សុជីវី៖ ជម្រាបសួរ លោក ប្រេដ អាដាមស៍ ការប្រែប្រួលអាកាសធាតុជាបញ្ហាសកល។ ក្នុងនាមជាអ្នកជំនាញក្នុងផ្នែកនេះតើលោកមើលឃើញយ៉ាងណាពីស្ថានភាពប្រែប្រួលអាកាសធាតុនៅកម្ពុជា?
លោក ប្រេដ អាដាមស៍៖ បាទ សំខាន់បំផុតដែលត្រូវចងចាំ គឺកម្ពុជាមិនមែនជាមូលហេតុចម្បងនៃការប្រែប្រួលអាកាសធាតុទេ។ វាជាទង្វើរបស់រដ្ឋតតិយលោក ដែលមានប្រទេសចិន ឥណ្ឌា សហគមន៍អឺរ៉ុប និងបណ្ដាប្រទេស ឬតំបន់សេដ្ឋកិច្ចធំៗ ដែលជាប្រភពបំភាយសំណល់ឧស្ម័នធម្មជាតិទៅក្នុងបរិយាកាស ធ្វើឱ្យប្រែប្រួលអាកាសធាតុសកល កើតមានគ្រោះធម្មជាតិធ្ងន់ធ្ងរ មានទឹកជំនន់ គ្រោះរាំងស្ងួត ហើយដែលឱ្យធ្វើឱ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់មនុស្សជុំវិញពិភពលោក រួមទាំងកម្ពុជាផង។
សុជីវី៖ តើលោកអាចពន្យល់បន្ថែមពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុនេះនៅកម្ពុជា?
លោក ប្រេដ អាដាមស៍៖ បាទ មានការព្យាករណ៍ជាច្រើន ដែលគេបានលើកឡើង ក្នុងនោះជាឧទាហរណ៍ធនាគារពិភពលោកព្យាករណ៍ថា ការប្រែប្រួលអាកាសធាតុនឹងមានផលអាក្រក់ទៅលើសេដ្ឋកិច្ច ប្រសិនបើមិនចាត់វិធានការណាមួយ និងជាបន្ទាន់ទេ។ ធនាគារពិភពលោកលើកឡើងថា ត្រឹមឆ្នាំ២០៥០ ទំហំផលិតផលសរុបអាចថយចុះប្រមាណ១០ភាគរយ បើប្រៀបធៀបនឹងកំណើនធម្មតា ដែលពុំមានការប្រែប្រួលអាកាសធាតុ។ ដូច្នេះនៅពេលចំណូលពលរដ្ឋថយចុះ១០ភាគរយ ភាពក្រីក្រនឹងកើនឡើង។ អ្វីដែលយើងបានឃើញនៅក្នុងរយៈពេល២ទស្សវត្សរ៍ចុងក្រោយនេះទាក់ទងនឹងការប្រែប្រួលអាកាសធាតុក្នុងសកលលោកនេះ គឺទំហំនៃផលប៉ះពាល់តែងតែអាក្រក់លើសពីការស្មាន។
សុជីវី៖ នៅកម្ពុជាអាជ្ញាធរនៅតាមខេត្តជុំវិញបឹងទន្លេសាបថ្មីៗនេះបានណែនាំពលរដ្ឋផ្អាកធ្វើស្រែប្រាំងដោយសារខ្វះទឹក តើលោកគិតថាតើអាចមានដំណោះស្រាយអ្វីផ្សេងពីនេះដែរទេ?
លោក ប្រេដ អាដាមស៍៖ បាទ បញ្ហានេះបណ្ដាលមកពីការប្រែប្រួលអាកាសធាតុផង និងការគ្រប់គ្រងធនធានធម្មជាតិមិនបានត្រឹមត្រូវផង។ ខ្ញុំសំដៅដល់រដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលអស់ជាច្រើនទសវត្សរ៍មកហើយបានជាប់ពាក់ព័ន្ធនឹងការឈូសឆាយព្រៃលិចទឹក ការកាប់ឈើខុសច្បាប់ដែលនាំឱ្យមានការហូរច្រោះដី នៅភាគខ្លះក្នុងប្រទេស។ ដោយឡែកនៅជុំវិញបឹងទន្លេសាប មានការចាក់ដីបំពេញជំនួសឱ្យការរក្សាដីឱ្យមានជីជាតិ សម្រាប់ដំណាំកសិកម្ម។ ដូច្នេះរួមផ្សំនឹងកត្តាខាងក្រៅ ការប្រែប្រួលអាកាសធាតុ និងកត្តាពីខាងក្នុង ដូចជាអំពើពុករលួយ និងអំពើខុសច្បាប់គឺជាមូលហេតុនាំឱ្យមានស្ថានភាពបែបនេះ។ វាដូចជាល្ងីល្ងើឬទេ? នៅពេលគិតថាការអះអាងថាខ្វះទឹកដូចជាត្រឹមត្រូវដែរ ក្នុងពេលដែលកម្ពុជាមានភ្លៀងច្រើន។ ខ្ញុំចង់មានន័យថា គំនិតដែលថាខ្វះទឹកនេះជារឿងដែលគេពិបាកជឿ គឺវាហាក់ដូចជាទៅមិនរួច។ ខ្ញុំគិតថាពលរដ្ឋជាច្រើនដឹងថារដ្ឋាភិបាលនេះគ្មានភាពស្មោះត្រង់ក្នុងរឿងនេះ។ ដូច្នេះខ្ញុំជឿថា អ្វីដែលរដ្ឋាភិបាលត្រូវធ្វើគឺចាប់ផ្ដើមបំបាត់អំពើពុករលួយ បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងត្រូវតែធានាឱ្យច្បាស់លាស់ពីការគិតគូដល់ប្រយោជន៍ពលរដ្ឋ ពីព្រោះពលរដ្ឋ ដែលមិនអាចដាំដុះបាននៅក្នុងរដូវប្រាំងនឹងធ្លាក់ខ្លួនក្រីក្រ ដោយសារធ្លាក់ចុះចំណូល ( សុជីវី៖ គឺគ្មានជម្រើសផ្សេងទេ )
ពួកគាត់គ្មានជម្រើសទេ គឺពួកគាត់ត្រូវតែធ្វើស្រែ។ បាទ ហើយវានឹងប៉ះពាល់ដល់ការរៀនសូត្រនិងអត្រាចូលសាលារៀនទៀតផង ព្រោះគ្រួសារមួយចំនួននឹងមិនអាចមានលទ្ធភាពបញ្ជូនកូនទៅសាលារៀន។ វាក៏មានផលប៉ះពាល់តិចតួចដែរទៅលើការថែទាំសុខភាព និងផ្ទះសម្បែងពលរដ្ឋ។ ក្នុងពេលបច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជាអាចមើលឃើញអាគារស្កឹមស្កៃជាច្រើន និងមានអ្នកមានជាច្រើន ដែលគេមានឡានទំនើប ជិះ ដូចជា Rolls-Royces និង Mercedes។ ពលរដ្ឋប្រាកដណាស់នឹងសួរខ្លួនឯងថា ហេតុអ្វីអ្នកទាំងនោះមានបានម្ល៉េះ នៅពេលដែលពួកយើងបែរជាត្រូវគេប្រាប់ថា មិនឱ្យយើងធ្វើសូម្បីតែដាំស្រូវ។
សុជីវី៖ រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានពីឆ្នាំ ២០២៣-២០២៨។ តើលោកគិតថាយុទ្ធសាស្ត្រនេះអាចដោះស្រាយបញ្ហាបរិស្ថានបានទេ?
លោក ប្រេដ អាដាមស៍៖ ខ្ញុំមិនជឿលើអ្វី ដែលពួកគេនិយាយពីបរិស្ថានទាំងអស់នោះទេ ពីព្រោះពួកគេធ្លាប់មានយុទ្ធសាស្ត្រដាក់ចេញហូរហែរាប់មិនអស់រួចមកហើយ។ វាល្អតែនៅលើក្រដាស តែគេមិនធ្វើ គេមិនប្រើប្រាស់វាទេ។ ដូច្នេះខ្ញុំមិនចាប់អារម្មណ៍នឹងយុទ្ធសាស្ត្រចក្រា ឬបួនជ្រុង ឬបញ្ចកោណ ឬចតុកោណអីទេ។ ពួកគេធ្លាប់បានប្រកាសពីយុទ្ធសាស្ត្រទាំងអស់នោះជាច្រើនឆ្នាំមកហើយ។ ពួកគេពុំធ្លាប់បានធ្វើតាមយុទ្ធសាស្ត្រណាមួយសោះ។ សំណួរ ដែលត្រូវសួរគឺថា តើអ្វីដែលពួកគេនឹងធ្វើអ្វី ដើម្បីការពារបរិស្ថាននៅកម្ពុជា? តើពេលណាទើបពួកគេចាប់ផ្ដើមចាត់វិធានការបញ្ឈប់ក្រុមអ្នកមានលុយ ក្រុមមនុស្សពុករលួយមិនឱ្យធ្វើអ្វីតាមអំពើចិត្តក្នុងការបង្ខំទិញដី និងរំលោភយកដីពីអ្នកក្រ កាប់បំផ្លាញព្រៃឈើ គំរាមកំហែងដល់មច្ឆជាតិ ជីកព្រែក បង្កើតសំណង់តាមឆ្នេរ ដោយខុសច្បាប់ តទៅទៀត? តើពេលណាទើបពួកគេចាប់ផ្ដើមពង្រឹងការអនុវត្តច្បាប់? នៅពេលដែលពួកគេចាប់ផ្ដើមអនុវត្តច្បាប់ពិតប្រាកដ ពេលនោះខ្ញុំនឹងអាចនិយាយបានថាយុទ្ធសាស្ត្រចក្រានេះល្អ តែបែមិនមិនដូច្នោះទេ យុទ្ធសាស្ត្រចក្រានេះនឹងមិនអាចកែប្រែអ្វីបានទេ។ វាចាំបាច់ត្រូវអនុវត្តវិធានការ ដែលបញ្ឈប់ការគំរាមកំហែងបរិស្ថាន។
សុជីវី ៖ រឿងមួយទៀតទាក់ទងនិងការផ្ដល់ដីសម្បទានទៅឱ្យក្រុមហ៊ុននៅតំបន់អភិរក្ស ឬតំបន់ព្រៃការពារ តើអាចនាំឱ្យមានការរំលោភសិទ្ធិមនុស្ស និងមានផលប៉ះពាល់ដល់ពលរដ្ឋក្នុងតំបន់ដែរទេ?
លោក ប្រេដ អាដាមស៍៖ បាទ! ខ្ញុំមិនដែលឃើញតំបន់អភិរក្សត្រូវបានគេការពារឱ្យបានពេញលេញទេ។ ពួកគេតែងតែផ្លាស់ប្ដូរផែនការ ដោយផ្ដល់ឱ្យជាករណីលើកលែងសម្រាប់ក្រុមឈ្មួញ ដែលស្និទ្ធនឹងពួកគេ មិនថាពួកគេជាមន្ត្រីរដ្ឋាភិបាល ឬជាកងកម្លាំងប្រដាប់អាវុធទេ។ ដូច្នេះមានន័យថា បើតំបន់ដែលកំណត់ថាត្រូវការពារ១០០% វាគួរតែត្រូវបានការពារ១០០% ដោយគ្មានលើកលែងករណីពិសេសណាមួយទេ។ ប៉ុន្តែគ្មានករណីណាមួយដែលធ្វើបានបែបនោះទេ សូម្បីតែពេលសម្ដេចសីហនុនៅមានព្រះជន្ម ដែលពេលនោះលោកមានតំបន់ការពារដ៏ល្បីនៅខេត្តកំពត ( សុជីវី៖ ភ្នំបូកគោ ) ហើយលោកធ្លាប់រិះគន់រដ្ឋាភិបាលដែរ ដែលថាទុកតំបន់នោះជាតំបន់ការពារ ប៉ុន្តែបែរជាមានសកម្មភាពនៃការធ្វើពាណិជ្ជកម្មជាច្រើនកើតមាននៅទីនោះ។
សុជីវី៖ លោកធ្លាប់ជាអ្នកជំនាញផ្នែកសិទ្ធិមនុស្សផងនៅពេលដែលបរិស្ថាន អាកាសធាតុត្រូវគេបំផ្លាញ តើវាមានទំនាក់ទំនងយ៉ាងណានឹងសិទ្ធិមនុស្ស?
លោក ប្រេដ អាដាមស៍៖ បាទ សំខាន់បំផុតគឺវាប៉ះពាល់ដល់ជីវភាពរស់នៅ និងសុខភាព សុខុមាលភាពពលរដ្ឋ។ វាធ្វើឱ្យពលរដ្ឋពិបាករកស៊ីចិញ្ចឹមជីវិត ធ្វើស្រែក៏កាន់តែពិបាក។ ធ្វើស្រែ និងការងារកសិកម្មផ្សេងទៀត នៅតែជាមុខរបរចម្បងសម្រាប់ចំណូលសេដ្ឋកិច្ចរបស់ពលរដ្ឋខ្មែរភាគច្រើន ហើយវាក៏នឹងរងផលប៉ះពាល់ខ្លាំងបំផុត និងងាយរងគ្រោះបំផុត ដែលបញ្ហានេះកើតមានដូចៗ គ្នាជុំវិញពិភពលោក។ សម្រាប់ក្រុមអ្នកមាន ពួកគេអាចមិនខ្វាយខ្វល់ ឬធ្វើមិនដឹងមិនឮនឹងការប្រែប្រួលអាកាសធាតុ ដោយចំណាយលុយ ដើម្បីចៀសផុតពីផលប៉ះពាល់បាន។ ឧទាហរណ៍ ពួកគេអាចទៅរស់នៅតំបន់ខ្ពស់ ក្នុងអាគារខ្ពស់ នៅពេលមានទឹកជំនន់ គឺមិនប៉ះពាល់ពួកគេទេ។ ប៉ុន្តែ នៅពេលដែលអ្នករស់នៅក្នុងភូមិក្នុងតំបន់ទំនាប នៅពេលមានភ្លៀងខ្លាំងនោះ ផ្ទះរបស់អ្នកអាចនឹងត្រូវទឹកភ្លៀងបំផ្លាញ។ មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកការពារសិទ្ធិមនុស្ស ក៏ជាអ្នកការពារបរិស្ថានដែរ ពួកគេជាអ្នករិះគន់រដ្ឋាភិបាល។ ភាគច្រើននៃអ្នកទាំងនោះត្រូវគេចាប់ឃុំខ្លួន។ យើងក៏ឃើញមានករណីធ្វើបាបអ្នកការពារបរិស្ថាននៅកម្ពុជាដែរ និងជាច្រើននាក់ត្រូវគេសម្លាប់។ ទាំងនេះក៏ជាផលប៉ះពាល់ទៅលើសិទ្ធិមនុស្សដែរ។ រដ្ឋាភិបាលឆ្លើយតបដោយមិនបន្ធូរដៃឱ្យពួកគេទេ គឺពួកគេតែងតែកៀបសង្កត់ប្រព័ន្ធផ្សព្វផ្សាយ រឹតត្បិតមតិតាមបណ្ដាញសង្គមហ្វេសប៊ុក ពីព្រោះពលរដ្ឋនឹងបង្កើនការរិះគន់ពីអ្វីដែលកំពុងកើតឡើងទាក់ទងនឹងបញ្ហាអាកាសធាតុ ពួកគេនឹងរិះគន់ទៅរដ្ឋាភិបាលថាហេតុអ្វីមិនធ្វើអ្វីសោះ? ខ្ញុំគិតថានឹងមានពលរដ្ឋកាន់តែច្រើន ដែលជួបបញ្ហា ត្រូវអាជ្ញាធរចាប់ខ្លួនរងការគំរាមកំហែង ចាប់ដាក់ពន្ធនាគារ និងពេលខ្លះទៀតត្រូវរងអំពើហិង្សា។
សុជីវី ៖ តាមអ្វី ដែលលោកលើកឡើងនេះ ដោះស្រាយបញ្ហាអាកាសធាតុត្រូវចេញពីក្រុមអ្នកដឹកនាំ ពីរដ្ឋាភិបាល ពីអាជ្ញាធរ ចុះចំណែកសហគមន៍វិញ តើពួកគាត់ជួយអ្វីបានខ្លះ?
លោក ប្រេដ អាដាមស៍៖ បាទ នេះគឺត្រូវងាកមកសេរីភាពនយោបាយនៅកម្ពុជាវិញ ហើយនៅពេលនេះកម្ពុជាគ្មានសេរីភាពនយោបាយទេ គឺជារដ្ឋឯកបក្ស។ រដ្ឋាភិបាលកម្ពុជាមិនលាក់លៀមទេក្នុងការបង្ហាញថាពួកគេមិនជឿលើប្រព័ន្ធពហុបក្សនិយមនិងមិនលាក់លៀមទេក្នុងការបង្ហាញថាពួកគេមិនជឿលើសេរីភាពបញ្ចេញមតិ។ ដូច្នេះពលរដ្ឋអាចរួបរួមសាមគ្គីគ្នា។ ពួកគេអាចលើកឡើងនូវការបារម្ភរបស់ខ្លួនតាមរយៈអង្គការសង្គមស៊ីវិល និងចងក្រងគ្នាជាសហគមន៍។ ប៉ុន្តែបញ្ហាត្រង់ថា មានកំណត់ត្រាជាយូរមកហើយដែលថា រដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់លើពលរដ្ឋរបស់ខ្លួនទេ។ ហើយលើសពីនេះទៀត នៅពេលដែលពលរដ្ឋចាប់ផ្ដើមមានកម្លាំងឬស្មារតីប្ដេជ្ញា ឬមានការប្រមូលផ្ដុំកម្លាំងច្រើន ដើម្បីងើបតស៊ូមតិហើយនោះ រដ្ឋាភិបាលនេះក៏ចាប់ផ្ដើមបង្ក្រាបបំបែកពួកគាត់តែម្ដង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
