ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ការ​កាត់​ផ្ទៃ​បឹង​វាល​សំណាប​ជាង ១​ពាន់​ហិកតារ ឱ្យ​ក្រុមហ៊ុន​ឯកជន

0:00 / 0:00

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​មិន​គាំទ្រ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ជុំវិញ​ការ​កាត់​ឆ្វៀល​ដី​បឹង​ធម្មជាតិ​ជាង ១​ពាន់​ហិកតារ ក្នុង​ខេត្ត​កណ្តាល ដើម្បី​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន និង​បុគ្គល​មានអំណាច​នោះ​ទេ។ ពួកគាត់​បារម្ភ​ថា ការ​កាត់​ឆ្វៀល​បឹង ក្រោម​រូបភាព​អភិវឌ្ឍន៍​បែបនេះ នឹង​បង្ក​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ធ្ងន់ធ្ងរ ដូចជា​ទឹកជំនន់ ការ​បំពុល​បរិស្ថាន និង​ការ​ថយ​ទិន្នផល​ត្រី​ជាដើម។

ពលរដ្ឋ​រស់នៅ​ឃុំ​ល្វាឯម ស្រុក​ល្វាឯម ខេត្តកណ្តាល អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​ចំពោះ​ការ កាត់​ឆ្វៀល​ដី​បឹង​វាល​សំណាប ទំហំ​ជាង ១​ពាន់ ២​រយ​ហិកតារ (១.២២៨,៤៨) វិនិយោគ​ឱ្យទៅ​ក្រុមហ៊ុន​ឯកជន​។ ពលរដ្ឋ​បញ្ជាក់​ថា ការសម្រេចចិត្ត​បែបនេះ​មាន​ផលវិបាក​ជាច្រើន ដូចជា បាត់បង់​ប្រភព​ទឹក​សំខាន់ ដែល​អ្នកស្រុក​ទាញ​មក​ស្រោចស្រព​ដំណាំ និង ប៉ះពាល់​ទីកន្លែង​នេសាទ​ត្រី​របស់​ពលរដ្ឋ​ជាដើម។

លោក សិះ សេង គឺ​ជា​ពលរដ្ឋ​នៅ​ឃុំ​ល្វាឯម​ដែល​ធ្លាប់​អាស្រ័យ​ផល​នឹង​បឹង​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ។ លោក​ឱ្យ​ដឹង​ថា លោក​មិន​គាំទ្រ​ទេ​ចំពោះ​ការ​កាត់​ឆ្វៀល និង​លុប​បឹង​ធម្មជាតិ​នេះ ដើម្បី​វិនិយោគ​នោះ​ទេ ព្រោះ​តំបន់​នោះ ជា​ប្រភព​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ដែល​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​អាស្រ័យ​ផល ដូចជា ដាំ​ឈូក នេសាទ​ត្រី និង​ធ្វើ​កសិកម្ម​ជាដើម​។ លោក​ថា នៅ​រយៈពេល ជាង ១​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​អ្នក​មាន​អំណាច បាន​សាងសង់​ទំនប់​ធំៗ ហ៊ុមព័ទ្ធ​បឹង​នេះ​មួយ​ផ្នែក​ធំ ដើម្បី​ត្រៀម​យក​ខ្សាច់​ចាក់​លុប និង​មាន​ផ្នែក​ខ្លះទៀត មាន​ការទិញ​លក់ដូរ​ដី​បឹង ពី​ពលរដ្ឋ​មូលដ្ឋាន​ក្នុង​តម្លៃថោកៗ​។ លោក​បន្ថែម​ថា អ្នកភូមិ​ភាគច្រើន មិន​ទទួល​បាន​ព័ត៌មាន​លម្អិត ពី​គម្រោង វិនិយោគ​ខ្នាត​ធំ​នេះ​ទេ​។ លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ត្រូវ​រក្សា​បឹង​នេះ ឱ្យ​គង់វង្ស ដើម្បី​បម្រើ​វិស័យ​ទេសចរណ៍ ព្រមទាំង​ដើម្បី​ប្រយោជន៍​រួម​របស់​ពលរដ្ឋ និង​បរិស្ថាន៖ «ព្រួយបារម្ភ​ថា អត់​មាន​បឹង​រក ព្រោះ​អី​ប្រជាជន​នៅ​ហ្នឹង រស់នៅ​ដោយសារ​រក​ត្រី ដាក់មង សន្ទូច បង្កៃ អ្នកធ្វើ​ស្រែប្រាំង​នៅ​លើ​ខាងលើ​ទាញ​ទឹក​ពី​បឹង​ហ្នឹង​មក​ដែរ។ គេ​ដាំ​ឈូក ដល់​ពេល​ឥលូវ​ព្រួយបារម្ភ​ដែរ ព្រោះ​អី​ទឹក​អត់​ចូល ពិបាក​គេ​ដាំ​ឈូក​ណាស់ ព្រោះ​គេ​បិទទ្វារ​ទឹក​។ អ្នក​ទិញ​បាត​បឹង សុទ្ធតែ​អ្នកគ្រាន់បើ​។ ឥលូវ​ដី​តំបន់​ហ្នឹង គេ​លក់​ឱ្យ​អ្នកមានៗ។

ពលរដ្ឋ​រូប​នេះ​បន្ថែម​ថា អ្នកភូមិ​រស់នៅ​ជុំវិញ​បឹង​នេះ​ចំនួន​ពីរ​ស្រុក អាច​រក​ចំណូល​បាន​ពី​ការ​ដាំ​ឈូក ជា​ច្រើន​ពាន់​ដុល្លារ ក្នុង​មួយឆ្នាំៗ​។ លោក​បញ្ជាក់​ថា ប្រសិនបើ​ក្រុមហ៊ុន​ចាក់​លុប​បឹង​នេះ ពួកគាត់​នឹង​បាត់បង់​ទីកន្លែង​អាស្រ័យ​ផល ចិញ្ចឹមជីវិត​នៅ​ថ្ងៃ​ខាង​មុខ។

បឹង​វាល​សំណាប​មាន​ទំហំ​សរុប​ជិត ៥​ពាន់​ហិកតារ (៤.៨១៥) ឋិត​ក្នុងស្រុក​ល្វាឯម និង ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល​។ កាលពី​ខែមេសា​ឆ្នាំ ២០២០​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ កាត់​ផ្ទៃ​បឹង​នេះ ទំហំ​ជាង ១ ពាន់ ២​រយ​ហិកតារ (១.២២៨,៤៨) ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ និង​ចុះបញ្ជី​ជូន​រដ្ឋបាល​ខេត្ត​កណ្តាល។

ការ​កាត់​ឆ្វៀល​ដី​បឹង​ធម្មជាតិ​ដ៏​ធំ​មួយ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​សំណើសុំ​ជួល​ដី​នេះ​ពី​សំណាក់​ក្រុមហ៊ុន​របស់ ឧកញ៉ា ឃុន សៀ សេដ្ឋី​អចលនទ្រព្យ​ដែល​កំពុង​ចាក់​ដី​លុប​ទន្លេមេគង្គ​ដ៏​សម្បើម​នៅ​តំបន់​អរិយក្សត្រ។ ក្រុមហ៊ុន​ឧកញ៉ា ឃុន សៀ បាន​ជួល​ដី​ពី​រដ្ឋ​ជាង ២​ពាន់​ហិកតារ​រួច​ទៅ​ហើយ នៅ​ក្នុង​ប្រព័ន្ធ​បឹង​វាល​សំណាប និង​បឹង​ព្រា​ដែល​នៅ​ក្បែរ​នោះ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ឧកញ៉ា ឃុន សៀ អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី ១៣ សីហា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

ប៉ុន្តែ លោក ផៃ ស៊ីផាន ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ស្ថាប័ន​ជំនាញ​មាន​គោលការណ៍​ច្បាស់លាស់​ថា បឹង​ប៉ុន្មាន​ដែល​ត្រូវ​លុប និង​មាន​បឹង​ប៉ុន្មាន​ត្រូវ​រក្សាទុក​សម្រាប់​អភិរក្ស ដែល​មាន​ក្រសួង​ធនធានទឹក និង​ក្រសួង​បរិស្ថាន ជា​អ្នកធ្វើ​កិច្ច​ការងារ​នេះ។

ទោះ​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​ចំពោះ​ការ​កាត​ឆ្វៀល និង​លុប​បឹង​ធម្មជាតិ​នេះ ព្រោះ​ទង្វើ​បែបនេះ នឹង​ធ្វើ​ឱ្យ​បាត់​ចំណូល​ពលរដ្ឋ ដែល​មាន​ជីវភាព​ពឹងផ្អែក​លើ​បឹង​ធម្មជាតិ​នេះ​។ លើស​ពី​នេះ ពលរដ្ឋ​ជាច្រើន​គ្រួសារ នឹង​ប្រឈម​ការ បណ្ដេញ​ចេញ​ពី​លំនៅឋាន​នៅ​ថ្ងៃ​ខាងមុខ ដោយសារ​គម្រោង​វិនិយោគ​នេះ។

មន្ត្រីជាន់ខ្ពស់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ម៉ា ចិត្រា ទទូច​ឱ្យ​រដ្ឋាភិបាល​គួរតែ​ទទួលយក​សំណូមពរ​របស់​ពលរដ្ឋ​មក​ពិចារណា ព្រោះ​បទ​ពិសោធន៍​កន្លង​ទៅ រដ្ឋាភិបាល​លុប​បឹង​ជាច្រើន​នៅ​ក្រុងភ្នំពេញ ធ្វើ​ឱ្យ​ទឹក​លិច​ទីក្រុង នៅ​រដូវវស្សា៖ «រដ្ឋាភិបាល​ត្រូវ​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​មែនទែន ព្រោះ​អី​ការ​អភិវឌ្ឍ​នរណា​ក៏​ចង់​បាន​ដែរ បើ​ការ​អភិវឌ្ឍ​ធ្វើ​ឱ្យ​ពលរដ្ឋ​មូលដ្ឋាន​យំយែក វា​ទៅជា​រឿង​មួយ​ធ្វើ​បាប​អ្នក​នៅ​មូលដ្ឋាន​វិញ​។ តើ​ការ​អភិវឌ្ឍ​ដើម្បី​អ្វី ដើម្បី​នរណា​គេ ?»។

អង្គការ​សមាគម​ធាងត្នោត​រកឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩០ មក ក្នុង​ចំណោម​បឹង​ធម្មជាតិ​ចំនួន ២៦ បឹង​នៅ​រាជធានី​ភ្នំពេញ មាន​បឹង​ចំនួន​១៦ ត្រូវ​បាន​លុប​ទាំងស្រុង និង​មាន​បឹង​ធម្មជាតិ​ចំនួន ១០​ទៀត ត្រូវ​បាន​លុប​ខ្លះៗ រួច​ហើយ​។ ការ​លុប​បឹង​ទាំងនេះ នាំ​មក​នូវ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន។ ពលរដ្ឋ​ជាច្រើន​ត្រូវ​បាន​បណ្តេញ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ ទឹក​លិច​ផ្ទះ​ពលរដ្ឋ​ក្នុង​ក្រុងភ្នំពេញ ហើយ​បណ្តាល​ឱ្យ​ប៉ះពាល់​កន្លែង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​ការពារ​ទឹកជំនន់​នៅ​រាជធានី​ភ្នំពេញ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។