អ្នកភូមិ​ក្បាល​រមាស​ខេត្តស្ទឹងត្រែង បារម្ភ​បាត់​ព្រៃ​សហគមន៍ ក្រោយ​ពី​ក្រុមហ៊ុន​ចិន​ដំឡើង​ដេប៉ូ​អារ​ឈើ​ខ្នាត​ធំ​នៅ​តំបន់​នោះ

ដោយ ឡេង ម៉ាលី
2022.01.10
អ្នកភូមិ​ក្បាល​រមាស​ខេត្តស្ទឹងត្រែង បារម្ភ​បាត់​ព្រៃ​សហគមន៍ ក្រោយ​ពី​ក្រុមហ៊ុន​ចិន​ដំឡើង​ដេប៉ូ​អារ​ឈើ​ខ្នាត​ធំ​នៅ​តំបន់​នោះ ជនជាតិ​ដើម​ភាគ​តិច​ព្នង ដែល​រងគ្រោះ​ដោយ​សារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ខេត្តស្ទឹងត្រែង នាំគ្នា​ទៅ​រស់នៅ​លើ​ទី​ទួល​ខ្ពស់ ពេល​ទឹក​អាង​វារីអគ្គិសនី​លិច​ភូមិចាស់ កាល​ពី​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០១៨។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ខេត្តស្ទឹងត្រែង កំពុង​ទាល់​តម្រិះ​មិន​ដឹង​ថា ត្រូវ​រក​មធ្យោបាយ​បែប​ណា​ការពារ​ព្រៃ​សហគមន៍​ភូមិ​ក្បាល​រមាស​ឱ្យ​គង់​វង្ស​នោះ​ទេ ព្រោះ​អាជ្ញាធរ​នៅតែ​ពន្យារ​ពេល​មិន​អើពើ​ចុះ​បញ្ជី​ដី​ព្រៃ​សមូហភាព​តាម​សំណើ​របស់​សហគមន៍។ អ្នកភូមិ​ថា ក្រុមហ៊ុន​ចិន ស៊ីវ ហ្គេច (Sev Gek) បាន​ដំឡើង​ដេប៉ូ​អារ​ឈើ​ខ្នាត​ធំ ជាប់​ព្រៃ​សហគមន៍​នេះ បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុវត្ថិភាព​ព្រៃ​ឈើ សត្វព្រៃ និង​កន្លែង​អាស្រ័យ​ផល​ព្រៃ​ឈើ​យ៉ាង​សំខាន់​របស់​អ្នកភូមិ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង ៥៣គ្រួសារ រស់នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេសាន ភ័យ​ព្រួយ​ពី​ជោគវាសនា​ព្រៃ​សហគមន៍​ភូមិ​ក្បាល​រមាស​ទំហំ​ជាង ៧ពាន់​ហិកតារ កំពុង​ប្រឈម​ការ​បាត់បង់​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​ឆ្នាំ២០២២។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​អ្នកភូមិ​ប្រទះ​ឃើញ​ការដ្ឋាន​ក្រុមហ៊ុន​ចិន ស៊ីវ ហ្គេច បាន​ដំឡើង​ម៉ាស៊ីន​អារ​ច្រៀក​ឈើ​ខ្នាត​ធំ នៅ​ជាប់​ព្រៃ​សហគមន៍ ដើម្បី​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី​ទៀត នៅ​តំបន់​នោះ បង្ក​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព​ព្រៃ​សហគមន៍​ដែល​អ្នកភូមិ​អភិរក្ស។ តំណាង​សហគមន៍​ថា នៅ​តំបន់​នោះ បើ​ក្រៅ​ពី​ព្រៃ​សហគមន៍​ភូមិ​ក្បាល​រមាស​គ្មាន​ដើម​ឈើ​ធំៗ សម្រាប់​ឱ្យ​ក្រុមហ៊ុន​កាប់​ធ្វើ​អាជីវកម្ម​នោះ​ទេ។

តំណាង​សហគមន៍​ភូមិ​ក្បាល​រមាស​លោកស្រី ស្រាំង ឡាញ់ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១០ មករា​ថា ប្រការ​ដែល​អាជ្ញាធរ​ពន្យារ​ពេល​មិន​ចុះ​បញ្ជី​ដី​ព្រៃ​សហគមន៍​ភូមិ​ក្បាល​រមាស ផ្តល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​ចិន និង​ជន​ខិលខូច​មួយ​ចំនួន បន្ត​កាប់​បំផ្លាញ ដើម​ឈើ​ធំៗ ឋិត​ក្នុង​ព្រៃ​សហគមន៍ ប៉ះពាល់​ជម្រក​សត្វ​ព្រៃ និង​កន្លែង​រក​អនុផល​ព្រៃឈើ​របស់​អ្នក​ភូមិ។ លោកស្រី​ថា ក្រុមហ៊ុន​នេះ បាន​ផ្អាក​ធ្វើ​អាជីវកម្ម​ឈើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​កំពុង​ចាប់​ផ្ដើម​ដំណើរ​ការ​ឡើង​វិញ​នៅ​រយៈ​ពេល​ជាង ៣សប្តាហ៍​ចុង​ក្រោយ​នេះ​ធ្វើ​ឱ្យ​អ្នកភូមិ​ព្រួយ​ចិត្ត​ខ្លាច​ក្រែង​ក្រុមហ៊ុន​បញ្ជូន​កម្លាំង​កម្មករ​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​បន្ត​ទៀត៖ «ក្រុមហ៊ុន​កំពុង​ដំឡើង​រោងចក្រ​អារ​ឈើ​ឡើង​វិញ​ ដែល​សហគមន៍​កំពុង​ព្រួយ​បារម្ភ​កន្លែង​ណា ​ដែល​មាន​ធនធាន​ព្រៃឈើ​ច្រើន​ទេ គឺ​មាន​តែ​តំបន់​ក្បាល​រមាស​ចាស់​ហ្នឹង​ឯង​ ដែល​សេសសល់​ពី​ទឹក​លិច ​នៅ​សល់​ព្រៃឈើ​ច្រើន។ ការ​ព្រួយ​បារម្ភ​របស់​មីង ​ការ​ទន្ទ្រាន​យក​ដី ​និង​ព្រៃឈើ​ទាំង​អស់​នោះ»

ស្ត្រី​ដដែល​បន្ថែម​ថា មហិច្ឆតា​របស់​ក្រុមហ៊ុន​ចិន ស៊ីវ ហ្គេច (Sev Gek) និង​អាជ្ញាធរ ចង់​កាប់​ដើម​ឈើ​ធំៗ ក្នុង​ព្រៃ​សហគមន៍​ភូមិ​ក្បាល​រមាស​ធ្វើ​អាជីវកម្ម​បាន​ជា​ស្ទាក់ស្ទើរ​មិន​ព្រម​ចុះ​បញ្ជី​ដី​សមូហភាព​ជូន​អ្នកភូមិ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោកស្រី​ថា កន្លង​ទៅ​អ្នកភូមិ​បាន​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ថ្នាក់ និង អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ដើម្បី​ស្នើ​សុំ​ចុះ​បញ្ជី​ដី​សមូហភាព ប៉ុន្តែ​គ្មាន​ការ​ឆ្លើយតប​ មក​ទល់​ពេល​នេះ។ ទន្ទឹម​គ្នា​នេះ ព្រៃ​សហគមន៍​បច្ចុប្បន្ន​នេះ នៅ​សល់​ដើម​ឈើ​ធំៗ រួមមាន ដើម​ស្រឡៅ គគីរ ផ្ចឹក កកោះ និង​ឈើទាល​ជាដើម ដែល​ជា​ទីតាំង​ជ្រក​យ៉ាង​សំខាន់ របស់​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ។ លើស​ពី​នេះ​ទៀត អ្នក​ភូមិ​ចង់​រក្សា​ព្រៃ​ទាំង​នោះ​ឱ្យ​គង់វង្ស ដើម្បី​រក្សា​បាន​នូវ​អត្តសញ្ញាណ​ប្រពៃណី និង វប្បធម៌​ជន​ជាតិ​ដើម​ព្នង ដែល​ក្រាញ​ននៀល​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ម្នាក់​ទៀត គឺ​លោក គឹម រើន ថ្លែង​ថា អ្នកភូមិ​ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន ហើយ​រំកិល​ទៅ​រស់​នៅ​លើ​ទី​ទួល​សុវត្ថិភាព​ជាង ៤ឆ្នាំ​មក​ហើយ ព្រោះ​តែ​ស្ដាយ​ព្រៃ សត្វព្រៃ ផ្នូរ​ដូនតា និង​ព្រៃ​អារក្ស​ជាដើម ឋិត​ក្នុង​ព្រៃ​សហគមន៍​នេះ។

លោក​ថា បំណង​រួម​របស់​ប្រជា​សហគមន៍ ចង់​អភិរក្ស​ព្រៃឈើ​ឱ្យ​គង់វង្ស ព្រោះ​ធនធាន​ធម្មជាតិ​ជា​អាយុ​ជីវិត និង​ប្រភព​សេដ្ឋកិច្ច​យ៉ាង​សំខាន់ របស់​អ្នកភូមិ​ជាច្រើន​ជំនាន់​មក​ហើយ ប្រសិន​បើ​រដ្ឋាភិបាល ​មិន​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ អ្នកភូមិ​នឹង​លំបាក​វេទនា​ទាំង​កាយ និង​ចិត្ត​មួយ​កម្រិត​ទៀត៖ «បើ​សិន​ថា ដី​ហ្នឹង​ទាំង​ប៉ុន្មាន​រដ្ឋាភិបាល ​គាត់​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ទាំង​អស់​ហ្នឹង តើ​ពលរដ្ឋ​មិន​ដឹង​រស់​នៅ​របៀប​ម៉េច​ដូច​ជា ​គោ និង​ក្របី ​មិន​ដឹង​ឱ្យ​នៅ​ត្រង់​ណា? អ៊ីចឹង​ទេ ពលរដ្ឋ​គឺ​ថា ​ក្រុមហ៊ុន​មក​ឈូស​ឆាយ​ គឺ​ពលរដ្ឋ​ទប់​ស្កាត់។ ពលរដ្ឋ​រក​អនុផល​ព្រៃឈើ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ​បើ​សិន​ជា​ព្រៃឈើ​អស់​ តើ​ពលរដ្ឋ​មិន​ដឹង​រក​ស៊ី​ស្អី​អត់​មាន​ទេ»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ស៊ីវ ហ្គេច ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​ បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី១០ មករា។

កាល​ពី​ដើម​ឆ្នាំ២០២១ កន្លង​ទៅ​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន បោះ​បង្គោល​ព្រំ​ដី​នៅ​ចំ​កណ្ដាល​ភូមិ និង​ក្បែរ​សសរ​ផ្ទះ បំពាន​ចូល​ស្រែ​របស់​សហគមន៍។ ប្រជា​សហគមន៍​ថា អាជ្ញាធរ​ខេត្ត​នេះ មាន​ផែនការ​កាត់​ឆ្វៀល​ដី​សហគមន៍​ភូមិ​ក្បាល​រមាស​ស្ទើរ​តែ​ទាំង​ស្រុង ដើម្បី​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ចិន កាប់​បំផ្លាញ​ព្រៃឈើ និង​បំផ្លាញ​កន្លែង​អាស្រ័យផល​ដ៏​សំខាន់​របស់​សហគមន៍​នៅ​តំបន់​នោះ។

ឆ្លើយ​តប​រឿង​នេះ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បក​ស្រាយ​ថា កិច្ច​ការងារ​នេះ រដ្ឋបាល​ខេត្ត​បាន​បង្កើត​ក្រុម​ការងារ​ជំនាញ​មួយ ដើម្បី​ចុះ​ទៅ​ពិភាក្សា​ជាមួយ ប្រជា​សហគមន៍​ក្បាល​រមាស​ក្នុង​បំណង​រក​ច្រក​ចេញ។ លោក​ថា ផ្ទៃ​ដី​ជាក់​ស្ដែង សម្រាប់​ចុះ​បញ្ជី​ដី​សមូហភាព​ជូន​ពលរដ្ឋ​មាន​ទំហំ​ជាង ៩រយ​ហិកតារ​ប៉ុណ្ណោះ ចំណែក​ដី​ដែល​អ្នកភូមិ​ស្នើ​សុំ​ចុះ​បញ្ជី​មាន​ទំហំ​ធំធេង​ពេក​ ប៉ះពាល់​តំបន់​ផ្សេង​ទៀត៖ «យើង​ឃើញ​ថា ​ផែនទី​ដែល​គាត់​ស្នើ​មក​ហ្នឹង​ វា​មាន​ទាំង​ផ្ទៃ​ទឹក តែ​ជា​រួម​ផ្ទៃ​ទឹក​ក៏​យើង​ប្រគល់​ជូន​គាត់​ដូច​គ្នា​ដែរ ប៉ុន្តែ​ប្រគល់​ក្នុង​ទិដ្ឋភាព​មួយ​ផ្សេង ដូច្នេះ​ហើយ យើង​ត្រូវ​ជជែក ជាមួយ​គាត់​ឱ្យ​បាន​យល់​ពី​នីតិ​វិធី​សិន។ ចុះ​បញ្ជី​ដី​សហគមន៍​ ជា​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ យើង​ចុះ​ផ្ទៃ​ដី យើង​មិន​ចុះ​ផ្ទៃ​ទឹក​ទេ តែ​ផ្ទៃ​ទឹក​យើង​ឱ្យ​គាត់​ចុះ​ជា​សហគមន៍​នេសាទ។ យើង​រក​ច្រក​ចេញ​ជា​មួយ​គាត់​ត​ទៅ​ទៀត»

ព្រៃ​សហគមន៍​ភូមិ​ក្បាល​រមាស​មានផ្ទៃ​ដី ៧.៨៣៦ ហិកតារ សហគមន៍​បាន​ស្នើសុំ​ចុះ​បញ្ជី​ជា​ព្រៃ​អភិ​រក្ស​ចាប់​តាំង​ពី​ឆ្នាំ២០១២ រហូតដល់​ឆ្នាំ២០១៨ ទើប​ក្រសួង​មហាផ្ទៃ​សម្រេច​ចុះ​បញ្ជី​ជន​ជាតិ​ដើម​ភាគ​តិច​រស់នៅ​តំបន់​នោះ​ជា​ស្វ័យ​អត្តសញ្ញាណ។ ព្រៃ​សហគមន៍​នេះ​ក្រុម​ពលរដ្ឋ​បាន​កំណត់​លក្ខន្តិកៈ​ផែនទី​បទ​បញ្ជា​ផ្ទៃក្នុង និង GPS កំណត់​ព្រំប្រទល់ ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​សង្គម​ស៊ីវិល និង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ។

កាល​ពី​ដើម​ឆ្នាំ២០២០ មន្ទីរ​សុរិយោដី ខេត្ត​ស្ទឹងត្រែង​បាន​បដិសេធ​មិន​ព្រម​ឲ្យ​ចុះ​បញ្ជី​ដី​សមូហភាព​ភូមិ​ក្បាល​រមាស​មាន​ទំហំ ៧.៨៣៩ហិកតារ ព្រោះ​ទំហំ​ផ្ទៃ​ដី ដែល​សហគមន៍​ស្នើសុំ ជាន់​ចំ​ដី​ក្រុមហ៊ុន​ចិន ស៊ីវហ្គេច និង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ លើស​ពី​នេះ​ទៀត រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង មាន​ដី​នៅ​តំបន់​ផ្សេង​ទំហំ ៩៤១ហិកតារ សម្រាប់​ត្រៀម​ចុះ​បញ្ជី​ជូន​សហគមន៍ ភ្ជាប់​ផែនទី ដែល​មាន​ស្រាប់។

ជុំវិញ​រឿង​នេះ​ មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ការ​ដោះស្រាយ​វិវាទ​របស់​អាជ្ញាធរ តែងតែ​លម្អៀង​ទៅ​រក​ភាគី​ក្រុមហ៊ុន ដោយ​មិន​បាន​ការពារ​ប្រយោជន៍​របស់​ពលរដ្ឋ​នោះ​ទេ។ ប្រការ​នេះ​ ធ្វើ​ឱ្យ​ការ​ស្វែង​រក​ដំណោះស្រាយ​របស់​អាជ្ញាធរ​ច្រើន​តែ​បរាជ័យ និង​មាន​ការ​ថ្នាំង​ថ្នាក់ ពី​ពលរដ្ឋ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ប៊ី វ៉ាន់នី យល់​ថា អាជ្ញាធរ​គួរតែ​ទទួល​សំណើ​របស់​ពលរដ្ឋ ដោយ​បង្ហាញ​មូលហេតុ​ច្បាស់លាស់ ដើម្បី​ស្នើសុំ​រដ្ឋាភិបាល​ពិនិត្យ​សម្រេច​ជុំវិញ​រឿង​នេះ ធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​អាច​ទទួល​បាន​ដំណោះ​ស្រាយ​សមរម្យ។ លោក​ថា បើ​អាជ្ញាធរ​គិត​ពី​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ អាជ្ញាធរ​គួរតែ​គាំទ្រ​រាល់​កិច្ច​គាំពារ​អភិរក្ស​ព្រៃឈើ របស់​ប្រជា​សហគមន៍​តាម​រយៈ​ពន្លឿន​ការ​ចុះ​បញ្ជី​ដី​សមូហភាព ប្រសើរ​ជាង​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ៖ «អត់​បាន​ដោះស្រាយ​ឱ្យ​បាន​សម្រេច ឱ្យ​វា​ជាក់លាក់​ណា​មួយ​ទេ មាន​ន័យ​ថា មក​ហើយ ​ចរចា​មិន​ត្រូវ​ទៅ​វិញ​ទៅ​ ស្ងាត់ៗ ៣ ទៅ ៤ខែ​មក ចរចា​ទៀត។ ក្រុមហ៊ុន​ស្នើ​សុំ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ ​របស់​រដ្ឋ ​គឺ​រដ្ឋ​មាន​សិទ្ធិ​តើ ​អាច​កាត់​ឆ្វៀល​ចេញ​ពី​ក្រុមហ៊ុន​ឱ្យ​ពលរដ្ឋ​បាន»

មកទល់​ពេល​នេះ​ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស ៥៣គ្រួសារ​បូករួម​ទាំង​ពលរដ្ឋ​បំបែក​គ្រួសារ​បដិសេធ​មិន​ព្រម​ទទួល​យក​គោល​នយោបាយ​សំណង​ពី​ក្រុមហ៊ុន ហើយ​បច្ចុប្បន្ន​ពួកគេ​បន្ត​រស់នៅ​លើ​ទី​ទួល​ខ្ពស់ ត្រង់​ចំណុច​ស្រែ​វាល ឆ្ងាយ​ពី​ភូមិ​ចាស់ ៤គីឡូម៉ែត្រ។ ក្រុម​ពលរដ្ឋ​ទាំង​នោះ​រស់​ពឹងផ្អែក​លើ​ព្រៃ​សហគមន៍​ដែល​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​របស់​ពួក​គេ ដូច​ជា ឃ្វាល​គោ​ក្របី​ធ្វើ​ចម្ការ​វិល​ជុំ​រក​អនុផល​ព្រៃ​ឈើ​បេះ​បន្លែ និង​ដង​ជ័រទឹក​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។