លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលដីឧទ្យានជាតិគីរីរម្យជាង២រយហិកតារ (២២១.៩៤) ឱ្យទៅក្រុមហ៊ុនឯកជនមួយដែលមានមុខជំនួញស្និតនឹងគ្រួសារលោក។ មន្ត្រីសង្គមស៊ីវិលអំពាវនាវដល់រដ្ឋាភិបាលលុបចោលអនុក្រឹត្យនោះ ដើម្បីការពារធនធានធម្មជាតិនៅក្នុងការពារឱ្យបានគង់វង្សទុកសម្រាប់បម្រើផលប្រយោជន៍សាធារណៈ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅបានចុះហត្ថលេខាកាត់ឆ្វៀលដីទំហំជាង២រយហិកតារចេញពី ឧទ្យានជាតិព្រះសុរាម្រិត ឬហៅថា ឧទ្យានជាតិគីរីរម្យ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីប្រគល់ដីនោះឱ្យទៅក្រុមហ៊ុន វ៉នម៉រ លីមីតធីត (ONE MORE Ltd.) ដើម្បីបន្តរៀបចំបំពេញបែបបទនីតិវិធីជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។
ខ្លឹមសារលិខិតដដែលពុំបានបញ្ជាក់លម្អិតអំពីមូលហេតុនៃការកាត់ដីឧទ្យានជាតិជាង២រយហិកតារនោះទេ ហើយតើក្រុមហ៊ុនយកដីនោះទៅធ្វើអ្វីដែរ។ ទោះយ៉ាងណាគេស្គាល់ថាអ្នកស្រី ជឹង សុគន្ធាវី ដែលជាកូនស្រីបង្កើតរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ និងជាដៃគូជំនួញជាមួយគ្រួសារត្រកូលហ៊ុន នេះ គឺជាអគ្គនាយកាក្រុមហ៊ុន វ៉នម៉រ លីមីតធីត ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនេះ មានក្រុមហ៊ុន អិនវីស៊ី ខុបភើរេសិន (NVC Cooperation) ផលិតទឹកវីតាល់ ក្រុមហ៊ុនផលិតមីជាតិ ភោជនីយដ្ឋាន និងសហគ្រាសឱសថកម្ពុជាដែលកូនស្រីបង្កើតលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា ធ្លាប់ជានាយិកាក្រុមហ៊ុនអិនវីស៊ីនោះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣១ ខែធ្នូ។ ចំណែកអគ្គនាយិកាក្រុមហ៊ុន វ៉នម៉រ លីមីតធីត អ្នកស្រី ជឹង សុគន្ធាវី វិញ វិទ្យុអាស៊ីសេរីក៏មិនអាចទាក់ទងសុំការបញ្ជាក់បានដែរ។
រីឯអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បដិសេធមិនបកស្រាយចំពោះការសម្រេចរបស់រដ្ឋាភិបាលកាត់ដីតំបន់ឧទ្យានជាតិគីរីរម្យឱ្យក្រុមហ៊ុនវ៉នម៉រ ដោយសារអាជ្ញាធរខេត្តមិនទាន់ទទួលបានឯកសារពីថ្នាក់លើនៅឡើយ។ ទោះបីយ៉ាងណាលោកមិនគាំទ្រក្រុមហ៊ុនណាមានចេតនាទុច្ចរិតចូលបំផ្លាញព្រៃឈើ និងសត្វព្រៃបម្រើដល់វិស័យទេសចរណ៍បែបធម្មជាតិនោះទេ។
លោក វ៉ី សំណាង៖ «ការកាត់ឆ្វៀលហ្នឹងយើងមានគណៈកម្មការរបស់យើងស្រាប់ឱ្យតែមានឯកសារហ្នឹង យើងឱ្យគាត់ទៅមើលហើយ ប៉ុន្តែរបាយការណ៍ត្រឡប់ តើវាមានផលប៉ះពាល់យ៉ាងមិច ដោះស្រាយមិចហ្នឹងអត់ទាន់មកដល់ខ្ញុំ។ ខ្ញុំសុំពេលបន្តិចចាំមើលសប្តាហ៍ក្រោយចាំទាក់ទងមកម្តងទៀត»។
សង្គមស៊ីវិលមើលឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះរដ្ឋាភិបាលហាក់ពេញចិត្តនឹងការពុះច្រៀកតំបន់អភិរក្ស ឬតំបន់ឧទ្យានជាតិដែលទុកជាសម្បត្តិសាធារណៈរបស់រដ្ឋដោយអនុបយោគទៅជាសម្បត្តិឯកជនរបស់រដ្ឋជាបន្តបន្ទាប់ ក្រោមហេតុផលការវិនិយោគ និងការអភិវឌ្ឍជាដើម។ ប៉ុន្តែសង្គមស៊ីវិលមើលថា ការកាត់ឆ្វៀលដីទៅឱ្យឈ្មួញធ្វើឱ្យប៉ះពាល់តំបន់ការពារ និងខ្វះតម្លាភាព។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ និងជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា តំបន់ឧទ្យានជាតិគីរីរម្យទាំងមួលគួរតែអភិរក្សឱ្យបានល្អដោយមិនត្រូវបើកឱ្យឈ្មួញមានលុយ ឬអ្នកមានអំណាចវិនិយោគបំផ្លាញធនធានធម្មជាតិ និងការអាស្រ័យផលរបស់ពលរដ្ឋក្នុងតំបន់នោះឡើយ ខណៈពលរដ្ឋក្រីក្រខ្វះខាតដីសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត។ លោកស្នើដល់រដ្ឋាភិបាលពិចារណាឡើងវិញ ហើយគួររកតំបន់ផ្សេងទៀតដែលមិនប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានធនធានធកម្មជាតិមកជំនួសវិញ។
លោក ស៊ឹង សែនករុណា៖ «មែនទែនទៅកាតព្វកិច្ចរបស់រដ្ឋាភិបាលថែរក្សាការពារលើតំបន់ទាំងអស់ហ្នឹងមិនគួរណាទៅយកតំបន់ដែលជាឧទ្យានជាតិ ជាប្រយោជន៍រួមរបស់សង្គមជាតិសម្រាប់ក្មេងជំនាន់ក្រោយយកទៅឱ្យបុគ្គលឯកជន ឬក្រុមហ៊ុនអ្នកមានអំណាចនោះទេ ដោយធ្វើយ៉ាងណាគួរបញ្ឈប់សកម្មភាពទាំងអស់ហ្នឹង ហើយរកវិធីថែរក្សាការពារទៅវិញ ខ្ញុំគិតថាវាល្អប្រសើរបាទ»។
ស្រដៀងគ្នានេះ មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិ គម្រោងអ្នកការពារព្រៃឈើ នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក សាន់ ម៉ាឡា លើកឡើងថា រដ្ឋាភិបាលមិនគួរកាត់ដីជាង២រយហិកតារឱ្យក្រុមហ៊ុនឯកជនបែបនេះទេ ពីព្រោះឧទ្យាជាតិគីរីរម្យដាក់ជាតំបន់ការពារដោយអតីតព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ហើយកន្លែងនោះមានបរិស្ថានធម្មជាតិស្រស់បំព្រងទាក់ទាញភ្ញៀវទេសចរសម្រាប់សម្រាកលំហែកាយបែបធម្មជាតិ ជាពិសេសវាផ្តល់ប្រយោជន៍ដល់ពលរដ្ឋដែលប្រកបរបរ ឬអាស្រ័យផលនៅទីនោះទៀតផង។ លោកមើលឃើញថា មូលហេតុឱ្យនាំឧទ្យានជាតិនេះបាត់បង់លក្ខណៈដើមរហូតពេលនេះ ដោយសារអាជ្ញាធរមិនបានយកចិត្តទុកដាក់ការពារឱ្យបានត្រឹមត្រូវ។ លោកបន្តថា រដ្ឋាភិបាលហាក់ឱ្យតម្លៃការអភិវឌ្ឍណាដែលបំផ្លាញធនធានធម្មជាតិជាជាងការអភិរក្ស ឬកែច្នៃទៅជាតំបន់អេកូទេទេសចរណ៍សម្រាប់មនុស្សជំនាន់ក្រោយ។
លោក សាន់ ម៉ាឡា៖ «ខ្ញុំស្នើរដ្ឋាភិបាលត្រូវតែពិចារណាឡើងវិញ ដកសិទ្ធិពីក្រុមហ៊ុនឯកជន ដើម្បីយកមកឱ្យរដ្ឋគ្រប់គ្រង ការពារ ថែរក្សាឧទ្យានជាតិមួយនេះ ហើយជាពិសេសបើព្រៃស្រល់នៅតំបន់នោះត្រូវបានក្រុមហ៊ុនឯកជនចាប់ផ្តើមធ្វើការឈូសឆាយបំផ្លិចបំផ្លាញនោះមហាជននឹងចាប់ផ្តើមខឹងសម្បារមិនសប្បាយ ហើយផ្ទុះការតវ៉ាទ្រង់ទ្រាយធំនៅលើបណ្ដាញសង្គមដូចអ្វីដែលបានកើតឡើងនៅភ្នំតាម៉ៅជាក់ជាមិនខាន»។
កាលពីឆ្នាំ១៩៩៣ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គបានកំណត់តំបន់គីរីរម្យដែលមានផ្ទៃដីជាង ៣៥.០០០ហិកតារ ជាតំបន់ឧទ្យានជាតិ ដើម្បីថែរក្សាធនធានធម្មជាតិ និងបម្រើឲ្យវិស័យទេសចរណ៍ ដោយមិនឲ្យខូចខាតដល់បរិស្ថានឡើយ។ ភ្នំគីរីរម្យស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នេះ ត្រូវបានសម្ពោធដាក់ទៅជាឧទ្យានជាតិព្រះសុរាម្រិត កុសមៈ កាលពីខែមិថុនា ឆ្នាំ១៩៩៥ ដើម្បីរក្សាទុកជាតំបន់អភិរក្ស។
ប៉ុន្តែកាលពីឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ឆ្វៀល ទីតាំងឧទ្យានជាតិមួយផ្នែកធំ ជួលឲ្យក្រុមហ៊ុនឯកជនយ៉ាងហោចណាស់ចំនួន២ វិនិយោគរយៈពេលយូរឆ្នាំ ដែលពុះច្រៀកជាកង់ៗ។ ក្នុងនោះមានក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ គង់ និងក្រុមហ៊ុន អេស៊ាធូអេស៊ា (Asia To Asia) របស់ជប៉ុន។
ឧទ្យានជាតិគីរីរម្យ គឺជាតំបន់ខ្ពង់រាបប្រជុំភ្នំតូចធំជាច្រើនគ្របដណ្ដប់ដោយដើមស្រល់ និងព្រៃធម្មជាតិជាច្រើនប្រភេទ ដុះរាលតាមជើងភ្នំស្រស់ស្អាត និងមានសត្វព្រៃជាច្រើនប្រភេទរស់នៅ។ តំបន់នោះ មានជ្រោះ និងអូរធម្មជាតិទឹកធ្លាក់ តាមចន្លោះភ្នំនីមួយៗ ផ្តល់អំណោយផលគាប់ប្រសើរលើវិស័យទេសចរណ៍ធម្មជាតិ។
មន្ត្រីសង្គមស៊ីវិលបារម្ភថាបើរដ្ឋាភិបាលមិនលុបចោលការកាត់ដីឱ្យក្រុមហ៊ុនឯកជនក្នុងទំហំរាប់រយហិកតារនេះ នឹងបង្កផលប៉ះពាល់ដល់សង្គម និងសម្បត្តិធម្មជាតិ សត្វព្រៃ ជម្រកសត្វព្រៃ ការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ ព្រោះព្រៃឈើនៅតំបន់នោះអាចនឹងប្រឈមការឈូសបំផ្លាញកម្ទេចចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។