តំណាងសហគមន៍ និងនាយិកានៃអង្គការសកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC) អះអាងថា ព្រៃឈើក្រោមការគ្រប់គ្រងសហគមន៍ព្រៃឈើខេត្តកំពង់ឆ្នាំង នៅស្រុកទឹកផុសចំនួន ៣ និងស្រុកបរិបូរណ៍ចំនួន ៤ កំពុងរងការកាប់បំផ្លាញ។ ពួកគេបញ្ជាក់ថា មន្ត្រីមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកមានលុយ ឬមានអំណាច គឺជាអ្នកទន្ទ្រានដីព្រៃសហគមន៍ ហើយទប់ស្កាត់ពុំមានប្រសិទ្ធភាព។
ផ្ទៃដីព្រៃសហគមន៍ចំនួន ៧ នៅស្រុកទឹកផុស និងស្រុកបរិបូរណ៍ សរុបជាង ៨ពាន់ហិកតារ (៨០៧៩.៥០៥) ដែលប្រជាសហគមន៍ធ្លាប់អាស្រ័យផលដូចជា រកអុស បោចវល្លិ មើលគោ ក្របី និងកាប់ឈើធ្វើផ្ទះជាដើម ប្រឈមនឹងការបាត់បង់ ខណៈតំណាងសហគមន៍ និងអង្គការក្រៅរដ្ឋាភិបាលមើលឃើញបទល្មើសកាប់ឈើប្រភេទខ្លុង ត្បែង ធ្វើជាអុស ឬដុតឡធ្យូង និងឈូសព្រៃយកធ្វើកម្មសិទ្ធិឯកជន។
នាយិកាអង្គការដើម្បីបរិស្ថាន និងសហគមន៍អ្នកស្រី សរ សាត មានប្រសាសន៍នៅថ្ងៃទី២៨ ខែធ្នូ ថា សហគមន៍ទួលសំរោង សហគមន៍ចាន់ត្រក និងសហគមន៍ភ្នំបាណន់ ឋិតនៅស្រុកទឹកផុស និងសហគមន៍ស្ទឹងខ្សាច់ស សហគមន៍ពេជ្រចង្វាធីតាល្អឆើត និងសហគមន៍ ១៨៥កា (185.K) ឋិតនៅស្រុកបរិបូរណ៍ ត្រូវកាប់បំផ្លាញឈើល្អៗ ឬប្រភេទព្រៃស្រោង អស់គ្មានសល់នៅអំឡុងឆ្នាំ២០១០ ហើយនៅសល់ឈើតូចតាចកំពុងកាប់បំផ្លាញរាល់ថ្ងៃ។
អ្នកស្រីថា ចាប់ពីខែតុលា ឆ្នាំ២០១៤ ខាងរដ្ឋបាលព្រៃឈើ អាជ្ញាធរ និងអង្គការអ្នកស្រីបានសហការគ្នាល្អ ហើយសង្ឃឹមថា បទល្មើសនឹងថយចុះ៖ «ប្រសិនបើអាជ្ញាធរ រដ្ឋបាលព្រៃឈើ និងសហគមន៍សហការគ្នាទប់ស្កាត់ព្រៃឈើនឹងដុះឡើងវិញបានល្អ ប៉ុន្តែបើដូចសព្វថ្ងៃមាន (ប្រជាសហគមន៍) គាត់បាក់ទឹកចិត្តលែងចង់ដើរល្បាតអ៊ីចឹង»។
ចំណែកតំណាងសហគមន៍ចំនួនបី នៃឃុំក្រាំងស្គារ ស្រុកទឹកផុស លោក ម៉ែន សឺន ថ្លែងថា បច្ចុប្បន្ននៅតំបន់លោកកើតមានបទល្មើសព្រៃឈើ និងកាប់ទន្ទ្រានដីព្រៃសហគមន៍តិចតួច ដោយសារតែមានប្រជាសហគមន៍ចែកវេនគ្នាល្បាតរៀងរាល់ថ្ងៃចំនួន ១២ក្រុម ដោយក្នុង១ក្រុមមានមនុស្សយ៉ាងតិច ១៥នាក់ ហើយបទល្មើសបានថយចុះជាបន្តបន្ទាប់តាំងពីដើមឆ្នាំ២០១៤ មក៖ «ដោយឡែកមានតែសហគមន៍ភ្នំបាណន់ ដែលមានការរំលោភបំពាន។ មានទាំងប៉ូលិស ស្មៀនឃុំកាប់យកដីសហគមន៍ហ្នឹងតែម្ដង»។
ទាក់ទងបញ្ហានេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង លោក ស៊ិន កុសល ថ្លែងបញ្ជាក់យ៉ាងខ្លីថា បញ្ហាទាំងនេះខាងរដ្ឋបាលព្រៃឈើកំពុងធ្វើការងារជាមួយអង្គការដៃគូ ដើម្បីទប់ស្កាត់ហើយរួចក៏ចុចផ្ដាច់ទូរស័ព្ទតែម្ដង។ ចំណែកអនុប្រធានមន្ទីរបរិស្ថាន លោក បឿ ប៊ុនថន បដិសេធមិនឆ្លើយតបអ្វីច្រើនឡើយ ដោយលោកប្រាប់ថា សហគមន៍ទាំងនេះមិនឋិតនៅក្នុងដែនសមត្ថកិច្ចរបស់លោក។
យ៉ាងណាអភិបាលស្រុកបរិបូរណ៍ លោក ឃួន សៅរុំ ថ្លែងបញ្ជាក់ថា បទល្មើសកាប់ឈើ ឬទន្ទ្រានដីព្រៃសហគមន៍យកធ្វើជាកម្មសិទ្ធិ គឺមានពលរដ្ឋតែ ១គ្រួសារប៉ុណ្ណោះ បានរុករានដីព្រៃសហគមន៍ ១៨៥កា ហើយខាងរដ្ឋបាលព្រៃឈើបានដាក់ពាក្យបណ្ដឹងទៅតុលាការរួចហើយ។ លោកបន្តថា បញ្ហាព្រៃឈើនៅតាមសហគមន៍ក្នុងស្រុកហាក់ស្ងប់ស្ងាត់ក្នុងរយៈពេលចុងក្រោយនេះ។
បញ្ហាបទល្មើសព្រៃឈើ ឬការចរាចរប្រភេទឈើប្រណីតនៅខេត្តកំពង់ឆ្នាំង និងការចរាចរពីខេត្តផ្សេងៗឆ្លងកាត់អាជ្ញាធរ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើតែងតែចាប់បានឡាន ឬឈើ ប៉ុន្តែជនល្មើស និងអ្នកនៅពីក្រោយខ្នងនៃបទល្មើសមិនសូវចាប់បានឡើយ។ បញ្ហានេះពលរដ្ឋធ្លាប់លើកមកជជែកនៅក្នុងវេទិកាសាធារណៈថ្នាក់ជាតិមួយ កាលពីដើមឆ្នាំ២០១៤ តែគ្មានចម្លើយច្បាស់លាស់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។