មន្ត្រីសង្គមស៊ីវិល និងសហគមន៍រស់នៅតំបន់ភ្នំលុងនៃឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ ចាត់ទុកការបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសរបស់អាជ្ញាធរខេត្តនេះថា ធ្វើឡើងគ្រាន់តែបង្កប់កិច្ចគ្មានឥទ្ធិពលជាវិជ្ជមានបញ្ឈប់អាជីវកម្មរ៉ែមាសខុសច្បាប់ឲ្យមានប្រសិទ្ធភាពនោះទេ។ ការលើកឡើងបែបនេះ ក្រោយពីក្រសួងរ៉ែ និងអាជ្ញាធរខេត្តព្រះវិហារថ្មីៗ នេះ បានចុះបញ្ឈប់អាជីវកម្មរ៉ែមាសខុសច្បាប់នៅតំបន់ភ្នំលុង ដែលជាកន្លែងសំបូរដោយអាជីវកម្មរ៉ែមាសបែបអនាធិបតេយ្យ។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅតំបន់ភ្នំលុងសង្កេតឃើញថា ការចុះបង្ក្រាបអាជីកម្មរ៉ែមាសរបស់អាជ្ញាធរជាតិ និងអាជ្ញាធរខេត្តព្រះវិហារថា ខ្វះចន្លោះច្រើន និងមិនបានអនុវត្តច្បាប់គ្រប់ជ្រុងជ្រោយនោះទេ។ ពួកគេអះអាងថាអាជីវកម្មរ៉ែមាសនៅតំបន់ភ្នំលុងឈ្មួញភាគច្រើនមានខ្នងបង្អែកអ្នកមានអំណាច និងមន្ត្រីយោធាជាន់ខ្ពស់ក្នុងរបបលោក ហ៊ុន សែន ដែលជាមូលហេតុធ្វើឲ្យអាជ្ញាធរពាក់ព័ន្ធមិនហ៊ានអនុវត្តច្បាប់។
ប្រជាសហគមន៍រស់នៅភូមិត្រពាំងទន្ទឹម ឃុំរម្យទម ស្រុករវៀងលោក ពុយ ឆេង ប្រាប់អាស៊ីសេរីនៅថ្ងៃអាទិត្យ ទី១៧ កុម្ភៈថា អាជ្ញាធរជាតិ និងសមត្ថកិច្ចខេត្តបានបញ្ឈប់អាជីវកម្មរ៉ែមាស២កន្លែងដែលលួចធ្វើខុសច្បាប់ជាង៤ឆ្នាំមកហើយ។
លោកថាមានអាជីវកម្មរ៉ែមាសជាច្រើនកន្លែងទៀត ដែលអាជ្ញាធរជំនាញមើលរំលង និងមិនអនុវត្តច្បាប់ដោយសារឈ្មួញ និងក្រុមហ៊ុនខ្លះបានជួលអ្នកមានអំណាចកាងអាជីវកម្មឲ្យខ្លួន៖ «បើនិយាយទៅមួយជុំវិញតំបន់ភ្នំលុងសុទ្ធតែក្រុមអនាធិបតេយ្យជុំវិញភ្នំតែម្ដង។ កាប់ភ្នំឡើងរលាយអស់ហើយ។ ពេលក្រុមអាជ្ញាធរមកវិញ ទាហានទៅគំរាមក្រុមពលរដ្ឋថា សុទ្ធតែដីរបស់ក្រុមហ៊ុន និងដីជំទាវ មិនឲ្យនរណាចូល ដោយគំរាមនរណាហ៊ានចូលនឹងបាញ់ » ។
បុរសដដែលបន្ថែមថា ភូមិសាស្ត្រភ្នំលុងមានអាជីវកម្មរ៉ែមាសខុសច្បាប់ជាច្រើនក្នុងនោះមានជនជាតិវៀតណាម និងជនជាតិចិនជាថៅកែ។ លោកថា មុនពេលដែលសមត្ថកិច្ចចុះបង្ក្រាប កម្មកររបស់ក្រុមហ៊ុនចិន និងវៀតណាមបានគេចខ្លួន និងជម្លៀសគ្រឿងចក្រចេញអស់។ រហូតមកទល់ពេលនេះក្រុមហ៊ុនខុសច្បាប់ទាំងនោះផ្ដើមដំណើរការអាជីវកម្មឡើងវិញហើយ។ លោកបន្ថែមថា ក្រុមហ៊ុនចិន និងវៀតណាមទាំងនោះមានការដ្ឋានជីករណ្ដៅចម្រាញ់រ៉ែមាសជាច្រើនកន្លែង ហើយពួកគេមានទំនាក់ទំនងយ៉ាងស្និតជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធដែរ៖ «គេចុះមក ដូចជាឲ្យដំណឹងមុនហើយ។ ដូច្នេះការឲ្យដំណឹងមុនគេរត់អស់ សូម្បីទាហានសន្តិសុខក៏អត់ហ៊ាននៅដែរ។ នៅពេលដែលអាជ្ញាធរចុះមកវិញ ទាហានសន្តិសុខចូលមកក្អេងក្អាងឡើងវិញលើសដើមសព្វថ្ងៃនេះ » ។
សេចក្ដីរាយការណ៍ពីសហគមន៍រស់នៅតំបន់ភ្នំលុងឲ្យដឹងថាកាលពីថ្ងៃទី១២ កុម្ភៈ ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរពាក់ព័ន្ធនៅខេត្តព្រះវិហារបានទៅដល់ទីតាំងអាជីវកម្មរ៉ែមាសនៅតំបន់ភ្នំលុង និងបានបញ្ឈប់អាជីវកម្មរ៉ែមាសខុសច្បាប់បាន ២កន្លែង ក្នុងនោះមានមួយកន្លែងជាក្រុមហ៊ុនសាច់ញាតិ លោកហ៊ុន សែន។ លើសពីនេះ អាជ្ញាធរមិនបានឃាត់ខ្លួនម្ចាស់អាជីវកម្មណាម្នាក់ឲ្យទទួលខុសត្រូវដែរ។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលលោក យស មុនីរ៉ាត់ ដើម្បីសុំការបំភ្លឺរឿងនេះតែលោកប្រាប់ថា ទូរស័ព្ទស្ដាប់មិនឮ នៅថ្ងៃទី១៧ កុម្ភៈ។
ចំណែកអភិបាលស្រុករវៀងលោក ហោរ ប៊ុនហួរ ក៏មិនអាចទាក់ទងបានដែរព្រោះទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃដដែលនេះ។
ជំទប់ទី១ នៃឃុំរម្យទម លោក ប្រាក់ ផន បញ្ជាក់យ៉ាងខ្លីថា ថ្មីៗ នេះ អាជ្ញាធរជាតិបាន បិទអាជីវកម្មរ៉ែមាសបាន ៤ទីតាំងផ្សេងគ្នា ដោយរឹបអូសម៉ាស៊ីនចម្រាញ់រ៉ែមាស និងលប់រណ្ដៅរ៉ែមាសមួយចំនួនដែរ។ តែយ៉ាងណាលោកបដិសេធមិនបញ្ជាក់លម្អិតថាមានអាជីវកម្មរ៉ែមាសនៅតំបន់នោះប៉ុន្មានកន្លែងនោះទេ៖ «បង្ក្រាបបាន ៤កន្លែង រឿងទីតាំងច្បាស់លាស់ខ្ញុំអត់ដឹងទេដោយសារគេមកអនុវត្តខ្ញុំអត់បានដឹង។ កន្លែងដែលគេធ្វើសកម្មភាពគេមិនឲ្យចូលដូច្នេះខ្ញុំមិនដឹងថា មានក្រុមហ៊ុនប៉ុន្មានពិតប្រាកដនោះទេ » ។
មន្ត្រីផ្នែកតស៊ូមតិនៃអង្គការពន្លកខ្មែរលោកប៉ិក សោភ័ណសង្កេតឃើញថា សកម្មភាពចុះបង្ក្រាបអាជីវកម្មរ៉ែមាសរបស់អាជ្ញាធរពុំមែនជាការអនុវត្តច្បាប់នោះទេវាជាការអនុវត្តបទបញ្ជារយៈពេលខ្លីគ្មានប្រសិទ្ធភាពនិងគ្មានឥទ្ធិពលបញ្ឈប់អាជីវកម្មរ៉ែមាសខុសច្បាប់បានទាំងស្រុងដែរ។លោកគ្មានជំនឿថាអាជ្ញាធរមូលដ្ឋានអនុវត្តច្បាប់អាជីវកម្មរ៉ែមាសទាំងនោះបានពេញលេញនោះទេពីព្រោះអំពើពុករលួយទាក់ទិនករណីនេះនៅតែជាចំណុចសង្ស័យច្រើនដែលអាជ្ញាធរនិងក្រុមហ៊ុនតែងតែលាក់បាំងព័ត៌មាន និងរឹតត្បិតមិនឲ្យអ្នកខាងក្រៅចេញចូលតំបន់នោះ៖ «ជ្រុលជាធ្វើហើយ គឺធ្វើឲ្យមានតម្លាភាព គឺអនុវត្តច្បាប់ជាគោលការណ៍មក កុំឲ្យអនុវត្តតាមបទបញ្ជា ព្រោះបទបញ្ជាវាមិនមែនជាច្បាប់ទេ។ដូច្នេះសូមធ្វើឲ្យពលរដ្ឋមានទំនុកចិត្ត ឲ្យពលរដ្ឋយល់ថាប្រទេសមួយនេះអនុវត្តច្បាប់ជាធំ កុំឲ្យអនុវត្តសិទ្ធិអំណាចរបស់បុគ្គលជាធំ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះអំពាវនាវឲ្យអាជ្ញាធរជាតិ និងអាជ្ញាធរមូលដ្ឋានអនុវត្តច្បាប់ក្រុមហ៊ុនរ៉ែមាសទាំងអស់ឲ្យមានតម្លាភាពចៀសវៀងអនុវត្តតែបទបញ្ជាម្ដងម្កាលក្រោយមកអាជីវកម្មរ៉ែមាសខុសច្បាប់នៅតែកើតមានឡើងដដែល។
សហគមន៍បន្ថែមថា ពលរដ្ឋរស់នៅតំបន់នោះតែងរងការគំរាមកំហែងពីសំណាក់មន្ត្រីយោធា ដែលកាងអាជីវកម្មឲ្យក្រុមហ៊ុនរ៉ែមាស។ លើសពីនេះ អាជីវកម្មរ៉ែមាសទាំងនោះមិនផ្ដល់ប្រយោជន៍អ្វីដល់ពលរដ្ឋនោះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនប្រើសារធាតុគីមីចម្រាញ់រ៉ែមាសមានជាតិអាស៊ីដចាក់ចូលលើដីនិងក្នុងទឹកអូរធម្មជាតិបំពុលបរិស្ថាន សត្វពាហនៈអ្នកស្រុកហើយកន្លងទៅគោ-ក្របីអ្នកភូមិងាប់ជាបន្តបន្ទាប់ដោយសារពុលទឹកអូរធម្មជាតិ ដែលក្រុមហ៊ុនបង្ហូរកាកសំណល់ចូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។