សកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ក្នុងតំបន់ព្រៃឡង់ខេត្តក្រចេះ នៅតែបន្តកើតមានច្រើន ស្របពេលកម្ពុជាកំពុង រងការរាតត្បាតដោយសារតែជំងឺកូវីដ (covid-19)។ ការកាប់បំផ្លាញព្រៃឈើទាំងនេះ ត្រូវបានក្រុមសកម្មជនបរិស្ថាន និងសហគមន៍ព្រៃឡង់អះអាងថា ជាដំណើរឈានទៅរកការបាត់បង់ដើមឈើធំៗសល់ចុងក្រោយ ក្នុងព្រៃអភិរក្សមួយនេះ។
សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាន ឱ្យដឹងនៅថ្ងៃទី២៥ មីនាថា ដើមឈើធំៗ និងដើមឈើផលិតជ័រទឹក ក្នុងតំបន់ព្រៃការពារធនធានធម្មជាតិ គ្រប់គ្រងដោយក្រសួងបរិស្ថាន កំពុងទទួលរងកាប់ចោះយកឈើធំៗ ដោយគ្មានការអនុវត្តច្បាប់។
កាលពីដើមខែមីនាកន្លងទៅ សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាន បានចុះល្បាតព្រៃឡង់ ហើយប្រទះឃើញដើមឈើទាលមួយដើម មានមុខកាត់ជាង ៣ម៉ែត្រ ប្រវែង ៦០ម៉ែត្រ និងមានអាយុកាលរាប់រយឆ្នាំ ត្រូវបានគេអារផ្តួល មិនទាន់ដឹកចេញក្រៅ។ ពួកគេបានថតរួបភាព និងវីដេអូ ទុកជាភស្តុតាង ដើម្បីស្នើឱ្យអាជ្ញាធរខេត្តក្រចេះ និងមន្ត្រីបរិស្ថាន វែកមុខជនល្មើសមកអនុវត្តច្បាប់ ក៏ប៉ុន្តែគ្មានលទ្ធផល។ រីឯដើមឈើដ៏ធំនោះ ត្រូវបានគេអារច្រៀកដឹកជញ្ជូនចូលក្រុមហ៊ុន ស៊ីង បាយអូថេក កាលពីពេលថ្មីៗ នេះ។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ អះអាងថា ស្ទើរជារៀងរាល់ថ្ងៃ មានរថយន្តកែច្នៃជាង ១០គ្រឿង បន្តធ្វើសកម្មភាពដឹកជញ្ជូនឈើ ក្នុងព្រៃឡង់ ចូលក្នុងការដ្ឋានក្រុមហ៊ុន ស៊ីង បាយអូថេក (THINK BIOTECH CAMBODIA) និងក្រុមហ៊ុនអង្គរប្លាយវូដ (Angkor Plywood) ឋិតក្នុងស្រុកសំបូរខេត្តក្រចេះ។ លោកថា ក្រុមហ៊ុនបានប្រើប្រាស់កម្លាំងកម្មកររាប់រយនាក់ ធ្វើអាជីវកម្មឈើខ្នាតធំ ជាប់ព្រៃអភិរក្ស ដើម្បីដឹកជញ្ជូនទៅលក់ទៅក្រៅប្រទេស។ លោកបន្ថែមថា អំឡុងពេលដែលជំងឺកូវីដ១៩ វាយលុក គឺជាឱកាសក្រុមឈ្មួញ និងអ្នកអារឈើ សម្រុកកាប់បំផ្លាញព្រៃឡង់ បែបអនាធិបតេយ្យ៖ «ក្រុមហ៊ុនបញ្ជាឱ្យកម្មករហ្នឹងចូលទៅកាប់ និងដឹកជញ្ជូនឈើ ក្នុងតំបន់ព្រៃឡង់ ចូលក្នុងដីសម្បទានសេដ្ឋកិច្ចហ្នឹង។ រថយន្តប៉ាកុងក្នុងដីសម្បទានសេដ្ឋកិច្ចហ្នឹង មិនក្រោមពី ១០ទៅ ២០គ្រឿងទេ ដែលមានក្រុមហ៊ុនអង្គរប្លាយវូដ និងក្រុមហ៊ុនស៊ីងបាយអូថេក មានទីតាំងនៅជាមួយគ្នា។ ក្នុងមួយថ្ងៃ គឺក្រុមហ៊ុនដឹកឈើចេញពីក្រុមហ៊ុនរបស់គេ ទៅលក់នៅក្រៅប្រទេស ឱ្យបាន ២០យីឌុប»។
លោក ហេង ស្រស់ សង្ស័យថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ដែលឈរជើងការពារព្រៃឡង់ នៅតំបន់នោះ បានទទួលសំណូកពីក្រុមអ្នកដឹកឈើខុសច្បាប់ បានជាបណ្ដែតបណ្ដោយឱ្យមានបទល្មើសព្រៃឈើកើតឡើងច្រើន ក្នុងព្រៃអភិរក្ស៖ «ក្រុមហ៊ុនស៊ីងបាយអូថេក និង ក្រុមហ៊ុនអង្គរប្លាយវូដទាំង ៣កំពុងសស្រាក់សស្រាំ ស្រក់ទឹកមាត់ដែលក្រសួងបរិស្ថានថា ព្រៃឡង់ជាព្រៃស្នូល។ ស្នូលហើយ ស្នូលសម្រាប់ក្រុមហ៊ុន មិនមែនស្នូលសម្រាប់ពលរដ្ឋ ជាព្រៃការពារ របស់ក្រសួងបរិស្ថាន សម្រាប់ឱ្យក្រុមហ៊ុនកាប់ ប៉ុន្តែមិនមែនការពារទុកឱ្យពលរដ្ឋអាស្រ័យផលទេ»។

សហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ ឱ្យដឹងថា មានមនុស្សជាច្រើនប្រដាប់ដោយរណាយន្ត និងគោយន្ត ចូលទៅកាប់ និងដឹកជញ្ជូនឈើ ក្នុងព្រៃឡង់លក់ អំឡុងពេលដែលបណ្ដាញសហគមន៍ព្រៃឡង់ កំពុងរងសម្ពាធពីក្រសួងបរិស្ថាន មិនអនុញ្ញាតឱ្យពួកគេល្បាតព្រៃ។ លោកថា ស្ទើររាល់ថ្ងៃមានការដឹកជញ្ជូនឈើខុសច្បាប់តាមម៉ូតូ និងគោយន្ត នៅជុំវិញតំបន់ព្រៃឡង់យ៉ាងសស្រាក់សស្រាំ។ រីឯឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ដែលឈរជើងការពារព្រៃ មិនបានបំពេញតួនាទីការពារព្រៃនោះទេ៖ «យើងនៅតែឃើញ មានការដឹកជញ្ជូនឈើចេញពីព្រៃ នៅតាមដងផ្លូវ ហើយនិងនៅតាមភូមិមួយចំនួន ឋិតនៅជុំវិញតំបន់ព្រៃឡង់ នៅតែមានសកម្មភាពសកម្មដដែល។ ស្ថានភាពកូវីដ១៩ កំពុងរាតត្បាត ក៏ប៉ុន្តែអ្នកដែលឆ្លៀតឱកាស នៅតែធ្វើសកម្មភាពដដែល ហើយក្រុមមន្ត្រីរបស់ក្រសួងបរិស្ថាន ហាក់បីដូចជា មិនមានវិធានការណាដែលគួរឱ្យកត់សម្គាល់ថា ខ្លួននឹងបំពេញតួនាទីធ្វើការបង្ក្រាបបទល្មើសព្រៃឈើ»។
អាស៊ីសេរីមិនទាន់អាចទាក់ទង តំណាងក្រុមហ៊ុន ស៊ីងបាយអូថេក និងក្រុមហ៊ុន អង្គរប្លាយវូដ ដើម្បីសុំការបំភ្លឺរឿងនេះបាននៅឡើយទេ នៅថ្ងៃទី២៥ មីនា។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ប្រាប់អាស៊ីសេរី តាមបណ្ដាញសង្គមស៊ិកណល (Signal) ថា ដោយលោកស្នើឱ្យ មានការផ្ដល់ទីតាំង និងនិយាមការឱ្យបានច្បាស់លាស់ ពីសកម្មភាពបទល្មើសព្រៃឈើដែលកើតមានក្នុងតំបន់ព្រៃឡង់។ លោកជំរុញឱ្យសកម្មជនបរិស្ថាន និងសហគមន៍ផ្ដល់រូបភាព ដឹកជញ្ជូនឈើចូលក្រុមហ៊ុន ឱ្យទាន់ពេលវេលា។ ចំពោះសំណួរថា ព្រៃការពារធម្មជាតិ នៅតំបន់ស្នូលក្រសួងបរិស្ថានហាមមិនឱ្យចូល បើគ្មានការអនុញ្ញាត។ ហេតុអ្វីបានជាក្រុមអ្នកអារឈើខុសច្បាប់ ចូលព្រៃឡង់បាន? អ្នកនាំពាក្យរូបនេះ ឆ្លើយថា ការចេញចូលក្នុងតំបន់ការពារធម្មជាតិ ត្រូវមានការអនុញ្ញាតពីសមត្ថកិច្ចនៃក្រសួងបរិស្ថានស្របតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ លោកថា ដើម្បីទទួលបានការអនុញ្ញាត អ្នកដែលមានបំណងចូលព្រៃឡង់ ត្រូវស្នើសុំមកក្រសួងបរិស្ថាន ឬសមត្ថកិច្ចនៅតាមទីតាំងផ្ទាល់។
បណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ មានមន្ទិលថា ក្រសួងបរិស្ថានរឹតបន្តឹងអ្នកការពារព្រៃឈើមិនឱ្យចូលព្រៃឡង់ ក៏ប៉ុន្តែអ្នកដែលប្រព្រឹត្តបទល្មើស កាប់ឈើ និងដឹកជញ្ជូនឈើ បែរជាចូលព្រៃឡង់ដោយសេរី។ លោកស្នើឱ្យក្រសួងបរិស្ថាន បញ្ចេញឆន្ទៈរបស់ខ្លួនឱ្យពិតប្រាកដដោយស្មើភាពគ្នា រវាងអ្នកការពារព្រៃឈើ និងអ្នកកាប់បំផ្លាញព្រៃឈើខុសច្បាប់៖ «ខ្ញុំមានការព្រួយបារម្ភខ្លាំងមែនទែនថា សកម្មភាពបទល្មើសព្រៃឈើវានឹងកើនឡើងទ្វេដង ដោយសារតែខ្វះអ្នកឃ្លាំមើល។ យើងមិនចង់និយាយថា វាមានត្រូវរ៉ូវគ្នារវាងមន្ត្រី ឧទ្យានុរក្ស និងជនល្មើសទេ ប៉ុន្តែអ្វីដែលយើងបានឃើញ វាមានការដឹកជញ្ជូនចេញពីព្រៃ វាសកម្ម»។
សហគមន៍ព្រៃឡង់រូបនេះបន្ថែមថា រយៈពេលជាង ២ខែចុងក្រោយនេះ នៅពេលដែលក្រសួងហាមសហគមន៍មិនឱ្យល្បាតព្រៃ សកម្មភាពកាប់បំផ្លាញព្រៃឡង់កំពុងកើនឡើងទ្វេដង ដោយសារគ្មានអ្នកឃ្លាំមើល ហើយមន្ត្រីបរិស្ថានកំពុងជិះសេះលែងដៃ មិនអើពើបង្ក្រាបបទល្មើសព្រៃឈើ។ លោកអំពាវនាវឱ្យក្រសួងបរិស្ថាន បើកចិត្តទូលាយ ផ្ដល់ឱកាសឱ្យសហគមន៍ព្រៃឡង់ សហការជាមួយមន្ត្រីឧទ្យានុរក្ស បន្តយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ ដែលជាជ្រុងមួយរួមចំណែកអភិរក្សធនធានធម្មជាតិបន្សល់ចុងក្រោយ៕