ប្រជាសហគមន៍ការពារព្រៃឈើខេត្តកំពង់ស្ពឺព្រួយបារម្ភ ពីសកម្មភាពដាក់អន្ទាក់ចាប់សត្វព្រៃ កំពុងបង្កគ្រោះថ្នាក់ខ្លាំង ដល់សុវត្ថិភាពសត្វព្រៃជាច្រើនប្រភេទ ដែលកំពុងរស់នៅ ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ់កណ្តាល។ ពួកគាត់អះអាងថា សត្វព្រៃងាប់ និងបាត់ខ្លួនជារៀងរាល់ថ្ងៃ ដោយសារមានជនល្មើសអន្ទាក់ និងការលួចបរបាញ់ខុសច្បាប់ ក្នុងតំបន់អភិរក្សមួយនេះ។
ប្រជាសហគមន៍រស់នៅភូមិសុរិយាឃុំតាសាល ស្រុកឱរ៉ាល់សោកស្តាយ សត្វព្រៃកម្រជាច្រើនប្រភេទរួមមាន ខ្លាឃ្មុំ ខ្ទីង ប្រើស ឈ្លូស ក្ងោក និងជ្រូកព្រៃជាដើម កំពុងប្រឈមការបាត់បង់ ដោយសារសកម្មភាពដាក់អន្ទាក់ ធ្វើអាជីវកម្ម។ ពួកគាត់អះអាងថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានមានភាពចន្លោះប្រហោងច្រើន ក្នុងការ អភិរក្សសត្វព្រៃកម្រទាំងនោះ។
ប្រជាសហគមន៍រស់នៅភូមិសុរិយាលោកស្រី ខុន ឆ្នៃ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ ខែវិច្ឆិកាថា តំបន់ភ្នំធំ តំបន់ខ្នងវាល ដែលសត្វព្រៃតែងតែឆ្លងកាត់ និងស្វែងរកចំណី សំបូរដោយអន្ទាក់ព្រានព្រៃ ធ្វើឱ្យសត្វព្រៃខ្លះងាប់ និងរងរបួសស្ទើរជារៀងរាល់ថ្ងៃ។
លោកស្រីថា គ្រួសារលោកស្រីតែងចុះដោះអន្ទាក់ម្តងៗ បានជាង ១ រយអន្ទាក់ ដែលក្រុមព្រានព្រៃ លួចពង្រាយចាប់សត្វខ្ទីង ខ្លាឃ្មុំ និង ជ្រូកព្រៃជាដើម នៅចំណុចជើងភ្នំធំ និងខ្នងវាល។ បន្ថែមពីនេះ ប្រភេទអន្ទាក់ដែលជនល្មើសប្រើប្រាស់រួមមាន អន្ទាក់ខ្សែកាប ខ្សែពួរ អន្ទាក់អង្គប់ និងខ្សែលួសអគ្គិសនីបង្កគ្រោះថ្នាក់ខ្លាំងដល់សត្វព្រៃ ដែលសហគមន៍ខំអភិរក្សសម្រាប់ទាក់ទាញភ្ញៀវទេសចរ៖ «ច្រើនណាស់អន្ទាក់ មានជ្រូកមានខ្លា ជាប់ខ្ទីង ខ្លះរបួស ជាប់អន្ទាក់។ អន្ទាក់ពេញតែព្រៃ មិនដឹងពីខាងណាៗ ច្រើនណាស់។ ព្រួយបារម្ភបើសិនជា ដាក់អ៊ីចឹងទៀត គឺអស់ហើយអត់មានទេ អត់មានសត្វព្រៃ»។
ស្ត្រីដដែលបន្ថែមថា តំបន់ភ្នំធំជាប់នឹងខ្នងវាល សំបូរសត្វព្រៃច្រើន ជាជម្រកសំខាន់ របស់សត្វព្រៃកម្រ ហើយក៏ជាកន្លែងសំបូរអន្ទាក់ទំនើប កំពុងយាយី ដល់ជីវិតរស់នៅរបស់សត្វព្រៃ។ លោកស្រីថា កន្លងទៅ ប្រជាសហគមន៍បានប្រទះឃើញសាកសពជ្រូកព្រៃ ខ្ទីង និង ខ្លាឃ្មុំ ជាប់អន្ទាក់ងាប់ស្អុយក្នុងព្រៃ។
អ្នកភូមិដែលនាំភ្ញៀវទេសចរណ៍ ឡើងភ្នំវាលបោះតង់ អាណិតអាសូរ សត្វព្រៃកម្រជាច្រើនប្រភេទ បន្តបាត់បង់ជារៀងរាល់ថ្ងៃ ដោយសារសកម្មភាពមនុស្ស។ រីឯឆ្នាំអភិរក្សរបស់ក្រសួងបរិស្ថានមិនសូវអើពើ អភិរក្សសត្វព្រៃបានគ្រប់ជ្រុងជ្រោយនោះឡើយ។
ប្រជាសហគមន៍ការពារព្រៃឈើខ្នងវាល លោក វី រ៉ាន់ អះអាងថា ពេលនេះអន្ទាក់ចាប់សត្វព្រៃ កំពុងពង្រាយស្ទើរគ្រប់កន្លែង ដើម្បីចាប់សត្វព្រៃធ្វើអាជីវកម្ម នៅទីតាំងសំខាន់ៗដែលសត្វព្រៃរកចំណី និងឆ្លងកាត់។ លោកថា ពួកលោកតែងតែចុះដោះអន្ទាក់ បានយ៉ាងហោចណាស់២រយ( ២០០) អន្ទាក់ជារៀងរាល់ខែ នៅចំណុចផ្លូវឡើងភ្នំវាល និងជើងភ្នំធំ៖
«គ្រាន់តែអន្ទាក់ដើរដោះចឹងខ្សោះខ្លួន វាលស្រែនៅតំបន់ខ្នងវាល អន្ទាក់មានច្រើនណាស់ មានខ្លាឃ្មុំ និងសត្វខ្ទីង វាចេញមកដើររកស៊ីតាមខ្នងវាល»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះពីប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ លោក ឱម ម៉ាក់ធារី បាននៅឡើយទេ នៅថ្ងៃទី ១៤ វិច្ឆិកា ដោយទូរសព្ទរបស់លោក ពុំអាចទាក់ទងបាន។ ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបាន នៅថ្ងៃដដែលនេះ។
ប៉ុន្តែក្រសួងបរិស្ថានបានផ្តួចផ្តើមធ្វើ«យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា»រយៈពេល ៦ ខែ ចាប់ពីដើមខែ មីនា ឆ្នាំ ២០២២ ។ ក្រសួងបានអំពាវនាវឱ្យពលរដ្ឋ និងមហាជនបញ្ឈប់ការជួញដូរនិងការបរិភោគសាច់សត្វព្រៃ។
អ្នកនាំពាក្យក្រសួងបរិស្ថានបាន លោក នេត្រ ភក្ត្រា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីខែមិថុនាថា អន្ទាក់នៅតែជាការគំរាមកំហែងយ៉ាងខ្លាំងដល់សត្វព្រៃគ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិ។ លោកថា អន្ទាក់ជាឃាតកលាក់មុខសម្លាប់ព្រៃជារៀងរាល់ថ្ងៃប្រសិនបើ មិនបំផ្លាញចោលទេ ជីវិតសត្វព្រៃជាច្រើននឹងត្រូវបានសម្លាប់។
ជុំវិញរឿននេះ សកម្មជនការពារបរិស្ថាន លោក សាន់ ម៉ាឡា យល់ថា ក្តីកង្វល់របស់ប្រជាសហគមន៍មូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធ និងក្រសួងបរិស្ថានត្រូវយកចិត្តទុកដាក់ដោះស្រាយ ឱ្យមានប្រសិទ្ធភាព ដើម្បីសង្គ្រោះសត្វព្រៃ។ លោកថា ពេលនេះ នៅតាមភោជនីយដ្ឋាន និងកន្លែងលក់ម្ហូបអាហារកៀកតំបន់ការពារធម្មជាតិ នៅតែមានលក់សាច់សត្វព្រៃខុសច្បាប់៖
«ខ្ញុំលើកទឹកចិត្តឱ្យសហគមន៍ និងពលរដ្ឋគាត់ស្រឡាញ់ព្រៃឈើ និងធនធានធម្មជាតិ ធ្វើការបង្ហោះបញ្ហានេះ នៅលើបណ្តាញសង្គម បើមិនបង្ហោះថា សាធារណជនគាត់អត់ដឹងឮ ហើយក៏នឹងមិនសូវមានសម្ពាធណាមួយ ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ពង្រឹងប្រសិទ្ធភាព ការងាររបស់ខ្លួន»។
របាយការណ៍របស់ក្រសួងបរិស្ថានបង្ហាញថា នៅអំឡុងឆ្នាំ២០២១ អន្ទាក់ចំនួនជាង ៦ ម៉ឺនអន្ទាក់ (៦១.៦១១) ត្រូវមន្ត្រីឧទ្យានុរក្សនិងប្រជាសហគមន៍តំបន់ការពារធម្មជាតិដោះចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៧៦ កន្លែងនៅកម្ពុជា។
ក្រសួងថា គិតជាមធ្យម មានអន្ទាក់ជាង៤ម៉ឺនអន្ទាក់ ក្នុងមួយឆ្នាំៗត្រូវបានដកចេញពីតំបន់ការពារ ធម្មជាតិ ដែលចំនួននេះ ប្រហែល២០ភាគរយប៉ុណ្ណោះ ក្នុងចំណោមអន្ទាក់ដែលជនល្មើសបានដាក់ពង្រាយនៅក្នុងតំបន់ការពារ។
អន្ទាក់ទាំងនោះរួមមាន អន្ទាក់ឆក់ប្រើអគ្គិសនី អន្ទាក់អង្គប់ដែកវាយបំបាក់ស្មងជើងសត្វ និងប្រភេទអន្ទាក់ផ្សេងៗទៀត។ រីឯកាំភ្លើងកែច្នៃ ក៏ជាផ្នែកមួយគំរាមកំហែងដល់សត្វព្រៃ ដែលមន្ត្រីជំនាញ តែងតែរឹបអូសពីក្រុមជនល្មើសជាច្រើនករណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។