ក្រសួងបរិស្ថាន បានចាប់ផ្ដើមបង្ហាញការសិក្សាស្រាវជ្រាវ និងវាយតម្លៃលើក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីកាត់បន្ថយរយៈពេលវិនិយោគឲ្យក្រុមហ៊ុនចំនួន ៩៩ឆ្នាំ ឲ្យមកនៅមកត្រឹម ៥០ឆ្នាំវិញ។
ការសម្រេចបែបនេះ ក្រោយពីបានពិនិត្យ និងវាយតម្លៃលើក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចជាង ១០០ ដែលត្រូវកាត់បន្ថយរយៈពេលវិនិយោគជាបន្តបន្ទាប់នោះ។ តែទោះជាយ៉ាងណា សង្គមស៊ីវិលដែលធ្វើការការពារធនធានធម្មជាតិ រិះគន់ថា ចំណាត់ការនេះ មិនអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបានទេ។
ក្រសួងបរិស្ថានបានសម្រេចឲ្យក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន៩ ក្នុងខេត្តកំពង់ធំ ដែលបានសិទ្ធិវិនិយោគកន្លងមកពី ៩០ឆ្នាំ ដល់ ៩៩ឆ្នាំនោះ កាត់បន្ថយរយៈពេលវិនិយោគរបស់ខ្លួនមកត្រឹម ៥០ឆ្នាំវិញ។
រហូតមកទល់ពេលនេះ គម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចំនួន ៣៧ ហើយដែលត្រូវបានរដ្ឋាភិបាលសម្រេចកាត់បន្ថយរយៈពេលវិនិយោគមកត្រឹម ៥០ឆ្នាំ។
នាយខុទ្ទកាល័យក្រសួងបរិស្ថាន លោក ស៊្រុន ដារិទ្ធិ មានប្រសាសន៍នៅថ្ងៃទី១៥ ខែកញ្ញា ថា នេះជាគោលការណ៍ថ្មី និងជាឆន្ទៈនយោបាយរបស់រដ្ឋាភិបាលធ្វើឡើងដើម្បីឆ្លើយតប និងស្របទៅនឹងក្រមរដ្ឋប្បវេណី។ លោកថា ដើម្បីគ្រប់គ្រងការវិនិយោគអភិវឌ្ឍន៍សម្បទានសេដ្ឋកិច្ចឲ្យមានប្រសិទ្ធភាព និងដោះស្រាយផលប៉ះពាល់នានានោះ ក្រសួងបានធ្វើការពិនិត្យវាយតម្លៃលើក្រុមហ៊ុនចំនួន ១១៣ ក្រោមការគ្រប់គ្រងរបស់ខ្លួនរួចរាល់។ ក្នុងចំណោមក្រុមហ៊ុន ១១៣នោះ មានរបាយការណ៍ពីក្រុមហ៊ុនចំនួន ១០៩ បានដាក់ឆ្លងអង្គប្រជុំគណៈកម្មាធិការអន្តរក្រសួងដើម្បីពិភាក្សា។
លោកបញ្ជាក់ថា ក្រុមហ៊ុនទាំង ៩ ក្នុងខេត្តកំពង់ធំ ដែលត្រូវកាត់បន្ថយរយៈពេលវិនិយោគមកត្រឹម ៥០ឆ្នាំនោះមានដូចជា ក្រុមហ៊ុន ស៊ី.អរ.ស៊ី.ខេ ២ (CRCK2) ក្រុមហ៊ុន ភាព ហៀក (Pheap Hiek) និងក្រុមហ៊ុនសម្បត្តិ ផ្លាតទីនឹម ជាដើម៖ «មានប្រជុំសម្រេចរួចហើយ រដ្ឋាភិបាលមិនទាន់ចេញលិខិតផ្លូវការ ស.ជ.ណ អ៊ីចឹងខ្ញុំមិនទាន់បានដាក់បញ្ចូលទេក្រុមហ៊ុនមួយចំនួន។ និយាយឲ្យរួមសរុបសេចក្ដីមកគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានទាំងឡាយណាដែលរដ្ឋាភិបាលអនុញ្ញាតឲ្យបន្តអនុវត្តគម្រោងទៀត គឺសុទ្ធតែត្រូវបានកាត់បន្ថយត្រឹម ៥០ឆ្នាំដូចៗគ្នា»។
មន្ត្រីនាយកខុទ្ទកាល័យដដែលបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកញ្ញា មានគម្រោងចំនួន ៤ក្រុមហ៊ុនទៀត ដែលក្រសួងនឹងដាក់ឆ្លងប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីត្រួតពិនិត្យវាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ច។ លោកថា នៅពេលសម្រេចបានលទ្ធផលជាផ្លូវការពីរដ្ឋាភិបាល ក្រសួងនឹងផ្សព្វផ្សាយពីចំនួនក្រុមហ៊ុនជាដំណាក់កាល។
ទោះជាយ៉ាងណា មន្ត្រីសង្គមស៊ីវិលមិនស្វាគមន៍ចំពោះចំណាត់ការនេះទេ។
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាហៅកាត់ជាភាសាអង់គ្លេសថា អេ.អេច្ឆ.អរ.ធី.អេហ្វ (AHRTF) លោក អ៊ូច ឡេង ថ្លែងថា នេះជាវិធីការពារក្រុមហ៊ុនរកស៊ីកាប់ឈើជាចំហ។ លោកថា មន្ត្រីក្រសួងបរិស្ថាន ពុំអាចការពារបរិស្ថាន ការពារធនធានធម្មជាតិបាននោះទេ ដោយថា មន្ត្រីទាំងនោះក៏មានចំណែកក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិដែរ។
លោកចង់ឃើញក្រសួងបរិស្ថាន ផាកពិន័យ ផ្ដន្ទាទោស និងរឹបអូសទ្រព្យសម្បត្តិពីក្រុមហ៊ុនរកស៊ីមិនស្របច្បាប់ទាំងនោះមកបម្រើឲ្យប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល៖ «នេះជាគម្រោងមួយរវើរវាយរបស់ក្រសួងបរិស្ថានទេ ប៉ុន្តែការសង្ឃឹមរបស់សង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋមុតមាំនោះ គឺវាគ្មានទេ ដោយសារតែក្រសួងបរិស្ថាន ក៏ដោយនោះ គឺមិនបានយកចិត្តទុកដាក់ការពារបរិស្ថានល្អប្រសើរទេ ជាពិសេសយើងឃើញថា ព្រៃកាន់តែវិនាសហិនហោចទៅ នៅពេលគាត់កាត់បន្ថយឆ្នាំផ្សេងៗនោះ ដើម្បីជាយន្តការដើម្បីពង្រឹងច្បាប់មួយតូចដើមទាក់ទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។ បើសិនជាក្រសួងបរិស្ថាននៅតែធ្វើអែលៗ ដោយមិនមានលក្ខណៈរឹងមាំឲ្យម៉ត់ចត់នោះ គឺគ្មានសង្ឃឹមថា ក្រសួងបរិស្ថាន នឹងការពារបរិស្ថានបាន នឹងការពារធនធានធម្មជាតិបានតទៅទៀតទេ ពិសេសខាងឧទ្យានជាតិវីរជ័យ ឧទ្យានជាតិឱរ៉ាល់ ជាដើម សត្វធាតុខ្លា ដំរីអីនោះកាន់តែហិនហោចទៅហើយ»។
លោក អ៊ូច ឡេង បានកត់សម្គាល់ថា ក្រសួងបរិស្ថានមិនដែលចេញរបាយការណ៍ពីក្រុមហ៊ុនណាខ្លះដែលកំពុងធ្វើសកម្មភាពខុសច្បាប់ និងបន្តកាប់បំផ្លាញព្រៃឈើនោះទេ តែផ្ទុយទៅវិញបែរជារិះគន់ និងមិនទទួលយករបាយការណ៍ពីសង្គមស៊ីវិលទៅវិញ។
សមាគមអាដហុក (ADHOC) បានរកឃើញថា ក្នុងខេត្តក្រុងចំនួន១៦ មានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដែលធ្វើកិច្ចសន្យាជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរ៉ែ និងថាមពល មានប្រមាណជិត ៣០០ ក្រុមហ៊ុន ដែលអភិវឌ្ឍន៍លើផ្ទៃដីជាង ៥លានហិកតារ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។