សកម្មជន​ និង​មន្ត្រី​សង្គម​ស៊ីវិល​ អត់​ជំនឿ​​លើ​​ចំណាត់​​ការ​​ការពារ​​ព្រៃ​​របស់​​ក្រសួង​​បរិស្ថាន

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ផ្ដល់​បទសម្ភាសន៍​បន្ទាប់​ពី​ចូល​បំភ្លឺ​នៅ​រដ្ឋសភា ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៧។
រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ផ្ដល់​បទសម្ភាសន៍​បន្ទាប់​ពី​ចូល​បំភ្លឺ​នៅ​រដ្ឋសភា ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៧។ (Photo: RFA)

0:00 / 0:00

សកម្មជន​បរិស្ថាន និង​មន្ត្រី​សង្គម ស៊ីវិល​ប្រាប់​អាស៊ីសេរី​ថា ពួកគេ​មិន​មាន​ជំនឿ​លើ​ចំណាត់ការ​របស់​ក្រសួង​បរិស្ថាន ដែល​បាន​ចេញ​សេចក្ដីថ្លែងការណ៍ ហាមឃាត់ ការ​ឈូស​ឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន បែងចែក​ដី​ព្រៃ​ឈើ​នៅ​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​នោះ​ទេ។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ អាដហុក (Adhoc) លោក ប៉ែន បុណ្ណារ៍ បាន​ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​៩ ឧសភា​ថា កន្លងមក​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក៏​បាន​ចេញ​បទបញ្ជា​ខ្លាំង​ជាង​លិខិត​របស់​ក្រសួងបរិស្ថាន​ផង ក៏​នៅតែ​មិន​មាន​ប្រសិទ្ធភាព៖ «យើង​ឃើញ​លិខិត​ចេញ​ច្រើន​ណាស់​របស់​ក្រសួងបរិស្ថាន ជាពិសេស​ថ្នាក់ដឹកនាំ​រដ្ឋ​ក៏​ធ្លាប់​ចេញ​លិខិត​ព្រមាន ចេញ​បទបញ្ជា​អី​ច្រើន​ណាស់ ប៉ុន្តែ​យើង​ឃើញ​ថា អត់​មាន​ប្រសិទ្ធភាព អ៊ីចឹង​យើង​ហាក់​ដូចជា​គ្មាន​សង្ឃឹម​ចំពោះ​លិខិត​របស់​ក្រសួងបរិស្ថាន​បើសិនជា​លោក​មិន​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ហើយ​បើ​ចាត់ការ គឺ​ចាត់ការ​ទៅលើ​តែ​រាស្ត្រ​ទន់ខ្សោយ​តូចតាច​ដែល​បាន​ដី​តិចតួច​ហ្នឹង អ្នក​មាន​អំណាច ហើយ​និង​ឧកញ៉ា​កាន់កាប់​ដី​ទាំងអស់​ដោយ​ខុសច្បាប់»។

សេចក្ដីជូនដំណឹង​របស់​ក្រសួង​បរិស្ថាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩ ឧសភា ឱ្យ​ដឹង​ថា មាន​បុគ្គល​មួយ​ចំនួន​បាន​ឈូស​ឆាយ កាប់ឆ្ការ ដុត​ព្រៃ​រុករាន​ទន្ទ្រាន​បែងចែក​ដី​ព្រៃ​ឈើ​នៅ​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ និង​នៅ​ក្នុង​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ ក្រោម​លេស​ថា​ខ្វះ​ដី​អាស្រ័យ​ផល​។ លិខិត​បន្ត​ថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​ទាំងនោះ ក្រសួង​បរិស្ថាន បាន​ចេញ​វិធានការ​មួយ​ចំនួន ដូចជា ត្រូវ​បញ្ឈប់​ជាបន្ទាន់ នូវ​រាល់​ការទិញ​-​លក់​ដី​រដ្ឋ និង​ការ​បញ្ជាក់​ការទិញ​-​លក់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ក្នុង​តំបន់​សហគមន៍ តំបន់​ការពារ​ធម្មជាតិ​។​

អ្នក​ដែល​បាន​ទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​កន្លងមក ត្រូវ​រុះរើ​ខ្ទម តង់ និង​សំណង់​អនាធិបតេយ្យ ហើយ ប្រគល់​ដី និង​ទីតាំង​មក​ឱ្យ​ក្រសួងបរិស្ថាន​វិញ​ដោយ​ស្ម័គ្រចិត្ត និង​ឥត​លក្ខខណ្ឌ។

មន្ទីរ​បរិស្ថាន​ខេត្ត​ត្រូវ​ដឹកនាំ​មន្ត្រី​ឧទ្យានុរក្ស ដោយ​សហការ​ជាមួយ​រដ្ឋបាល​ដែនដី ក្នុង​ការ​អប់រំ ផ្សព្វផ្សាយ លិខិត​បទដ្ឋាន​ច្បាប់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ ដល់​មហាជន​ទូទៅ ជាពិសេស​ប្រជា​សហគមន៍​មូលដ្ឋាន។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត ភក្ត្រា មានប្រសាសន៍​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​កាល​ដើម​សប្ដាហ៍​នេះ​ថា ចាប់តាំង​ពី​ឆ្នាំ​២០១៦​ មក ក្រសួងបរិស្ថាន​និង​ក្រសួង​កសិកម្ម​បាន​ចែក​តំបន់​គ្នា​គ្រប់គ្រង​ឱ្យ​បាន​ដាច់ គឺ​ក្រសួង​បរិស្ថាន គ្រប់គ្រង​ទៅលើ​តំបន់​ដែនដី​អភិរក្ស ហើយ​ក្រសួង​កសិកម្ម​គ្រប់គ្រង​ទៅលើ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច។ លោក នេត ភក្ត្រា ​ក៏​ទទួល​ស្គាល់​ថា បទល្មើស​ព្រៃ​ឈើ​ពិតជា​កើតមាន​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​មែន ក៏ប៉ុន្តែ​សកម្មភាព​នៃ​បទល្មើស​វា​បាន​ថយ ចុះ មិន​ដូច​ការ​លើកឡើង​របស់​សកម្មជន​ការពារ​ព្រៃឈើ​នោះ​ទេ៖ «សម្រាប់​សកម្មជន​បរិស្ថាន​គាត់​ថា មានការ​កើន​ឡើង ក៏ប៉ុន្តែ​ប្រសិនបើ​យើង​មើល​ទៅលើ​ស្ថានភាព​នៃ​ការ​អភិរក្ស​នៅ​ក្នុង​តំបន់​ទាំងមូល​ដែល​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន​នេះ គឺ​យើង​មាន​ទិន្នន័យ​របស់​យើង​គឺ​មាន​ការ​ថយ​ចុះ ហើយ​ថយ​ចុះ​នេះ​គឺ​ប្រមាណ​ជា ២០ភាគរយ នៃ​បទល្មើស បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ពី​មុនៗ»។

ទោះជា​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល​និង​សកម្មជន​បរិស្ថាន​នៅតែ​គ្មាន​ជំនឿ​លើ​ចំណាត់ការ​របស់​ក្រសួងបរិស្ថាន​នោះ​ទេ ពីព្រោះ​ពួកគេ​នៅតែ​មើល​ឃើញ​ថា ព្រៃឈើ​នៅតែ​ត្រូវ​បាន​ក្រុម​អ្នក​មាន​អំណាច និង​ក្រុម​ឧកញ៉ា កាប់​ទន្ទ្រាន​យក​តាម​ចិត្ត​តាម​ចង់ រ៉ាប់​រយ​រ៉ាប់​ពាន់​ហិកតារ​ម្នាក់ៗ អត់​មានទោស​ហើយ​គ្មាន​អាជ្ញាធរ​ណា​ហ៊ាន​ទប់ស្កាត់ ឬ​ហ៊ាន​ចាត់ការ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។