បទល្មើសនេសាទកើនឡើងខ្លាំងនៅតំបន់ទន្លេមេគង្គខេត្តក្រចេះ
2023.06.22
អន្លង់អភិរក្ស ៣ ទីតាំងក្នុងតំបន់កោះសាមសិប នៃអាងទន្លេមេគង្គ ដែលប្រជាសហគមន៍រស់នៅក្នុងភូមិចំនួន ៣ ក្នុងខេត្តក្រចេះ រួមគ្នាអភិរក្ស កំពុងប្រឈមការនេសាទខុសច្បាប់ទ្រង់ទ្រាយធំ ប៉ះពាល់សត្វផ្សោត និងមេពូជធំៗផ្លាស់ទី រកកន្លែងបង្កកំណើត នៅរដូវបិទនេសាទ។ ប្រជាសហគមន៍ធុញទ្រាំនឹងទង្វើរបស់ឆ្មាំអភិរក្សរបស់ក្រសួងកសិកម្ម ដែលមិនអើពើអនុវត្តច្បាប់នេសាទ ស្របតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប្រជាសហគមន៍អេកូទេសចរកោះសាមសិប រស់នៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះកំពុងពិភាក្សាគ្នា រកមធ្យោបាយ លុបបំបាត់បទល្មើសនេសាទទ្រង់ទ្រាយធំ ឆក់ក្តៅ និងត្រជាក់ នៅតំបន់ត្រីមេពូជធំៗបង្កកំណើត។
ពួកគាត់អះអាងថា បទល្មើសនេសាទទាំងនេះ បន្តកើនឡើងខ្លាំងនៅរដូវបិទនេសាទ ក្នុងរយៈពេល ២ខែកន្លងមកនេះ។
ប្រធានសហគមន៍នេសាទកោះសាមសិប លោក ឃុត សំអុល ប្រាប់វិទ្យុអាស៊ីសេរីថា ស្ទើរជារាល់យប់ និងថ្ងៃ មានទូកយ៉ាងហោចណាស់ជិត ១០គ្រឿង បានប្រើឧបករណ៍នេសាទខុសច្បាប់ឆក់ក្តៅ និងត្រជាក់ ក្នុងអន្លង់អភិរក្ស ៣កន្លែង នៃតំបន់កោះ៣០ ដែលប្រជាសហគមន៍អភិរក្ស ដើម្បីបម្រើវិស័យទេសចរ។
លោកថា ឆ្មាំអភិរក្សរបស់ក្រសួងកសិកម្មដែលឈរជើង ការពារជលផលនៅតំបន់នោះ មិនបានទប់ស្កាត់បទល្មើសនេសាទទាំងនេះទេ៖
លោក ឃុត សំអុល៖ «ពេលឆក់ម្តងៗ ៧ ទៅ ០៨ ទូក បើឆក់ប្រើទូកលឿន ការអនុវត្តវាហាក់ដូចជាគ្មានតម្លាភាព លើបទល្មើសនេសាទ វាសមគំនិត និងរួមគំនិតគ្នា បានវាកើតឡើង»។
កាលពីយប់ថ្ងៃទី២០ មិថុនា ប្រជាសហគមន៍នេសាទមួយក្រុម បានចុះល្បាត និងបោះតង់ស្នាក់នៅ ចំណុចកោះខ្សាច់ខ្ពស់ ប្រទះឃើញក្រុមជនល្មើសប្រើប្រាស់ទូក ០៨ គ្រឿង ឆក់ត្រី ក្នុងតំបន់អភិរក្ស។
ក្រុមជនល្មើសទាំងនោះ បានប្រើឧបករណ៍ទំនើប លបចាប់ត្រីមេពូជធំៗ ជាច្រើនប្រភេទ នៅតំបន់ដែលត្រីបង្កកំណើត និងកន្លែងដែលសត្វផ្សោតឆ្លងកាត់។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីនាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះលោក ម៉ុក ពន្លក បាននៅឡើយទេ នៅថ្ងៃទី២១ មិថុនា ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
កាលពីចុងខែកុម្ភៈកន្លងទៅ លោក ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយទៀត ស្ដីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដើម្បីអភិវឌ្ឍន៍វិស័យអេកូទេសចរ និងលើកកម្ពស់ជីវភាពពលរដ្ឋ។
ប្រមុខរដ្ឋាភិបាលឯកបក្សរូបនេះ បានបញ្ជាឱ្យក្រសួងកសិកម្ម សហការជាមួយអាជ្ញាធរពាក់ព័ន្ធថ្នាក់ក្រោមជាតិ ហាមឃាត់សកម្មភាពនេសាទ នៅកន្លែងអភិរក្សសត្វផ្សោតឱ្យមានប្រសិទ្ធភាព។
ក៏ប៉ុន្តែប្រជាសហគមន៍ថា អាជ្ញាធរខេត្តក្រចេះ បានមើលស្រាល បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការចេញអនុក្រឹត្យជាថ្មីនេះ ក្រោយពីអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ហៅកាត់ថា WWF បានប្រកាសអាសន្នបង្ហាញពីការផុតពូជសត្វផ្សោតដ៏កម្រ ក្នុងអាងទន្លេមេគង្គខេត្តក្រចេះ បន្ទាប់ពីសត្វផ្សោតជាង ១០ក្បាលទៀត (១២) ងាប់ជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២២។
លោក ឃុត សំអុល បារម្ភថា រដូវបិទនេសាទនេះ សត្វផ្សោតជាច្រើនក្បាល តែងតែផ្លាស់ទី ពីអន្លង់អភិរក្សព្រែកកាំពី ស្វែងរកចំណីនៅតំបន់កោះសាមសិប ក៏ប៉ុន្តែប្រសិនបើបទល្មើសនេសាទមិនទប់ស្កាត់ទេ នឹងបង្កគ្រោះថ្នាក់ដល់សត្វផ្សោត។
លោក ឃុត សំអុល៖ «តំបន់យើងនេះ ឆ្មាំទន្លេក៏មាន ហាក់បីដូចជា លោកអសមត្ថភាពលុបបំបាត់បទល្មើសនេសាទយ៉ាងម៉េច? រដូវបិទនេសាទហើយ បើយើងឆក់យ៉ាងហ្នឹង? វាយ៉ាងម៉េច? វាមានផលពិបាក ហើយក៏ស្វះស្វែងអន្តរាគមន៍ ពីអាជ្ញាធរសម្រាប់បទល្មើស កើតឡើងជាប្រចាំ យ៉ាងដូច្នេះ»។
នាយកអង្គការ WWF-កម្ពុជា លោក សេង ទៀក ធ្លាប់បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា ប្រសិនបើស្ថានភាពវិបត្តិនេះបន្តកើតឡើងទៀត ចំនួនសត្វផ្សោតអាចប្រឈមបាត់បង់ទាំងស្រុងនាពេលខាងមុខ។
លោកបញ្ជាក់ថា ពុំមានជម្រើសផ្សេងទៀត ក្រៅពីការអនុវត្តច្បាប់តឹងរ៉ឹងជាបន្ទាន់ ដើម្បីបញ្ឈប់ទាំងស្រុងនូវសកម្មភាពខុសច្បាប់គ្រប់ទម្រង់ ក្នុងតំបន់ដែលសត្វផ្សោតរស់នៅ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តក្រចេះ លោក ធីម ហ៊ន យល់ថា មន្ត្រីជំនាញគួរយកចិត្តទុកដាក់អនុវត្តច្បាប់ និងបទបញ្ជារបស់រដ្ឋាភិបាល ការពារត្រីពងកូន នៅរដូវបិទនេសាទឱ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។
លោក ធីម ហ៊ន៖ «អាជ្ញាធរមានសមត្ថកិច្ចគួរតែយកចិត្តទុកដាក់អនុវត្តច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ នៅតំបន់ណាមួយ ដែលមានការអភិរក្សច្បាស់លាស់។
សហគមន៍អេកូទេសចរកោះ៣០ ឋិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ជាបណ្ដុំកោះទឹកសាបតូចធំ រាយប៉ាយក្នុងអាងទន្លេមេគង្គ ខេត្តក្រចេះជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង។
តំបន់ទេសចរទាំងនេះ មានឆ្នេរខ្សាច់សក្បុស មានអន្លង់អភិរក្ស ៣កន្លែង ព្រៃលិចទឹក សត្វស្លាបជាច្រើនប្រភេទ និងជាបណ្ដុំត្រីមេពូជធំ បង្កកំណើតបម្រើវិស័យទេសចរក្នុងតំបន់។
តំបន់អភិរក្សផ្សោតមានប្រវែង១២០គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ទល់មុខក្រុងក្រចេះ ខេត្តក្រចេះមានទំហំ សរុប៦២១គីឡូម៉ែត្រការ៉េត្រូវកំណត់ជាកន្លែងអភិរក្ស។
ប្រជាសហគមន៍ឱ្យដឹងថា អំពើពុករលួយជាថ្នូរមិនអនុវត្តច្បាប់នេសាទគឺជាមូលហេតុសំខាន់ ធ្វើឱ្យផ្សោត និងត្រីមេពូជ ងាប់ជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។