ព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កំពុងរងការកាប់រានដើម្បីយកដីលក់ទៅឲ្យឈ្មួញ។ សហគមន៍សង្ស័យទៅលើតម្រួតព្រំដែនខ្មែរនៅប៉ុស្តិ៍ការពារព្រំដែនទួលស្វាយ ថាជាអ្នកនៅពីក្រោយការកាប់រានព្រៃយកដីនេះ។
សហគមន៍ព្នងភូមិពូលុ ឃុំប៊ូស្រា ឲ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ថា ព្រៃឈើក្នុងតំបន់អភិរក្សភ្នំណាំលៀ ប្រមាណ ៣ពាន់ហិកតារ ត្រូវបានគេកាប់រានដើម្បីយកដីនៅចំណុចប៉ុស្តិ៍តម្រួតការពារព្រំដែនទួលស្វាយ ឬប៉ុស្តិ៍លេខ៨ ក្នុងខេត្តមណ្ឌលគិរី។
កាលពីថ្ងៃទី២១ ខែធ្នូ គណៈកម្មការសហគមន៍ចំនួន ៤នាក់ បានចុះទៅដល់ទីតាំងកាប់រានព្រៃបញ្ជាក់ថា ទាហាន និងប៉ូលិសការពារព្រំដែននៅតំបន់នោះបានហាមឃាត់មិនឲ្យសហគមន៍ចូលទៅតំបន់នោះទៀតទេ បើទោះបីទីនោះជាកន្លែងព្រៃគោរពបូជា ជាតំបន់ព្រៃកប់សពអ្នកភូមិក៏ដោយ។
តំណាងសហគមន៍លោក ថ្លាង ថូ បញ្ជាក់ថា ព្រៃឈើជាតំបន់ព្រៃអារក្សព្រៃកប់សពដែលសហគមន៍រក្សាទុកដើម្បីចុះបញ្ជីដីជាកម្មសិទ្ធិ ក៏ត្រូវកម្មករប្រដាប់ដោយម៉ាស៊ីនកាត់ឈើអាររំលំឈើ និងរានព្រៃរួចហើយ។ ដោយឡែកឈើមូលមុខកាត់ពី ៣តឹកឡើងទៅ ត្រូវត្រាក់ទ័រអូសប្រមូលដើម្បីនាំចេញទៅទីផ្សារ។ លោកសង្ស័យថា មន្ត្រីយោធា និងប៉ូលិសនៅតំបន់នោះអាចជាប់ពាក់ព័ន្ធនៅពីក្រោយសកម្មភាពកាប់រានព្រៃដើម្បីយកដីលក់ទៅឲ្យឈ្មួញមានឋានៈជាឧកញ៉ា៖ «កន្លែងព្រៃធំ ឈើធំៗ គេកាប់អស់ហើយ ឥឡូវនៅតែកាប់ដដែល មានម៉ាស៊ីនកម្មករគេត្រាយនាំមុខ ប៉ូលិស ទាហានកាង»។
តំបន់ព្រៃអភិរក្សភ្នំណាំលៀ គឺជាដែនជម្រកសត្វព្រៃឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ ប៉ុន្មានឆ្នាំកន្លងទៅនេះឈើប្រណិត និងឈើមានតម្លៃត្រូវគេកាប់យកបែបអនាធិបតេយ្យ ហើយដឹកជញ្ជូនឆ្លងដែនទៅលក់ឲ្យឈ្មួញវៀតណាម។ មានករណីខ្លះទៀតជនជាតិវៀតណាម ជាក្រុមបាននាំគ្រឿងចក្រមានត្រាក់ទ័រម៉ាស៊ីនកាត់ឈើ និងអាវុធចូលអាររំលំឈើមូល ហើយច្រៀកជាឈើជ្រុងដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម ទៀតផង។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភ័ក្រ ដែលទើបចូលបំពេញតួនាទីបញ្ជាក់ថា លោកមិនទាន់ទទួលបានរបាយការណ៍នេះទេ ក៏ប៉ុន្តែលោកនឹងចាត់ឧទ្យានុរក្សចុះទៅកន្លែងដែលសហគមន៍រាយការណ៍ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាននេះជាបឋម៖ «ចាំមើលខ្ញុំដាក់ឧទ្យានុរក្សចុះទៅមើលៗ យ៉ាងម៉េចផ្ទៀងផ្ទាត់ឡើងវិញរឿងហ្នឹងណា!»។
អាស៊ីសេរី មិនអាចទាក់ទងស្នងការប៉ូលិសខេត្តមណ្ឌលគិរី លោក តូច យន់ សុំបញ្ជាក់ករណីនេះបានទេ នៅថ្ងៃទី២២ ខែធ្នូ។ ចំណែកអ្នកនាំពាក្យសាលាខេត្ត លោក សុខ សេរ៉ា បដិសេធថា មិនបានដឹងព័ត៌មាននេះទេ។
ទាក់ទិនករណីនេះដែរ មន្ត្រីផ្នែកអង្កេតសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី បញ្ជាក់ថា សហគមន៍បានផ្ដល់ព័ត៌មានផ្ទាល់មាត់មកសមាគមលោករួចហើយ ក៏ប៉ុន្តែមិនទាន់បានដាក់ពាក្យប្ដឹងជាលាយលក្ខណ៍អក្សរនៅឡើយ។ លោកថា នឹងចុះអង្កេតករណីនេះមុនធ្វើរបាយការណ៍អន្តរាគមន៍ជូនអាជ្ញាធរខេត្ត ប្រសិនរឿងនេះមានភស្តុតាងជាក់លាក់៖ «គាត់បានរាយការណ៍រឿងដីប្រហែលបីពាន់ហិកតារ មានមន្ត្រីមានអំណាចគាត់វាតយកអ៊ីចឹង។ បើសិនមានដូចការលើកឡើងរបស់សហគមន៍ ខ្ញុំនឹងចុះអង្កេត»។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងសហគមន៍ពូលុ ឲ្យដឹងថា សហគមន៍កំពុងរៀបចំពាក្យប្ដឹងដាក់ជូនស្ថាប័នពាក់ព័ន្ធដើម្បីទប់ស្កាត់ការកាប់រានព្រៃឈើនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។