ប្រជាសហគមន៍អភិរក្សផ្សោតព្រែកកាំពី នៅឃុំសំបុក ស្រុកចិត្របូរី ខែត្រក្រចេះ អះអាងថា បទល្មើសនេសាទក្នុងតំបន់អភិរក្សផ្សោត ទន្លេមេគង្គពុំថយចុះនោះទេ បើទោះបីជា អាជ្ញាធរជំនាញបានពង្រាយឆ្មាំអភិរក្សទន្លេ ចុះទប់ស្កាត់បទល្មើសនេសាទ នៅតំបន់នោះក្តី។ សហគមន៍ថា ឆ្មាំអភិរក្សភាគច្រើន ពុំមានភាពស្មោះត្រង់ទប់ស្កាត់បទល្មើសនេសាទនោះទេ ផ្ទុយទៅវិញពួកគេតែងតែទទួលប្រយោជន៍ពីក្រុមជនល្មើស ជាថ្នូរមិនអនុវត្តច្បាប់នេសាទ។
សហគមន៍អភិរក្សផ្សោត ព្រែកកាំពី បង្ហាញក្ដីបារម្ភជាថ្មីទៀត ពីជោគវាសនាសត្វផ្សោត ក្នុងអាងទន្លេមេគង្គ និង ត្រីមេពូជ កំពុងប្រឈមគ្រោះថ្នាក់ខ្លាំង ដោយសារក្រុមជនល្មើស ប្រើឧបករណ៍ឆក់ក្ដៅ និងត្រជាក់ នៅអន្លង់អភិរក្សផ្សោត និង តំបន់ដែលផ្សោតឆ្លងកាត់ស្វែងរកចំណី។ ពួកគេអះអាងថា ឆ្មាំអភិរក្សរាប់សិបនាក់ ឈរជើងទប់ស្កាត់បទល្មើសនេសាទ នៅតំបន់នោះមិនបានបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទ គ្រប់ជ្រុងជ្រោយនោះទេ។
សហគមន៍អភិរក្សផ្សោតព្រែកកាំពី រស់នៅឃុំសំបុក ស្រុកចិត្របូរី ឱ្យដឹងនៅថ្ងៃទី១៥ មិថុនាថា ក្រុមជនល្មើសមិនខ្លាចច្បាប់ និងមិនខ្លាចអាជ្ញាធរដោយសារមន្ត្រីជំនាញតែងតែទទួលសំណូកពីពួកគេ។ លោកថា ឧបករណ៍ឆក់ក្រៅ និងត្រជាក់ដែលក្រុមជនល្មើសប្រើ អាចចាប់ត្រីបានច្រើនគីឡូក្រាម ដែលគេលួចឆក់ក្នុងអន្លង់អភិរក្ស និងតំបន់ប្រជុំកោះ តាមបណ្ដោយទន្លេមេគង្គ ក្នុងឃុំសំបុក រហូតដល់ឃុំជ្រោយបន្ទាយ និងឃុំវឌ្ឍនៈ ប៉ះពាល់ខ្លាំងដល់ការស្វែងរកចំណី របស់ត្រីផ្សោត និងត្រីមេពូជធំៗ៖ «ឆក់មានទាំងត្រជាក់ផង និងក្តៅផង បើវាប៉ះចំផ្សោតងាប់ បើផ្សោតណាធំៗ វាឆ្ងាយបន្តិច ចម្ងាយ ៤០ម៉ែត្របួនជ្រុង ផ្សោតធំបើប៉ះ វារត់រួច បើកូនៗ ងាប់ » ។
បុរសដដែលបន្ថែមថា រដូវបិទនេសាទនេះ ត្រីមេពូជធំៗ បានផ្លាស់ចេញពីអន្លង់អភិរក្ស ទៅរស់នៅតំបន់ផ្សេងៗ ហើយសត្វផ្សោតអាចនឹងផ្លាស់ទៅឆ្ងាយ ដើម្បីស្វែងរកចំណី ក៏កំពុងប្រឈមគ្រោះថ្នាក់ខ្លាំងដែរ ព្រោះក្រុមជនល្មើសបានលួចឆក់ត្រី នៅតំបន់ផ្សោតឆ្លងកាត់។ លោកថា ឆ្មាំអភិរក្សទន្លេ សហគមន៍នេសាទ ប្រជាការពារ និងនគរបាលមូលដ្ឋាន ហាក់មិនបានសហការគ្នាល្អ បង្ក្រាបបទល្មើសនេសាទនោះទេ៖ «បើខាងមន្ត្រីរដ្ឋបាលជល មិនឃើញបានអីទេ។ ឃើញតែថា ទៅធ្វើការៗ ខ្ញុំថាមិនចាប់បណ្ដោយ ទុកចិញ្ចឹមគ្រាន់យកលុយ គេមិនចាប់បណ្ដោយ » ។
អាស៊ីសេរីបានព្យាយាមទាក់ទង ប្រធានឆ្មាំទន្លេ និងជាអនុប្រធានរដ្ឋបាលជលផលខែត្រក្រចេះ លោក ម៉ុក ពន្លក ដើម្បីសុំការបំភ្លឺរឿងនេះ តែលោកថា ទូរស័ព្ទស្ដាប់មិនឮ និងឈប់ទទួលទូរស័ព្ទ នៅថ្ងៃទី១៥ មិថុនា។
ចំណែកមេឃុំសំបុក លោក ទុយ វណ្ណា អះអាងថា បច្ចុប្បន្នបទល្មើសនេសាទថយចុះច្រើន បើធៀបឆ្នាំមុនៗ ព្រោះអាជ្ញាធរមូលដ្ឋានបានបញ្ជូនប្រជាការពារភូមិ ៩នាក់ ដាក់វេនគ្នាចុះល្បាតជាប្រចាំ។ លោកបញ្ជាក់ថា ក្រុមប្រជាការពារទាំងនោះ នឹងមិនពាក់ព័ន្ធអំពើពុករលួយនោះទេ៖ «ឥឡូវមានដែរ តែមានក្នុងភាពលួចលាក់បំផុត ព្រោះប្រជាការពារតាមប្រមាញ់ខ្លាំងណាស់ បើថា ឱ្យដូចមុនមិនមានទេ។ ពាក់ព័ន្ធការអភិរក្សផ្សោតខ្ញុំឈឺឆ្អាលជាងគេ គ្មានពីណាឈឺឆ្អាលជាងខ្ញុំប៉ុន្មានទេ»។
នៅខែត្រក្រចេះ មានអន្លង់អភិរក្សផ្សោត និងត្រីមេពូជ ៦៤អន្លង់ ក្នុងនោះមានអន្លង់ ៥ ដែលផ្សោតរស់នៅ។ អន្លង់អភិរក្សទាំងនោះឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម ដែលមានរដ្ឋបាលជលផល និងឆ្មាំទន្លេ ជាស្ថាប័នស្នូល មានតួនាទីទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ អនុលោមតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២។
ខ្លឹមសារអនុក្រឹត្យនោះបញ្ជាក់ថា ទន្លេមេគង្គខែត្រក្រចេះ គិតត្រឹមក្បាលកោះទ្រង់ ទល់មុខក្រុងក្រចេះ រហូតដល់ព្រំប្រទល់ខែត្រស្ទឹងត្រែង មានប្រវែង ៨៥គីឡូម៉ែត្រ ត្រូវចាត់ទុកជាតំបន់អភិរក្សផ្សោតជីវចម្រុះ និងត្រីមេពូជ បែងចែកជាពីរតំបន់ គឺតំបន់ស្រទាប់ និងតំបន់ស្នូល។ តំបន់អន្លង់អភិរក្សព្រែកកាំពី ត្រូវបានគេចាត់ទុកជាតំបន់ស្នូល ហាមឃាត់មិនឲ្យនេសាទដោយសារតំបន់នោះសំបូររុក្ខជាតិដុះចេញពីផ្ទៃទឹក ដែលជម្រកត្រីពងកូន និងផ្សោតរស់នៅ ក៏ប៉ុន្តែសហគមន៍នៅតែឃើញជនល្មើសលូចឆក់ត្រី និងពង្រាយមងរាំងខ្ទប់ដំណើររបស់សត្វផ្សោត និងត្រីមេពូជឡើងចុះ។
នាយកប្រតិបត្តិអង្គការបណ្តាញការពារទន្លេបី លោក លាង ប៊ុនលាភ ពន្យល់ថា ផ្សោតជាប្រភេទសត្វងាយរងគ្រោះបំផុត ដែលទាមទារឱ្យស្ថាប័នពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់នេសាទ និងលុបបំបាត់អំពើពុករលួយ។ លោកបញ្ជាក់ថា អន្លង់ត្រីមេពូជខ្លះ វិនាសហិនហោច ដោយសារតែអំពើពុករលួយ អនុញ្ញាតឱ្យប្រើឧបករណ៍ឆក់ត្រីបែបអនាធិបតេយ្យ៖ «អន្លង់ត្រីពូជទាំងឡាយ ត្រូវវិនាសអន្តរាយដោយសារឧបករណ៍ឆក់ និងអំពើពុករលួយ។ សូមសំណូមពរឱ្យមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ត្រូវរួមគ្នា ពង្រឹងតាមដានឱ្យបានច្បាស់លាស់នូវអំពើពុករលួយ ដើម្បីទប់ស្កាត់ ដោយអនុវត្តយ៉ាងមុតមាំទៅលើច្បាប់ស្ដីពីជលផល » ។
ក្រសួងកសិកម្ម បានប្រកាសបិទនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនានេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ ក្នុងរដូវបិទនេសាទនេះ អាចអនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់ឧបករណ៍នេសាទ លក្ខណៈគ្រួសារប៉ុណ្ណោះ។ សហគមន៍អះអាងថា រយៈពេល ៦ខែ ក្នុងឆ្នាំ២០២០ នេះ មានសត្វផ្សោត ៣ក្បាល ងាប់ ដោយសារក្រុមជនល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ដូចជា ឆក់ក្ដៅ ឬត្រជាក់ និងពង្រាយមងនៅតំបន់សំខាន់ៗ ដែលផ្សោតឆ្លងកាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។