ក្រុមយុវជន និងសហគមន៍ការពារព្រៃព្រះរកា ខេត្តព្រះវិហារ អះអាងថា បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរកា នៅតែកើតមានច្រើនទាំងយប់ និងថ្ងៃ។ ការលើកឡើងនេះ បន្ទាប់ពីពួកគេបានចុះល្បាតរួមគ្នា រយៈពេល២ថ្ងៃ ប្រទះឃើញដើមឈើធំៗ ២៤ទីតាំងផ្សេងគ្នា ទទួលរងការកាប់ដួលច្រៀកយកឈើ ដែលប្រព្រឹត្តឡើងដោយមន្ត្រីយោធា ជួលពលរដ្ឋមូលដ្ឋានកាប់ឈើលក់ឱ្យខ្លួន។
ក្រុមយុវជន និងសហគមន៍ការពារព្រៃព្រះរកា អះអាងដូចៗ គ្នាថា ព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរកានឹងមិនថិតថេរគង់វង្សទេ ដរាបណាមន្ត្រីជំនាញពាក់ព័ន្ធនៅតែបណ្ដោយឱ្យបទល្មើសកើតមានច្រើនដដែលៗ។ ពួកគេសង្កេតឃើញថា នៅគ្រាដែលមន្ត្រីឧទ្យានុរក្សឃាត់ជនល្មើស កាប់ឈើ និងដឹកជញ្ជូនឈើក្នុងព្រៃព្រះរកា មន្ត្រីគ្រាក់ៗ ខេត្តព្រះវិហារខ្លះ បានចេញមុខអន្តរាគមន៍ ឬកាងការពារជនល្មើស។
កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៩ មិថុនា យុវជនមួយក្រុម មកពីរាជធានីភ្នំពេញ សហគមន៍មូលដ្ឋាន ២៥នាក់ មន្ត្រីឧទ្យានុរក្សម្នាក់ និងមន្ត្រីយោធាពីរនាក់ បានចុះល្បាតព្រៃព្រះរការួមគ្នា ឋិតនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ លទ្ធផលចុះល្បាតរយៈពេល ២ថ្ងៃ មួយយប់ ពួកគេចាប់គោយន្តបាន ៧គ្រឿង ម៉ាស៊ីនត្រង់សឺន័រ ៣គ្រឿង និងឃាត់ខ្លួនជនសង្ស័យ ៨នាក់ បញ្ជូនទៅទីស្នាក់ការបរិស្ថាននៅក្បែរនោះអនុវត្តច្បាប់។ លើសពីនេះ ពួកគេប្រទះឃើញ ដើមឈើ ២៤ទីតាំងផ្សេងគ្នា ត្រូវគេកាប់ និងអារច្រៀកឈើនៅសល់តែគល់។ ក្រុមអ្នកដឹកឈើភាគច្រើន ស៊ីឈ្នួលកាប់ និងដឹកជញ្ជូនឱ្យមន្ត្រីយោធា និងឈ្មួញដោយក្នុងមួយគោយន្តចាប់ពី ៧ម៉ឺនរៀល ដល់ ១៧ម៉ឺនរៀល។
ក្រុមយុវជនដែលចុះល្បាតព្រៃព្រះរកា លោក ម៉ា ចិត្រា ឱ្យដឹងនៅថ្ងៃទី១២ មករាថា នៅគ្រាដែលមន្ត្រីបរិស្ថាន ចាប់បានគោយន្ត រឹបអូសវត្ថុតាង និងឃាត់ខ្លួនជនសង្ស័យបាន ពួកគេមិនបានបញ្ជូនទៅតុលាការនោះទេ ដោយគ្រាន់តែ ផាកពិន័យលុយ នៅទីស្នាការបរិស្ថានប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យជនល្មើស មិនរាងចាល។ លោកថា រយៈពេល ២ថ្ងៃ ពួកគេប្រទះឃើញ គោយន្តដឹកឈើ ៧គ្រឿង ដោយក្នុងមួយគ្រឿងផ្ទុកឈើ ១ម៉ែត្រគួបឡើងទៅ រីឯក្រុមជនល្មើសខ្លះទៀត បានបោះតង់ស្នាក់នៅក្នុងព្រៃ សម្ងំកាប់ឈើ៖ «ពេលដែលចាប់ជនល្មើសហើយ រឹបអូសគោយន្តជាពិសេសឱ្យទៅដោះស្រាយ នៅកន្លែងបរិស្ថាន ហើយដោះហ្នឹងគ្រាន់តែយកលុយអីចឹងទៅ។ ខ្ញុំឧទាហរណ៍ថា តាមផ្លូវច្បាប់ត្រូវទារប្រាក់ប៉ុន្មានអីចឹងទៅ ដោះយកគោយន្តអីចឹង គេយក ៣លានអីទៅ ដោះរួចមកវិញ គាត់កាប់ឈើទៀត។ អាហ្នឹងហើយដែលខ្ញុំគិតថា វាមិនអាចគង់វង្ស ប្រសិនបើនៅស្ថានភាពដដែល»។
សកម្មជនបរិស្ថានម្នាក់ទៀត លោក សាន ម៉ាឡា សង្កេតឃើញថា ទោះបីព្រៃព្រះរកាមានទំហំរាប់ម៉ឺនហិកតារក្ដី តែក្រុមអ្នកកាប់ឈើ ចាំបាច់ត្រូវតែដឹកជញ្ជូនឈើតាមផ្លូវហេតុនេះក្រសួងបរិស្ថាន គួរតែបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ និងអនុវត្តច្បាប់ព្រៃឈើឱ្យម៉ឺងម៉ាត់នៅតាមផ្លូវ ប្រសិនបើមានឆន្ទៈលុបបំបាត់បទល្មើស។ លោកថា ក្រសួងបរិស្ថានគួរតែបង្កើតអ៊ែប App (Application ឬកម្មវិធីទូរស័ព្ទ) បំណងបង្កលក្ខណៈងាយស្រួលផ្ដល់ព័ត៌មានពីស្ថានភាពព្រៃឈើ និងបទល្មើសព្រៃឈើក្នុងព្រៃព្រះរកា ជាពិសេសតាមដានពីប្រសិទ្ធភាពការងារមន្ត្រីជំនាញមូលដ្ឋានឱ្យទាន់ពេល៖ «គ្រាន់តែ ២ថ្ងៃដែលយើងចុះល្បាត យើងប្រទះឃើញបទល្មើសជាច្រើន ចុះថ្ងៃដែលយើងមិនចុះល្បាតយើងមិនដឹងថា បទល្មើសព្រៃហ្នឹង វាមានរណាចំនួនប៉ុន្មានគ្រឿងដែលគេកំពុងអារឈើ ដូច្នេះយើងព្រួយបារម្ភខ្លាំង យើងចង់ឱ្យក្រសួងបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើអនុវត្តច្បាប់មែនទែន ដើម្បីធានាថា មិនមានការបំផ្លាញព្រៃឈើទៀត»។
អាស៊ីសេរីបានមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ដើម្បីសុំការបំភ្លឺជុំវិញពីករណីនេះ បានទេនៅថ្ងៃទី១២ មិថុនានេះ។
ទោះបីជាយ៉ាងណា នាយកដែនជម្រកសត្វព្រៃព្រះរកា លោក យាន់ ប៊ុនសឿង អះអាងថា នៅគ្រាដែលមន្ត្រីជំនាញឃាត់ខ្លួនជនសង្ស័យ និងរឹបអូសវត្ថុតាង តម្រូវឱ្យជនសង្ស័យ បង់ប្រាក់ផាកពិន័យអន្តរកាល ចាប់ពី ១លានរៀលឡើងទៅ និងត្រូវរឹបអូសម៉ាស៊ីនរក្សាទុក អនុលោមតាមច្បាប់ ស្ដីពីតំបន់ការពារធម្មជាតិ។ រីឯថវិកាដែលផាកពិន័យបាន ត្រូវបង្វិលចូលរដ្ឋ។ លោកថា មន្ត្រីឧទ្យានុរក្សដែលកំពុងឈរជើង ការពារព្រៃព្រះរកា មានសរុប ១៤នាក់ បានដាក់វេនគ្នា សហការជាមួយពលរដ្ឋមូលដ្ឋានចុះល្បាតជាប្រចាំ និងឃាត់ជនល្មើស រឹបអូសវត្ថុតាងជាហូរហែ។ លោកបដិសេធមិនអធិប្បាយលម្អិត ពីរបាយការណ៍ បង្ក្រាបបទល្មើសព្រៃឈើ បានប៉ុន្មានករណីទេ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៩៖ «ច្បាប់ស្ដីពីតំបន់ការពារត្រូវពិន័យអន្តរកាល លើកទី១ អ៊ីចឹង ទី២ ឈើលេខ ២ ក្នុងច្បាប់យើងមិនអាចបញ្ជូនទៅតុលាការ ដាក់ទោសទណ្ឌបានទេ។ ពិន័យអន្តរកាល គេមានបារ៉ែនរបស់គេពិន័យតាមច្បាប់ ហើយយើងគុណឈើ និងស្ដារការខូចខាត»។
មន្ត្រីផ្នែកតស៊ូមតិនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ ទទួលស្គាល់ថា ការបង់ប្រាក់ផាកពិន័យ ជាថ្នូរសម្របសម្រួលឱ្យជនល្មើសរួចទោសតាមផ្លូវតុលាការ ពុំមែនជាយន្តការ ធ្វើឱ្យបទល្មើសព្រៃឈើថយចុះទេ។ លោកសង្កេតឃើញ ជនល្មើសមុខដដែលៗ បានចូលកាប់ឈើ និងដឹកឈើជារៀងរាល់ថ្ងៃ និងយប់ ដែលជាហេតុបណ្ដាលឱ្យព្រៃការពារមួយនេះ នឹងរលាយនៅពេលដ៏ខ្លីខាងមុខ បង្កប៉ះពាល់ធ្ងន់ដល់សហគមន៍ដែលអាស្រ័យផលព្រៃព្រះរកា ជាពិសេសជនជាតិដើមភាគតិចដងជ័រទឹកចិញ្ចឹមជីវិត៖ «បទល្មើសវានៅតែដដែលៗ ហើយពុំមាននរណាក្រៅទេ តែមនុស្សដដែលៗហ្នឹងឯង។ អីចឹងទេយើងស្នើសុំសូមមន្ត្រី ជាពិសេសអាជ្ញាធរខេត្តលោកអនុវត្តតាមសហគមន៍ និងធ្វើយុទ្ធនាការណាមួយ បើមិនជឿទុកចិត្តទេ។ សូមឱ្យលោកចុះទៅ តែជាក់ស្ដែងការដឹកជញ្ជូនឈើរៀងរាល់ថ្ងៃរាល់យប់»។
ក្រុមយុវជនបន្ថែមថា រដ្ឋាភិបាលត្រូវលុបបំបាត់ក្រុមហ៊ុនប្រមូលទិញឈើ ជាប់ដែនជម្រកសត្វព្រៃព្រះរកា ដូចជាក្រុមហ៊ុន សំអឿន សុវណ្ណ ជាដើម ប្រសិនបើមានចេតនាទុកព្រៃនេះ ឱ្យឋិតថេរសម្រាប់កូនខ្មែរជំនាន់ក្រោយ ជាពិសេស ត្រូវស៊ើបអង្កេតរកមន្ត្រីយោធាណា ដែលជួលពលរដ្ឋកាប់ឈើលក់ឱ្យខ្លួន មកផ្ដន្ទាទោសតាមច្បាប់។
ព្រៃព្រះរកា មានទំហំជាង ៩ម៉ឺន ៦ពាន់ហិកតារ (៩៦.០០០) នៅចន្លោះព្រំប្រទល់ស្រុកចំនួន៣ គឺស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុកឆែប របស់ខេត្តព្រះវិហារ៕
បទល្មើសព្រៃឈើ ដែលក្រុមយុវជន និងសហគមន៍ព្រៃព្រះរកា ចុះល្បាត ហើយប្រទះឃើញនៅក្នុងព្រៃព្រះរកា ខេត្តព្រះវិហារ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩។ រូប៖ N1M
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។