សហគមន៍ការពារព្រៃព្រះរកា រស់នៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អះអាងថា ព្រៃព្រះរកា នៅតែទទួលរងការកាប់ចោះយកឈើធំៗ និងឈើមានមុខកាត់ចាប់ពី ២តឹកឡើងទៅ ហើយត្រូវគេអារច្រៀកជាបន្ទះក្តារ ដឹកចេញក្រៅនៅពេលយប់។ ចំណែកមន្ត្រីបរិស្ថានបដិសេធការលើកឡើងនេះ។
សហគមន៍ព្រៃព្រះរកា រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ឱ្យដឹងនៅថ្ងៃទី៨ មករាថា ស្ទើរជារៀងរាល់យប់ ពួកគាត់ឮសំឡេងម៉ាស៊ីនអារឈើទ្រហឹងពេញព្រៃព្រះរកា និងមានគោយន្តមិនក្រោម ១០គ្រឿងទេដែលដឹកជញ្ជូនឈើចេញក្រៅ។ សហគមន៍ថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងការពារព្រៃនៅតំបន់នោះ នៅតែទទួលប្រយោជន៍ពីបទល្មើសព្រៃឈើ ដដែលៗ ដែលជាហេតុធ្វើឱ្យព្រៃការពារធម្មជាតិមួយនេះ បាត់បង់ដើមឈើធំៗ ដែលមានតម្លៃជាបន្តបន្ទាប់។
សហគមន៍ការពារព្រៃព្រះរកាម្នាក់ ថ្លែងមិនហ៊ានបញ្ចេញឈ្មោអះអាងថា ដើមឈើធំៗ ដែលដុះនៅចំណុចអូររមាស និងអូរសោម ក្នុងដែនជម្រកសត្វព្រៃព្រះរកា កំពុងរងការកាប់ចោះយកឈើមូលធំៗ និងឈើមានមុខកាត់ចាប់ពី ២តឹកឡើងទៅ ហើយអារច្រៀកធ្វើជាបន្ទះក្ដារក្នុងព្រៃ រួចដឹកចេញក្រៅនៅពេលយប់៖ «ចាប់ពីម៉ោង ៩យប់ រហូតដល់ម៉ោង ២ , ៣ដល់ម៉ៅង ៤ បានអស់សំឡេងត្រង់សឺរន័រ និងគោយន្ត។ ត្រង់សឺន័រគគ្រឹកគគ្រេង នៅតែពួកគេចូលកាប់ ហើយណាមួយប៉ូលិសខាងបរិស្ថាន នៅតែយកលុយ។ អ៊ីចឹងទៅមានថ្ងៃណាបាត់ បើនៅតែយកលុយអ៊ីចឹង គោយន្តមួយ ១ទៅ ២រយដុល្លារអ៊ីចឹងទៅ ស្អែកឡើងគាត់ទៅកាប់ទៀត»។
បុរសដដែលបន្ថែមថា អំពើពុករលួយជាថ្នូរអនុញ្ញាតឱ្យមានការដឹកជញ្ជូនឈើ ខុសច្បាប់ចេញពីព្រៃព្រះរកា នៅតែជារឿងដដែលៗ គ្មានយន្តការលុបបំបាត់នៅឡើយទេ។ ចំណែកមន្ត្រីជំនាញ និងសមត្ថកិច្ច តែងតែឆ្លើយដោះសាគេចពីការទទួលខុសត្រូវ៖ «ផាកពិន័យគោយន្តមួយ ៤លាន អ៊ីចឹង ១ ពាន់ដុល្លារ ទៅ ២ពាន់ដុល្លារអ៊ីចឹង។ គាត់ប្រឹងណាស់ ចាប់មែន តែចាប់រួចហើយ ពួកគាត់មកដោះស្រាយ បន្ទាប់មកក៏ដោះទៅវិញ មិនដឹងនិយាយយ៉ាងម៉េច ?»។
ឆ្លើយតបរឿងនេះ នាយកដែនជម្រកសត្វព្រៃព្រះរកាលោក យ៉ាន់ ប៊ុនសឿន បដិសេធថា ពុំមានការដឹកជញ្ជូនឈើ និងកាប់ឈើទ្រង់ទ្រាយធំដូចការលើកឡើងនោះទេ ហើយមន្ត្រីជំនាញ បានចុះល្បាតស្ទើរជារៀងរាល់ថ្ងៃ។ ចំពោះសំណួរ ដែលសហគមន៍អះអាងថា មន្ត្រីបរិស្ថានបានទទួលប្រយោជន៍ពីបទល្មើសព្រៃឈើនោះ ត្រូវបានលោក ប៊ុនសឿង សួរបកវិញថា តើមន្ត្រីបរិស្ថានរូបណា និងឈ្មោះអ្វី? ដែលប្រព្រឹត្តអំពើពុករលួយនេះ ហើយសូមឱ្យពលរដ្ឋកំណត់មុខសញ្ញាឱ្យច្បាស់ រាយការណ៍មកលោក លោកនឹងមានវិធានការរដ្ឋបាល៖ «វាតិចបំផុតសឹងតែគ្មានបទល្មើសផង តិចបំផុត។ ឥឡូវខ្ញុំកំពុងធ្វើការនៅព្រៃ មានសេវាមានដាច់ៗ។ ជួយសួរគាត់មក តើមន្ត្រីរបស់ខ្ញុំមួយណា ខ្ញុំមានវិធានការចំពោះមន្ត្រីរបស់ខ្ញុំ។ បើគាត់ចេះតែនិយាយៗ មិនដឹងថា មន្ត្រីមួយណា ពេលអ៊ីចឹងយើងម៉េចចាត់ការមន្ត្រីហ្នឹងកើត ? ឥឡូវឱ្យច្បាស់មកថា មន្ត្រីហ្នឹងឈ្មោះអី ? ស្រណុកខ្ញុំចាត់ការមន្ត្រីរបស់ខ្ញុំ។ តាមច្បាប់របស់មន្ត្រី»។
មន្ត្រីតស៊ូមតិនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ សង្កេតឃើញថា បទល្មើសព្រៃឈើនៅតែកើតមានជាហូរហែ ដោយសារតែអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វេសប្រហែស មិនអនុវត្តច្បាប់ និងបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល។ លោកអំពាវនាវឱ្យរដ្ឋាភិបាលពិនិត្យមើលប្រសិទ្ធភាពការងារ មន្ត្រីមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធឡើងវិញ ដើម្បីចាត់វិធានការក្ដៅលើក្រុមជនប្រព្រឹត្តបទល្មើសព្រៃឈើនោះ៖ «ជូនព័ត៌មានរាយការណ៍ហ្នឹងជូនថ្នាក់ជាតិ និងថ្នាក់លើឱ្យបានដឹង ដើម្បីឱ្យថ្នាក់លើហ្នឹងរឹតបណ្តឹងមកអាជ្ញាធរនៅមូលដ្ឋាន ឬក៏អាជ្ញាធរមានសមត្ថកិច្ចហ្នឹង ឱ្យដាក់វិធានការក្ដៅលើជនល្មើស ដែលបានប្រព្រឹត្តបទល្មើសហ្នឹង ទើបវាជាការប្រសើរជាង បើមិនអ៊ីចឹងទេ គាត់នៅតែលាក់បាំងនូវព័ត៌មាន នៅតែមានការឃុបឃិត ប្រព្រឹត្តអំពើពុករលួយ យកលុយពីជនល្មើស។ ដល់អ៊ីចឹងទៅ បទល្មើសនៅតែបន្តកើតមាន»។
ព្រៃព្រះរកាមានទំហំជាង ៩ម៉ឺនហិកតារ ស្ថិតនៅចន្លោះព្រំប្រទល់ស្រុកចំនួន៣ គឺស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុកឆែប របស់ខេត្តព្រះវិហារ។ សហគមន៍មូលដ្ឋានអះអាងថា ទោះជាពួកគេផ្ដល់ព័ត៌មាន ពីសកម្មភាពដឹកជញ្ជូនឈើ និងសកម្មភាពអារឈើ ចេញពីព្រៃព្រះរកា ជាច្រើនករណីមកហើយក្ដី ក៏មិនទាន់មានតម្រុយថា អាជ្ញាធរពាក់ព័ន្ធស៊ើបអង្កេត និងអនុវត្តច្បាប់លើជនល្មើសណាម្នាក់ មកផ្ដន្ទាទោសតាមច្បាប់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។