បន្ទាប់ពីចាប់ខ្លួន និងបណ្ដេញសកម្មជនការពារ និងអភិរក្សតំបន់អារ៉ែង លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ចេញពីកម្ពុជា រួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្ទាល់មាត់ជាសាធារណៈថា គ្មានការអភិវឌ្ឍតំបន់អារ៉ែង ទេនៅក្នុងអាណត្តិនេះ។
មន្ត្រីអង្គការបណ្ដាញអង្គការចលនាមាតាធម្មជាតិ សម្ដែងការពេញចិត្តចំពោះការលើកឡើងនោះ តែបន្តអះអាងថា យុវជនត្រូវចូលរួមការពារបរិស្ថាននៅតំបន់អារ៉ែង ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយទៀត។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង ខេត្តកោះកុង ទំនងជាទុកមួយអន្លើសិន នៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នឹងគ្មានការអភិវឌ្ឍនៅតំបន់នោះទេក្នុងអាណត្តិនេះ។
នេះជាសារមួយរបស់ លោក ហ៊ុន សែន ដែលធ្វើឲ្យអ្នកអភិរក្សនៅតំបន់អារ៉ែង សាទរ បន្ទាប់ពីសកម្មជនបរទេសម្នាក់ដែលសកម្មក្នុងការការពារបរិស្ថានតំបន់អារ៉ែង ត្រូវចាប់ និងបណ្ដេញចេញពីកម្ពុជា កាលពីយប់ថ្ងៃទី២៣ កុម្ភៈ។
ថ្លែងនៅក្នុងទិវាជាតិទីក្រុងស្អាត នៅថ្ងៃទី២៤ កុម្ភៈ លោក ហ៊ុន សែន បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង ឋិតនៅក្នុងខេត្តកោះកុង ដ៏ចម្រូងចម្រាសនោះ នឹងមិនត្រូវធ្វើទេនៅអាណត្តិនេះ ដោយរង់ចាំការសិក្សាបន្ថែមជាមុនសិន។ លោកបញ្ជាក់ថា ក្នុងចិត្តរបស់លោក លោកចង់រក្សាតំបន់នោះទុកឲ្យក្មេងជំនាន់ក្រោយជាអ្នកសម្រេច៖ «សិក្សាមើលឲ្យច្បាស់មើល ខ្ញុំមានគោលគំនិតថា ទោះបីជាសិក្សាច្បាស់ ឬមិនច្បាស់ម៉េចពីពេលនេះទៅដល់ឆ្នាំ២០១៨ អត់មានការអភិវឌ្ឍទេ។ ខ្ញុំចង់ឲ្យក្មេងជំនាន់ក្រោយកុំឲ្យវាពិបាកពេក។ ខ្ញុំសូមបញ្ជាក់ថា យើងបានគិតគូរថ្លឹងថ្លែងខាងសេដ្ឋកិច្ចជាមួយបញ្ហាបរិស្ថាន»។
លោក ហ៊ុន សែន ក៏បានរិះគន់ចំឈ្មោះទៅលើ លោក អាឡិក សកម្មជនការពារតំបន់អារ៉ែង ដែលជាជនបរទេសស្រឡាញ់ខ្មែរជ្រុលហួសហេតុ រហូតទៅរារាំងអាជ្ញាធរ និងមន្ត្រីជំនាញ មិនឲ្យចុះទៅសិក្សាស្រាវជ្រាវពីផលប៉ះពាល់នៅតំបន់នោះ៖ «វាហួសហេតុពេកដល់ទៅហ៊ានចាប់មន្ត្រី និងអ្នកមុខអ្នកការដែលគេទៅធ្វើការនៅកន្លែងហ្នឹង ចង់បង្កើតតំបន់អបគមន៍សូមអញ្ជើញ ដាក់ BM21 ដាក់ហ្អែងឥឡូវទាន់មានអាធុនថ្មីៗ យ៉ាប់ពេក។ អាណោះ (អាឡិក) គេថាកុំស្រឡាញ់ អាឡិក អី ស្រឡាញ់អារ៉ែង វិញ អូខេ! គេស្រឡាញ់តើអារ៉ែង ហ្នឹង»។
លោក អាឡិក ជាជនជាតិអេស្ប៉ាញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៣ កុម្ភៈ ក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុងភ្នំពេញ ក្រោមហេតុផលផុតកំណត់ទិដ្ឋាការបន្តរស់នៅក្នុងប្រទេសកម្ពុជា។ ការចាប់ខ្លួននោះ គឺធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាសាធារណៈព្រមានទៅអ្នកនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិល កុំឲ្យលូកដៃក្នុងករណី លោក អាឡិក នេះបន្តទៀត។
ចំពោះអវត្តមានរបស់ លោក អាឡិក នេះ អ្នកសម្របសម្រួលបណ្ដាញអង្គការចលនាមាតាធម្មជាតិ យុវជន ម៉េង ហេង បញ្ជាក់ថា ក្រុមយុវជនរបស់អង្គការចលនាមាតាធម្មជាតិ នឹងបន្តការអភិរក្សតំបន់អារ៉ែង នេះជាបន្តទៀត បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថានឹងគ្មានការអភិវឌ្ឍនៅតំបន់នោះក៏ដោយចុះ៖ «ក្នុងនាមយើងជាអ្នកការពារបរិស្ថាន យើងសប្បាយចិត្ត វាជាការលើកទឹកចិត្តមួយ តែខ្ញុំនៅតែបន្តការពារនៅតំបន់អារ៉ែង ព្រោះគាត់ថាទុកឲ្យយុវជនជំនាន់ក្រោយការពារ»។
តំបន់អារ៉ែង ឋិតក្នុងតំបន់ព្រៃការពារភ្នំក្រវាញ ភាគកណ្ដាល ដែលជាព្រៃក្រាស់ ហើយធំជាងគេនៅតំបន់អាស៊ីភាគអាគ្នេយ៍។ តំបន់ព្រៃស្តុកនេះមានទំហំ ៤សែន ៦ម៉ឺនហិកតារ លាតសន្ធឹងកាត់ឃុំចំនួន៣ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ តំបន់នេះជាជម្រករស់នៅសុខសាន្តរបស់ក្រុមជនជាតិភាគតិចជង ជាង ១.៣០០នាក់។ ពួកគេប្រកបរបរចិញ្ចឹមជីវិតដោយការទាញយកអនុផលព្រៃឈើទៅតាមវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់តាំងពីដូនតាមកម្ល៉េះ។ នៅទីនោះ ពោរពេញទៅដោយផ្នូរកប់សពដូនតារបស់ពួកគេ ហើយផ្នូរទាំងនោះ ភាគច្រើនជាក្អមដែលគេដាក់នៅតាមជញ្ជាំងក្រហែងថ្ម។
ក្រុមអ្នកស្រាវជ្រាវរកឃើញថា ទំនប់វារីអគ្គិសនីនៅអារ៉ែង អាចផលិតអគ្គិសនីបានតែជាង ៦០មេហ្គាវ៉ាត់នៅរដូវប្រាំង ហើយជាង ១០០មេហ្គាវ៉ាត់ប៉ុណ្ណោះនៅរដូវវស្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។