"ការបញ្ឈរជើងមន្ត្រី ៤រូប ដែលឱ្យវៀតណាមយកគ្រឿងចក្រឈូសឆាយព្រៃនៅរតនគិរី មិនគ្រប់ជ្រុងជ្រោយទេ"
2019.04.29
មន្ត្រីសង្គមស៊ីវិលបង្ហាញក្តីបារម្ភ ពីភាពធូររលុង នៃការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម របស់នគរបាលការពារព្រំដែន ខេត្តរតនគិរី ដែលពួកគាត់សង្ស័យថា អាចមានពាក់ព័ន្ធនឹងអំពើពុករលួយ។ ការបារម្ភនេះ ក្រោយពីស្នងការនគរបាលខេត្តនេះ បានសម្រេចបញ្ឈរជើងនគរបាលការពារព្រំដែនគោក ៤រូប ជាបណ្ដោះអាសន្ន និងមិនទាន់អនុញ្ញាតឱ្យជនជាតិវៀតណាម យកគ្រឿងចក្រ ៦គ្រឿង ដែលពួកគេនាំចូលដីខ្មែរខុសច្បាប់ ដើម្បីឈូសឆាយព្រៃ ក្នុងតំបន់ឧទ្យានជាតិវីរជ័យ នៃខេត្តរតនគិរីនោះនៅឡើយ។
មន្ត្រីសង្គមស៊ីវិលយល់ថា ការសម្រេចបញ្ឈរជើងនគរបាល ៤រូប ដែលអនុញ្ញាតឱ្យវៀតណាម ១២ នាក់ ឆ្លងដែនចូលកម្ពុជា និងនាំគ្រឿងចក្រ ៦គ្រឿង មកឈូសឆាយព្រៃហាមឃាត់ ក្នុងស្រុកតាវែង គឺជាវិន័យរដ្ឋបាល ដែលពុំមែនជាការអនុវត្តច្បាប់ព្រហ្មទណ្ឌ ដែលមានចែងក្នុងច្បាប់ស្ដីព្រៃឈើនោះទេ។ ពួកគេសង្កត់ធ្ងន់ថា ប្រសិនបើរកឃើញថា នគរបាលទាំងនោះ ផ្សំគំនិតគ្នា ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ បំផ្លាញធនធានធម្មជាតិ មិនត្រឹមតែដាក់វិន័យរដ្ឋបាលទេ គឺត្រូវតែការដាក់ទោសទណ្ឌតាមច្បាប់ ដើម្បីឱ្យរាងចាល និងព្រមានដល់មន្ត្រីនគរបាលផ្សេងៗទៀត។
មេបញ្ជាការ វារៈការពារព្រំដែនគោកលេខ២០៣ លោក ថេង ចន្ធី បានប្រាប់កាសែតក្នុងស្រុក នៅព្រឹកថ្ងៃទី២៨ ខែមេសាថា នគរបាលថ្នាក់លើពិតជាបានសម្រេចបញ្ឈរជើង នគរបាលទាំង ៤រូបនាក់នោះ ដោយផ្អែកលើបញ្ហាសុខភាព ហើយពួកគេបានឈប់សម្រាកដោយខ្លួនឯង។ លោកថ្លែងបែបនេះ ស្របពេលដែលនគរបាលជាតិ បានបញ្ជូនក្រុមការងារចុះទៅស្រាវជ្រាវសំណុំរឿងនេះកាលពីពេលថ្មីៗនេះ។
មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ឱ្យដឹងនៅថ្ងៃទី២៨ មេសាថា ការអនុវត្តច្បាប់ ការពារព្រំដែនរបស់សមត្ថកិច្ចពាក់ព័ន្ធ នៅមានកម្រិតនៅឡើយ ក្នុងពេលដែលមានជនបរទេសជាង ១២នាក់ ឆ្លងដែនចូលកម្ពុជាខុសច្បាប់ ថែមទាំងប្រព្រឹត្តបទល្មើសទៀតផង។ លោកថា រដ្ឋាភិបាលត្រូវពិនិត្យមើលយន្តការការពារព្រំដែនឡើងវិញ បន្ទាប់ពីមានបាតុភាពនេះ ដើម្បីទប់ស្កាត់ អំពើល្មើសច្បាប់ទាំងឡាយ ឆ្លងដែនចូលទឹកដីកម្ពុជា៖ «ជារឿយៗយើងឃើញហើយ មានការនាំចេញឈើ ឬក៏បទល្មើសផ្សេងៗនៅតាមព្រំដែនច្រើន គួរតែពិនិត្យឱ្យបានច្បាស់លាស់ នៅតាមបណ្ដាព្រំដែនឡើងវិញ។ ប្រសិនជារឿងឃើញថា អ្នកដែលទទួលតួនាទីនៅតាមបណ្ដោយព្រំដែនទាំងអស់ហ្នឹង បានប្រព្រឹត្តអំពើល្មើសច្បាប់ឬក៏ ខុសពីតួនាទីរបស់ខ្លួន គួរតែមានចំណាត់ការជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងកិច្ចការពារព្រំដែនឱ្យកាន់តែល្អប្រសើរ»។
កាលពីថ្ងៃទី១៦ មេសា មន្ត្រីអាវុធហត្ថខេត្តរតនគិរី បានឃាត់ខ្លួនជនជាតិវៀតណាម ១២នាក់ និងគ្រឿងចក្រ ៦គ្រឿង ក្នុងតំបន់ឧទ្យានជាតិវីរជ័យ ក្នុងឃុំតាវែងលើ ស្រុកតាវែង។ រីឯតុលាការខេត្តរតនគិរី សម្រេចឃុំខ្លួនជនជាតិវៀតណាមទាំង ១២នាក់នោះ ក្នុងពន្ធនាគារ ពីបទឆ្លងដែនចូលដីខ្មែរខុសច្បាប់ និងឈូសឆាយព្រៃអភិរក្សក្នុងស្រុកតាវែង ជាប់ព្រំប្រទល់ប្រទេសវៀតណាម។
អធិការស្រុកតាវែង លោក អាំង ភឿក បដិសេធថា លោកមិនបានដឹងរឿងរាវនេះទេ ដោយសារភារកិច្ចការពារព្រំដែន ជាករណីកិច្ចរបស់នគរបាលការពារព្រំដែនជគោក នៃស្នងការខេត្តរតនគិរី។ លោកថា ដីព្រៃក្នុងតំបន់ឧទ្យានជាតិវីរជ័យក្នុងស្រុកតាវែង ឆ្ងាយពីព្រំដែនកម្ពុជា- វៀតណាមជាង ៣០គីឡូម៉ែត្រ ហើយច្រកព្រំដែនទាំងនោះ មានការឈាមល្បាតយ៉ាងម៉ត់ចត់ដោយ នគរបាលការពារព្រំដែនគោក។
អ្នកនាំពាក្យកងរាជអាវុធហត្ថ លោក អេង ហ៊ី ប្រាប់អាស៊ីសេរីថា អាវុធហត្ថកំពុងស៊ើបអង្កេតរឿងនេះដែរ ក្រោយពីទទួលព័ត៌មាននេះ។ លោកបដិសេធបញ្ជាក់លម្អិតពីដំណើរការ នៃការស៊ើបអង្កេតមន្ត្រីអាវុធហត្ថខេត្តរតនគីរីម្នាក់ ដែលសង្ស័យពាក់ព័ន្ធអនុញ្ញាតឱ្យវៀតណាមទាំងនោះឆ្លងដែន នាំគ្រឿងចក្រចូលដីខ្មែរ៖«បាទចាំពេលហើយ នឹងផ្សាយហើយ ឥឡូវមិនទាន់ហើយកំពុងធ្វើការ»។
កាសែតក្នុងស្រុកចុះផ្សាយកាលពីថ្ងៃទី២០ ខែមេសាថា បុគ្គលដែលកាងការពារជនជាតិវៀតណាមទាំងនោះចូលដីខ្មែរបាន គឺជាមន្ត្រីអាវុធហត្ថម្នាក់ នៅខេត្តរតនគិរី ដែលល្បីខាងជួញដូរឈើខុសច្បាប់ ឆ្លងដែនទៅលក់នៅក្រៅប្រទេស និងជាប់ពាក់ព័ន្ធឃុបឃិតឱ្យមានការយកគ្រឿងចក្រ ពីប្រទេសវៀតណាមចូលមកកម្ពុជា។ ទោះយ៉ាងណា អ្នកនាំពាក្យអាវុធហត្ថ លោក អេង ហ៊ី អះអាងថា អាវុធហត្ថនឹងស្រាវជ្រាវរឿងនេះដោយយុត្តិធម៌ និងតម្លាភាព៕