សង្គមស៊ីវិល-សហគមន៍នេសាទគាំទ្រការព្រមានដកតំណែងអភិបាលខេត្ត
2016.12.30
អង្គការក្រៅរដ្ឋាភិបាល និងបណ្ដាញសហគមន៍នេសាទនៅខេត្តកំពង់ឆ្នាំង គាំទ្ររដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលថា នឹងដកតំណែងអភិបាលខេត្តជាប់បឹងទន្លេសាបណាដែលនៅបណ្ដែតបណ្ដោយឲ្យមានបទល្មើសនេសាទក្នុងទឹកដីរបស់ខ្លួន។ ពួកគេថា ការព្រមានដកតំណែងមិនមែនជារឿងថ្មីឡើយ ប៉ុន្តែអាចជំរុញឲ្យមន្ត្រីថ្នាក់ក្រោមជម្រុះភាពអសកម្មរបស់ខ្លួន។
សកម្មភាពដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្របពេលគ្នានឹងការបញ្ចេញសារព្រមានដកតំណែងអភិបាលខេត្តរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែធ្នូ បានធ្វើឲ្យសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ប៉ុន្តែតំណាងសហគមន៍នេសាទ និងអង្គការក្រៅរដ្ឋាភិបាលមិនសូវចាប់អារម្មណ៍រឿងនេះប៉ុន្មាននោះទេ។
មន្ត្រីគម្រោងជុំវិញបឹងទន្លេសាបរបស់អង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល (Fact) លោក ឡោម ស៊ីណាត មានប្រសាសន៍ថា សារព្រមាននេះអាចធ្វើឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ឬមន្ត្រីជំនាញបង្កើនការចុះអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពចំពោះបទល្មើសនេសាទនៅក្នុងបឹងទន្លេសាប ដែលពុំឃើញមានសញ្ញាថយចុះនោះ។ លោកថា ការអនុវត្តច្បាប់ត្រឹមត្រូវ និងការអប់រំផ្សព្វផ្សាយពីបញ្ហាបទល្មើសនេសាទដល់ពលរដ្ឋ ឬអ្នកពាក់ព័ន្ធឲ្យបានយល់ដឹង គឺជាផ្នែកមួយសំខាន់ក្នុងការរក្សាបាននូវធនធានជលផល ដែលមន្ត្រីរដ្ឋាភិបាលចង់បានតាមរយៈការពង្រឹងវិធានការផ្សេងៗដើម្បីការពារ៖ «ការព្រមាននេះវាអាចធ្វើឲ្យមានប្រសិទ្ធភាពដែរ ដោយសារតែគាត់ខ្លាចបាត់បង់នូវតំណែងរបស់គាត់ ប្រហែលការចាត់វិធានការដោះស្រាយរបស់គាត់អាចនឹងមានប្រសិទ្ធភាពជាងមុន។ ខាងជលផល ឬសមត្ថកិច្ចព្យាយាមធ្វើការបង្ក្រាបដែរ តែនៅកន្លែងមួយចំនួនវានៅតែកើតឡើង អានេះយើងមិនដឹងថា វាជាការពុករលួយ ឬមានអ្វីនៅក្រោយខ្នងណាបង»។
ចំណែកអនុប្រធានសហព័ន្ធនេសាទប្រចាំតំបន់១៤ ឬអតីតឡូត៍នេសាទទី១៤ ក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង លោក ឌុល ប៊ុនថា ថាលោកមិនភ្ញាក់ផ្អើលនឹងសារព្រមានដកតំណែងនេះឡើយ ព្រោះលោកកម្រឃើញចៅហ្វាយខេត្ត ឬមន្ត្រីធំក្នុងជួររដ្ឋាភិបាលណាម្នាក់ត្រូវបានដកតំណែងដោយសាររឿងសកម្មរបស់ខ្លួនឡើយ។ លោកថា ជាក់ស្ដែងនៅមូលដ្ឋានរបស់លោក បទល្មើសរបាំងអួន ឬស្បៃមុងមិនទាន់បាត់អស់ពីទន្លេផង ស្រាប់តែចេញសកម្មភាពកាប់សម្រាស់ដាក់ក្នុងទន្លេព្រោងព្រាតទៀតហើយ៖ «នៅតាមទន្លេវាស្អេកស្កះទៅហើយ (បទល្មើសដាក់សម្រាស់) ឥឡូវនេះដាក់បន្ថែមហើយនេះដែលខ្ញុំបានឃើញ។ វាមិនមែនជារឿងថ្មីទេ រឿងដដែលៗទេ តាមអ្វីដែលខ្ញុំបានតាមមើល ដូចកាលមុនសារាចររបស់សម្ដេច ហ៊ុន សែន បាននិយាយពីការការពារធនធានធម្មជាតិនោះរហូតមកដល់ពេលនេះវានៅដដែល ហ្នឹងសុទ្ធតែចេញសេចក្ដីថ្លែង និងព្រមានដករហូត»។
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅបន្តឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តសៀមរាប កាលព្រឹកថ្ងៃទី២៨ ខែធ្នូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាសដកអភិបាលខេត្ដជាប់បឹងទន្លេសាបណាដែលបន្តឲ្យមានបទល្មើសនេសាទ។ ក្នុងនោះខេត្តដែលជាប់បឹងទន្លេសាប មានខេត្ដកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយដោយដកស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីថ្ងៃទី២៩ ខែធ្នូ ថា នៅខេត្តមួយចំនួនបានចេញប្រតិបត្តិការបានល្អប្រសើរ ដូចជានៅខេត្តកំពង់ធំ បាត់ដំបង មានបទល្មើសតិចតួច ខេត្តសៀមរាប ស្ទើរពុំមាន ប៉ុន្តែនៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង មានរបាំងស្បៃមុង និងសាច់អួនច្រើនដាក់តាមប្របមាត់ទន្លេ ឬបឹង៕