លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក​មិន​ពាក់ព័ន្ធ​រឿង​ដោះដូរ​ដី​នៅ​តំបន់​ភ្នំ​តាម៉ៅ​ទេ

0:00 / 0:00

លោក ហ៊ុន ម៉ាណែត កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក​មិន​បាន​នៅ​ពីក្រោយ​ខ្នង​គម្រោង​វិនិយោគ​នៅ​តំបន់​ភ្នំ​តាម៉ៅ​ឱ្យ​ទៅ​ក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា កន្លង​មក​នោះ​ទេ។ ទន្ទឹម​នឹង​នេះ លោក​ចាត់​ទុក​អ្នក​ដែល​ចោទ​លោក គឺ​ជា​រឿង​ប្រឌិត និង​មួល​បង្កាច់ ដើម្បី​កេង​ចំណេញ​ផល​ប្រយោជន៍​នយោបាយ។

ប្រតិកម្ម​នេះ​កើត​ឡើង​ក្រោយ​ពេល ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិដសុន ថា លោក ហ៊ុន ម៉ាណែត អាច​នៅ​ពី​ក្រោយ​ខ្នង​នៃ​គម្រោង​អភិវឌ្ឍន៍​តំបន់​ភ្នំ​តាម៉ៅ។ លោក អាឡិច អះអាង​ថា លោក​មាន​ប្រភព​ច្បាស់លាស់ ហើយ​លោក​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ត្រឹមត្រូវ និង​តម្លាភាព ដើម្បី​បង្ហាញ​ការ​ពិត និង​បញ្ចៀស​មតិ​រិះគន់​ពី​ពលរដ្ឋ​ខ្មែរ។

លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​វីដេអូ​នៅ​លើ​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី១៩ ខែសីហា ដោយ​លើក​ឡើង​ថា ម្ចាស់​ក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា គឺ​ជា​ក្រុម​ការងារ​យុវជន​របស់​លោក ដែល​តែងតែ​ចូលរួម​ជួយ​សង្គម និង​យុវជន​ជា​ច្រើន។ ប៉ុន្តែ​លោក​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក អាឡិច ថា រូប​លោក​ជាប់​ពាក់ព័ន្ធ​ករណី​រត់​ការ​ដោះដូរ​ដី​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នេះ ដើម្បី​អភិវឌ្ឍ​នៅ​តំបន់​ភ្នំ​តាម៉ៅ​កន្លង​មក ពីព្រោះ​គ្មាន​ភស្តុតាង ដែល​លោក​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក ហ៊ុន ម៉ាណែត បាន​ចោទ​ប្រកាន់​ទៅ​លោក អាឡិច ថា មាន​គំនិត​ទុច្ចរិត ដើម្បី​ប្រឌិត​រឿង​កេង​ចំណេញ​ប្រយោជន៍​នយោបាយ៖ «រិះគន់​ដើម្បី​ស្ថាបនា គឺ​ផ្អែក​លើ​យោបល់ លើ​ភស្តុតាង​មួយ​ចំនួន ដើម្បី​ចង់​កែ​លម្អ ប៉ុន្តែ​ប្រឌិត​បញ្ហា ដើម្បី​វាយ​ប្រហារ​គេ​ក្នុង​បំណង​អំពើ​ទុច្ចរិត គឺ​ធ្វើ​ឡើង ដោយ​គ្មាន​ភស្តុតាង តែ​ដឹង​ហើយ​ធ្វើ​ភ្លើ ដើម្បី​វាយ​ប្រហារ​កេង​ចំណេញ​នយោបាយ កេង​ចំណេញ​ផល​អ្វី​មួយ។ អ៊ីចឹង​ដែរ ការ​ចោទ​ខ្ញុំ ( រឿង​ភ្នំ​តាម៉ៅ ) ដោយសារ​លោក ឡេង ណាវ៉ាត់ត្រ ជា​យុវជន​របស់​ខ្ញុំ ជា​យុវជន​របស់​ខ្ញុំ សូម​ឈប់​ទៅ»។

ប្រតិកម្ម​ដ៏​កម្រ​របស់​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើ​ឡើង គឺ​បន្ទាប់​ពី​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី១៦ ខែសីហា បាន​ស្រង់​សម្ដី​សំខាន់ៗ របស់​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិដសុន លើក​ឡើង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក ហ៊ុន ម៉ាណែត នៅ​ពីក្រោយ​ខ្នង​នៃ​គម្រោង​អភិវឌ្ឍន៍​តំបន់​ភ្នំ​តាម៉ៅ។

ឆ្លើយ​តប​រឿង​នេះ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិដសុន (Alejandro Gonzales Davidson) ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ល្ងាច​ថ្ងៃ​ទី១៩ ខែសីហា​ថា មូលហេតុ​ដែល​លោក​រិះគន់​លោក ហ៊ុន ម៉ាណែត នៅ​ពី​ក្រោយ​ខ្នង​នៃ​គម្រោង​អភិវឌ្ឍន៍​តំបន់​ភ្នំ​តាម៉ៅ​របស់​ក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា ដោយ​លោក​ផ្អែក​តាម​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ខ្មែរ ជា​ពិសេស ប្រភព​ច្បាស់លាស់​ពី​មន្ត្រី​រដ្ឋាភិបាល ដែល​ធ្លាប់​បញ្ចេញ​ព័ត៌មាន​រឿង​លួច​បូម​ខ្សាច់​លក់​នៅ​ខេត្តកោះកុង​កន្លង​មក។

លោក អាឡិច ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ថា ក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា គឺ​ជា​ខែល ឬ​ល្បិចកល​របស់​គ្រួសារ​ត្រកូល​ហ៊ុន ដើម្បី​រកស៊ី​ទុច្ចរិត ដូចជា ការ​លាង​លុយ​កង្វក់​ជា​ដើម។ លោក​ថា ប្រតិកម្ម​ពេល​នេះ​បង្ហាញ​កាន់​តែ​ច្បាស់​ថា លោក ហ៊ុន ម៉ាណែត គឺ​នៅ​ពី​ក្រោយ​ខ្នង​រឿង​នេះ ប៉ុន្តែ​លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​លើក​ឡើង​នោះ លោក​ពុំ​បាន​ចាត់​ទុក​លោក ហ៊ុន ម៉ាណែត ជា​សត្រូវ​នោះ​ទេ។ ដូច្នេះ លោក​ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​លើក​បម្រាម​ដោយ​អនុញ្ញាត​ឱ្យ​លោក​ចូល​កម្ពុជា​វិញ ដើម្បី​ជជែក​អំពី​បញ្ហា​បរិស្ថាន និង​ធនធាន​ធម្មជាតិ៖ «នេះ​ជា​ព័ត៌មាន ដែល​ខ្ញុំ​ទទួល​ច្បាស់ ហើយ​បើ​សួរ​ខ្ញុំ​ថា តើ​បុគ្គល​នរណា​ប្រាប់ អា​ហ្នឹង​ខ្ញុំ​មិន​អាច​និយាយ​ប្រាប់​បាន​ទេ បើ​និយាយ​គឺ​គ្រោះថ្នាក់​ដល់​ប្រភព។ អ៊ីចឹង​គេ​លែង​និយាយ​ជាមួយ​យើង សូម​បញ្ជាក់​មិន​មែន​តែ​ពេល​នេះ តាំង​ពី​សម័យ​បូម​ខ្សាច់​យក​ទៅ​សិង្ហបុរី គេ​ប្រាប់​យើង​ច្បាស់ៗ រឿង​ហ្នឹង​ដែរ ហើយ​អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​កន្លែង​សុវត្ថិភាព ខ្ញុំ​ហ៊ាន​និយាយ​អត់​មាន​បញ្ហា​ទេ ប៉ុន្តែ ប្រជាពលរដ្ឋ​ខ្មែរ​ណា​ក្នុង​ស្រុក​ហ៊ាន​និយាយ​ចំៗ រឿង​រកស៊ី​កខ្វក់​របស់​ត្រកូល ហ៊ុន គេ​ចាប់។ អ៊ីចឹង​បាន​គេ​មិន​និយាយ​ជា​សាធារណៈ»។

ចំណែក​អ្នក​វិភាគ​នយោបាយ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ហ្វាង់ឡង់ លោក គឹម សុខ ថ្លែង​ថា លោក ហ៊ុន ម៉ាណែត មិន​ត្រូវ​បន្ទោស​អ្នក​បញ្ចេញ​មតិ ដែល​បារម្ភ​ពី​ការ​បាត់បង់​ព្រៃ​ឈើ​បែប​នេះ​ទេ ហើយ​ការ​បកស្រាយ​នេះ​វិញ ក៏​ពុំ​អាច​លាង​ជម្រះ​ចម្ងល់​របស់​មហាជន​បាន​ឡើយ។ លោក គឹម សុខ ថា ដើម្បី​បញ្ជាក់​ថា ហេតុផល​របស់​សាធារណជន​ពិត ឬ​មិន​ពិត អាជ្ញាធរ​ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំង​អស់​ថា តើ​លោក ហ៊ុន ម៉ាណែត នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​កាប់​បំផ្លាញ​ព្រៃ​អភិរក្ស​នៅ​តំបន់​ភ្នំ​តាម៉ៅ ជាមួយ​ក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា ឬ​យ៉ាង​ណា៖ «ដើម្បី​ជម្រះ​ថា គាត់​ពាក់ព័ន្ធ​ក៏​អត់​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​ច្បាស់លាស់​មួយ ដោយ​មិន​ត្រូវ​បន្ទោស​អ្នក​ដែល​បញ្ចេញ​យោបល់​សម្ដែង​ការ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃ​ឈើ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​នោះ​ទេ។ ហើយ​ការ​ស៊ើប​អង្កេត​មិន​ពិបាក​ទេ ដោយ​ផ្ដើម​ចេញ​ពី​ក្រុមហ៊ុន​ឈូស​ឆាយ​ដី និង​ការ​ពាក់ព័ន្ធ​នានា ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ដែល​អនុញ្ញាត ជា​ពិសេស លោក ហ៊ុន សែន ខ្លួន​ឯង​បាន​សារភាព​រួច​ហើយ»។

រីឯ​អតីត​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន ថ្លែង​ថា លោក​មិន​ចំឡែក​នោះ​ទេ ការណ៍​ដែល​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន ចេញ​មុខ​ច្រាន​ចោល​មតិរិះគន់ និង​ចោទ​ប្រកាន់​របស់​អ្នក​ការពារ​បរិស្ថាន និង​មហាជន​នោះ។ ប៉ុន្តែ​លោក​ថា ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឧកញ៉ា ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន ម៉ាណែត ទទួល​បាន​ការ​ឈូស​ឆាយ​ព្រៃ​នៅ​តំបន់​ភ្នំ​តាម៉ៅ​អស់​រាប់​រយ​ហិកតារ ដោយ​រលូន​កន្លង​មក អាច​ជាប់​ពាក់ព័ន្ធ​ផល​ប្រយោជន៍​ជាមួយ​គ្រួសារ​ត្រកូល ហ៊ុន ផង និង​ជា​ថ្នូរ​ឱ្យ​ឧកញ៉ា​ជួយ​ទ្រទ្រង់​សកម្មភាព​នយោបាយ​របស់​បក្ស​កាន់​អំណាច ខណៈ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន កន្លងមក ជាប់​ឈ្មោះ​អាស្រូវ​រឿង​កិបកេង​ទ្រព្យ​សម្បត្តិ​ជាតិ រំលោភ​សិទ្ធិមនុស្ស​ដោយ​ឃុបឃិត​ជាមួយ​ឧកញ៉ា​លាង​លុយ​កខ្វក់ រំលោភ​យក​ដី​ស្រែ​ពលរដ្ឋ​ជា​ដើម ដូច្នេះ​លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ត្រូវ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​តម្លាភាព​ក្នុង​រឿង​នេះ។

កាល​ពី​ថ្ងៃ​ទី៧ ខែសីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រក្សា​ទុក​ដី​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ ដោយ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ឈូស​ឆាយ និង​ដាំ​ដើម​ឈើ​នៅ​តំបន់​នោះ​ឡើង​វិញ ក្រោយ​មាន​ប្រតិកម្ម​ពី​មហាជន​ពី​គ្រប់​មជ្ឈដ្ឋាន។ កន្លង​មក​សកម្មជន​ការពារ​បរិស្ថាន ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ដើម្បី​វែក​មុខមន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន ដែល​ទាក់ទិន​ករណី​ឈូស​ឆាយ​ព្រៃ​អភិរក្ស​តំបន់​ភ្នំ​តាម៉ៅ​អស់​ប្រមាណ ៦០០ហិកតារ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ភាគ​ច្រើន​ឧកញ៉ា ឬ​ជំនួញ​រកស៊ី​ធំៗ នៅ​កម្ពុជា​តែង​ជួយ​ឧបត្ថម្ភ​លុយ​ដល់​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច​ជា​បន្ត​បន្ទាប់។ ក្នុង​នោះ​ពួក​គេ​ខ្លះ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​នៅ​ក្នុង​សង្គម ដូចជា ច្បាម​យក​ដីធ្លី​ពី​ពលរដ្ឋ​ក្រីក្រ កាប់​បំផ្លាញ​ព្រៃឈើ បូម​ខ្សាច់ បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ជួញ​គ្រឿងញៀន និង​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្លូវ​ភេទ​ជា​ដើម។ លើស​ពី​នេះ ឧកញ៉ា​ខ្លះ​ទៀត មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋ​អាមេរិក ឬ​ក្នុង​បញ្ជី​ខ្មៅ​នៃ​អង្គការ​អន្តរជាតិ ដូចជា លោក ទ្រី ភាព លោក លី យ៉ុងផាត់ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។