សង្គម​ស៊ីវិល​ និង​ពលរដ្ឋ​ថា ស្ទើរ​រាល់​យប់ មាន​គោយន្ត​ដឹក​ឈើ​យ៉ាង​តិច ៣០គ្រឿង ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល

មន្ត្រី​សង្គម​ស៊ីវិល​ និង​ពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ស្ពឺ​ អះអាង​ថា​ បទល្មើស​ព្រៃឈើ​នៅ​តំបន់​ជួរភ្នំ​ក្រវាញ​កណ្ដាល ដែល​ឋិតនៅ​ចន្លោះ​ខេត្ត​កោះកុង​ ខេត្ត​ពោធិ៍សាត់​ និង​ខេត្ត​កំពង់ស្ពឺ​ នៅតែ​បន្ត​កើត​មាន​យ៉ាង​ពេញ​ទំហឹង។ ពួកគេ​អះអាង​ថា​ អំពើ​ពុក​រលួយ​រឿង​បទល្មើស​ព្រៃឈើ​ នៅ​តែ​ជា​បញ្ហា​ប្រឈម​ដដែល​ៗ ធ្វើ​ឱ្យ​ព្រៃ​អភិរក្ស​មួយ​នេះ​ប្រឈម​ការ​បាត់បង់​អស់​ជា​បន្ត​បន្ទាប់។ ចំណែក​មន្ត្រី​បរិស្ថាន​ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​ និង​ ក្រុម​ពលរដ្ឋ​រស់នៅ​ស្រុក​ឱរ៉ាល់​ ឱ្យ​ដឹង​នៅ​ថ្ងៃសៅរ៍​ ទី១៤ ខែ​ធ្នូ​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​មូល​ធំៗ​ ប្រភេទ​ផ្ចឹក​ សុក្រំ​ រាំង​ និង​ផ្ដៀក​ជា​ដើម​ ចេញ​ពី​តំបន់​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល​ ​នៅតែ​​កើត​មាន​យ៉ាង​ពេញ​បន្ទុក និង​គ្មាន​ការ​អនុវត្ត​ច្បាប់។ ពួក​គេ​អះអាង​ថា ឆ្មាំ​អភិរក្ស​របស់ក្រ​សួង​បរិស្ថាន​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ ទាហាន​ និង​នគរបាល​ជាតិ​ ដែល​ដាក់​ពង្រាយ​តាម​ដង​ផ្លូវ​ មិន​បាន​អនុវត្ត​ច្បាប់ព្រៃ​ឈើ​នោះ​ទេ​ បែរ​ជា​ទទួល​ប្រយោជន៍​ពី​ជន​ល្មើស​ ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ព្រៃ​អភិរក្ស​មួយ​នេះ​ ទទួល​រង​ការ​កាប់​ចោះ​យក​ឈើ​ធំៗ ធ្វើ​អាជីវកម្ម​ឥត​ឈប់​ឈរ។

ពលរដ្ឋ​រស់នៅ​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ ប្រាប់​អាស៊ី​សេរី​ថា គ្រាន់​តែ​ផ្លូវ​លេខ ៤៤ មួយ​ខ្សែ មាន​គោយន្ត​ដឹក​ជញ្ជូន​ឈើ​ក្នុង​មួយ​យប់ៗ មិន​ក្រោម ៣០គ្រឿង​ទេ​ ហើយ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ​ ចេញ​ពី​តំបន់​ឧទ្យាន​ជាតិ​ជួរភ្នំ​ក្រវាញ​កណ្ដាល។ លោក​ថា សកម្មភាព​កាប់​រំលំ​ឈើ​ធំៗ​ ក្នុង​ព្រៃ​អភិរក្ស​នេះ​ កើត​មាន​ច្រើន នៅ​ក្នុង​ស្រុក​ស្រែ​អំពិល ស្រុក​ថ្មបាំង​នៃ​ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់​ រួច​ដឹក​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ​នៅ​ចំណុច​ អូរ​ត្រាវ ស្រែ​កិន សំរោង ក្រវៀន និង​ចំណុច​អន្លង់​អង្គញ់​ជា​ដើម។ លោក​សង្កេត​ឃើញ​ថា យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​របស់​គណៈកម្មការ​ជាតិ​ធ្វើ​ឡើង​ បាន​តែ​មួយ​ប្រាវៗ តែមួយ​រយៈ​ខ្លី​ក្រោម​មក​ បទ​ល្មើស​ព្រៃឈើ​កើត​មាន​ដដែលៗ៖ «អា​នោះ ១០គោន្ត និង ៥គោយន្ត ១០គោយន្ត បុក​ទៅ​វា​ផ្លូវ ៤៤។ វា​សំខាន់​មន្ត្រី​បរិស្ថាន​ហ្នឹង​ហើយ គាត់​នៅ​គល់​ហ្នឹង។ បើ​គាត់​មិន​ឱ្យ​ចេញ គឺ​វា​អត់​មាន​ទេ។ យប់​ស្ងាត់​គេ​ឱ្យ​ចេញ ( ដឹក​ឈើ ) ។ កាល​ណា ខាង​ប៉េអិម (PM) ផ្ទៃ​ប្រទេស​គាត់​ចុះ​ទៅ គាត់​មិន​ឱ្យ​គោយន្ត​ចុះ​ទេ។ គាត់​ដក​ទៅ​ផ្លូវ​ផ្សេង​ទៅ គាត់​ឱ្យ​ចេញ​អ៊ីចឹង​ទៅ។ គេ​ដាក់​ជា​ប្រព័ន្ធ​ពុក​រលួយ​ហ្មង គេ​ដាក់​ខ្សែ​គេ ខាង​អនុរក្ស​ហ្នឹង​ណា»។

បុរស​ដដែល​បន្ថែម​ថា​ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ជា​ក្រុមៗ នេះ កើត​មាន​ឡើង​ដោយសារ​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ រវាង​ក្រុម​អ្នក​ដឹក​ឈើ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ។ លោក​បញ្ជាក់​ថា ច្រក​ផ្លូវ​សំ​ខាន់ៗ ដែល​ក្រុម​អ្នក​ដឹក​ឈើ​ឆ្លង​កាត់​ សុទ្ធតែ​មាន​ស្នាក់​ការ​របស់ក្រ​សួង​បរិស្ថាន​ និង​ប៉ុ​ស្ដិ៍​នគរបាល​ ហើយ​ប្រសិន​បើ​ឆ្មាំ​អភិរក្ស​ មាន​ឆន្ទៈ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ច្បាស់លាស់​ គឺ​ក្រុម​ជន​ល្មើស​មិន​អាច​គេច​រួច​នោះ​ទេ៖ «ការ​ហិនហោច​នៃ​អនុផល​ព្រៃ​ឈើ​ហ្នឹង យើង​វា​ព្រួយ​បារម្ភ យើង​ជា​ពលរដ្ឋ តែ​មិន​ដឹង​ធ្វើ​ម៉េច។ ការ​បង្ក្រាប ដូច​ជា អនុរក្ស​គាត់​ថា បើ​សិន​ជា​អ្នក​ក្រីក្រ គាត់​បង្ក្រាប​បាន តែ​គ្រាន់​តែ​ថា ថៅកែ​ធំៗ គាត់​បង្ក្រាប​ម៉េច​បាន។ បាន​គោយន្ត​កន្ត្រៃ​បន្តិចបន្តួច គ្នា​អ្នក​ស្រុក​អ្នក​ភូមិ។ អាណា​ឱ្យ​លុយ​ល្អ អាណា​មិន​ឱ្យ​លុយ​អាក្រក់ »

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ និង​ការពារ​សិទ្ធិពល​រដ្ឋ​ លោក​ ជា​ ហ៊ាន​ ដែល​ចុះ​អង្កេត​រឿង​នេះ​ ថ្លែង​ថា ដើម​ឈើ​ធំៗ ដែល​ដុះ​តាម​ជ្រលង​ភ្នំ​ និង​តំបន់​ជ្រោះ​ ឋិត​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ​កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​ឥត​ស្រាក​ស្រាន្ត​ ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​។ លោក​ថា​ ដើម​ឈើ​ធំៗ ឋិត​នៅ​ចំណុច​ស្រែ​កិន​ តេ​ទឹក​ពុះ​ ចំណុច​ជាំ​ និង​ចំណុច​ខ្សាល់​ ឋិត​ក្នុង​តំបន់​ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​កណ្ដាល ក្នុង​ខេត្ត​កោះកុង​ កំពុង​បាត់បង់​អស់​បន្ត​បន្ទាប់។ លោក​អះអាង​ មន្ត្រី​នគរបាល​យុត្តិធម៌​ ឬ​ឆ្មាំ​អភិរក្ស​របស់ក្រ​សួង​បរិស្ថាន គ្មាន​ស្មារតី​ស្មោះត្រង់​ ការពារ​ធនធាន​ធម្មជាតិ​ស្រប​តាម​ច្បាប់​នោះ​ទេ​ បែរ​ជា​កាង​ការពារ​មេ​ឈ្មួញ​ និង​ក្រុម​ជន​ល្មើស​ឱ្យ​កាប់​រំលំ​ឈើ​ធំៗ ធ្វើ​អាជីវកម្ម​ ព្រោះ​តែ​ទទួល​ផល​ប្រយោជន៍៖ «បើ​សិន​ជា​យើង​អនុវត្ត​ច្បាប់ ចាប់​ទាំង​ជន​ប្រព្រឹត្ត​បទ​ល្មើស ចាប់​ទាំង​មន្ត្រី​ពុក​រលួយ យក​ទៅ​ផ្ដន្ទាទោស អា​ហ្នឹង​គឺ​ថា បទ​ល្មើស និង​កាត់​បន្ថយ។ តែ​បច្ចុប្បន្ន​នេះ អ្នក​កាប់​ចេះ​តែ​កាប់​បាន អ្នក​ដឹក​ចេះ​តែ​ដឹក​បាន មន្ត្រី​ចេះ​តែ​ទទួល​យក​លុយ​ពី​បទ​ល្មើស។ អ៊ីចឹង​បទ​ល្មើស​ម៉េច​ថយ អត់​ថយ​ទេ ? ចង​តែ​អង្រឹង​មួយ គឺ​ដេក​យក​លុយ​តែ​ម្ដង។ មួយ​គោយន្ត​មិន​ក្រោម​ពី ៨ម៉ឺន​រៀល​ទេ »

ឆ្លើយតប​រឿង​នេះ​អនុប្រធាន​មន្ទីរ​បរិស្ថាន​កំពង់ស្ពឺ លោក នៅ ណាក់ បដិសេធ​ការ​លើក​ឡើង​នេះ​ និង​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​បំប៉ោង​ព័ត៌មាន​ខុស​ការពិត។ លោក​ថា មន្ត្រី​ឧទ្យានុ​រក្ស​ ដែល​ឈរ​ជើង​ការពារ​ព្រៃ​អភិរក្ស​នៅ​ទីនោះ​ តែង​បង្ក្រាប​បទ​ល្មើស​ជា​ហូរហែ​ និង​សហការ​យ៉ាង​ស្និទ្ធ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន។ លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ​មាន​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​ខ្ពស់​លើ​បញ្ហា​នេះ​ នឹង​មិន​បណ្ដោយ​ឱ្យ​កើត​មាន​បទ​ល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​ ដូច​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ទេ៖ «បទ​ល្មើស​ធនធាន​ធម្មជាតិ​នៅ​ភ្នំ​ឱរ៉ាល់ ក៏​ដូច​ជា​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល យើង​បាន​បិទ​យ៉ាង​ជិត​ហើយ។ អង្គការ វ៉ៃអេស គ្រប់គ្រង​នៅ​ហ្នឹង​ផ្ទាល់ ហើយ​សហការ​ជាមួយ​ជំនាញ​របស់​មន្ទីរ​បរិស្ថាន​ខេត្ត និង​មន្ត្រី​ឧទ្យានុរក្ស​របស់​យើង អនុវត្ត​ច្បាប់​នៅ​តំបន់​គោលដៅ​នោះ អ្វី​ដែល​គេ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ជា​រឿង​បំផ្លើស ដោយសារ​មាន​ការ​កាច់កុង »

តំបន់​ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​កណ្ដាល​ លាតសន្ធឹង​ជាប់​ទឹកដី​ខេត្ត​ពោធិ៍សាត់​ កំពង់ស្ពឺ​ និង​ខេត្ត​កោះកុង​ ជា​តំបន់​ការពារ​ដោយ​អនុក្រឹត្យ​ របស់​រដ្ឋាភិបាល​ មានផ្ទៃ​ដី​ជាង​ ៤ សែន​ហិកតារ (៤០១.៣១៣)។ តំបន់​អភិរក្ស​នេះ​ មាន​មន្ត្រី​ឧទ្យានុ​រក្ស​របស់​ក្រ​សួង​បរិស្ថាន​ប្រមាណ ៤០នាក់ ដែល​ជា​អ្នក​ការពារ​ និង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ និង​ជីវចម្រុះ​នៅ​តំបន់​នោះ។ មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា​ សមត្ថកិច្ច​មូលដ្ឋាន​ និង​អាជ្ញាធរ​ជាតិ​ ហាក់​មិន​បាន​សហការ​គ្នា​ល្អ​ ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ ឱ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។ រី​ឯ​បទ​ល្មើស​ព្រៃ​ឈើ​បាន​ស្ងប់​ស្ងាត់ៗ តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ ពោល​នៅ​ពេល​ដែល​អាជ្ញាធរ​ជាតិ​ចុះ​បង្ក្រាប៕