សហគមន៍ព្រៃឡង់ខេត្តកំពង់ធំរកឃើញការកាប់ឈើខុសច្បាប់ និងការទន្ទ្រានយកដីព្រៃ

ប្រជាសហគមន៍ព្រៃឡង់ខកចិត្តដែលបទល្មើសកាប់ឈើ និងការទន្ទ្រានយកដីព្រៃសហគមន៍នៅតំបន់អូរដាស់ស្គរនៅតែបន្តកើនឡើង។ អ្នកឃ្លាំមើលបញ្ហាព្រៃឈើបារម្ភថា ការកាប់ឈើខុសច្បាប់ និងការទន្ទ្រានដីព្រៃនេះធ្វើឱ្យប្រជាសហគមន៍បាត់បង់ចំណូលប្រឈមនឹងជីវភាពក្រីក្រ។
ក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ ចំនួន ៣៥នាក់បានចុះល្បាតក្នុងតំបន់ព្រៃអភិរក្សអូរដាស់ស្គរដែលជាប់ជញ្ជាំងព្រៃឡង់អស់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា ដើម្បីចុះសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងករណីលួចទន្ទ្រានដីព្រៃ និងឈ្មួញលួចដឹកឈើចេញពីតំបន់ព្រៃឡង់។
អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ សីហា ថា ករណី លួចកាប់ឈើ និងការលួចឈូសទន្ទ្រានដីព្រៃជាច្រើនហិកតារ ក្នុងតំបន់ព្រៃអូរដាស់ស្គរ នៅតែបន្តកើតមានជាបន្តបន្ទាប់ដោយគ្មានអាជ្ញាធរពាក់ព័ន្ធណាចុះបង្ក្រាបនោះទេ។ លោកបន្តថា ដីសហគមន៍អូរដាស់ស្គរនេះជាព្រៃរបស់សហគមន៍ដែលពួកគាត់អាចអាស្រ័យផលរកដងជ័រ និងបេះបន្លែផ្លែឈើលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ លោកព្រួយបារម្ភថា បើអាជ្ញាធរនៅតែគ្មានវិធានទប់ស្កាត់បទល្មើសទាំងនេះទេអាចធ្វើឱ្យពលរដ្ឋបាត់បង់មុខរបរ និងចំណាកស្រុកទៅក្រៅប្រទេសកាន់តែច្រើន ពីព្រោះបច្ចុប្បន្ននេះ បន្ទាប់ពីព្រៃឈើរងការកាប់បំផ្លាញស្ទើរតែខ្ទេចខ្ទីពលរដ្ឋជាច្រើនគ្រួសារបានជំពាក់លុយធនាគារ។
លោក ហឿន សុភាព៖ «មានឯកឧត្ដម ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនៅអាណត្តិថ្មីនេះគឺសូមឱ្យលោកប្រមើលមើលពីសកម្មភាពនៃការពារធនធានធម្មជាតិជាពិសេសគឺព្រៃឈើព្រៃឈើដែលសេសសល់នៅប្រទេសកម្ពុជាសុំឱ្យឯកឧត្ដមមើលការពារ និងរឹតបន្តឹងការងារការព្រៃឈើ សូមឱ្យរឹតបន្តឹងខ្លាំងមែនទែន ជាពិសេសមន្ត្រីដែលនៅជិតដូចជាមន្ត្រីបរិស្ថាន មន្ត្រីឧទ្យានុរក្សនៅតាមព្រៃ ខ្ញុំគិតថា មន្ត្រីទាំងអស់ហ្នឹងជាមន្ត្រីដែលគប់គិតជាមួយឈ្មួញកាប់បំផ្លាញព្រៃឈើ»។
ព្រៃសហគមន៍អូរដាស់ស្គរមានផ្ទៃដីទំហំជាង ១ពាន់ ហិកតារ (១១៣៥) ស្ថិតនៅភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលក្រសួងបរិស្ថានបានកាត់ឱ្យសហគមន៍កាន់កាប់នៅឆ្នាំ២០០២ និងមានព្រំប្រទល់ជាប់ព្រៃឡង់។
ស្រដៀងគ្នានេះយុវជនម្នាក់ទៀតដែលបានចូលរួមល្បាតព្រៃ លោក ស ឃីម ថ្លែងថា លោកប្រទះឃើញគល់ឈើដែលជនល្មើសទើបតែកាប់ថ្មីៗមានចំនួន១០ករណី ដែលមានមុខកាត់ចន្លោះពី២០ម៉ែត្រ ទៅដល់ ៦០ម៉ែត្រ ហើយភាគច្រើនជាដើមកកោះ និងឈ្លីក។ លោកបន្តថា ឈ្មួញកាប់ឈើទាំងនោះដឹកឈើចេញពីព្រៃឡង់តាមច្រកផ្លូវព្រះអាទិត្យក្នុងតំបន់ព្រៃអូរដាស់ស្គរ ដោយក្នុងមួយថ្ងៃមានគោយន្ត ៥ទៅដល់ ៧គ្រឿងដឹកឈើចេញ ប៉ុន្តែអាជ្ញាធរទាំងនោះនៅតែបដិសេធថា គ្មានការលួចកាប់ទន្ទ្រានព្រៃឈើ។
លោក ស ឃីម៖ «បញ្ហាដែលយើងភ័យខ្លាចបំផុតហ្នឹងគឺប្រឈមបទល្មើស បើទាក់ទងនឹងបរិស្ថានដូចជាមិនបញ្ហាអីប្រឈមនោះទេ ពីព្រោះជាដែនរបស់យើងដូចជាដែនតាមជើងព្រៃឡង់ ឬក៏តាមសហគមន៍បើទាក់ទងនឹងបទល្មើសប្រឈមៗត្រង់ថា នៅពេលដែលយើងចាប់គាត់គឺពួកគាត់អាចថា គំរាមកំហែងដល់យើង អ៊ីចឹងហា៎គាត់លួចបាញ់ លួចអីតាមដែលគាត់ប្រមាថមកលើយើង»។
ក្រុមបណ្ដាញព្រៃឡង់អះអាងថា ក្នុងអំឡុងពេលពួកគាត់ចុះល្បាតព្រៃនោះ មន្ត្រីឧទ្យានុរក្សជិត២០នាក់ជិះតាមទៅជាមួយដោយខ្លាចពួកគាត់ចូលទៅតំបន់ព្រៃឡង់ដែលនៅក្បែរនោះ។ ពួកគាត់សង្កេតឃើញថា សកម្មជនលួចកាប់ឈើ និងការទន្ទ្រានយកដីព្រៃ បានផ្អាកមួយរយៈ ប៉ុន្តែបញ្ហានេះហាក់ដូចអាជ្ញាធរបានផ្ដល់ដំណឹងឱ្យឈ្មួញកាប់ឈើទាំងនោះទុកជាមុន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តប កក្កដា និងអ្នកនាំពាក្យសាលាខេត្តកំពង់ធំ លោក សុខ ហៃ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៨ សីហា។
ក្រៅពីកាប់ព្រៃខុសច្បាប់ និងការទន្ទ្រានយកដីព្រៃនៅតំបន់អូរដាស់ស្គរ ធ្វើជាសកម្មជនសិទ្ធិឯកជនហើយនោះ នៅដីព្រៃសហគមន៍អូរដូនតី ក៏កំពុងប្រឈមនឹងការទន្ទ្រានយកដីព្រៃពីសំណាក់អ្នកមានអំណាចដើម្បីដាំដើមកៅស៊ូ និងដាំស្វាយចន្ទី ប៉ុន្តែអាជ្ញាធរនៅតែធ្វើមិនដឹងមិនលឺចំពោះករណីនេះ។
ជុំវិញបញ្ហានេះ អ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា ហៅកាត់ថា (CYN) លោក អូត ឡាទីន យល់ឃើញថា បញ្ហាការកាប់បំផ្លាញព្រៃឈើ និងការកាប់រានដីព្រៃធ្វើជាសកម្មសិទ្ធឯកជននេះគឺដោយសារតែអាជ្ញាធរគ្មានឆន្ទៈទប់ស្កាត់។ លោកបន្តថា អាជ្ញាធរតែងតែហាមឃាត់សហគមន៍ និងយុវជនមិនអាចចូលល្បាតព្រៃខណៈព្រៃឈើ និងការកាប់រានដីព្រៃនៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ។
លោក អូត ឡាទីន៖ «ខ្ញុំគិតថា រដ្ឋាភិបាល មន្ត្រីបរិស្ថាន ក្រសួងបរិស្ថានគួរតែផ្តល់សិទ្ធិអំណាចដល់សហគមន៍ឱ្យគាត់ចូលរួមចំណែកការពារធនធានធម្មជាតិនៅក្នុងមូលដ្ឋានរបស់ពួកគាត់ពីព្រោះសហគមន៍មូលដ្ឋានពួកគាត់គឺជាខែល គឺជារនាំងសំខាន់ក្នុងការជួយទប់ស្កាត់បទល្មើសព្រៃឈើហើយហ្នឹងជួយការពារព្រៃនៅក្នុងមូលដ្ឋានរបស់ពួកគាត់»។
បើទោះជាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រកឃើញថា ក្រុមហ៊ុនមួយចំនួននៅជុំវិញតំបន់ព្រៃឡង់បានកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អភិរក្ស ទាំងព្រៃសហគមន៍ និងក្នុងតំបន់ព្រៃឡង់អស់រយៈពេលជិតមួយទសវត្ស និងមានមន្ត្រីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយផ្សំគំនិតឱ្យកាប់បំផ្លាញព្រៃឈើក្ដី ក៏រដ្ឋាភិបាល លោក ហ៊ុន សែន តែងច្រានចោលការរកឃើញទាំងនេះ។ មិនតែប៉ុណ្ណោះអាជ្ញាធររបស់លោក ហ៊ុន សែន ក៏បានធ្វើទុក្ខបុកម្នេញទៅលើប្រជាសហគមន៍ និងសកម្មជនការពារព្រៃឈើគ្រប់រូបភាពដើម្បីឱ្យពួកគាត់ឈប់ការពារព្រៃឈើ។
ព្រៃសហគមន៍អូរដាស់ស្គរ គឺជាតំបន់អភិរក្សដែលមានធនធានធម្មជាតិសម្បូរបែបអាចឱ្យពលរដ្ឋជាង២០០គ្រួសារពឹងផ្អែកលើអនុផលព្រៃឈើ ជាពិសេសនៅតំបន់នេះក៏សម្បូរមានសត្វព្រៃកម្ររស់នៅផងដែរាំ រួមមាន ខ្លាឃ្មុំ ឈ្លូស ខ្ទីង ប្រើស ក្ងោក មាន់ព្រៃ ជាដើម៕