ប្រជាសហគមន៍ការពារព្រៃឈើ ជិត ១ពាន់នាក់ រស់នៅខេត្តកំពង់ស្ពឺ ប្រកាសប្តូរជីវិត តស៊ូការពារព្រៃមេត្តាធម្មជាតិ ឬព្រៃសហគមន៍ឧត្តមស្រែពស់ ដែលនៅសល់តិចតួចឱ្យគង់វង្ស បើទោះបីជាប្រឈមការគំរាមសម្លាប់ និងប្តឹងផ្តល់នៅតុលាការ ពីសំណាក់ក្រុមមន្ត្រីយោធាក្តី។ ពួកគាត់អះអាងថា សកម្មភាពឈូសឆាយព្រៃអភិរក្ស និងកាប់ឈើធំៗធ្វើអាជីវកម្ម កាន់តែរាលដាលធំឡើង អស់រាប់រយហិកតារ ដោយមានមន្ត្រីយោធា '' ង ៧0 '''កាងការពារ។
ក្រុមប្រជាពលរដ្ឋរស់នៅ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ឱ្យដឹងថា មកទល់ពេលនេះ សកម្មភាពឈូសឆាយព្រៃមេត្តាធម្មជាតិ បានរាលដាលដល់វត្តមេត្តាធម្មជាតិហើយ ដោយមានគ្រឿងចក្រ និងកម្មករជាច្រើននាក់ បន្តសម្រុកប្រើរណាយន្តអាររំលំឈើធំៗ យ៉ាងគគ្រឹកគគ្រេង ក្នុងព្រៃស្រោងដែលសត្វទោច និងស្វាតែងតែលោតលែង។
អ្នកភូមិថា ក្រុមទាហាន '' ង ៧0 ''' បានយកឈ្មោះ លោក ហ៊ុន ម៉ាណែត ជាខែល ដើម្បីច្បាមយកព្រៃអភិរក្សនេះ លក់ធ្វើអាជីវកម្ម ក្រោយពីទីផ្សារដី នៅតំបន់នោះហក់ឡើងថ្លៃ។
តំណាងសហគមន៍ លោក សយ សាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ១៣ ឧសភាថា បច្ចុប្បន្នមន្ត្រីយោធា '' ង ៧0 ''' នៅតែបន្តសម្រុកឈូសឆាយ និងកាប់ឈើធំៗ នៅជុំវិញ អាស្រមអ្នករក្សាសីល និងវត្តមេត្តាធម្មជាតិ ដោយគ្មានការទប់ស្កាត់ នៅឡើយទេ បើទោះបីជា អ្នកភូមិជិត ១ ពាន់នាក់ បានលើកគ្នាតវ៉ាទាមទារឱ្យរដ្ឋាភិបាលដោះស្រាយរឿងនេះក្តី។
លោកបញ្ជាក់ថា បច្ចុប្បន្នព្រៃអភិរក្សនេះ ត្រូវគេឈូសឆាយអស់ស្ទើរទាំងស្រុង នៅសល់ព្រៃមិនដល់ ១០០ហិកតារទៀតទេ។ លោកបន្ថែមថា ពួកលោកនឹងវេចបង្វេច និងម្ហូបអាហារ ដើម្បីធ្វើដំណើរទៅ តវ៉ាទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ ជាថ្មីទៀត នៅពេលឆាប់ៗនេះ៖ « រាល់បញ្ហាឈូសឆាយ ឥលូវនេះដល់ទីវត្តហើយ ព័ទ្ធអាស្រមមេត្តាធម្មជាតិរបស់ព្រះអង្គដែល កន្លែងតម្កល់រូបព្រះពុទ្ធក៏គេរុករានដែរ។ សូមអភិបាលខេត្ត លោក វ៉ី សំណាង សូមមេត្តាជួយពន្លឿនទប់ស្កាត់ឱ្យបាន»។
ប្រជាសហគមន៍រូបនេះ ប្រកាសជំហរថា ពួកលោកនឹងក្រាញននៀល ការពារព្រៃដែលនៅសេសសល់ រហូតដល់ដង្ហើមចុងក្រោយ ដើម្បីទុកព្រៃដែលនៅសល់តិចតួចសម្រាប់ កូនចៅជំនាន់ក្រោយ ជម្រកសត្វព្រៃ និងទីកន្លែងអ្នកស្រុករកអនុផលព្រៃឈើ។ លោកថា អាជ្ញាធរមិនគួរឈូសឆាយកម្ទេចព្រៃអភិរក្សនេះ ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ចឱ្យមន្ត្រីយោធានោះទេ ព្រោះព្រៃនេះ នៅសេសសល់ចុងក្រោយគេ ដោយមានផ្ទះពលរដ្ឋរស់នៅព័ទ្ធជុំវិញនិងមានសត្វព្រៃជាច្រើនប្រភេទរស់នៅទាក់ទាញភ្ញៀវទេសចរ៖ «ខ្ញុំប្ដេជ្ញាចិត្តថា បើជីវិតខ្ញុំស្លាប់ ខ្ញុំនៅតែតស៊ូ លុះត្រាតែមានដំណោះស្រាយ។ សម្តេច ហ៊ុន សែន កុំជឿ អាជ្ញាធរនិយាយកាឡៃការពិត ភូតភរ ព្រៃនេះជាព្រៃស្រោង ដែលពលរដ្ឋខំការពារជាង ២៥ ឆ្នាំមកហើយ»។
កាលពីសប្តាហ៍មុន (០៩ ឧសភា) ប្រជាសហគមន៍ជិត ១ ពាន់នាក់ (៧០០) បានលើកគ្នាតវ៉ានៅក្រសួងដែនដីក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យរដ្ឋាភិបាលលុបគម្រោងកាត់ឆ្វៀលដីព្រៃសហគមន៍មេត្តាធម្មជាតិ ទំហំជិត ៣រយ ហិកតារ (២៦២)។
ក្នុងពេលដែលពលរដ្ឋតវ៉ា នៅក្រសួងដែនដី មន្ត្រីរដ្ឋាភិបាលម្នាក់ដែលពួកគាត់មិនស្គាល់ឈ្មោះ បានចេញមកទទួលញត្តិ ហើយសន្យាថា នឹងព្យាយាមដោះស្រាយរឿងនេះឱ្យលឿនបំផុត មិនដល់ ២ សប្តាហ៍ទេ។ ប៉ុន្តែមកទល់ពេលនេះ សកម្មភាពកាប់រំលំឈើធំៗ និងឈូសឆាយព្រៃស្រោងនៅតែបន្តកើតមាន។
ពួកគាត់ស៊ើបដឹងថា គម្រោងកាត់ឆ្វៀលដីព្រៃសហគមន៍នេះ ដើម្បីពុះលក់ចែកគ្នា ជាសម្បត្តិបុគ្គល ដោយក្រុមអ្នកមានឥទ្ធិពល ដោយសារដីនៅតំបន់នោះ ហក់ឡើងថ្លៃ ហើយក្រុមមន្ត្រីយោធាទាំងនោះ បានយក ឈ្មោះ កូនប្រុស នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ជាខែល ដើម្បីគំរាមកំហែង លើអ្នកតវ៉ាទាមទារដីព្រៃអភិរក្សនេះ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីលោក ហ៊ុន ម៉ាណែត បាននៅឡើយទេនៅថ្ងៃទី១៣ ឧសភា។
ព្រះសង្ឃគង់ក្នុងព្រៃមេត្តាធម្មជាតិ គឺព្រះតេជព្រះគុណ ព្រំ សុជាតិ មានថេរៈដីកាប្រាប់វិទ្យុអាស៊ីសេរីថា ព្រះអង្គពុំមានអំណាចទប់ទល់សកម្មភាពឈូសឆាយ និងកាប់ផ្ដួលឈើធំៗ ក្នុងព្រៃមេត្តាធម្មជាតិបានទេ។ ព្រះអង្គអាណិតអាសូរសត្វទោច ស្វា និងក្ងោក ដែលធ្លាប់រស់នៅយ៉ាងសុខសាន្ត ក្នុងព្រៃនេះ បែរជារត់ខ្ចាត់ខ្ចាយ ហើយសត្វខ្លះ រត់ដេញខាំ អាត្រាក់ទ័រ ដែលកំពុងឈូសឆាយព្រៃ ដែលវាកំពុងរស់នៅ។ ព្រះសង្ឃដែលអាចហៅ សត្វទោចព្រៃឱ្យមកស៊ីចំណីរូបនេះ មានថេរៈដីកាបន្ថែមថា ព្រៃធម្មជាតិ ស្រស់បំព្រង អំណោយផលគាប់ប្រសើរដល់អ្នករក្សាសីល ស្នាក់អាស្រ័យជាង ២០ឆ្នាំមកហើយ បែរជារលាយទាំងស្រុង នៅឆ្នាំ២០២២នេះ ដោយសកម្មភាពមនុស្ស៖ «បើតាមអាត្មាខំថែរក្សាព្រៃ អាត្មាធ្វើអស់ហើយ បើពិភពលោក អត់ធានា អត់អបអរសាទរមានតែខ្ទេច អត់គួរធ្វើ មិនគួរបំផ្លាញទេ យល់ថា ត្រឹមប៉ុណ្ណឹង»។
ឆ្លើយតបរឿងនេះ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ប្រាប់វិទ្យុអាស៊ីសេរីថា បំណងរបស់លោក ក៏ចង់ទុកព្រៃនៅតំបន់នេះ ឱ្យគង់វង្សដែរ ព្រោះការផ្តល់ដីសម្បទានសង្គមកិច្ចជូនមន្ត្រីយោធា នៅទីនោះ ជាភារកិច្ចរបស់ថ្នាក់ដឹកនាំ។ ប៉ុន្តែលោកថា ជុំវិញការសំណូមពរ និងក្តីកង្វល់របស់ប្រជាសហគមន៍ លោកបានស្នើទៅថ្នាក់ដឹកនាំរដ្ឋាភិបាលរួចហើយ ប៉ុន្តែលទ្ធផលយ៉ាងណានោះ លោកនៅមិនទាន់ដឹងនៅឡើយទេ។
លោកស្នើឱ្យព្រះតេជព្រះគុណ ព្រំ សុជាតិ ដែលគង់ក្នុងព្រៃ គួរតែសហការជាមួយអាជ្ញាធរជំនាញ នៅតំបន់នោះ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ពុំចាំបាច់ជជែករឿងបាបបុណ្យ ជាមួយក្រុមជនល្មើសទេ៖ «គាត់ចេះតែពង្រីកការតវ៉ារបស់គាត់ តែការពិតដីដែលកាប់នេះ មិនឋិតក្នុងសហគមន៍នេះទេ ហើយ អត់មានដើមឈើទេ នៅតំបន់នោះ។ ខ្ញុំឱ្យមន្ត្រីខ្ញុំចុះទៅមើលអស់ហើយ។ បើជំនាញចុះទៅចាប់ឃាត់បញ្ជូនទៅតុលាការ ហើយបើយើងនិយាយរឿង បុណ្យបាប វាចេះស្គាល់បុណ្យអីវា ពួកហ្នឹង»។
កាលពីដើមសប្តាហ៍នេះ ប្រជាសហគមន៍ បានចុះដល់ទីតាំងបទល្មើសព្រៃឈើ ប្រទះឃើញ រូបសំណាក់ព្រះពុទ្ធ សង់ក្រោមដើមជ្រៃធំ បានដួលរលំបាក់បែកខ្ទេច ហើយដើមជ្រៃធំៗជាច្រើនដើមទៀត ផ្តល់ម្លប់ត្រជាក់ស្រឹប ក៏ត្រូវគេកាប់រលាយអស់ដែរ។ រីឯ ក្រុមពលរដ្ឋនៅតំបន់ផ្សេង ជាច្រើននាក់ នៅតែបន្តលួចកាប់ដើមឈើធំៗ ប្រភេទគគីរ និងឈើទាល ដួលរាយប៉ាយពេញព្រៃនៅជុំវិញអាស្រម វត្តមេត្តាធម្មជាតិ ហើយដើមឈើធំៗខ្លះទៀត ដែលធ្លាប់បំបួសរំស្បង់ចីវរក៏ត្រូវគេកាប់រំលំអស់ដែរ។
ជុំវិញរឿងនេះ ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន ដែលចុះអង្កេតរឿងនេះ អះអាងថា ព្រៃអភិរក្សនេះ មានសារសំខាន់ សម្រាប់សត្វព្រៃ និងពលរដ្ឋរស់នៅទីនោះ ពុំគួរជាកម្មវត្ថុ ផ្តល់ដីសម្បទានសង្គមកិច្ចនោះឡើយ។
លោកថា មេទាហានខ្លះ កំពុងប្រើល្បិចអាក្រក់ ទទួលប្រយោជន៍ពីគម្រោងផ្តល់ដីសម្បទានសង្គមកិច្ចនេះ ដោយយកដីលក់ចែកគ្នា ក្នុងតម្លៃរាប់ម៉ឺនដុល្លារ ក្នុងមួយហិកតារ។ លោកទទូចឱ្យរដ្ឋាភិបាលពិចារណាលុបគម្រោងឆ្វៀលដីព្រៃសហគមន៍នេះជាបន្ទាន់ ដើម្បីប៉ះប៉ូវផ្លូវចិត្តពលរដ្ឋ ដែលខិតខំការពារព្រៃនេះ៖ «ចង់ឱ្យរដ្ឋាភិបាលធ្វើបច្ចុប្បន្នភាពលើទីតាំងដីទាំងនោះឡើងវិញ ដោយដកហូតទីតាំងដីទាំងអស់ដែលបានផ្តល់ដោយរដ្ឋាភិបាល ហើយពួកគេលក់ គឺត្រូវដកហូត កុំប្រើដីល្បិចរៀបដីរដ្ឋលក់ ដែលជាល្បែងថោកបំផុតសម្រាប់មន្ត្រីខិលខូច»។
ប្រជាសហគមន៍បន្ថែមថា កន្លងទៅ រដ្ឋាភិបាលបានចេញអនុក្រឹត្យ កាត់ឆ្វៀលដីព្រៃមេត្តាធម្មជាតិទំហំ ៧៨ ហិកតារ ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ច ចែកជូនគ្រួសារកងទ័ព។ ប៉ុន្តែធាតុ ពិតពុំដូច្នេះទេ ព្រោះដីដែលកាត់ឆ្វៀលទាំងនោះ បែរជាក្លាយជាកម្មសិទ្ធិរបស់ មេទាហាន ពីរនាក់ទៅវិញ។ពួកគាត់ទទូចឱ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ ពីគម្រោងផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ ព្រោះមន្ត្រីយោធាមួយចំនួន កំពុងភូតភរថ្នាក់ដឹកនាំ ដើម្បីច្បាមយកដីព្រៃអភិរក្សលក់ចែកគ្នា ដោយមិនខ្វល់ពីក្តីកង្វល់របស់ពលរដ្ឋនោះឡើយ។
ព្រៃមេត្តាធម្មជាតិ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ជាព្រៃអភិរក្សពីក្រសួងបរិស្ថានកាលពីឆ្នាំ២០០២។
ព្រៃសហគមន៍មួយនេះមានផ្ទៃដីប្រមាណ ២.០០០ហិកតារ ប៉ុន្តែបច្ចុប្បន្នកាន់តែរួមតូចនៅសល់តែជាង ៨០០ហិកតារប៉ុណ្ណោះ ដោយសារមានការរំលោភបំពានយកជាបន្តបន្ទាប់ពីក្រុមហ៊ុនឯកជន និងឈ្មួញខិលខូចមួយចំនួន។
ព្រៃសហគមន៍នេះ មានសត្វព្រៃកម្រជាច្រើនប្រភេទរស់នៅ រួមមាន ទោច ខ្លាឃ្មុំ ស្វា ក្ងោក មាន់ព្រៃ ឈ្លូស ក្ដាន់ និងស្វាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។