អង្គការ​​អន្តរជាតិ​​ផ្សាយ​​របាយការណ៍​​បង្ហាញ​​ពី​ការ​​តស៊ូ​​​និង​​ធ្វើ​ទុក្ខបុកម្នេញ​​លើ​​អ្នក​ការពារ​​បរិស្ថាន​​កម្ពុជា​​

0:00 / 0:00

អង្គការ​​បណ្តាញ​អ្នកការពារ​​បរិស្ថា​ន​​អាស៊ី​បា​ស៊ី​ហ្វិ​ក​ ​ដែល​មាន​​មូលដ្ឋាន​​នៅ​ប្រទេស​​ ​ហ្វីលីពីន​ (​Philippine​s ) ​បាន​​ចាត់​ទុក​​ក្រុម​​អ្នកការពារ​​បរិស្ថាន​​ខ្មែរ​​ថា​ ​មាន​​ភាព​​ក្លាហាន​ ​និង​​ជា​​សាមញ្ញ​ក្រោកឈរ​​ការពារ​​ធនធាន​ធម្មជាតិ​ ​និង​​សិទ្ធិ​រស់រាន​មានជីវិត​​របស់​​ពលរដ្ឋ​។​ ​ពួកគេ​​ធ្វើការ​​មិន​​ខ្លាច​​នឿយហត់​ ​ដើម្បី​ការពារ​​ជី​វ​ចម្រុះ​ ​​និង​​ព្រៃឈើ​ ​បំណង​កាត់​បន្ថយ​​ការ​​ប្រែប្រួល​​អាកាស​ធាតុ​។​

របាយការណ៍​​ចេញផ្សាយ​​នៅ​ថ្ងៃ​ទី​​២​២​ ខែ​មេសា​​ ​ក​ម្រាស់ ​១​២​០​​​ទំព័រ​ ​ដែល​​ក្នុង​នោះ​​ ​៣​​០​​ទំព័រ​ ​បង្ហាញ​​ពី​ការ​​តស៊ូ​ ​និង​ការ​​ធ្វើទុក្ខបុកម្នេញ​ ​លើ​​សកម្មជន​​ការពារ​​បរិស្ថាន​​នៅ​​កម្ពុជា​​ ​ពីសំណាក់​​អាជ្ញាធរ​​រដ្ឋាភិបាល​។​ ​អង្ក​ការ​​នេះ​​ ​បាន​កត់ត្រា​​ឈ្មោះ​​សកម្មជន​​បរិស្ថាន​​មួយ​​ចំនួន​​នៅ​​កម្ពុជា​ ​ដែល​​អាជ្ញាធរ​ចា​ប់ខ្លួន​​ ​និង​​ដាក់​​ពន្ធ​នាគា​​រ​ ​រួម​មាន​ ​​សកម្មជន​បរិស្ថាន​​លោក​​ ​អ៊ូច​ ​ឡេង​ ​លោក​​ ​សាន់​ ​ម៉ា​ឡា ​និង​​ ​លោក​ ​ហ៊ុន​ ​វណ្ណៈ​ ​ជាដើម​។​

​របាយការណ៍​បន្ថែម​ថា​ ​សកម្មជន​​ការពារ​ព្រៃឈើ​​ដ៏​ល្បីល្បាញ​​លោក​ ​អ៊ូច​ ​ឡេង​ ​បាន​​ប្រថុយ​ជីវិត​​ប្រយុទ្ធ​ប្រឆាំង​​ការ​បំផ្លិចបំផ្លាញ​​ដែន​ជម្រក​​សត្វព្រៃ​ព្រៃ​ឡង់​​ជា​​ព្រៃធំ​​ជាងគេ​​នៅ​​កម្ពុជា​។​ ​លោក​បាន​បំពេញ​​បេសកកម្ម​​ប្រកបដោយ​​គ្រោះថ្នាក់​ ​ក្នុង​​ការស៊ើបអង្កេត​​សកម្មភាព​​កាប់​​ឈើ​​ធំ​ៗ​ ​ក្នុង​ដែន​​ព្រៃ​ឡង់​ ​ពីសំណាក់​​ក្រុមហ៊ុន​ស៊ីង​​បាយ​​អូ​ថេ​ក​ ( ​THINK​ B​I​O​T​E​C​H​ ​CAM​BO​D​I​A​ )។​ សកម្មជន​​បរិស្ថាន​​រូប​នេះ​​​ជា​​ម្ចាស់​ពាន​រង្វាន់​វីរជន​​ការពារ​​បរិស្ថាន​​ពិភពលោក​ (​G​old​man​ ​Environment​a​l​ ​Prize​) ​កាលពី​ឆ្នាំ​២​០​១​៦​។​

Ouch_Leng_Environment_22_04_2021_02.jpg
លោក អ៊ូច ឡេង (កណ្តាល) និងសកម្មជនព្រៃឈើជាច្រើនរូបទៀត ត្រូវបានតុលាការខេត្តក្រចេះសម្រេចដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីមន្ត្រីបរិស្ថានខេត្តក្រចេះចាប់ខ្លួនបញ្ជូនទៅកាន់តុលាការកាលពីដើមឆ្នាំ២០២១នេះ។

​លោក​ ​អ៊ូច​ ​ឡេង​ ​និង​សហការី​ ​ត្រូវ​អាជ្ញាធរ​​ចាប់ខ្លួន​​ពីរដង​ ​លើក​ទី​១​ ​គឺ​សន្តិសុខ​​ក្រុមហ៊ុន​ឯកជន​ ​និង​​មន្ត្រី​បរិស្ថាន​ ​បាន​ចាប់ខ្លួន​លោក​ ​រួម​​ទាំង​សកម្មជន​​បរិស្ថាន​ ​៣​នាក់​​ទៀត​ ​កាលពី​ខែមីនា​ ​ឆ្នាំ​​២​០​២​០​ ​បន្ទាប់ពី​​ពួក​លោក​​ចុះ​ស៊ើប​អង្កេត​​សកម្មភាព​​កាប់​ឈើ​​ក្នុង​ដែន​​ជម្រក​​សត្វ​ព្រៃ​ឡង់​។​ ​លើក​ទី​២​ ​អាជ្ញាធរ​​ចាប់​ខ្លួន​​លោក​ ​និង​សកម្មជន​​បរិស្ថាន​​មួយ​​ចំនួន​ទៀត​ ​កាលពី​​ខែកុម្ភៈ​ ​ឆ្នាំ​​២​០​២​១​ ​ក្រោយ​​​ពី​​ពួក​លោក​ ​បាន​ដើរ​ប្រមូល​ភស្តុតាង​​បទល្មើស​​ព្រៃឈើ​ ​ក្នុង​ស្រុក​​សំបូរ​ ​ខេត្ត​​ក្រចេះ​។

​របាយការណ៍​បន្ថែម​ថា​ ​អាជ្ញាធរ​បាន​ចាប់ខ្លួន​​ក្រុម​​មាតា​ធម្មជាតិ​ ​៣​ ​នាក់​​ ​គឺ​លោក​ ថុ​ន​ ​រដ្ឋា​​ ​កញ្ញា​ ​ឡុង​ ​គន្ធា​​ ​និង​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​​ ​កាលពីដើម​ខែកញ្ញា​​ ​ឆ្នាំ​២​០​២​០​។​ ​ការ​ចាប់ខ្លួន​នេះ​ ​​កើតមានឡើង​បន្ទាប់​ពី​​កញ្ញា​ ​ឡុង​ ​គន្ធា​ ​បាន​​បង្ហោះ​សារ​លើ​​ទំព័រ​ហ្វេសប៊ុក​​របស់​​​ខ្លួន​​ ​​ពី​​គម្រោង​​ដើរ​​ពី​​វត្តភ្នំ​​ទៅកាន់​​ភូមិគ្រឹះ​លោក​​នាយករដ្ឋមន្ត្រី​​ ​ហ៊ុន​ ​សែន​ ​​ដើម្បី​ស្នើសុំ​​ជួប​​ផ្ទាល់​ ​ពិភាក្សា​​អំពី​បញ្ហា​​លុប​​បឹង​​តា​​មោក​។​

លើស​ពី​នេះ​​ទៀត​ ​សកម្មជន​បរិស្ថាន​លោក​ ​ថន​ ​រដ្ឋា​ ​វ័យ​ ​២​៩​ ​ឆ្នាំ​ ​បាន​ចូលរួម​ជា​មួយ​​ចលនា​មាតា​ធម្មជាតិ​​កម្ពុជា​ក្នុង​ឆ្នាំ​ ​២​០​១​៥​ ​។​ ​បច្ចុប្បន្ន​​លោក​​​​មាន​​កូន​ប្រុស​​អាយុ​ ​១​ ​ឆ្នាំ​។​ ​ឯ​កញ្ញា​ ​ឡុង​ ​គន្ធា​ អាយុ​ ​២​៣​ ​ឆ្នាំ​ ​មាន​ស្រុកកំណើត​ ​នៅ​ខេត្ត​កំពង់ចាម​។​ ​នាង​បាន​លាឈប់​ពី​ការងារ​ជា​គ្រូបង្រៀន​ក្របខណ្ឌ​មន្ត្រី​រាជការ​ ​ហើយ​ចូលរួម​ការពារ​បរិស្ថាន​។​ ​កញ្ញា​ ​ភួង​ ​កែវ​រស្មី​ ​វ័យ​ ​១​៩​ ​ជា​និស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ​។​ ​នាង​មាន​ស្រុកកំណើត​នៅ​ខេត្ត​ស្វាយរៀង​។

មុន​ពេល​​ចាប់ខ្លួន​​សកម្មជន​​ទាំង​បី​នាក់​ ​បាន​ផ្សាយ​​វីដេអូ​ ​តាម​បណ្តាញ​​សង្គម​ហ្វេសប៊ុក​ ​បង្ហាញ​ពី​​គំរោង​លុប​​បឹ​ត​តា​មោក​​ ​អស់​រាប់​​រយ​​ហិកតារ​​​ដើម្បី​​សាងសង់​​អគារ​​​ឯកជន​ ​និង​រដ្ឋ​។​

ពាក់ព័ន្ធ​នឹង​​របាយការណ៍​​នេះ​​ដែរ​ ​ស្ថាបនិក​​ចលនា​មាតា​​ធម្មជាតិ​លោក​​ ​អា​ឡិច​ហាន់​ដ្រូ ហ្កាន់​សា​ឡេ​ស​ ដេវិ​ត​សុ​ន​ (​Ale​j​and​ro ​Go​n​z​ale​s ​D​avid​son​) ​ចាត់​​ទុក​​របាយ​ការណ៍​​នេះ​​ ​ជា​កា​រ​ដាក់​សម្ពាធ​​បន្ថែម​​ទៀត​ឱ្យ​របប​​លោក​ ​ហ៊ុន​ ​សែន​ ​ភ្ញាក់ខ្លួន​​ឈប់​​ធ្វើបាប​​ក្រុម​​អ្នក​ការពារ​​បរិស្ថាន​។​ ​លោក​យល់ថា​ ​ការ​ចាប់ខ្លួ​ន​ក្រុម​សកម្ម​​ជន​​បរិស្ថាន​​ ​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍ជាតិ​​យ៉ាង​ធំធេង​ ​​ហើយ​ចំណេញ​​ក្រុមហ៊ុន​​ឯកជន​ ​និង​អាជ្ញាធរ​ខិលខូច​៖​ ​«​អា​ហ្នឹង​គឺជា​រឿង​មួយ​​ ​ដែល​លោក​ ​ហ៊ុន​ ​សែន​​ ​ហាក់ដូច​ជា​​មិន​ខ្វល់​ ​តែ​ខ្ញុំ​គិត​ថា​ ​គួរតែ​ខ្វល់​​ដែ​រ​។​ ​រដ្ឋាភិបាល​​របស់​​គាត់​កា​ន់​​ត់ែ​ដុនដា​ប​​ទៅ​ៗ​ ​ព្រោះ​យើង​​យក​​អំណាច​​របស់​​រដ្ឋ​ទៅ​​ចាប់​​មនុស្ស​​អត់​មាន​​ទោស​។​​ ​ចៅក្រម​​ ​ជា​អ្នក​​រំលោភច្បាប់​​ ​ព្រះរាជអាជ្ញា​តំណាង​ឱ្យ​រដ្ឋ​ ​ជា​អ្នកធ្វើការ​​រំលោភ​សិទ្ធិ​របស់​គាត់​។​ ​អា​ហ្នឹង​​ធ្ងន់​​ណាស់​ ​អាម៉ាស់​ដល់​​លោក​ ​ហ៊ុន​ ​សែន​ ​​ដែល​លោក​នៅតែ​អា​ម៉ាស់​បាន​ ​ព្រោះ​ខ្ញុំ​បារម្ភ​ថា​ ​គាត់​យូរ​ទៅ​ ​លែង​អា​ម៉ា​ស​អីទាំងអស់​ ​ »​។​

a8418ef0-9b50-4b8d-a8d2-a8aa28a6eb87.jpeg
សកម្មជនការពារធម្មជាតិនៃចលនាមាតាធម្មជាតិ៣រូប (លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី) ដែលកំពុងជាប់ពន្ធនាគារនៅក្នុងតុលាការកម្ពុជា។

អាស៊ី​សេរី​​មិនទាន់​​អាច​​សុំ​ការ​​បំភ្លឺ​​រឿង​​នេះ​ ​ពី​អ្ន​កនាំពាក្យ​​ក្រសួង​បរិស្ថាន​​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​និង​​អ្នកនាំពាក្យ​​អង្គភាព​​រដ្ឋាភិបាល​​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​បាន​​នៅ​ឡើយ​​ទេ​នៅ​ថ្ងៃ​ទី​​៣​ ខែ​មេសា​​ ​ព្រោះ​ទូរសព្ទ​​ហៅ​​ចូល​​គ្មាន​​អ្នក​លើ​ក​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ ​សុខ​ ​ឥ​សាន​ ​វិញ​ ​លោក​ច្រានចោល​​របាយការណ៍​នេះដោយ​ចាត់ទុក​ថា​ ​មិន​ផ្អែក​លើ​​គោលការណ៍​ច្បាប់​​នៃ​​ការ​​​​ដឹក​នាំ​​ប្រទេស​​របស់​​រដ្ឋាភិបាល​​នោះ​ទេ​។​ ​លើស​ពី​​នេះ​​លោក​​ថា​ ​រដ្ឋាភិបាល​​បាន​​បើក​ទូ​លាយ​​ឱ្យ​អង្គការសង្គម​ស៊ីវិល​​នានា​ ​សហការ​ការពារ​​ធនធាន​ធម្មជាតិ​​​ស្រប​​តាម​ច្បាប់​​នៅ​​កម្ពុជា​។​ ​លោក​​បញ្ជាក់​​ថា​ ​ការ​ចាប់ខ្លួន​​សកម្មជន​​បរិស្ថាន​​ទាំង​នេះ​ ​ដោយសារ​​អ​ង្ក​ការ​​របស់​​ពួកគេ​​ពុំបាន​​ចុះបញ្ជី​​នៅ​​ក្រសួង​មហាផ្ទៃ​​​និង​​មិន​​សហការ​​ជា​មួយ​​សមត្ថកិច្ច​​របស់​រដ្ឋាភិបាល​៖​ ​«​ការដែល​អនុវត្ត​ភារកិច្ច​របស់​​គាត់​​ ​ពុំមែន​​ជា​​ភារកិច្ច​ត្រឹមត្រូវ​​ទៅតាម​​គោលការណ៍​ច្បាប់​​ទេ​ ​អ៊ីចឹង​​វា​​ត្រូវ​ប្រឈម​​មុខ​​ចំពោះមុខ​​ច្បាប់​។​ ​មិនមែន​​ធ្វើតាមអំពើ​ចិត្ត​របស់​យើង​​​ឬ​ភ្លើតភ្លើន​ទៅតាម​ការ​ញុះញង់​ ​​របស់​ជនបរទេស​ ​ពីក្រៅ​ប្រទេស​​មក​ទេ​។​ ​ការ​ធ្វើ​របាយការណ៍​​​ប៉ុន្មាន​រយ​​ទំព័រ​​ ​និង​​ប៉ុន្មាន​​ពាន់​ទំព័រ​​ក៏ដោយ​ ​គឺ​វា​មិន​ផ្អែក​តាម​​គោលការណ៍​​ច្បាប់​​របស់​កម្ពុជា​ ​ »​។

​ជុំវិញ​រឿង​នេះ​ ​សកម្មជន​បរិស្ថាន​​លោក​ ​សាន់​ ​ម៉ា​ឡា ​សង្កេតឃើញ​​ថា​ ​ក្រុម​អ្នកការពារ​​បរិស្ថាន​​ត្រូវ​បាន​​អាជ្ញាធរ​រារាំង​​​និង​​ធ្វើទុក្ខបុកម្នេញ​​មិន​​ឱ្យ​​និយាយ​​ការ​ពិត​​ ​ពី​​ការ​​បំផ្លាញ​ធនធាន​ធម្មជាតិ​។​ ​លោក​ថា​ ​ពួក​លោក​​ចុះ​ដើរ​​ព្រៃ​​ម្តងៗ​ ​អាជ្ញាធរ​តែងតែ​​ចំណាយ​​ពេល​តាម​ដាន​ ​​និង​​ឃ្លាំមើល​​ដើម្បី​​គំរាមកំហែង​​ ​ផ្ទុយពី​អ្នក​​កាប់​​ឈើ៖​ ​«​​ជាពិសេស​នៅ​កំឡុង​ពេល​​នៃ​ការ​ហាមឃាត់​មិន​​ឱ្យ​ការពារ​ព្រៃ​ ​យើង​ក៏​​បារម្ភ​ថា​ ​ខ្លាច​ពេល​​យើង​នៅ​ក្នុង​​ព្រៃ​​ជួប​​ប្រទះ​​ជាមួយ​​ហ្នឹង​ ​ក្រុម​​ឧ​ទ្យានុ​រក្ស​។​ ​​បារម្ភ​ថា​ ​​គេ​​អាច​​ចាប់​ខ្លួន​​បញ្ជូន​​ពួកយើង​​ទាំងអស់​គ្នា​ទៅ​​តុលាការ​ ​ដូចដែល​​គេ​​បាន​​ធ្វើ​​ចំពោះ​លោក​ ​អ៊ូច​ ​ឡេង​ ​ »​។

របាយការណ៍​បន្ថែម​​ថា​ ​សកម្មជន​ការពារ​​បរិស្ថាន​​តំបន់​​អា​រ៉ែ​ង​​ជា​ជនជាតិ​ដើម​ភាគតិច​​ជង​ ​នៅ​ខេត្ត​កោះ​កុង​លោក​ ​លោក​ ​វ៉ែន​ ​វ៉ន​ ​ត្រូ​វ​​បាន​​តុលាការ​ចាប់​ខ្លួន​ ​និង​​បញ្ជូន​ទៅ​ដាក់​ពន្ធ​នាគា​រ​​ខេត្ត​កោះ​កុង​រយៈ​ពេល​​១​​ឆ្នាំ​ ​កាលពី​ឆ្នាំ​​២​០​១​៥​ ​ដោយ​​ចោទប្​រកាន់​​ប្រមូល​អនុផល​​ព្រៃឈើ​។​ ​សកម្មជន​បរិស្ថាន​រូប​នេះ​ ​តែង​រិះគន់​ ​និង​ប្រឆាំង​ការ​សាងសង់​ទំនប់​វា​រី​​អគ្គិសនី​​នៅ​​តំបន់​​អា​រ៉ែ​ង​ធ្វើ​ឱ្យ​ប៉ះពាល់​​ធនធាន​ធម្មជាតិ​​ធ្ងន់ធ្ងរ​។​

​លើស​ពី​នេះ​ទៀត​ ​​អ្នកការពារ​បរិស្ថាន​​គឺជា​​អ្ន​ក​ប្រឆាំង​​នឹង​​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ ​និង​​ការ​លួច​ប្លន់​​ធនធានធម្មជាតិ​​បណ្តាល​​ឱ្យ​កើតមាន​​ការ​​រំលោភបំ​ពាន​​សិទ្ធិ​ជន​ជាតិ​​ដើម​​ភាគតិច​​ដោយសារតែ​​រដ្ឋាភិបាល​​វិនិយោគ​​ដីសម្បទាន​​សេដ្ឋកិច្ច​ឱ្យ​ជន​បរទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។