សហគមន៍​ខេត្តកំពង់ឆ្នាំង​ស្នើ​ឲ្យ​អាជ្ញាធរ​សង្គ្រោះ​បឹង និង​ត្រី​មេ​ពូជ​ងាប់​ដោយសារ​គ្រោះ​រាំងស្ងួត

0:00 / 0:00

ប្រជា​សហគមន៍​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​រក​មធ្យោបាយ​ជួយ​សង្គ្រោះ ត្រី​មេ​ពូជ​ធំៗ​កំពុង​ងាប់​ជា​បន្តបន្ទាប់ ក្នុង​បឹង​អភិរក្ស​ធម្មជាតិ​ជាច្រើន​តំបន់ ដោយសារ​អាកាសធាតុ​ឡើង​កំដៅ​នៅ​រដូវប្រាំង​ឆ្នាំនេះ។

ពួកគាត់​ក៏​ទទូច​ឱ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​អភិរក្ស​បឹង​ធម្មជាតិ​ឱ្យ​គង់វង្ស ស្រប​ពេល​ដែល​សកម្មភាព​រំលោភបំពាន​បឹង​ធម្មជាតិ​នៅតែ​កើត​មាន​ច្រើន។

ប្រជា​សហគមន៍​នេសាទ​រស់នៅ​ក្នុង​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ និង​ឃុំ​កោះ​ថ្កូវ​ស្រុក​ជលគិរី ខេត្ត​កំពង់ឆ្នាំង ព្រួយបារម្ភ​ពី​អនាគត​ត្រី​មេ​ពូជ​ធំៗ កំពុង​រស់នៅ​ក្នុង​បឹង​អភិរក្ស​រលាបសែន បឹង​រំចេក បឹងតាម៉ុល និង​បឹងស្មោច ជាដើម កំពុង​ប្រឈម​ការ​ផុត​ពូជ ប៉ះពាល់​ជីវភាព​ពលរដ្ឋ។

ពលរដ្ឋ​រស់នៅ​ឃុំ​កោះថ្កូវ ស្រុក​ជលគិរី លោក កូន ញ៉ាង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣ មីនា​ថា អាកាសធាតុ​កើន​កំដៅ​ខ្លាំង​នៅ​រយៈពេល ៣​សប្តាហ៍​កន្លង​ទៅ​នេះ ធ្វើ​ឱ្យ​បឹង​អភិរក្ស​មួយ​ចំនួន រីង​ហួតហែង ត្រី​មេ​ពូជ​ធំៗ ងាប់​ជា​បន្តបន្ទាប់ ដោយសារ​ខ្សត់​ទឹក។

លោក​ថា ពេលនេះ​មិន​ទាន់​មាន​ការ​ជួយ​អន្តរាគមន៍ ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ។

លោក កូន ញ៉ាង៖ «អត់​សូវ​យល់​ទេ​សព្វថ្ងៃ គិតតែ​លក់​ដី​បឹង​ចែក​គ្នា ទិញ​ឡាន និង​ទិញ​ម៉ាស៊ីន​ច្រូត​ផ្អើល​ពេញ​ភូមិ​/​ឃុំ ។ ត្រី​ធម្មជាតិ​អាជ្ញាធរ​ដណ្តើម​គ្នា​ឈ្លោះ​គ្នា ឈ្លោះ​តែ​ជាមួយ​អាជ្ញាធរ​គ្នា​ឯង ពលរដ្ឋ​អត់​ហ៊ាន​មាត់​ទេ»។

ប្រជា​សហគមន៍​បន្ថែម​ថា ត្រី​មេ​ពូជ​ជាច្រើន​ប្រភេទ ដែល​សហគមន៍​ប្រទះឃើញ​ងាប់​ថ្មីៗ​នេះ និង​ត្រី​ខ្លះទៀត​ងាប់​អណ្ដែត​នៅ​បាត​បឹង​រួមមាន ត្រី​ឆ្ពិន ត្រី​សណ្ដាយ ត្រី​ក្អី ត្រី​ក្រាយ និង​ត្រី​ចង្កែង​ជាដើម។

ចំណែកឯ​បឹង​ធម្មជាតិ​មួយ​ចំនួន​ទៀត​រួមមាន បឹង​រំចេក បឹង​ស្មោច បឹង​តាម៉ុល និង​បឹង​ឆ្នុក​អណ្ដែង​ជាដើម កំពុង​ប្រឈម​ការ​បាត់បង់​ជា​បន្តបន្ទាប់ ដោយ​បឹង​ខ្លះ​គេ​ចាក់​ដី​លុប​បឹង បឹង​ខ្លះទៀត​គោក​រាក់​ស្មើនឹង​ដីស្រែ ជា​ឱកាស​ឱ្យ​ឈ្មួញ​ទន្ទ្រាន​ដី​បឹង​ធ្វើ​កសិកម្ម​។ រីឯ​បឹង​ខ្លះទៀត មាន​ការ ទិញ​លក់ដូរ​ជា​កម្មសិទ្ធិ ឯកជន ជាប់​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន។

ប្រជា​សហគមន៍​រស់នៅ​ស្រុក​រលាប្អៀរ លោក ស្ងួន ញៀន សង្កេត​ឃើញ​ថា ពេល​នេះ​មាន​បឹង​ធម្មជាតិ​យ៉ាងហោច​ណាស់​ជិត ១០​កន្លែង ក្នុង​ស្រុក​ជល​គិរី និង​ស្រុក​រលាប្អៀរ អាជ្ញាធរ​មូលដ្ឋាន​បាន​ឃុបឃិត​គ្នា លក់​ត្រី​មេ​ពូជ​ធំៗ​ក្នុង​បឹង​ទាំងមូល ទៅ​ឱ្យ​ឈ្មួញ​ចាប់​ត្រី ធ្វើ​អាជីវកម្ម ប៉ះពាល់​ដល់​ពូជ​ត្រី និង​ជីវភាព​សហគមន៍។

លោក​ថា ទង្វើ​នេះ​កើត​មានឡើង​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ នៅ​រដូវ​ប្រាំង ដោយ​គ្មាន​វិធានការ​ដោះស្រាយ​នៅឡើយ​ទេ។

លោក ស្ងួន ញៀន៖ «ឃុបឃិត​គ្នា​លក់​បឹង​តែម្តង គ្រប់កន្លែង​ឃើញ​ជាក់ស្តែង​តែម្តង​។ កៀរ​អស់​ត្រី​បាន​ប្រគល់​បឹង​ឱ្យ​ពលរដ្ឋ​។ បឹង​ដែល​ដឹកនាំ​ដោយ​អាជ្ញាធរ​គ្រប់​បឹង​គឺ​លក់​ទាំងអស់ បើ​ដឹកនាំ​ដោយ​សហគមន៍​។ អ្នក​បំផ្លាញ​ជម្រក​ត្រី មានតែ​មន្ត្រី​អាជ្ញាធរ​ទេ»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការអធិប្បាយ​ជុំវិញ​រឿង​នេះ​ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន និង​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី៣ មេសា។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ សង្កេត ឃើញ ថា ការ​បណ្តែតបណ្តោយ​ឱ្យ​បឹង​រីង​គោក​រាក់​ពី មួយ​ឆ្នាំទៅ​មួយឆ្នាំ​ដោយ​មិន​ជីក​ស្ដារ​ឱ្យ​ជ្រៅ ដើម្បី​ស្តុក​ទឹក​ទុក នឹង​បង្ក​គ្រោះថ្នាក់​ដល់​ត្រី​មេ​ពូជ​ធំ និង​ជីវចម្រុះ​ក្នុង​បឹង​នៅពេល​អាកាសធាតុ​ឡើង​កំដៅ។

លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ជីក​ស្តា​របឹង​ឱ្យ​ជ្រៅ ដើម្បី​រក្សា​ទឹក​ទុក​ឱ្យ​ត្រី​មេ​ពូជ​អាច​រស់នៅ​គ្រប់​រដូវ​បាន។

លោក លាង ប៊ុនលាភ៖ «គួរ​ឱ្យ​សោកស្តាយ​ដែល​យើង​ខ្វះ​ឆន្ទៈ​ថែរក្សា ការពារ​បឹង ក្នុង​នាម​យើង​ជា​សហគមន៍​មូលដ្ឋាន និង​អាជ្ញាធរ​មាន​ច្បាប់ ។ យើង​គួរ​ពង្រឹង​ច្បាប់ ហើយ​ប្រឹង​ធ្វើ​រួមគ្នា អាច​ជា​ប្រយោជន៍​ដល់​កូនចៅ​យើង ហើយ​ជួយ​ទាក់ទាញ​ទេសចរ»។

ប្រជា​សហគមន៍​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង អសមត្ថភាព​ការពារ​បឹង​ធម្មជាតិ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ស្រប​តាម​ច្បាប់ និង​បទបញ្ជា​របស់​រដ្ឋាភិបាល។

ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​សង្គ្រោះ​បឹង​ធម្មជាតិ ដែល​កំពុង​បាត់បង់​ជា​បន្ត​បន្ទាន់ ប៉ះពាល់​ប្រភព​ទឹក​ស្រោចស្រព​ស្រូវ​កសិកម្ម និង​ប៉ះពាល់​ប្រភព​ត្រី​សាច់​របស់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។