ពលរដ្ឋ​អះអាងថា ក្រុមហ៊ុន​រ៉ែមាស រ៉ុង ឆេង នៅ​​មណ្ឌលគិរី​ ​បន្ត​​អាជីវកម្ម​​ឡើង​​វិញ

0:00 / 0:00

សហគមន៍​រស់នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី អះអាង​ថា អាជ្ញាធរ​នៅតែ​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ចិន រ៉ុង ឆេង ធ្វើ​អាជីវកម្ម​រ៉ែ​មាស ខណៈ​ដែល​ក្រុមហ៊ុន​នេះ​ធ្លាប់​មាន​រឿងអាស្រូវ​ធ្វើ​ឱ្យ​ទឹកអូរ​ធម្មជាតិ​មាន​សារធាតុពុល ដែល​សង្ស័យ​ថា ជា​មូលហេតុ​បណ្ដាល​ឱ្យ ពលរដ្ឋ​១៨​នាក់​ស្លាប់ និង​រាប់រយ​នាក់​ធាតុ​ធ្លាក់ខ្លួន​ឈឺ​កាលពី​ឆ្នាំមុន។

ពលរដ្ឋ​រស់នៅ​ឃុំ​ចុង​ផ្លាស់​ស្រុក​កែវ សីមា ឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ៍ ទី២៦ ខែ​កុម្ភៈ​ថា ក្រុមហ៊ុន​ចិន ​រ៉ុង ឆេង​ បាន​​ដំណើរ​ការ​​អាជីវកម្ម​​រ៉ែ​​មាស​​ឡើង​វិញ​​ដោយ​ប្រមូល​កម្មករ​ជនជាតិ​ចិន​ជាច្រើន​នាក់​ចម្រាញ់​រ៉ែ​មាស​ក្នុង​រណ្ដៅ​ជ្រៅ​រាប់​រយ​ម៉ែត្រ ហើយ​ក្រុមហ៊ុន​នេះ​​បាន​​បណ្ដេញ​​កម្មករ​​ជនជាតិ​​ខ្មែរ​​ចេញ​​ទាំង​អស់។

ពលរដ្ឋ​រស់នៅ​ភូមិ​ពូទុង ឃុំ​ចុងផ្លាស់ លោក ប្រក ជួប ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ជាតិ​គ្មាន​ឥទ្ធិពល​ផ្អាក​អាជីវកម្ម​នេះ​ទេ បើ​ទោះ​បី​ជា​ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​ចំនួន ៣ ជួប​ការ​លំបាក​ខ្វះខាត​ទឹក​ប្រើប្រាស់​ព្រោះ​ប្រភព​ទឹកអូរ​សំខាន់ៗ ​ដែល​ជា​អាយុ​ជីវិត​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​មាន​សារធាតុពុល ប្រើប្រាស់​មិនបាន​ជាច្រើន​ខែ​មក​ហើយ។ ចំណែក​គោក្របី​របស់​អ្នកភូមិ​តែងតែ​ងាប់​អស់​ជាច្រើន​ក្បាល​ជា​បន្តបន្ទាប់ ដោយសារ​ពុល​ទឹកអូរ៖ «ចាប់ផ្ដើម​ធ្វើ​សារ​ក្រោយ វា​រើស​យក​ចិន​គ្នា​វា​ទាំងអស់​។ ខ្ញុំ​យល់ថា វា​មាន​ភាព​មិន​ប្រក្រតី តែ​គ្រាន់តែ​ថា យើង​មិន​ដឹង​ធ្វើ​ម៉េច​កើត​ ? ព្រោះ​ធ្វើជា​ច្រើន​លើក​ហើយ នៅតែ​អ៊ីចឹង​ដដែលៗ វា​សំខាន់​តែ​អ្នកដឹកនាំ បើ​អ្នកដឹកនាំ​គេ​ធ្វើ​មិន​ដឹង​មិន​ឮ រឿង​ហ្នឹង​មិន​ដឹង​ធ្វើ​ម៉េច​ចេញ»។

ប្រធាន​សហគមន៍​ភូមិ​ចុង​ផ្លាស់​លោក ដេត មី ឱ្យ​ដឹង​ថា កន្លងទៅ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​បាន​នាំ​គ្នា​ផ្តិត​មេដៃ​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ​តែ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​រារាំង និង​គំរាម​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​។ លោក​ថា ក្រុមហ៊ុន​នេះ​ធ្លាប់​បាន​បិទ​មួយ​រយៈ​ក្រោយពី​អាជ្ញាធរ​ជាតិ​ចុះទៅ​ស៊ើបអង្កេត​បន្ទាប់ពី​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​​ជាង​ ៣០០​នាក់ ធ្លាក់ខ្លួន​ឈឺ​ដោយ​សារ​ពុល​ទឹកអូរ​ដែល​ក្រុមហ៊ុន​បង្ហូរ​កាកសំណល់​ចូល៖ «ព្រួយបារម្ភ​ពី​មនុស្ស​សត្វ​នៅ​ពីក្រោម​ថា ហើយ​គេ​ថា ឥឡូវ​គេ​ចាប់ផ្ដើម​ដំណើរការ​ទៀត»។

អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក យស មុនីរ៉ាត់ បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​ទេ​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ៖ «ករណី​ហ្នឹង មាន​សារព័ត៌មាន​ក្នុងស្រុក គេ​បាន​ធ្វើ​ហើយ។ អាស៊ីសេរី​ចាំ​ទទួល​សារព័ត៌មាន​ក្នុងស្រុក​។ អរគុណ​ខ្ញុំ​ជាប់​ប្រជុំ»។

អាស៊ីសេរី​បាន​ទាក់ទង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​មណ្ឌលគិរី លោក សាន់ ដារិទ្ធ តែ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃ​ដដែល​នេះ។

ចំណែក​អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី និង​ជា​អភិបាលរង​ខេត្ត លោក មឹង សុចាន់ថា មាន​ប្រសាសន៍ថា បើ​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ អាជ្ញាធរ​ត្រូវតែ​អនុញ្ញាត​ផ្អែក​តាម​ប្រភេទ​នៃ​អាជ្ញាប័ណ្ណ​នោះ។ ប៉ុន្តែ​លោក​ថា​ពលរដ្ឋ​រស់នៅ​តំបន់​នោះ បាន​ផ្តើម​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ឡើងវិញ​ខណៈ​ដែល​អាជ្ញាធរ​បាន​បញ្ឈប់​ម្តង​រួចមក​ហើយ។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ចុះ​ពិនិត្យ​រឿង​នេះ​ឡើងវិញ​ដោយ​ត្រូវ​បញ្ឈប់​អាជីវកម្ម​រ៉ែ​មាស​ណា​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។ អាជ្ញាធរ​ខេត្ត​រូប​នេះ​អះអាង​​ថា ក្រុមហ៊ុន​ចិន​រ៉ុង ឆេង មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​និង សង្គម​ទេ៖ «ខ្ញុំ​កំពុង​ចាត់វិធានការ​ឱ្យ​មន្ត្រី​ចុះ​ពិនិត្យមើល​ដែរ អាជីវកម្ម​ណា​មាន​ច្បាប់​យើង​អនុញ្ញាត បើ​គ្មាន​ច្បាប់​យើង​នឹង​បញ្ឈប់​ដើម្បី​ឱ្យ​គាត់​ធ្វើការ​សុំច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​នីតិវិធី។ មិនមែន​ក្រុមហ៊ុន​ហ្នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រព័ន្ធ​បរិស្ថាន​សង្គម​ទេ អ្វី​ដែល​ខុស​គឺ​បងប្អូន​ពលរដ្ឋ​ធ្វើ​អនាធិបតេយ្យ​នៅ​ទីនោះ ដែល​យើង​ចុះ​ទប់ស្កាត់​កន្លងមក»។

សេចក្ដី​រាយការណ៍​ពី​សហគមន៍​ចុង​ផ្លាស់​បន្ថែម​ថា ក្រុមហ៊ុន​ចិន រ៉ុង ឆេង បាន​ប្រើ​អាជ្ញាប័ណ្ណ​កសាង​ហេដ្ឋារចនាសម្ពន្ធ​ជា​លេស ដើម្បី​ចម្រាស់​រ៉ែ​មាស​ខុសច្បាប់​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ គ្មាន​ច្បាប់​អនុញ្ញាត ដែល​ទំនងជា​ឃុបឃិត​ជាមួយ​បុគ្គល​មានអំណាច​។ ពួកគេ​សង្កេត​ឃើញ​ថា​ក្រុមហ៊ុន​បាន​បន្ថែម​កម្លាំង​សន្តិសុខ​យាមល្បាត​យ៉ាង​ប្រុងប្រយ័ត្ន​និង​រឹតត្បិត​មិន​ឱ្យ​អ្នកភូមិ​ចេញចូល​តំបន់​នោះ​។​

ស្លាក​សញ្ញា​នៅ​ជាប់​របង​ក្រុមហ៊ុន​ចិន រ៉ុង ឆេង ដែល​ជា​ទីតាំង​សិប្បកម្ម​លាង​សំអាត​រ៉ែ​មាស។ រូប​ថត​នៅថ្ងៃទី៨ កញ្ញា ២០១៨។
ស្លាក​សញ្ញា​នៅ​ជាប់​របង​ក្រុមហ៊ុន​ចិន រ៉ុង ឆេង ដែល​ជា​ទីតាំង​សិប្បកម្ម​លាង​សំអាត​រ៉ែ​មាស។ រូប​ថត​នៅថ្ងៃទី៨ កញ្ញា ២០១៨។ (RFA)

​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson ) ឆ្ងល់​ថា ក្រុមហ៊ុន​នេះ​បាន​ទទួល​ភ្លើង​ខៀវ​ពី​ក្រសួង​រ៉ែ ឬក៏​ធ្វើ​ដោយ​លួចលាក់​? លោក​ថា ប្រសិនបើ​ក្រសួង​រ៉ែ និង​ថាមពល​បើក​ឱ្យ​ក្រុមហ៊ុន​នេះ​ដំណើរការ​ឡើងវិញ​មានន័យថា​ក្រសួង​នេះ​បាន​រួម​ចំណែក​ជាមួយ​ក្រុមហ៊ុន​បន្ត​សកម្មភាព​ដ៏​គ្រោះថ្នាក់ និង​ហានិភ័យ​ខ្ពស់​ដល់​អាយុជីវិត​ពលរដ្ឋ និង​បរិស្ថាន៖ «ប្រសិនបើ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ផ្តល់​ភ្លើង​ខៀវ​ឱ្យ​ក្រុមហ៊ុន​នេះ​មែន រដ្ឋមន្ត្រី​ហ្នឹង​កំពុង​ក្លាយ​ជា​ក្រុម​មួយ​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ដោយសារ​ក្រុមហ៊ុន​នេះ​មាន​ប្រវត្តិ​អាក្រក់​បំផុត ធ្វើ​ឱ្យ​ប៉ះពាល់​ច្រើន និង​ធ្វើ​ឱ្យ​ប្រជាជន​ស្លាប់ ១៧​នាក់»។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លោក សន ជ័យ មាន​មន្ទិល​ថា ការ​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ឡើងវិញ​តើ​មាន​ផល​ចំណេញ​ដល់​ជាតិ​ឬក៏​មាន​ផល​ចំណេញ​ដល់​បុគ្គល​ឯកជន។ លោក​យល់ថា ពលរដ្ឋ​នឹង​កាន់​តែ​​អស់​ជំនឿ​លើ​ប្រមុខ​ដឹកនាំ​រដ្ឋ​ប្រសិនបើ​មិន​មាន​វិធានការ​ណាមួយ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​ប្រសើរ៖ «កុំ​ឱ្យ​ដែនដី​នេះ ជា​ដែនដី​មួយ​ដែល​ខ្វះខាត​ការ​អនុវត្ត​ច្បាប់​ស្មើភាព​គ្នា​។ យើង​ចង់​ឱ្យ​អនុវត្ត​ច្បាប់​មួយ ដើម្បី​ការពារ​ផលប្រយោជន៍​ជា​ចម្បង»។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​និង​មន្ត្រី​សង្គម​ស៊ីវិល រក​ឃើញ​ក្រុមហ៊ុន​ចិន​ឈ្មោះ រ៉ុង ឆេង បាន​ប្រើ​សារធាតុ​ស្យានីដ (Cyanide) ចម្រាញ់​មាស​ធ្វេសប្រហែស​បណ្ដាល​ឱ្យ​កាកសំណល់​ហូរ​ចូល​ទឹកអូរ​ធម្មជាតិ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​បង្ក​ឱ្យ​កម្រិត​​ទឹក​មាន​ជាតិពុល​សម្លាប់​ជីវិត​មនុស្ស​សត្វ។ ពួកគេ​អះអាង​ថា ក្រសួង​រ៉ែ​និង​ថាមពល មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ទាំងនេះ​ឱ្យ​ពលរដ្ឋ​ស្ងប់​អារម្មណ៍​នោះ​ទេ​បែរជា​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ដំណើរការ​ដដែល ហើយ​បើ​ទោះ​ជា​មាន​ភ្លើង​ខៀវ ​ឬ​មិន​មាន​ភ្លើង​ខៀវ ឱ្យ​ក្រុមហ៊ុន​ចិន​នេះ​ដំណើរការ​ឡើងវិញ​ក្តី វា​ជា​ការ​ទទួល​ខុសត្រូវ​របស់​​ក្រសួង​​រ៉ែ និង​​ថាមពល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។