មន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ អះអាងថា ដែនជម្រកសត្វព្រៃឡង់ មិនអនុញ្ញាតឱ្យមានអាជីវកម្មឈើ ឬសកម្មភាពណាមួយបំផ្លាញព្រៃឈើនោះទេ។ ការអះអាងបែបនេះគឺ ក្រោយពីសកម្មជនបរិស្ថាន និងសហគមន៍ព្រៃឡង់ ចោទរដ្ឋាភិបាលថា មានចេតនាបណ្ដោយឱ្យមានអាជីវកម្មឈើទ្រង់ទ្រាយធំកើតមាន ក្នុងព្រៃឡង់ គ្មានការទប់ស្កាត់។
សកម្មជនការពារព្រៃឡង់ ចាត់ទុកការលើកឡើង របស់លោក ផៃ ស៊ីផាន ថា គ្រាន់តែល្អមើលប៉ុណ្ណោះ ព្រោះលោកថា ធាតុពិត ព្រៃឡង់ នៅតែទទួលរងការកាប់បំផ្លាញដើមឈើធំៗ ដោយគ្មានការទទួលខុសត្រូវ។ លោកថា សូម្បីតែមន្ត្រីឧទ្យានុរក្ស របស់ក្រសួងបរិស្ថានក៏ទទួលស្គាល់ថា មានការកាប់រំលំឈើខុសច្បាប់ ដែរ ក៏ប៉ុន្តែនៅតែគ្មានវិធានការផ្នែកច្បាប់ណាមួយច្បាស់លាស់ អនុវត្តលើក្រុមហ៊ុនស៊ីងបាយអូថេក និងក្រុមហ៊ុនអង្គរប្លាយវូដនោះទេ។ លោកថា ថ្មីៗនេះ ពលរដ្ឋមួយចំនួន បានបង្ខំចិត្តលក់ដើមច្បោះជ័រទឹក ប្រមាណ ១ពាន់ដើម ឱ្យក្រុមហ៊ុនដោយខុសច្បាប់ បន្ទាប់ពីកម្មករក្រុមហ៊ុនញុះញង់ និងគំរាមកាប់បំផ្លាញដើមច្បោះរបស់ពួកគាត់៖ «សម្រាប់ទីស្ដីការគណៈរដ្ឋមន្ត្រីនិយាយ នៅខាងលើ អ្វីដែលគាត់ទទួលបានព័ត៌មានគាត់ តាមរយៈមន្ត្រីរបស់គាត់ ហើយរឿងរាវជាក់ស្ដែង គឺស៊ីងបាយអូថេក បានរំលោភចូលដែនជម្រកសត្វព្រៃឡង់ ពិតប្រាកដ។ មន្ត្រីឧទ្យានុរក្សខេត្តស្ទឹងត្រែង គាត់បានចុះមើល បន្ទាប់ពីមានព័ត៌មានចុះផ្សាយ ក៏បានឃើញថា មានការរំលោភចូលដែនជម្រកសត្វព្រៃឡង់ដែរ»។
សកម្មជនបរិស្ថាន និងសហគមន៍កាលពីសប្ដាហ៍មុន ចោទប្រកាន់ថា ក្រុមហ៊ុន ស៊ីងបាយអូថេក (Think Biotech Cambodia) និងក្រុមហ៊ុនអង្គរ ប្លាយវូដ (Angkor Plywood) កំពុងធ្វើសកម្មភាពកាប់រំលំឈើមូលធំៗ ក្នុងព្រៃឡង់ និងព្រៃសហគមន៍ប្រាសាទតាខ្មៅ យ៉ាងពេញទំហឹងដោយគ្មានការអនុវត្តច្បាប់ អស់រយៈពេលជិត ១ខែមកហើយ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា ដែនជម្រកសត្វព្រៃឡង់ ត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាព្រៃអភិរក្សកាលពីឆ្នាំ ២០១៦ ឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ហើយប្រសិនបើមានបទល្មើសព្រៃឈើ ក្នុងតំបន់អភិរក្សមួយនេះ គឺមានក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ជាអ្នកដោះស្រាយ និងអនុវត្តច្បាប់។ លោកបញ្ជាក់ថា ព្រៃឡង់មានផែនទីភូមិសាស្ដ្រ និងព្រំដែនច្បាស់លាស់ ដែលត្រូវកំណត់ជាតំបន់អភិរក្ស ហើយប្រសិនបើមានសកម្មភាពកាប់ឈើណាមួយ ក្នុងព្រៃការពារធម្មជាតិមួយនេះ គឺជា ទង្វើល្មើសច្បាប់ ហើយអ្នកពាក់ព័ន្ធ នឹងត្រូវទទួលទោសតាមច្បាប់៖ «យើងមានផែនទីពិតប្រាកដ យើងមានផែនទីភូមិសាស្ត្រពិតប្រាកដ តើព្រៃឡង់ពីជ្រុងណាដល់ជ្រុងណា ចំណុចណាដល់ចំណុចណា ? ដែលត្រូវអភិរក្ស ដែលគ្មានអនុញ្ញាតឱ្យសកម្មភាពណា ធ្វើការបំផ្លាញនៅហ្នឹងទេ។ នេះជាគោលការណ៍ ក៏ប៉ុន្តែបើធ្វើសកម្មភាពបំផ្លាញ ( ព្រៃឈើ ) គឺប្រឆាំងនឹងច្បាប់ហើយអ្នកហ្នឹងត្រូវមានទោស»។
លោក ផៃ ស៊ីផាន ថ្លែងទៀតថា ប្រសិនបើរកឃើញមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ មានជាប់ពាក់ព័ន្ធការអនុញ្ញាតឱ្យមានអាជីវកម្មឈើខុសច្បាប់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នោះគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើជាអ្នកមានភារកិច្ចដោះស្រាយរឿងនេះ៖ «ការប្រព្រឹត្តសកម្មភាពដែលប្រឆាំងនិងការអភិរក្សហ្នឹង នៅក្នុងតំបន់អភិរក្ស នៅមន្ទីរដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ត្រូវតែក្រសួងបរិស្ថានហ្នឹងដែលមានកម្លាំងខ្លួនឯងហ្នឹង ត្រូវធ្វើការគ្រប់គ្រង ប្រឆាំងចាប់ ឬក៏យ៉ាងម៉េចតទៀត។ អាហ្នឹងក្រសួងបរិស្ថាន»។
ទាក់ទងនឹងការលើកឡើងរបស់ លោក ផៃ ស៊ីផាន នេះ សកម្មជនបរិស្ថាន លោក ហេង ស្រស់ យល់ថា សំដីលោក ផៃ ស៊ីផាន គ្រាន់ជាការបកស្រាយផ្អែកតាមឯកសារ និងរបាយការណ៍ភូតភររបស់មន្ត្រីថ្នាក់ក្រោមប៉ុណ្ណោះ តែធាតុពិតព្រៃឡង់កំពុងទទួលរងការកាប់ចោះយកឈើធំៗ យ៉ាងពេញទំហឹង។ លោកថា សកម្មភាពកាប់ឈើ របស់ក្រុមហ៊ុន បានដំណើរការជិត ១ខែទៅហើយ នៅមិនទាន់ឃើញគណៈកម្មការជាតិ និងស្ថាប័នពាក់ព័ន្ធចុះអនុវត្តច្បាប់នៅឡើយទេ។ លោកសង្ស័យថា គណៈកម្មការជាតិ និងស្ថាប័នពាក់ព័ន្ធ អាចឃុបឃិតគ្នា ទទួលប្រយោជន៍ណាមួយពីបទល្មើសនេះ ទើបបានជាមិនហ៊ានអនុវត្តច្បាប់លើក្រុមហ៊ុនទាំងនេះ៖ «ខ្ញុំគិតថា បើរដ្ឋាភិបាលមានគាត់ឆន្ទៈពិតប្រាកដ គាត់នឹងចុះបង្ក្រាបមិនឱ្យមានការកាប់បំផ្លាញព្រៃឈើទេ ក៏ប៉ុន្តែជាក់ស្ដែងមានមន្ត្រីមួយចំនួនជាប់ពាក់ព័ន្ធមន្ត្រីមួយចំនួន ជាប់ពាក់ព័ន្ធអំពើពុករលួយ យកលុយកាក់របស់គេ ដែលគេសូកបំបិទមាត់ មិនឱ្យមានការចាប់ចងលើក្បូនរថយន្តគេហ្នឹងហើយ បានជាមិនមានឃើញ មានការបង្ក្រាប»។
សកម្មជនបរិស្ថាន ដែលទទួលពានរង្វាន់វីរជនការពារព្រៃឈើ លោក អ៊ូច ឡេង ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី៤ ខែធ្នូ ថា រដ្ឋាភិបាលនៅតែបណ្ដោយឱ្យក្រុមហ៊ុន កាប់បំផ្លាញព្រៃឈើខុសច្បាប់យ៉ាងគឃ្លើន ទោះជារកឃើញកំហុសរបស់ក្រុមហ៊ុនទាំងពីរក្ដី។ លោកទាមទារឱ្យម្ចាស់ជំនួយអភិរក្សព្រៃឡង់រួមមាន ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចការអភិវឌ្ឍអន្តរជាតិ (USAID) និង សហភាពអឺរ៉ុប (EU) ធ្វើការងារជាមួយរដ្ឋាភិបាលកម្ពុជាឱ្យច្បាស់លាស់ ជាពិសេសរឿងការអនុវត្តច្បាប់ព្រៃឈើ៖ «ខ្ញុំដឹងថា ម្ចាស់ជំនួយខ្លះក៏អត់ហ៊ាននិយាយដែរ ទោះបីខ្លួនបានដាក់របាយការណ៍ ហើយក្រសួងបានឆ្លើយថា ចេះចុះមិនចាត់វិធានការផ្នែកច្បាប់ ក៏ម្ចាស់ជំនួយគាត់ ធ្វើយ៉ាងម៉េចទៀត ជាតួនាទីរបស់គាត់។ ប៉ុន្តែអ្វីដែលយើងចង់បាន ត្រូវឱ្យមានលក្ខណៈ ហ្មត់ចត់ក្នុងការអនុវត្តច្បាប់ ដូចជា ក្រុមហ៊ុនផ្សេងៗទៀត ឧកញ៉ា សឹង្ហ សំអុល និងគង់ ក្រឹង យើងបានចាត់វិធានការផ្នែកច្បាប់ហើយ យើងធ្វើការតាមដានទៀត។ ចំពោះក្រុមហ៊ុនហ្នឹងយើងរកឃើញ កំហុសដែលម៉េចបានជារដ្ឋាភិបាលមិនចាត់វិធានការ បែរជាបណ្ដោយឱ្យក្រុមហ៊ុនហ្នឹងនៅតែបន្តយ៉ាងគឃ្លើន ក្នុងការកាប់ព្រៃឈើពីព្រៃឡង់ និងព្រៃសហគមន៍នានា ? នេះយើងអាក់អន់ស្រពោនចិត្ត ហើយយើងមិនខកបំណង ជាមួយវិធានការផ្នែកច្បាប់ជាមួយម្ចាស់ជំនួយធំៗ ដូចជា USAID និង សហគមន៍អឺរ៉ុបជាដើម»។
អាស៊ីសេរីមិនទាន់អាចទាក់ទង មន្ត្រីក្រុមហ៊ុន ស៊ីង បាយអូថេក និងក្រុមហ៊ុនអង្គរ ប្លាយវូដ (Angkor Plywood) ដើម្បីបកស្រាយករណី សកម្មជនបរិស្ថានរកឃើញក្រុមហ៊ុនទាំងពីរ កំពុងធ្វើសកម្មភាពកាបឈើខុសច្បាប់។
កាលពីសប្ដាហ៍មុន សកម្មជនបរិស្ថាន និងសហគមន៍ព្រៃឡង់ បានចុះស៊ើបអង្កេតដល់ទីតាំងក្រុមហ៊ុន ប្រទះឃើញឈើមូលធំៗ ត្រូវបានដឹកជញ្ជូនចូលរោងចក្រអារឈើ របស់ក្រុមហ៊ុនស៊ីងបាយ អូថេក និងក្រុមហ៊ុន អង្គរ ប្លាយវូដ ដែលមានកម្មករជាច្រើនក្រុមបានធ្វើសកម្មភាពអារច្រៀកឈើ និងដឹកជញ្ជូនឈើដោយខុសច្បាប់។ ពួកគេបានថតរូបភាព និងវីដេអូ ជាភស្តុតាង ស្នើឱ្យស្ថាប័នពាក់ព័ន្ធចុះអន្តរាគមន៍ តែមកទល់ពេលនេះ នៅតែគ្មានលទ្ធផលនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។