មាន​ចំនួន​តិចតួច​មិន​មាន​បរិមាណ​ច្រើន​ដូច​ពេលនេះ​ទេ។ លោក​បញ្ជាក់​ថា របប​ក្រុងភ្នំពេញ​គួរតែ​មាន​វិធានការ​រឿង​នាំ​សំរាម​នេះ​ចេញពី​កម្ពុជា​ចៀសវាង​ការ​ចោទ​ប្រកាន់​ថា​រឿង​ប្រជាភិថុតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។