ប្រជានេសាទនៅស្រុកឯកភ្នំខេត្តបាត់ដំបង ចោទប្រកាន់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តនេះថា ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ដើម្បីជាថ្នូរបើកដៃឱ្យជនជាតិវៀតណាម និងអ្នកមានលុយនេសាទត្រីខុសច្បាប់នៅតំបន់បឹងទន្លេសាប។ ប្រធានរដ្ឋបាលជលផលខេត្តបាត់ដំបង ទទួលស្គាល់ថា ពិតជាមានការនេសាទដោយខុសច្បាប់មែន ប៉ុន្តែមិនបានប្រព្រឹត្តពុករលួយដូចការចោទប្រកាន់នោះទេ។
ប្រជានេសាទនៅស្រុកឯកភ្នំ ទទូចឱ្យអាជ្ញាធរថ្នាក់លើចាត់វិធានការផ្លូវច្បាប់ទៅលើមន្ត្រីមូលដ្ឋាននៅតំបន់បឹងទន្លេសាប ដែលពួកគេបណ្ដោយឱ្យជនជាតិវៀតណាមធ្វើការនេសាទដោយខុសច្បាប់នៅក្នុងតំបន់នោះ។
ប្រជានេសាទម្នាក់រស់នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន ឱ្យដឹងនៅថ្ងៃទី៦ កុម្ភៈ ថា ទូកនេសាទរបស់ជនជាតិវៀតណាមជាច្រើនគ្រឿង ធ្វើនេសាទ ដោយប្រើឧបករណ៍យ៉ាងកាវ ឬហៅអួនក្រឡាញឹក ដែលមានជើងច្រវាក់ដែកឆកនៅខាងក្រោម អូសចាប់ត្រីយ៉ាងអនាធិបតេយ្យនៅតំបន់បឹងទន្លេសាបក្នុងភូមិក្បាលតោល ឃុំកោះជីវាំង ដោយមិនមានអាជ្ញាធរណាទប់ស្កាត់នោះទេ។ ពលរដ្ឋរូបនេះថា ការនេសាទនេះដោយសារអាជ្ញាធរប្រចាំនៅតំបន់នោះយកប្រាក់ពីអ្នកនេសាទក្នុងទូកមួយ ចន្លោះពី១០ ទៅ ២០លានរៀល ដើម្បីជាថ្នូរបានធ្វើនេសាទខុសច្បាប់៖ «ទាល់តែចំណាយលុយបានធ្វើនេសាទបាន។ ខ្ញុំចង់និយាយថា បើគ្មានជនជាតិវៀតណាមនៅបឹងទន្លេសាបល្អ ព្រោះជនជាតិវៀតណាមមានឧបករណ៍ទំនើបៗធ្វើនេសាទ ចំណែកពលរដ្ឋខ្មែរតាំងពីដើមមកមិនដែលមានឧបករណ៍ទំនើបធ្វើនេសាទដូចសព្វថ្ងៃនេះទេ។ ហើយការប្រើឧបករណ៍ទំនើបចាប់យកត្រីអស់គ្មានទេ ព្រោះជារៀងរាល់ឆ្នាំឱ្យតែដល់រដូវនេះត្រីនៅតាមព្រៃរនាមចុះមកនៅក្នុងបឹងទន្លេសាបទាំងអស់»។
លោកបន្ថែមទៀតថា ប្រជាពលរដ្ឋក្រីក្រមិនអាចធ្វើនេសាទនៅតំបន់បឹងទន្លេសាបបានទេ ព្រោះគ្មានប្រាក់បង់ឱ្យសមត្ថកិច្ចប្រចាំការនៅតំបន់នោះ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានរដ្ឋបាលជលផលប្រចាំខេត្តបាត់ដំបង លោក ជួង សុភា មានប្រសាសន៍ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចជំនាញរបស់លោកបានដឹងពីការធ្វើនេសាទខុសច្បាប់នេះដែរ ក៏ប៉ុន្តែរឿងនេះមិនមែនកើតឡើងពីការប្រព្រឹត្តអំពើពុករលួយនោះទេ គឺដោយសារកម្លាំងរបស់លោកមានគ្នាតែ ២នាក់ ស្របពេលដែលអ្នកធ្វើនេសាទប្រើកាណូតធំៗនេសាទនៅពេលយប់ ហើយមានគ្នាច្រើនជាងសមត្ថកិច្ច ទើបមិនអាចទប់ទល់បានភ្លាមៗ។ លោកបន្ថែមទៀតថា រឿង
នេះលោកបានសុំកិច្ចសហការទៅអាជ្ញាធរខេត្តដើម្បីចាត់វិធានការទៅលើជនល្មើសទាំងនោះហើយ៖ «ថ្ងៃមុនយើងបានរាយការណ៍ដូច្នេះដែរ ខ្ញុំរាយការណ៍ទៅគណៈ បញ្ជាការឯកភាពខេត្តទើបតែប្រជុំ៤ថ្ងៃមុននេះដែរ។ ហើយអភិបាលខេត្តបានណែនាំអភិបាលស្រុក ហើយថ្ងៃទី១១ ខាងមុខនេះយើងនឹងចុះទៅ ដោយមានអភិបាលរងខេត្តម្នាក់ចុះទៅពិនិត្យផ្ទាល់ដែរ»។
ទោះជាយ៉ាងនេះក្ដីតំណាងប្រជានេសាទប្រចាំខេត្តបាត់ដំបងលោក ហ៊ុត ហាន អះអាងថា លោកមិនមានជំនឿថា អាជ្ញាធរខេត្តអាចទប់ស្កាត់បទល្មើសនេសាទនេះ បានទេ ព្រោះបញ្ហានេះបានកើតឡើងដដែលៗជាច្រើនខែហើយ ម្យ៉ាងទៀតអាជ្ញាធរពាក់ព័ន្ធក៏បានដឹងរឿងនេះដែរ ប៉ុន្តែមិនមានវិធានការឱ្យបានតឹងរ៉ឹង ទៅលើជនប្រព្រឹត្តនោះទេ។ លោកបន្ថែមទៀតថា រហូតមកទល់ពេល
នេះ មានទូកនេសាទធំៗ ចំនួន៩ក្រុម ក្នុងនោះទូកនេសាទរបស់ជនជាតិវៀតណាមចំនួន ៤ក្រុម និងទូកនេសាទ របស់អ្នកមានលុយចំនួន ៥ក្រុម ធ្វើនេសាទនៅតំបន់ទន្លេសាបក្នុងស្រុកឯកភ្នំ៖ «ហើយសព្វថ្ងៃនេះគឺ កើតដែកឆក់គ្រប់កន្លែងទាំងអស់ នៅក្នុងភូមិក្បាលតោលនឹងក៏មាន នៅឡូត៍លេខ៨ឡូត៍លេខ៩ ក៏មានដែរ កំពុងធ្វើសកម្មភាពរាល់ថ្ងៃហើយគ្មានសមត្ថកិច្ចណាអើពើទេ គេទៅដែរទៅគ្រាន់តែគោះស្មៅបង្អើលពស់ទេ។ ខ្ញុំចង់ឱ្យសមត្ថកិច្ចពង្រឹងការអនុវត្តច្បាប់ឡើងវិញ កុំឱ្យបណ្ដោយដល់ថ្នាក់នឹងនោះ ព្រោះច្បាប់ជលផលមិនអាចធ្វើនេសាទខុសច្បាប់បានទេគឺរំលោភអនុក្រឹត្យស្ដីពីជលផលហើយ»។
លោកបន្តថា រឿងនេះប្រសិនបើអាជ្ញាធរមិនព្រមដោះស្រាយ ហើយនៅតែបន្តបណ្ដែតបណ្ដោយឱ្យការធ្វើនេសាទខុសច្បាប់ដូចសព្វថ្ងៃទៀត គឺត្រីទាំងតូចធំ នៅតំបន់បឹងទន្លេសាបនឹងហិនហោចក្នុងពេលដ៏ខ្លីខាងមុខ។ លោកព្រួយបារម្ភថា នៅពេលដែលអស់ត្រី នឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ការរកប្រាក់ចំណូលរបស់ពលរដ្ឋរាប់ពាន់គ្រួសារដែលរស់នៅលើផ្ទះបណ្ដែតទឹកក្នុងខេត្តបាត់ដំបង ដែលពួកគាត់នឹងធ្វើចំណាកស្រុកកាន់តែច្រើន ព្រោះពលរដ្ឋទាំងនោះពឹងផ្អែកទាំងស្រុង ទៅលើរបបនេសាទត្រីរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។