ឡាវ​និង​វៀតណាម​គ្រោង​បើក​ទំនប់ទឹក​វារីអគ្គិសនី​អាច​បង្ក​ឱ្យ​មាន​ទឹកជំនន់​ក្នុង​ខេត្ត​ភាគ​ឦសាន​របស់​កម្ពុជា

0:00 / 0:00

រដ្ឋាភិបាល​ឡាវ និង​វៀតណាម បាន​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​រស់​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ និង​ទន្លេ​ស្រែពក ក្នុង​ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​ខេត្ត​ក្រចេះ ត្រូវ​ប្រុងប្រយ័ត្ន ខណៈ​ដែល​ពួកគេ​គ្រោង​នឹង​បើកទ្វារ​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី (Xayaburi dam ) និង​ទំនប់​វារីអគ្គិសនី​ស្រែ​ពក៤។

រីឯ​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ក៏បាន​ជូនដំណឹង ពី​ការ​កើនឡើង​កម្ពស់​ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ​នៅ​ប្រទេស​ចំនួន​៤ ស្រប​ពេល​ដែល​ទឹកភ្លៀង​កំពុង​ធ្លាក់​រាយប៉ាយ ក្នុង​តំបន់​ទន្លេមេគង្គ។

គណៈកម្មការ​ទន្លេមេគង្គ (MRC ) នៅ​ថ្ងៃទី៩ សីហា បាន​ជូនដំណឹង​ថា កម្ពស់​ទឹកទន្លេ​មេគង្គ​នឹង​កើនឡើង​ខ្លាំង ស្រប​ពេល​ដែល​ទឹកភ្លៀង​បន្ត​ពូន​ជ្រំ​ពាសពេញ តំបន់​ទន្លេមេគង្គ ធ្វើ​ឱ្យ​កម្រិត​ទឹកទន្លេ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ក្នុង​រយៈ​ពេល ៥ ថ្ងៃ​ខាងមុខនេះ។

ស្រប​ជាមួយគ្នា​នេះ​ដែរ​អាជ្ញាធរ​ឡាវ បាន​ជូន​ដំណឹង​ថា ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី (Xayaubri) នឹង​បើកទ្វារ​ទំនប់​បង្ហូរទឹក នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ហើយ​ពលរដ្ឋ​រស់នៅ​ខ្សែទឹក​ខាងក្រោម ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​។

ក្រសួង​ថាមពល និង​រ៉ែ ឡាវ កាលពី​ថ្ងៃទី៧ សីហា ឱ្យ​ដឹង​ថា " មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​ក្នុង​ប្រទេស​ឡាវ​ដោយសារតែ​ផល​ប៉ះពាល់​ព្យុះ​ត្រូពិច ខាន់នុន (Khanun) និង​ការ​ហូរ​ទឹក​ចេញពី​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​ផ្នែក​ខាងលើ​ផ្សេងៗ​ទៀត ធ្វើ​ឱ្យ​កម្រិត​ទឹក​នៅ​ទំនប់​សាយ៉ាប៊ូរី កើន​ឡើង​ខ្លាំង។

ឆ្លើយតប​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ មាន​ប្រសាសន៍​ថា គោលការណ៍​ច្បាប់​អន្តរជាតិ ការ​បើក​បង្ហូរ​ទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​មិន​ឱ្យ​លើស​ពី ៥០០ ម៉ែត្រគូប​ក្នុង​មួយ​វិនាទី ប្រសិនបើ​បើក​ហួស​កម្រិត នឹង​ធ្វើ​ឱ្យ​ទឹក​ជន់​ខ្លាំង ក្នុង​តំបន់​ទន្លេមេគង្គ បង្ក​ជា​គ្រោះមហន្តរាយ​ទឹកជំនន់។

លោក​ថា អាជ្ញាធរ​ខ្មែរ​គួរតែ​ជូនដំណឹង​ទៅ​រដ្ឋាភិបាល​ឡាវ ឱ្យ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ ឬ​កិច្ចព្រមព្រៀង​គណៈកម្មការ​ទន្លេមេគង្គ​ឆ្នាំ ១៩៩៥​។ លោក​បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ គួរតែ​អនុវត្ត​ផែនការ​គ្រប់គ្រង​គ្រោះមហន្តរាយ ឱ្យ​បាន​ពេញលេញ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ជា​អតិបរមា។

លោក លាង ប៊ុនលាភ៖ «ប្រសិនបើ​ការ​សិក្សា​ឃើញ​ថា វា​លើស​ពី​ច្បាប់​អន្តរជាតិ​ហើយ​នឹង​ផល​ប៉ះពាល់ វា​កើតមាន​រដ្ឋាភិបាល​ខ្មែរ​ត្រូវធ្វើ​របាយការណ៍​ទៅ​ឡាវ ផ្អែក​តាម​កិច្ចព្រមព្រៀង​គណៈកម្មការ​ទន្លេមេគង្គ​ឆ្នាំ១៩៩៥ ដើម្បី​ឱ្យ​ឡាង​សង​នូវ​ទឹកជំនន់​ខុស​ប្រក្រតី»។

របាយការណ៍ របស់​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ (MRC) ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី ០៩ សីហា ឱ្យ​ដឹង​ថា អាង​ទឹក​ទន្លេ​មេគង្គ ក្នុង​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ហើយនឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​ក្នុង​រយៈពេល ៥ ថ្ងៃ​ខាងមុខ​។ រីឯ​ទន្លេមេគង្គ​ប្រទេស​ថៃ ក៏​កើនឡើង​ខ្លាំង​ដូចគ្នា​ដែរ។

អ្នកជំនាញ​ព្យាករណ៍​ទឹកជំនន់​នៃ​លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេមេគង្គ (MRC) លោក ខេម សុធា បាន​ថ្លែង​ក្នុង​របាយការណ៍​ថា នៅ​តំបន់​មួយចំនួន ក្នុង​ប្រទេស​ឡាវ និង​ថៃ ប៉ះពាល់​ខ្លាំង​ដោយ​ទឹកជំនន់ កាលពី​ចុង​សប្ដាហ៍​មុន​។ លើស​ពី​នេះ​ទៀត ចាប់តាំងពី​ពេលនោះ​មក ស្ថានភាព​នេះ​បាន​ធ្វើ​ឱ្យ​កម្រិត​ទឹក​កើនឡើង និង​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ។

របាយការណ៍​នៃ​គណៈកម្មការ​ទន្លេមេគង្គ​បន្ត​ថា នៅ​កម្ពុជា កម្ពស់​ទឹកទន្លេ​មេគង្គ ក្នុង​ខេត្តស្ទឹងត្រែង ដល់​ខេត្តក្រចេះ បាន​កើនឡើង​ពី ០,៩២ ម៉ែត្រ ដល់ ២,៥៩ ម៉ែត្រ ក្នុង​រយៈពេល​ដូចគ្នា​នេះ ហើយ​ក្នុង​រយៈពេល​៥​ថ្ងៃ​ខាងមុខ កម្រិត​អាច​នឹង​ធ្លាក់ចុះ។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ថ្លែង​ថា ក្រោយពី​ទទួល​បាន​ការ​ជូនដំណឹង របស់​ភាគី​ឡាវ ទាក់ទិន​ការ​បើកទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​ផ្នែក​ខាងលើ លោក​ថា អាជ្ញាធរ​ខេត្ត​បាន​ត្រៀម​បម្រុង​ឆ្លើយ​តប​នឹង​គ្រោះមហន្តរាយ​នេះ​រួច​ហើយ។

លោក ម៉ែន គុង៖ «ផែនការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​បាន​ត្រៀមលក្ខណៈ​សម្បត្តិ តាំង​ពី​ដើម​ខែ​វស្សា ដែល​មាន​ផែនការ​ត្រៀម​បម្រុង​ឆ្លើយតប​នឹង​គ្រោះអាសន្ន​ទឹកជំនន់​រួចហើយ»។

រីឯ​ទំនប់​វារីអគ្គិសនី​ស្រែ​ពក​៤ នៅ​ប្រទេស​វៀតណាម​ឯណោះ​វិញ នៅ​ថ្ងៃទី​១០ ខែ​សីហា អាជ្ញាធរ​វៀតណាម បាន​ជូនដំណឹង​ពី​ការ​បើក​បង្ហូរទឹក ពី​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​នេះ ចំនួន ៣៩០ ម៉ែត្រគូប​ក្នុង​មួយ​វិនាទី ហូរ​ធ្លាក់​មក​លើ​តំបន់​ផ្នែក​ខាងក្រោម​នៃ​ទន្លេស្រែពក ឋិត​ក្នុង​ខេត្តរតនគិរី និង ខេត្តស្ទឹងត្រែង គឺ​ចាប់ពី​ថ្ងៃទី១៦ ដល់​ថ្ងៃទី ៣០ ខែ​សីហា។

នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាប បារម្ភ​ថា ទឹកជំនន់​នឹង​បន្ត​កើនឡើង​ខ្លាំង អាច​នឹង​លិច​ផលដំណាំ របស់​ពលរដ្ឋ​ម្តង​ទៀត ខណៈ​ដែល​កាល​ពី​ចុង​ខែ​កក្កដា​កន្លងទៅ​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ចំនួន ៧​ក្នុង​ខេត្តរតនគិរី បាន​ទទួលរង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ទឹកជំនន់។

លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ខ្មែរ គួរ​ពិនិត្យ និង​តាមដាន​ឱ្យ​ច្បាស់លាស់ ពី​កម្រិត​ទឹក​ទំនប់​វារីអគ្គិសនី របស់​ភាគី​វៀតណាម និង​ឡាវ ចៀសវាង បើក​បង្ហូរទឹក​ហួស​កម្រិត ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ។

លោក លាង ប៊ុនលាប៖ «បើ​យើង​បើក​លើស​ពី​ហ្នឹង វា​នឹង​មហន្តរាយ​ដល់​ផ្នែក​ខាងក្រោម ដល់​ជីវចម្រុះ​។ អាជ្ញាធរ​ដែនដី គួរតែ​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​គោរព​តាម​កិច្ចព្រមព្រៀង​ទន្លេមេគង្គ​ឆ្នាំ ១៩៩៥»។

ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី (Xayaburi ) របស់​ឡាវ បាន​ចាប់ផ្តើម​សាងសង់​នៅ​លើ​តួ​ទន្លេមេគង្គ តាំងពី​ឆ្នាំ​២០១២ នឹង​សង់​រួចរាល់​កាល​ពី​ឆ្នាំ២០១៩ អាច​ផលិត​ថាមពល​អគ្គិសនី​ជាង ១​ពាន់ ២​រយ មេហ្គាវ៉ាត់ (១.២៦០)។

ទំនប់​នេះ​មាន​ប្រវែង ៨១០​ម៉ែត្រ កម្ពស់ ៣២​ម៉ែត្រ​មាន​ចម្ងាយ​១៥០​គីឡូម៉ែត្រ​ពី​ខេត្ត​លួងព្រះបាង (Luang Prabang) ភាគ​ខាងជើង​នៃ​ប្រទេស​ឡាវ។ ប្រទេស​ដែល​ប៉ះពាល់​ខ្លាំង​ជាងគេ​នៃ​ការ​សាងសង់​ទំនប់​នេះ គឺ​កម្ពុជា និង​វៀតណាម​ឋិត​នៅ​ផ្នែក​ខាងក្រោម​នៃ​ខ្សែទឹក​ទន្លេមេគង្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។