ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា​បន្ត​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​យក​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​ខុស​ច្បាប់

ដោយ ឡេង ម៉ាលី
2024.12.08
ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា​បន្ត​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​យក​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​ខុស​ច្បាប់ រូបភាពដើមឈើឈ្លិក ដែលពលរដ្ឋ និងសកម្មជនបរិស្ថាន រកឃើញបទល្មើសព្រៃឈើ នៅក្នុងដែនជម្រកកែវសីមា កាល​ពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។
រូបពីពលរដ្ឋ

ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម លើក​ឡើង​ថា ព្រៃឈើ​ស្ថិត​ក្នុង​គម្រោង​រ៉េដបូក នៃ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ខេត្តមណ្ឌលគីរី នៅតែ​មាន​ក្រុម​ឈ្មួញ​ខិលខូច​លួច​កាប់​ឈើ​មាន​តម្លៃ​ធ្វើ​អាជីវកម្ម​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ខុស​ច្បាប់​ដដែល ដោយ​មិន​ឃើញ​មាន​មន្ត្រី​ជំនាញ​ចុះ​ទប់ស្កាត់ និង​ចាត់​វិធានការ​ឡើង។ មន្ត្រី​សង្គម​ស៊ីវិល​សង្ស័យ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តំបន់​នោះ ជា​អ្នក​បើក​ភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​ទុច្ចរិត​ទាំង​នោះ។

ដើម​ឈើ​មូល​ធំៗ ដែល​មាន​តម្លៃ ស្ថិត​នៅ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា និង​ជា​គម្រោង​រ៉េដបូក ដែល​ក្រសួង​បរិស្ថាន​ដាក់​លក់​ឥណទាន​កាបូន ក្នុង​ខេត្តមណ្ឌលគីរី ត្រង់​ចំណុច​តំបន់​អូរម្យេស និង​អូរកាំង នៅតែ​មាន​ក្រុម​ឈ្មួញ​លួច​កាប់ និង​ដឹក​ជញ្ជូន​ឈើ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ចក្រ​របៀង​ជា​រៀងរាល់​ថ្ងៃ។

Deforestation_in_Mondulkiri_092124_by_Citizen.jpg
រូបភាពដីព្រៃគម្រោងរ៉េដបូកក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានជនល្មើសកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ថតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។ ពលរដ្ឋផ្ដល់ឲ្យ

ពលរដ្ឋ​រស់នៅ​ស្រុកកែវសីមា​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៧ ខែធ្នូ​ថា ជា​ច្រើន​ខែ​មក​ហើយ ដែល​ក្រុម​ឈ្មួញ​នាំ​គ្នា​សម្រុក​កាប់​ឈើ​មាន​តម្លៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​ក្រុម​ឈ្មួញ​ទាំង​នោះ​ប្រើប្រាស់​មធ្យោបាយ​គោយន្ត​កែច្នៃ ម៉ូតូ និង​រទេះ​គោ ដើម្បី​ដឹក​ឈើ​ឆ្លងដែន។ លោក​បន្ថែម​ថា ការ ដែល​មាន​ការ​កាប់​ឈើ​នៅ​ក្នុង​តំបន់​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​បាន ដោយសារ​តែ​មន្ត្រី​នៅ​តំបន់​នោះ គឺ​ជា​អ្នក​បើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ​ទាំង​អស់​នោះ។

ពលរដ្ឋ​រស់នៅ​ស្រុកកែវសីមា​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «មាន​ការ​គំរាម ហើយ​គេ​ចង់​រំលាយ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ចោល​ថែម​ទៀត នាយក​រដ្ឋមន្ត្រី​ឲ្យ​ពួក​គាត់​អនុវត្ត​នៅ​កន្លែង​នឹង និយាយ​រួម ផ្ទុយ​ខុស​ពី​ច្បាប់​នាយក​រដ្ឋមន្ត្រី​ប្រកាស​លើ​វេទិកា​កន្លង​មក»។

ពលរដ្ឋ​បន្ថែម​ទៀត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តំបន់​នោះ មិន​បាន​ទប់ស្កាត់​ការ​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តំបន់​នោះ គំរាម​ដកហូត​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​រូប​ណា ដែល​ហ៊ាន​ចេញ​មុខ​រិះគន់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​ជា​សាធារណៈ។

ជុំវិញ​រឿង​នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក ឌិន ប៊ុនធឿន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​នោះ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​បង្ក្រាប​រួចរាល់​ហើយ។

លោក ឌិន ប៊ុនធឿន៖ «មាន តែ​យើង​បាន​បង្ក្រាប​អស់​ហើយ ខ្លាច​តែ​នៅ​កៀនៗ ខាង​ក្រៅ ដែល​គាត់​បើក​ដៃ។ ប៉ុន្តែ​ខាង​ក្នុង បង្ក្រាប​អស់​ហើយ»

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្តមណ្ឌលគីរី លោក ប៊ី វ៉ាន់នី យល់​ឃើញ​ថា បទល្មើស​នៅតែ​បន្ត​កើត​មាន​នៅ​ក្នុង​តំបន់​ការពារ ដោយសារ​តែ​មន្ត្រី​ជំនាញ​នៅ​តំបន់​នោះ មិន​បាន​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ទៅ​លើ​ជន​ល្មើស​ទាំង​នោះ។ លោក​បន្ថែម​ថា ដើម្បី​ទប់ស្កាត់​បទ​ល្មើស​ឲ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវតែ​សិក្សា​ស្រាវជ្រាវ​រក​ជន​ល្មើស​ធំៗ និង​អាជ្ញាធរ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជន​ល្មើស យក​ទៅ​ផ្ដន្ទាទោស​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់។

លោក ប៊ី វ៉ាន់នី៖ «បើ​យើង​មាន​តែ​ច្បាប់ និង​មន្ត្រី ហើយ​មន្ត្រី​របស់​យើង​មិន​អនុវត្ត​ច្បាប់ បទល្មើស​ព្រៃឈើ​វា​នៅតែ​បន្ត ហើយ​អំពើ​ពុករលួយ គឺ​ជា​ឧបសគ្គ ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ។ អ៊ីចឹង អំពើ​ពុករលួយ​ជា​ដើម​ចម នៃ​ការ​បាត់បង់​ព្រៃឈើ​ពិត​ប្រាកដ អ៊ីចឹង​ហើយ យើង​ស្នើសុំ​ឲ្យ​មាន​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ហើយ​មិន​ត្រូវ​លើកលែង​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​មន្ត្រី ដែល​ចុះ​ហត្ថលេខា​លក់​ដី​ព្រៃ នៅ​ក្នុង​តំបន់​ការពារ​ទាំង​អស់​នេះ​នោះ​ទេ»

កាល​ពី​ចុង​ឆ្នាំ២០២៣ រដ្ឋាភិបាល​ចាស់​បាន​ប្រកាស​អំពី​ការ​ពង្រីក​ទំហំ​ផ្ទៃដី​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ពី​ជាង ២៩ម៉ឺន​ហិកតារ (២៩២៦៩០) ទៅ​ជាង ៣១ម៉ឺន (៣១៧៤៥៦)ហិកតារ។ បច្ចុប្បន្ន ក្រសួង​បរិស្ថាន​កំពុង​អនុវត្ត​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​បណ្ដាល​មក​ពី​ការ​បាត់បង់ និង​ការ​រេចរឹល​នៃ​ព្រៃឈើ ឬ​ហៅ​ថា គម្រោង​រ៉េដបូក (REDD+) នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ចាប់​តាំង​ពី​ឆ្នាំ២០១០ មក លើ​ផ្ទៃដី​ជិត ២សែន​ហិកតារ ហើយ​ក្រសួង​សាមី​បាន​ប្រមូល​បាន​ថវិកា​ពី​ការ​លក់​ឥណទាន​កាបូន​រាប់​សិប​លាន​ដុល្លារ និង​បាន​កៀរគរ​រក​ថវិកា​ពី​ម្ចាស់​ជំនួយ​អន្តរជាតិ​ជិត ១០ស្ថាប័ន​បន្ថែម​ទៀត ដើម្បី​យក​លុយ​ទាំង​នោះ​មក​ការពារ​តំបន់​អភិរក្ស​មួយ​នេះ មាន​ដូចជា ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ច​អភិវឌ្ឍ​អន្តរជាតិ (USAID) និង​ទីភ្នាក់ងារ​បារាំង នៃ​ការ​អភិវឌ្ឍ ហៅ​កាត់​ថា អាអេហ្វដេ (AFD) ជា​ដើម។ បើ​ទោះ​បី​រដ្ឋាភិបាល​ពង្រីក​ផ្ទៃដី បង្កើត​គម្រោង​លក់​ឥណទាន​កាបូន និង​មាន​ម្ចាស់​អន្តរជាតិ​ស្អេកស្កះ​ជួយ​ជ្រោមជ្រែង​យ៉ាង​ណា​ក្ដី ក៏​តំបន់​ការពារ​មួយ​នេះ នៅតែ​រង​ការ​កាប់​យក​ឈើ​មាន​តម្លៃ និង​មាន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ពី​ក្រុម​ឈ្មួញ​យ៉ាង​អនាធិបតេយ្យ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។