មេ​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ជំរុញ​ឱ្យ​ចិន​ធ្វើការ​ជាមួយ MRC ឱ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​គិតគូរ​ពី​ផល​ខូចខាត​បរិស្ថាន​នៅ​តំបន់​ទន្លេ​មេគង្គ

0:00 / 0:00

មេ​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ជំរុញ​ឱ្យ​ចិន​ធ្វើការ និង​សហការ​ជាមួយ MRC ឱ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​គិតគូរ​ពី​ផល​ខូចខាត​បរិស្ថាន​នៅ​តំបន់​ទន្លេ​មេគង្គ ដែល​កំពុង​តែ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​រាប់​លាន​នាក់។ ការ​ជំរុញ​នេះ ធ្វើឡើង​នៅ​ក្នុង​អត្ថបទ​មួយ​របស់​លោក ចុះ​ផ្សាយ​នៅ​លើ​ ទំព័រ​វ៉ឹបសៃថ៍​សារព័ត៌មាន​ជប៉ុន Nikkei Asia កាលពី​ថ្ងៃទី១២ ខែកក្កដា

នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ បណ្ឌិត អាន ពេជ្រហត្ថដា លើក​ឡើង​ថា យើង​ជំរុញ​ឱ្យ​ចិន​ពិគ្រោះ​យោបល់​ឱ្យ​បាន​ពេញលេញ​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ ជាពិសេស ទាក់ទង​នឹង​ការចែក​រំលែក​ទិន្នន័យ និង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ទន្លេ​មេគង្គ។ លោក​គូស​បញ្ជាក់​ថា យើង​បាន​ឃើញ​មាន​នូវ​ជំហាន​ដ៏​ធំ​មួយ​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​ជាមួយ​នឹង​គណៈកម្មការ​ទន្លេ​មេគង្គ ដែល​កាល​ពី​ខែ​តុលា ឆ្នាំ​ទៅ​ម៉ិញ ក្រុង​ប៉េកាំង (Beijing) បាន​យល់ព្រម​ចែក​រំលែក​ព័ត៌មាន​ទឹក​រយៈពេល​ពេញ​មួយ​ឆ្នាំ​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ ក្រោយពី​ប្រទេស​នេះ​បាន​កម្រិត​ការ​ចែកចាយ​ព័ត៌មាន​នេះ​តែ​ក្នុង​រដូវវស្សា​អស់​រយៈពេល ១៨​ឆ្នាំ​មក​ហើយ។ លោក​ថា នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ចិន​ត្រូវ​ធ្វើ។

គ្រោះ​រាំង​ស្ងួត​កាល​ពី​ឆ្នាំ២០១៩ និង​ឆ្នាំ២០២០ បាន​បណ្ដាល​ឱ្យ​ទឹក​ទន្លេ​មេគង្គ​ស្រក​ចុះ​ក្នុង​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក។ គណៈកម្មការ​ទន្លេ​មេគង្គ​ព្យាករណ៍​ថា គ្រោះ​រាំង​ស្ងួត និង​ទឹក​ជំនន់​កាន់តែ​អាក្រក់​នឹង​បន្ត​កើតមាន​នៅ​តំបន់​ទន្លេ​មេគង្គ​កាន់តែ​ញឹកញាប់​ថែម​ទៀត​នា​ពេល​អនាគត។

បណ្ឌិត អាន ពេជ្រហត្ថដា ពន្យល់​ថា តំបន់​ទន្លេ​មេគង្គ​កំពុង​ជួបប្រទះ​នូវ​បញ្ហា​គំរាមកំហែង​ជាច្រើន រួមផ្សំ​ទាំង​វិបត្តិ​ជំងឺកូវីដ១៩ ដែល​កំពុង​បង្កើត​ឱ្យ​មាន​នូវ​ភាព​លំបាកលំបិន​ផ្នែក​សេដ្ឋកិច្ច និង​ការខូចខាត​ផ្នែក​បរិស្ថាន​កាន់តែ​អាក្រក់​ជាង​មុន​មិនធ្លាប់​មាន​ពី​មុន​មក។ ក្រៅ​ពី​នេះ ក៏​នៅ​មាន​ការ​ហូរ​ច្រោះ​ដាច់​ដី​នៅ​តាម​ច្រាំងទន្លេ ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី​នៅ​តំបន់​ដីសណ្ដ​ទន្លេ​មេគង្គ ដោយសារ​តែ​ការ​កើន​ឡើង​បរិមាណ​ប្រើប្រាស់​ទឹក និង​ការ​ប្រែប្រួល​អាកាសធាតុ។ លោក​ពន្យល់​បន្ថែម​ថា ទន្លេ​មេគង្គ​ក៏​បាន​ប្រែប្រួល​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ​ដោយសារ​តែ​ការប្រែប្រួល​ជលសាស្ត្រ​បង្ក​ឡើង​ដោយ​ការសាងសង់​ទំនប់​វារី​អគ្គិសនី​ជាច្រើន​នៅ​លើ​ដង​ទន្លេ​មេគង្គ ដែល​ការណ៍​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេ​មេគង្គ និង​ធ្វើ​ឱ្យ​អាយុជីវិត និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​តំបន់​នេះ ត្រូវ​ប្រឈម​នឹង​ហានិភ័យ។

បណ្ឌិត អាន ពេជ្រហត្ថដា ព្រមាន​ថា បញ្ហា​ប្រឈម​អស់​ទាំង​នេះ គឺ​ជា​ការដាស់តឿន​ស្មារតី​ដែល​ប្រទេស​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​ទាំងអស់​មិន​ត្រូវ​មិន​អើពើ​ឡើយ។ លោក​ថា ការ​ការពារ​ទន្លេ​មេគង្គ​ទាំង​នៅ​ខ្សែទឹក​ខាងលើ និង​នៅ​ខ្សែទឹក​ខាងក្រោម គឺ​ជា​ការ​ទទួល​ខុសត្រូវ​រួម​គ្នា ដើម្បី​បញ្ឈប់​ការខូចខាត​បរិស្ថាន​នៅ​តំបន់​នេះ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។