ជនជាតិដើមភាគតិចទំពួនរស់នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី អះអាងថា ឈើមូលធំៗ ឋិតក្នុងតំបន់ភ្នំម៉ាហើល ភ្នំណាំជៀ និង ភ្នំគិរីមង្ឃុត ដែលឋិតក្នុងដែនជម្រកសត្វព្រៃលំផាត់ កំពុងទទួលរងការកាប់យកឈើមានតម្លៃយ៉ាងខ្លាំងក្លា រួចដឹកទៅលក់នៅប្រទេសវៀតណាម។
ចំណែកមន្ត្រីបរិស្ថានអះអាងថា ពួកគេកំពុងស៊ើបអង្កេតរកមេខ្លោងករណីនេះ។
ជនជាតិដើមភាគតិចទំពួនរស់នៅភូមិសមុទ្រក្រោម និងភូមិកែងសាន់ នៃឃុំសេដា ស្រុកលំផាត់ អង្កេតឃើញថា ដែនជម្រកសត្វព្រៃលំផាត់ គឺជាទីផ្សារអាជីវកម្មឈើរបស់អាជ្ញាធរមូលដ្ឋាន និងឈ្មួញយ៉ាងពេញទំហឹង នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អ្នកភូមិខ្លះ បានមូលមតិគ្នា ដាក់ពាក្យប្ដឹងអាជ្ញាធរមូលដ្ឋាន ទៅតុលាការ ដើម្បីសង្គ្រោះព្រៃឈើ នៅពេលដែលពួកគេរកឃើញឯកសារ និងភស្តុតាងជាច្រើនមានជាប់ពាក់ព័ន្ធមេភូមិ មេឃុំ និង មេសហគមន៍ ឃុបឃិតគ្នាលក់ដីព្រៃអភិរក្ស និងឈើមូលមានតម្លៃ តែគ្មានប្រសិទ្ធភាព។
ជនជាតិដើមភាគតិចទំពួនរស់នៅភូមិសមុទ្រក្រោម លោក ឆន ផល្លា ឲ្យដឹងនៅថ្ងៃទី២៥ វិច្ឆិកាថា កម្មករប្រដាប់ដោយម៉ាស៊ីនត្រង់សឺន័រ ១០គ្រឿង កំពុងអាររំលំឈើធ្វើអាជីវកម្មមានមុខកាត់ ៣តឹកឡើងទៅ នៅតំបន់ភ្នំអាត និងភ្នំម៉ាហើល រួចដឹកទៅលក់នៅប្រទេសវៀតណាម។
លោកថា អ្នកភូមិដែលប្រទះឃើញ បទល្មើសព្រៃឈើបានផ្តល់ដំណឹងទៅមន្ត្រីបរិស្ថាន និងអាជ្ញាធរស្រុកឲ្យចុះទប់ស្កាត់ តែគ្មានលទ្ធផល។ «»
បុរសដដែលបន្ថែមថា អ្នកភូមិខកចិត្ត លើវិធានការច្បាប់របស់តុលាការ ខែត្ររតនគិរី បើទោះបីជាពួកគាត់បានប្ដឹងអាជ្ញាធរពាក់ព័ន្ធទៅតុលាការ ប្រយោជន៍ការព្រៃការពារឈើឲ្យគង់វង្ស ក៏ប៉ុន្តែបទល្មើសព្រៃឈើនៅតែកើតមានកាន់តែខ្លាំងឡើង។ លោកអះអាងថា អ្នកភូមិមានភស្តុតាងច្បាស់លាស់ និងឯកសារទិញលក់ឈើ ក្នុងតំបន់អភិរក្ស ដែលប្រព្រឹត្តឡើងដោយអាជ្ញាធរភូមិ/ឃុំ និងមេសហគមន៍ផង និងបានបង្ហាញប្រាប់មន្ត្រីបរិស្ថាន និងតុលាការ ក៏ប៉ុន្តែគ្មានដំណោះស្រាយ។ «»
កាលពីចុងខែកក្កដា ឆ្នាំ ២០១៧ ជនជាតិដើមភាគតិចទំពួន រស់នៅភូមិសមុទ្រក្រោម រកឃើញឯកសារទិញលក់ឈើមូលខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ចំណុចភ្នំអាត ដែលមេភូមិឈ្មោះ ខាំផ សាវ៉ាត និងប្រធានសហគមន៍លោក ថាន់ ម្ហើល បានផ្ដិតមេដៃ លើកិច្ចសន្យាលក់ឈើមូល ក្នុងព្រៃនោះ ទៅឲ្យឈ្មួញជនជាតិវៀតណាម ក្នុងតម្លៃ ១ម៉ឺន ៥ពាន់ដុល្លារ។ ក្រោយពីរកឃើញឯកសារនេះ អ្នកភូមិមួយក្រុម បានដាក់ពាក្យបណ្ដឹងរឿងនេះ ទៅមន្ត្រីបរិស្ថាន និងតំណាងអយ្យការខេត្តរតនគិរី ជាងមួយឆ្នាំមកហើយ តែមកទល់ពេលនេះ គ្មានលទ្ធផលអ្វីនៅឡើយ។
ជនជាតិដើមភាគតិចម្នាក់ទៀតរស់នៅភូមិកែងសាន់ លោក ខាំ និន អះអាងនៅថ្ងៃទី២៥ វិច្ឆិកាថា អ្នកភូមិមួយក្រុម ប្រទះឃើញ សកម្មភាពកាប់រំលំឈើមូលមុខធំៗ នៅតំបន់ភ្នំណាំជៀ ដឹកតាមគោយន្ត និងរថយន្តចេញក្រៅនៅពេលថ្ងៃ រួចដឹកបន្តទៅលក់នៅប្រទេសវៀតណាម។ លោកថា មេសហគមន៍ឈ្មោះ សេង ដែន គឺជាមេខ្លោងកាប់រំលំឈើក្នុងព្រៃអភិរក្សនោះ ហើយលោកបានផ្តល់ដំណឹងនេះទៅមន្ត្រីបរិស្ថាន និងសមត្ថកិច្ចរួចហើយ។ «»
លោក ខាំ និន អំពាវនាវឲ្យក្រសួងបរិស្ថាន ចុះពិនិត្យពីវិនាសកម្មព្រៃឈើនៅតំបន់នោះ និងមេត្តាទុកដីអភិរក្សខ្លះ ដែលជាដីទំនេរ ផ្ដល់លទ្ធភាពឲ្យជនជាតិដើមភាគតិចឃ្វាលគោ ក្របី ចិញ្ចឹមជីវិត ខណៈដែលអាជ្ញាធរ និងឈ្មួញ មានមហិច្ឆតាលេបត្របាក់ឈើមានតម្លៃ និងហ៊ុមព័ទ្ធដីនៅតំបន់នោះធ្វើអាជីវកម្មស្ទើរតែទាំងស្រុង។ «»
ប្រធានការិយាល័យដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី លោក សាន សានី បដិសេធថា ពុំមានការកាប់រំលំឈើធំដុំ និងទន្ទ្រានព្រៃយកដី ក្នុងដែនជម្រកសត្វព្រៃលំផាត់ ដូចការលើកឡើងរបស់ពលរដ្ឋនោះទេ។ តែយ៉ាងណា លោកបានចាត់ឲ្យមន្ត្រីបរិស្ថាន ចុះទៅតំបន់នោះជាថ្មីទៀត ដោយសហការជាមួយគណៈបញ្ជាការឯកភាពស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ។ លោកបន្ថែមថា លោកកំពុងស៊ើបអង្កេតរកមេខ្លោងកាប់ឈើនៅដែនជម្រកសត្វព្រៃលំផាត់ ក៏ប៉ុន្តែត្រូវចំណាយពេលយូរ ដើម្បីកសាងសំណុំរឿង៖។ «»
អាស៊ីសេរីបានព្យាយាមទាក់ទង មេភូមិកែងសាន់ លោក ញួង កួត និងមេឃុំសេដា លោក អង់ ប៊ុនធឿង តែទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃទី២៥ វិច្ឆិកា។ រីឯអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភ័ត្រា បដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នៅថ្ងៃដដែរនេះ ដោយលោកចុចទទួលទូរស័ព្ទហើយមិននិយាយ។
កាលពីខែតុលា ឆ្នាំ២០១៧ តំណាងពលរដ្ឋភូមិកែងសាន់មួយចំនួន និងមន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក (Adhoc) បានដាក់ពាក្យប្ដឹងករណីនេះទៅស្ថាប័នអយ្យការសាលាដំបូងខែត្ររតនគិរី ដោយចោទមេឃុំ អភិបាលស្រុកលំផាត់ និងមន្ត្រីជំនាញ ១០នាក់ ពីបទអនុគ្រោះឲ្យកើតមានបទល្មើសព្រៃឈើនៅព្រៃសហគមន៍ភូមិកែងសាន់។ មកទល់ពេលនេះ សំណុំរឿងនេះឋិតក្នុងដំណើរការស៊ើបអង្កេតរបស់តំណាងអយ្យការនៅឡើយ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ អង្កេតឃើញថា ថ្នាក់ដឹកនាំរដ្ឋ និងស្ថាប័នជាតិបានស្រែកប្ដេជ្ញា ចិត្តការពារព្រៃឈើច្រើនសារមកហើយ ក៏ប៉ុន្តែមន្ត្រីថ្នាក់ក្រោម និងអាជ្ញាធរមូលដ្ឋានមិនបានអនុវត្តតាមបទបញ្ជាថ្នាក់ហើយនោះទេ ថែមទាំងមានមន្ត្រីខ្លះ ឃុបឃិតជាមួយជនល្មើសកាប់ទន្ទ្រានព្រៃយកដី និងឈើមានតម្លៃបំពានច្បាប់។ លោកថា ស្ថាប័ននីតិប្រតិបត្តិ និងតុលាការ មិនបានរកយុត្តិធម៌ជូនពលរដ្ឋរងគ្រោះក្នុងសំណុំរឿងនេះទេ បើទោះបីពលរដ្ឋមូលដ្ឋានព្យាយាមគ្រប់មធ្យោបាយការពារព្រៃឈើ និងប្ដឹងអាជ្ញាធរមូលដ្ឋានទៅតុលាការបំណងលប់បំបាត់បទល្មើសព្រៃឈើ តែផ្ទុយទៅវិញបទល្មើសព្រៃឈើមិនថយចុះនោះទេ។ «»
ពលរដ្ឋភូមិសមុទ្រក្រោមរំឭកថា ក្នុងចន្លោះឆ្នាំ ២០១៦ ដល់ពាក់កណ្ដាល ឆ្នាំ ២០១៧ ឈើមូលនៅតំបន់ភ្នំអាត រាប់ពាន់ដើម ត្រូវគេអាររំលំ និងដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម។ មកទល់ពេលនេះឈើមូលធំៗ នៅតំបន់ភ្នំអាតដែលជាជម្រកសត្វព្រៃរស់នៅ ត្រូវគេកាប់លក់អស់គ្មានសល់ ហើយបច្ចុប្បន្នឈ្មួញសម្រុកកាប់ទន្ទ្រានយកដី និងឈើមានតម្លៃ ឋិតនៅលើភ្នំអាតទាំងមូល និងជុំវិញចង្កេះភ្នំ រហូតដល់ភ្នំម៉ាហើល ភ្នំគិរីមង្ឃុត និងភ្នំណាំជៀ។ ពួកគេបារម្ភថា ព្រៃឈើដែលនៅសេសសល់ខ្លះក្នុងតំបន់ភ្នំគិរីមង្ឃុត និងភ្នំណាំជៀ ដែលជាកន្លែងអាស្រ័យផលរបស់ជនជាតិដើមភាគតិចទំពួន ចិញ្ចឹមគោក្របីបែបប្រពៃណី និងជាតំបន់ទេសចរធម្មជាតិ ក៏កំពុងទទួលរងការកាប់ទន្ទ្រានយកឈើមូលធំៗអស់ជាច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។